ក្រុមប្រឹក្សាសារព័ត៌មានបានជួយជំរុញក្រសួងព័ត៌មានជួយលោករស់ សុកេត ឲ្យបាននៅក្រៅឃុំដោយសារម្តាយចាស់ជរា និងមានជម្ងឺផ្ទាល់ខ្លួន។
នៅថ្ងៃច័ន្ទនេះលោករដ្ឋមន្ត្រីក្រសួងព័ត៌មានខៀវ កាញារិទ្ធ បានស្នើសុំឱ្យលោករស់ សុកេត អ្នកកាសែត ជាប់ពន្ធនាគារអំពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ឱ្យសរសេរលិខិតមកជូនលោក ដើម្បីធ្វើអន្តរាគមន៍ទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យមានការដោះលែង។
ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានស្នើសុំលោកខៀវ កាញារិទ្ធ ឱ្យធ្វើអន្តរាគមន៏ និងនាំសំណើជូនរដ្ឋាភិបាល សុំដោះលែងលោករស់ សុកេត អ្នកកាសែតសេរីដែលកំពុងជាប់ពន្ធនាគារ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ តុលាការក្រុងភ្នំពេញ បានរកឃើញទោសកំហុសរបស់លោករស់ សុកេត ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ បន្ទាប់ពីលោករស់ សុកេត បានផ្ញើសារតាមទូរស័ព្ទជាបន្តបន្ទាប់ទៅកាន់លោកសយ សុភាព អតីតអ្នកអត្ថធិប្បាយទូរទស្សន៍ស៊ីធីអិន (CTN)។
នៅក្នុងសវនាការខែវិច្ឆិកា សារតាមទូរស័ព្ទនេះ បានចោទប្រកាន់លោកសយ សុភាព ពីការទារប្រាក់ពីស្ត្រីម្នាក់ដែលបានចាប់ខ្លួនពីបទបាញ់កាំភ្លើងខ្លីខុសច្បាប់ជាថ្នូរនឹងការមិនផ្សព្វផ្សាយព័ត៌មានរបស់អ្នកស្រីនោះ។
លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងប្រាប់ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាថា លោកបានស្នើសុំឱ្យលោករស់ សុកេត សរសេរលិខិតជាភាសាខ្មែរមកជូនលោក ដើម្បីជួបពិភាក្សាជាមួយ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌អំពីការដោះលែង។
លោកសុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានបញ្ជាក់ថា ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា បានសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានខៀវ កញ្ញារិទ្ធ ឱ្យជួយលោករស់ សុកេត បាននៅក្រៅឃុំ ដើម្បីឱ្យមានសេរីភាព ដោយសារម្តាយចាស់ជរា និងមានជម្ងឺផ្ទាល់ខ្លួន។
លោកសំ សុខគង់ មេធាវីរបស់លោករស់ សុកេត បានថ្លែងថា លោកនឹងទៅពិភាក្សាជាមួយកូនក្តី របស់លោកអំពីការសរសេរលិខិតតាមសំណើរបស់ក្រសួងព័ត៌មាន។
«លោករស់ សុកេត គួរតែសរសេរលិខិតទៅក្រសួងព័ត៌មាន ដើម្បីសម្របសម្រួលជាមួយក្រសួង យុត្តិធម៌ ដើម្បីឱ្យសាលាឧទ្ទរណ៍កាត់ទោសឱ្យគាត់ប្រកបដោយយុត្តិធម៌ ជាពិសេសឱ្យគាត់បានរួចផុត ពីការចោទប្រកាន់ ឬដោះលែងឱ្យមានសេរីភាព»។
លោកសយ សុភាព អតីតអ្នកអត្ថាធិប្បាយទស្សន៍ស៊ីធីអិន បានបញ្ជាក់ថា «ខ្ញុំសូមស្វាគមន៍ការផ្តួចផ្តើមគំនិតរបស់លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីស្វែងរកវិធីតាមផ្លូវច្បាប់ចំពោះករណីរបស់លោករស់ សុកេត ឱ្យបានរួចផុតពីការចោទប្រកាន់»។
«ខ្ញុំពុំមានពាក្យបណ្តឹងណាមួយប្តឹងលោករស់ សុកេត ទេ ប៉ុន្តែខ្ញុំគ្រាន់តែមានពាក្យបណ្តឹងទៅក្រសួង មហាផ្ទៃដើម្បីសុំឱ្យជួយរកអ្នកដែលគំរាមខ្ញុំតែប៉ុណ្ណោះ។ ដូច្នេះ បើលោករដ្ឋមន្ត្រីក្រសួងព័ត៌មានផ្តួច ផ្តើមគំនិត ដើម្បីរកលទ្ធភាពតាមផ្លូវច្បាប់ណាមួយដោះស្រាយបញ្ហានេះ ខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិត ផ្តួចផ្តើមរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន»។
សាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការករណីរបស់លោករស់ សុកេត នៅថ្ងៃសុក្រនេះ៕