ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​គ្រោង​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​ជាយ​ក្រុង​វិញ​តាម​ការ​ស្នើ​របស់​សាលា​ក្រុង


កូនប្រុសលោកប៉ែន សុវណ្ណ គោរពវិញ្ញានក្ខណ្ឌសពឪពុករបស់ខ្លួននៅវត្តថាន់ នៅថ្ងៃពុធ ទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦។
កូនប្រុសលោកប៉ែន សុវណ្ណ គោរពវិញ្ញានក្ខណ្ឌសពឪពុករបស់ខ្លួននៅវត្តថាន់ នៅថ្ងៃពុធ ទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦។

ទីតាំង​បូជា​សព​លោក ​ប៉ែន សុវណ្ណ បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ ដោយ​គណបក្ស​ប្រឆាំង​នេះ​បាន​ស្នើ​រៀបចំ​បូជា​សព​លោក​ប៉ែន សុវណ្ណ នៅ​មុខ​វត្ត​បទុមវតី​ តែ​សាលា​រាជធានី​ភ្នំពេញ ​បាន​បដិសេធ។

គណៈកម្មការ​រៀបចំ​បុណ្យ​សព​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ប៉ែន សុវណ្ណ សម្រេច​រៀបចំ​ពិធី​បូជា​សព​នៅ​ជាយ​រាជធានី​ភ្នំពេញ​វិញ​ តាម​ការ​ស្នើ​របស់​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ទីតាំង​បូជា​សព​លោក ​ប៉ែន សុវណ្ណ បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ ដោយ​គណបក្ស​ប្រឆាំង​នេះ​បាន​ស្នើ​រៀបចំ​បូជា​សព​លោក​ប៉ែន សុវណ្ណ នៅ​មុខ​វត្ត​បទុមវតី​ តែ​សាលា​រាជធានី​ភ្នំពេញ ​បាន​បដិសេធ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​អាទិត្យ ​ទី​៦ ខែ​វិច្ឆិកា សព​លោក​ប៉ែន សុវណ្ណ នឹង​ត្រូវ​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ឫស្សីសាញ់ ក្នុង​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ។

លោក ប៉ុល ហំម ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ ប្រាប់​ VOAកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណៈកម្មការ​បាន​ជួប​ប្រជុំ​ជាមួយ​សាលា​រាជធានី និង​បាន​ឯកភាពរៀបចំ​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ ក្នុង​បរិវេណ​វត្ត​និរោធ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ។

លោកហូ វ៉ាន់ (ខាងស្ដាំ) អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងព្រះសង្ឃគោរពសពលោកប៉ែន សុវណ្ណ ក្នុងថ្ងៃគោរពវិញ្ញានក្ខណ្ឌលោកនៅវត្តថាន់ នៅថ្ងៃពុធ ទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦។
លោកហូ វ៉ាន់ (ខាងស្ដាំ) អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងព្រះសង្ឃគោរពសពលោកប៉ែន សុវណ្ណ ក្នុងថ្ងៃគោរពវិញ្ញានក្ខណ្ឌលោកនៅវត្តថាន់ នៅថ្ងៃពុធ ទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦។

ប៉ុន្តែ លោក​អះអាង​ថា គណៈកម្មការ​បាន​ប្ដូរ​ទៅ​រៀបចំ​នៅ​វត្ត​ឫស្សីសាញ់​វិញ ដោយសារព្រះចៅ​អធិការ និង​គណៈកម្មការ​វត្ត​និរោធ​បាន​ប្រាប់​ថា វត្ត​មាន​រៀបចំ​ពិធី​បុណ្យ​កឋិន​នៅ​ថ្ងៃ​នោះ។

លោក ប៉ុល ហំម ឱ្យ​ដឹង​ដែរ​ថា គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ ​បាន​ទាក់ទង​គណៈកម្មការ​វត្ត​ឫស្សីសាញ់ និង​ទទួល​បាន​ការ​អនុញ្ញាត​រួច​ហើយ។

«បាទ​ដូច​ខ្ញុំ​ជម្រាប​អម្បាញ់មិញ​អញ្ចឹង​ ព្រមព្រៀង​ហើយ​បាន​តែ​ឯកឧត្ដម​យ៉ែម បុញ្ញាឫទ្ធិ​ គាត់​ទៅ​ជម្រាប​ផ្ដល់​ដំណឹង​ដល់​សាធារណជន​ថា​ អាច​ធ្វើ​បាន​នៅ​វត្ត​ឫស្សីសាញ់​ហ្នឹង​ណា៎។ យើង​ចាប់​ដង្ហែ​ពី​ម៉ោង​៧​ព្រឹក​ទៅ​ចេញពី​វត្ត​ថាន់​ទៅ»។

កំណត់​ហេតុ​អង្គប្រជុំ​រវាង​គណៈកម្មការ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ ជាមួយ​រដ្ឋបាល​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​រៀបចំ​បុណ្យ​សព​ បាន​ស្នើ​រៀបចំ​ពិធី​បូជា​សព​នៅ​មុខ​វត្តបទុមវតី ឬ​ក្នុង​វត្ត​ពោធិយ៉ារ៉ាម (ហៅ​វត្ត​ចាស់) តែ​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ។ សាលា​រាជធានី​បាន​អះអាង​ថា ទីធ្លា​មុខ​វត្តបទុមវតី​គឺ​សម្រាប់​តែ​ឥស្សរជន​ជាន់​ខ្ពស់​ប៉ុណ្ណោះ ឯ​វត្ត​ពោធិយ៉ារ៉ាម (ហៅ​វត្ត​ចាស់) គ្រាន់​តែ​ជា​វត្ត​ធម្មតា​ពុំ​មាន​ឈាបនដ្ឋាន​សម្រាប់​បូជា​សព​នោះ​ទេ។

លោក​ ប៉ុល ហំម បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ការ​ច្រានចោល​របស់​សាលា​រាជធានី​ភ្នំពេញ​ចំពោះ​សំណើ​រៀបចំ​ពិធី​បូជា​សព​នៅ​មុខ​វត្តបទុមវតី និង​វត្ត​ចាស់។

យាយជីកាន់រូបថតលោកប៉ែន សុវណ្ណ ក្នុងថ្ងៃគោរពវិញ្ញានក្ខណ្ឌលោកនៅវត្តថាន់ នៅថ្ងៃពុធ ទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦។
យាយជីកាន់រូបថតលោកប៉ែន សុវណ្ណ ក្នុងថ្ងៃគោរពវិញ្ញានក្ខណ្ឌលោកនៅវត្តថាន់ នៅថ្ងៃពុធ ទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦។

VOA មិន​អាច​ទាក់ទងលោក មាន ចាន់យ៉ាដា ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ណា​មួយ​បាន​ទេ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។

លោក​ ប៉ែន​ សុវណ្ណ​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម ​ក្នុង​អំឡុង​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨២។

លោក​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង​១០​ឆ្នាំ។

លោក ​ប៉ែន​ សុវណ្ណ បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ទី​២៩​ ខែ​តុលា​ ដោយ​រោគាពាធ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

កាលពី​ថ្ងៃ​ពុធ សព​លោក ប៉ែន សុវណ្ណ ​ត្រូវ​បាន​ដង្ហែ​ចេញ​ពី​ខេត្ត​តាកែវ​មក​តម្កល់​នៅ​វត្ត​នួនមណីរាម​ ហៅ​វត្ត​ថាន់​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​បូជា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ​ខែ​វិច្ឆិកា៕

XS
SM
MD
LG