ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​មេធាវី​លោក កឹម សុខា ស្នើឱ្យ​ពន្លឿន​ការ​ជំនុំជម្រះ​រឿងក្តី​លោក កឹម សុខា នៅ​សាលា​ឧទ្ធរណ៍


រូបឯកសារ៖ អតីតមេដឹកនាំនយោបាយប្រឆាំងលោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០។
រូបឯកសារ៖ អតីតមេដឹកនាំនយោបាយប្រឆាំងលោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០។

សហ​មេធាវី​ការពារក្តី​លោក ​កឹម សុខា ​ស្នើ​ឱ្យ​ពន្លឿន​ការ​ជំនុំ​ជម្រះ​ក្តី​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​នៅ​សាលា​ឧទ្ធរណ៍​ដើម្បី​កុំឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់លោក​ ខណៈ​ការ​កំណត់​យក​ថ្ងៃ​ទី​ ១៩ ​កញ្ញា​ ឆ្នាំ ​២០២៤ ​ជា​ថ្ងៃ​ចេញ​សេចក្តី​សន្និដ្ឋាន​មុន​ការ​ប្រកាស​សាលា​ដីកា​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​លើក​ពេល។​

ក្នុង​សវនាការ​លើក​ទី​១២​នៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី ៤​ ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ជាន់ខ្ពស់​បាន​បិទ​បញ្ចប់​សវនាការ​សួរ​ដេញ​ដោល​បណ្តឹង​សាទុក្ខ​របស់​លោក ​កឹម សុខា​ ​ដែល​ត្រូវ​បាន​តុលាការ​ជាន់​ទាប​កាត់​ទោស​ពី​បទ​ក្បត់​ជាតិ​កាលពី​ឆ្នាំមុន។

អ្នកស្រី​ ម៉េង សុភារី ​សហ​មេធាវី​លោក​ កឹម សុខា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​សំណុំ​រឿង​របស់​មេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ​មាន​រយៈ​ពេល​ ៧ ​ឆ្នាំ​ហើយ ​គិត​ត្រឹម​ឆ្នាំ​ ២០២៤ ​នេះ​ ដែល​អ្នក​ស្រី​ថា ​ជា​រយៈ​ពេល​មួយ​ដែល​យូរ​សម្រាប់​លោក។ ​អ្នកស្រី​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ​ការ​លើក​ពេល​ធ្វើ​សេចក្តី​សន្និដ្ឋាន​សំណុំ​រឿង​របស់​លោក ​កឹម សុខា ​កាលពី​ទី​ ១៩​ ខែ​កញ្ញា​ ឆ្នាំ ​២០២៤ ​នេះ​ក៏​បានរួម​ចំណែក​ធ្វើ​ឱ្យ​លោក ​កឹម សុខា ​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ​ និង​សិទ្ធិ​ជា​ពលរដ្ឋ​ផង​ដែរ។​

អ្នកស្រី​ថ្លែង​ថា៖​ «ពិត​ជា​ប៉ះពាល់​ហើយ! ​ទីមួយ​គឺ​សិទ្ធិ​នយោបាយ​របស់​គាត់។​ ទីពីរ​សិទ្ធិ​ពលរដ្ឋ​របស់​គាត់។​ ទីបី​នោះ​គឺ​ថា ​បាន​កាត់​ផ្តាច់​មនោសញ្ចេតនា​ ក៏​ដូច​ជា​ទំនៀម​ទម្លាប់​ប្រពៃណី។ ​ជាក់​ស្តែង​ដូច​ជា​បច្ចុប្បន្ន​នេះ​គឺ​ដល់​ខែ ​ដល់​រដូវ​បុណ្យ​ភ្ជុំ​ ប៉ុន្តែ​គាត់​អត់​អាច​ទៅ​ធ្វើ​បុណ្យទាន។​ គាត់​អត់​អាច​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​គាត់ ​ជា​ពិសេស​នោះ​គឺ​គាត់​អត់​អាច​ទៅ​ជួប​ម្តាយ​ជរា​របស់​គាត់​ដែល​កំពុងតែ​ឈឺ»។​

សហ​មេធាវី​រូប​នេះ​បន្ថែម​ថា ​បើ​សិន​រឿង​ក្តី​លោក​ កឹម សុខា ​នៅ​បន្ត​អូស​បន្លាយ​ វា​នឹង​អាចធ្វើ​ឱ្យ​លោក​ កឹម សុខា ​ទទួល​រង​ភាព​អយុត្តិធម៌។​

អ្នកស្រី​បន្ថែមថា៖​ «ខ្ញុំ​យល់​ស្រប​ដូច​អ្វី​ដែល​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ​យុត្តិធម៌​មួយ​ដែល​គេ​រង់ចាំ​យូរ​ពេក​គឺ​វា​អយុត្តិធម៌​បាត់​ទៅ​ហើយ។ ​បើសិន​ជា​ឯកឧត្តម​ កឹម សុខា ​គាត់​មាន​សេរីភាព​ឡើង​វិញ​ ខ្ញុំ​ជឿ​ថា ​រឿង​នឹង​ត្រូវ​ចប់»។​

អ្នកនាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ លោក ​ឃុន លាងម៉េង ​ថ្លែង​ថា ​ការ​លើក​ពេល​ធ្វើ​សេចក្តី​សន្និដ្នា​នលើ​រឿង​ក្តី​លោក​ កឹម សុខា​ ​កាល​ពីថ្ងៃ​ទី​ ១៩​ ខែកញ្ញា ​កើត​ឡើងដោយសារ​តែ​តំណាង​ខាង​អយ្យការ​មាន​ធុរៈ​ និង​ថា​ ការ​លើក​ពេល​នេះ​ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​ជំនុំ​ជម្រះ​ក្តី​របស់​លោក ​កឹម​ សុខា​ តាម​នីតិវិធី​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ដែរ។​

លោក​បញ្ជាក់​ថា៖​ «ដូច​ជា​មិន​ប៉ះពាល់​ទេ​ ព្រោះ​រយៈ​ពេល​ហ្នឹង​គឺ​ជា​រយៈ​ពេល​ទុក​ឱ្យ​មេធាវី​ និង​តំណាង​អយ្យការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ និង​ខណៈ​ពេល​ហ្នឹង​នឹង​កំណត់​ពេល​នៅ​ឆាប់ៗ​ខាង​មុខ»។​

សហ​ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​លោក​ អ៊ូ ច័ន្ទរ័ត្ន ​មាន​ការ​ស្តោក​ស្តាយ​ចំពោះ​សំណុំ​រឿង​លោក ​កឹម សុខា ​ក្នុង​នាម​លោក​ជា​អ្នក​នយោបាយ​ជំទាស់ ព្រោះ​លោកសង្កេត​ឃើញ​ថា ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​បូក​រួម​និង​ការ​អូស​បន្លាយ​ពេល​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក​បន្ថែម​ថា ​មាន​តែ​ការ​សម្រប​សម្រួល​ខាង​នយោបាយ​តែ​ប៉ុណ្ណោះ​ ទើប​អាច​បញ្ចប់​ក្តីក្តាំ​របស់លោក ​កឹម សុខា នៅ​តុលាការ​បាន​ និង​ថា ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជានឹង​រង​ការ​រិះគន់​ ហើយសេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​រង​ផល​ប៉ះពាល់​ បើ​សិន​រឿង​ក្តី​នេះ​បន្ត​អូស​បន្លាយ​យូរ​ទៀត​នោះ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «បើ​មិន​ដូច្នោះ​ទេ ​អាច​នឹង​នៅ​អូស​បន្លាយ​អ៊ីចឹង។ ​ខ្ញុំ​គិត​ថា បើ​សិន​ជា​សាលា​ឧទ្ធរណ៍​សម្រេច​ ហើយ​បើ​មេធាវី ​ឬ​ក៏​លោក​ប្រធាន ​កឹម សុខា ​នៅ​តែ​បន្ត​ទៅ​ដល់​កំពូល​ទៀត ​ខ្ញុំជឿ​ថា វា​អាច​នឹង​នៅ​បន្ត​អ៊ីចឹង​ រាប់​ឆ្នាំ​នៅ​ហ្នឹង​ទៅ!​ ហើយ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ ប៉ះ​ពាល់​ដល់​កម្ពុជា​ ទាំង​រឿង​ប្រជា​ធិបតេយ្យ​ ទាំង​រឿង​សេដ្ឋកិច្ច​អីជា​ដើម​ដែល​ អ្នក​បញ្ជា​ទិញ​ វិនិយោគ​ទុន​ហ្នឹង​មើល​មក​វា​ពិបាក​នឹង​មាន​ការ​ទុកចិត្ត»។​

ចំណែក​លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លើក​ឡើង​ថា​ ជា​គោល​ការណ៍​នៃ​ច្បាប់​អន្តរជាតិ ​និង​ច្បាប់​ជាតិ ​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​យ៉ាង​លឿន​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ចំពោះ​មុខ​ច្បាប់។ ​លោក​ថា ករណី​របស់​លោក ​កឹម សុខា ​ក៏​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​លោក​ដែល​ជា​ជន​ជាប់ចោទ​ផង​ដែរ។​

លោក​ថ្លែងថា៖​ «បើ​យើង​និយាយ​អំពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ឱ្យ​បាន​លឿន​ដែល​អាច​ធ្វើ​ទៅ​បាន​ វា​មាន​ការ​អូស​ពេល​អូស​បន្លាយ។ ​វា​អាច​ប៉ះពាល់​សិទ្ធិ​របស់​លោក​ កឹម សុខា ​ព្រោះ​លោក​ កឹម សុខា​ ក៏​ជា​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​ អតីត​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​មួយ។​ អ្វី​ដែល​គេ​ចង់​ឃើញ​គឺ​ថា ​សវនាការ​ហ្នឹង​ធ្វើ​ម៉េច​ឱ្យ​បាន​ឆាប់​ លឿន​ដើម្បី​ឱ្យ​បាន​ឃើញ​ថា ​តើ​លោក​ កឹម សុខា​ មាន​ទោស​ ឬ​គ្មាន​ទោស​ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់»។

លោក​បន្ថែម​ថា​ ចំពោះ​រឿង​ក្តី​លោក​ កឹម សុខា ​នីតិវិធី​ផ្លូវ​ច្បាប់​ជា​រឿង​មួយ​ ប៉ុន្តែ​បើ​អ្នក​នយោបាយ​ទាំង​អស់​មាន​ការ​ចរចា​គ្នា​ ដោយ​តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ ​ឧត្តម​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ​ រក​ច្រក​នយោបាយ​ដើម្បី​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​ដែល​នៅ​សេស​សល់​ វា​ជា​រឿងល្អ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០២៣ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក ​កឹម សុខា ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​២៧ ​ឆ្នាំ ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​គប់គិត ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​បរទេស ​ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ ​និង​ដាក់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ។ ​តុលាការ​ក៏​បាន​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ កឹម សុខា ​និង​មិន​អនុញ្ញាត​ឱ្យ​លោក​ជួប​ជន​បរទេស ​លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។​ អង្គការ​សិទ្ធិ​មនុស្ស​ និង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​បាន​រិះគន់​ការ​ផ្តន្ទា​ទោស​នេះ ​និង​ស្នើ​ឱ្យ​កម្ពុជា​សា្តរ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG