ដំណាំកាហ្វេ និងការផលិតកាហ្វេក្នុងប្រទេសកម្ពុជានៅមិនទាន់បានទទួលការគាំទ្រនៅឡើយខណៈពេលដែលកាហ្វេបរទេសបានហូរចូលមកយ៉ាងច្រើន។
នាង ធីតា វិន សូមជូនសេចក្តីពិស្តារអំពីរឿងនេះ។
ប្រទេសកម្ពុជាបានកំពុងផលិតកាហ្វេដោយខ្លួនឯង ក៏ប៉ុន្តែគុណភាពនៃការផលិតមិនទាន់ បានឆ្លើយតបទៅនឹងទីផ្សារនៅឡើយ ស្របពេលដែលការដាំកាហ្វេក្នុងប្រទេសនៅមានចំនួនតិចតួចនៅឡើយ ម្យ៉ាងវិញទៀតមន្រ្តីជំនាញរបស់រដ្ឋាភិបាលបានអះអាងថា ដំណាំកាហ្វេមិនមែនជាដំណាំសក្តានុពលនោះទេ។
យោងតាមមន្រ្តីនៃក្រសួងកសិកម្មបានឱ្យដឹងថា ផ្ទៃដីដែលអាចដាំកាហ្វេបាននៅក្នុង ប្រទេសកម្ពុជាមានច្រើនពាន់ហិចតា ក៏ប៉ុន្តែរហូតមកដល់ពេលនេះផ្ទៃដីដែលបានកំពុងដាំកាហ្វេមានតែ២៣២ហិចតាតែប៉ុណ្ណោះគឺមាននៅខេត្តរតនៈគីរីចំនួន១០០ហិចតា មណ្ឌលគីរី៤០ហិចតា កោះកុង ៤៩ហិចតា កំពត១ហិចតា កំពង់ធំ២ហិចតា កំពង់ស្ពឺ១៣ហិចតា និងកំពង់ចាម២៦ហិចតា។
លោកគង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានស្ថិតិព័ត៌មាននៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាហ្វេផលិតនៅក្នុងប្រទេសកម្ពុជាសម្រាប់ការនាំចេញ និងធ្វើចរាចរលក់ដូរនៅក្នុងប្រទេសមាន ចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងកាហ្វេ ដែលបាននាំចូលពីក្រៅប្រទេស។
លោកបានឱ្យដឹងបន្ថែមថា ការដែលកាហ្វេផលិតក្នុងប្រទេសមិនទាន់ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នោះបណ្តាលមកពីគុណភាពមិនទាន់បានឆ្លើយតបទៅតាមស្តង់ដារនៅឡើយ រីឯតម្លៃវិញក៏មានតម្លៃខ្ពស់ជាងកាហ្វេដែលបាននាំចូលដែរ។
«គុណភាពយើងអត់ដូចការនាំចូលរបស់គេទេ មិនអាចប្រឡងប្រណាំងជាមួយគុណភាពនាំចូលបានទេ។ អ្នកប្រើប្រាស់គេត្រូវការរកតែកាហ្វេណាដែលឆ្ងាញ់ មានគុណភាព។ តម្លៃយើងអត់ប្រតុំត្រសងគ្នាទេ។ ឧបមាថា ស្នើគ្នា ក៏គុណភាពយើងចាញ់គេ។ ក៏គេអត់ប្រើរបស់យើងដែរ»។
ប្រទេសកម្ពុជាបាននាំកាហ្វេចូលមកពីប្រទេសវៀតណាម ថៃ បារាំង អ៊ីតាលី អាមេរិច ម៉ាឡេស៊ី សាំងហ្គាពួរ កូរ៉េខាងត្បូង និងប្រទេសអូស្ត្រាលីជាដើម។
លោក គង់ពុទ្ធារ៉ាបានឱ្យដឹងបន្តថា កាហ្វេដែលបាននាំចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩មានចំនួនជាង៥៣៣៦៩គីឡូក្រាមដែលគិតជាទឹកប្រាក់ប្រហែលជាង៩៥០៥៩ដុល្លាររ។ ដូច្នេះអ្នកនិយមប្រើប្រាស់កាហ្វេក្នុងប្រទេសកម្ពុជាមានចំនួនតិចតួចនៅឡើយ។
លោកបានបញ្ជាក់ថា ការដំណាំកាហ្វេមិនមែនជាដំណាំដែលមានសក្តានុពលសម្រាប់ប្រទេសកម្ពុជានោះទេ។
លោក គិត សេង អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម បានឱ្យដឹងថា ដំណាំកាហ្វេមិនសូវមានប្រជាពលរដ្ឋដាំ ដោយសារដំណាំនេះចំណាយពេលយូរទើបបានផល។ ដូច្នេះប្រជាពលរដ្ឋចូលចិត្តដាំដំណាំដែលឆាប់បានទទួលផល ដូចជាពោត សណ្តែក ល្ង និងដំឡូងមីជាដើម
«ដំណាំសណ្តែកសៀង ដំណាំដំឡូងអី ប្រមូលផល៦ខែម្តង ១ឆ្នាំម្តង។ វាចិញ្ចឹមឆ្នាំងគាត់ វិលជុំ តែបើសិនឱ្យគាត់យកអានេះទៅវិនិយោគកាហ្វេ ចាំ៣ទៅ៤ឆ្នាំទៀត។ គាត់អត់លុយចាយ។ គាត់អត់បាយហូប ហើយវាជារឿងមួយពិបាក។ ជួនកាលទីផ្សារកាហ្វេនេះ វាមិនល្អទៀត។ ដូចកន្លងមកជួនកាលចុះជួនកាលឡើង។ វាមានបញ្ហាប្រឈមច្រើនចំពោះកាត់ ទើបគាត់មិនដាំ»។
កង្វះគុណភាពនៃការផលិត និងថែទាំដំណាំធ្វើឱ្យការដាំដុះកាហ្វេ និងការផលិតមិនមាន ភាពរីកចម្រើន។
ទោះបីជាយ៉ាងណាក៏ដោយលោកហួន ស្រេង ម្ចាស់សិប្បកម្មកាហ្វេម៉ាក់កាំហួយណាំបានឱ្យដឹងថា គាត់បានទិញគ្រាប់កាហ្វេពីខេត្តរតនៈគីរីមកលីងដោយខ្លួនឯរួចធ្វើការវេចខ្ជប់ដើម្បីដាក់លក់នៅតាមទីផ្សារអស់រយៈពេល៣០ឆ្នាំកន្លងមក ហើយដែលកាហ្វេនោះមានតម្លៃចាប់ពី១៣០០០រៀលដល់២០០០០រៀលក្នុង១គីឡូក្រាម។
លោកបានឱ្យដឹងថា កាហ្វេផលិតក្នុងប្រទេសកម្ពុជាមានគុណភាពអាចល្អជាងកាហ្វេនាំចូលមួយចំនួនដែរ ក៏ប៉ុន្តែលោកបានត្អូញត្អែរដែរថា កាហ្វេផលិតក្នុងស្រុកពិបាករកទីផ្សារ ណាស់ដោយសារកាហ្វេនាំចូលមានចំនួនច្រើន ហើយកាហ្វេខ្លះតម្លៃទាបម្យ៉ាងវិញទៀតប្រជា ពលរដ្ឋមួយចំនួនតែងតែគិតថា កាហ្វេនាំចូលមានគុណភាពល្អជាងកាហ្វេក្នុងស្រុកទោះបីជាកាហ្វេនោះមានគុណភាពអន់ជាងក៏ដោយ។
«គេថា វៀតណាមឆ្ងាញ់។ ឆ្ងាញ់នេះខាងវៀតណាមគេមិនមែនមានតែមួយក្រុមហ៊ុននោះទេ មានច្រើន។ ជួនកាលក្រុមហ៊ុនខ្លះក៏ឆ្ងាញ់ទៅ ហើយខ្លះក៏មិនឆ្ងាញ់។ ប៉ុន្តែគ្រាន់ថា សតិអាម្មណ៍វាខ្លាំង។
ជាមួយគ្នានេះដែរលោក ឡាយ អ៊ីពិសិដ្ឋ សមាជិកព្រឹទ្ធសភានិងជាម្ចាស់ចម្ការកាហ្វេដែល មានចំនួនផ្ទៃដីដាំកាហ្វេច្រើនជាងគេក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា គាត់បានដាំកាហ្វេអស់ រយៈពេល១០ឆ្នាំកន្លងមកហើយនៅខេត្តរតនៈគីរីដែលមុនដំបូងដាំចំនួន២០០ហិចតា តែនៅពេលនេះនៅសស់តែ ៨០ហិចតាតែប៉ុណ្ណោះដោយសារពិបាកក្នុងការថែទាំ។
លោកបានឱ្យដឹងបន្តថា ក្នុងរយៈពេលមួយឆ្នាំយ៉ាងហោចណាស់ត្រូវការចំណាយថវិកាប្រហែល៥ម៉ឺនដុល្លារសម្រាប់ចំណាយទៅលើការថែទាំ ដូចជាស្រោចទឹកដាក់ជីរ និងជួលអ្នកជំនាញមក មើលជាប្រចាំ ដូច្នេះដំណាំនេះត្រូវការចំណាយដើមច្រើនណាស់ ទើបប្រជាពលរដ្ឋភាគ ច្រើនមិនសូវចូលចិត្តដាំ។
លោកបានឱ្យដឹងបន្តថា ក្នុងផ្ទៃដីចំនួន៨០ហិចតានេះបានទិន្នផលក្នុង១ឆ្នាំជិត២០០តោន ហើយតាមការប៉ាន់ស្មានរបស់លោកក្នុងប្រទេសកម្ពុជាត្រូវមានគ្រាប់កាហ្វេចំនួនប្រហែលជា៥០០តោន ទើបអាចផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសបាន។
កាហ្វេផលិតក្នុងប្រទេសកម្ពុជាភាគច្រើនការវេចខ្ចប់មានលក្ខណៈសាមញ្ញ ធម្មតាមិនសូវមានដាក់ផ្លាកសញ្ញា នោះហើយកាហ្វេនេះភាគច្រើនសម្រាប់បម្រើតែទីផ្សារក្នុងប្រទេសប៉ុណ្ណោះ ដោយការនាំចេញទៅក្រៅប្រទេសមានចំនួនតិចតួចបំផុតពោលគឺក្នុងឆ្នាំ២០០៩មានការនាំចេញបានត្រឹមតែ២៣៧គីឡូក្រាមទៅប្រទេសបារាំង៕