ភ្នំពេញ៖ បណ្ដាប្រទេសដែលផ្តល់ជំនួយដល់កម្ពុជាលើវិស័យកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បានថ្លែងថា កម្ពុជាចាំបាច់ត្រូវពង្រឹងយន្តការនៃការគ្រប់គ្រងថវិកាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដើម្បីអាចចាប់ផ្តើមគ្រប់គ្រងដោយខ្លួនឯងនូវមូលនិធិជំនួយដែលប្រទេសទាំងនោះ បានសន្យាផ្តល់ឲ្យសម្រាប់ឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
សហភាពអ៊ឺរ៉ុប(EU) ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិដាណឺម៉ាក(Danida) ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត (Sida) និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ(UNDP) បានសន្យាផ្តល់ប្រាក់សរុបចំនួន៨.៩លានដុល្លារអាមេរិក ដើម្បីជួយបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជាសម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីឆ្នាំ២០១០នេះទៅ។ បច្ចុប្បន្ន ថវិកានេះ ត្រូវបានគ្រប់គ្រងដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ។
អ្នកស្រី សូភី បារ៉ានេស (Sophie Baranes) នាយករងនៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ទី១៨ ខែសីហានេះ ថា យន្តការគ្រប់គ្រងថវិកាដ៏សមស្រប និងមានប្រសិទ្ធភាពមួយចាំបាច់ត្រូវមានឲ្យរួចរាល់មុនពេលដែលកម្ពុជាត្រូវគ្រប់គ្រងបន្តនូវមូលនិធិសម្រាប់ការប្រែប្រួលអាកាសធាតុនេះ។ អ្នកស្រីបន្តថា៖
«UNDP ស្ថិតក្នុងដំណាក់កាលដំបូងក្នុងការចាត់ចែងមូលនិធិនេះ ដែលបានមកពីសហភាពអ៊ឺរ៉ុបដែលជាដៃគូរ និងបានពីUNDP ខ្លួនឯងផ្ទាល់។ ប៉ុន្តែ តួនាទីរបស់UNDP គឺគាំទ្រនាយកដ្ឋានប្រែប្រួលអាកាសធាតុ ដើម្បីឲ្យមាននៅនឹងកន្លែងនូវគណៈគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងគណៈគ្រប់គ្រងកម្មវិធីដើម្បីគ្រប់គ្រងបន្តនូវមូលនិធិនេះ»។
រហូតមកដល់ពេលនេះ កម្ពុជាបានទទួលជំនួយចំនួន៣.៤លានដុល្លារអាមេរិក ហើយក្នុងចំណោមមូលនិធិសរុបជិត៩លានដុល្លារដែលបណ្តាម្ចាស់ជំនួយបានសន្យាផ្តល់ឲ្យនោះ។ នេះបើផ្អែកតាមនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថានកម្ពុជា។ ប៉ុន្តែ ថវិកានេះត្រូវបានចាត់ចែងដោយម្ចាស់ជំនួយនៅឡើយ។
លោក រ៉ាហ្វាអែល ដូឆៅ ម៉ូរ៉េនណូ (Rafael Dochao Moreno) ភារធារីនៃប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានថ្លែងនៅក្នុងសន្និសីទព័ត៌មានផងដែរថា កម្ពុជាក៏ត្រូវការពង្រឹងសមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងថវិកាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុនេះផងដែរ ដើម្បីផ្តល់ទំនុកចិត្តដល់បណ្តាប្រទេសអ្នកផ្តល់ជំនួយបន្ថែមទៀត។ លោកថ្លែងដូច្នេះថា៖
«អ្វីដែលសំខាន់បំផុតនោះ គឺការកសាងសមត្ថភាពនេះឯង។ ការកសាងសមត្ថភាពគឺជាបញ្ហាគន្លឹះ។ នៅពេលណាដែលយើងចាប់ផ្តើមទទួលបានថវិកាដ៏ច្រើននៅកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះ យើងចាំបាច់ត្រូវមានការដឹកនាំដ៏ខ្លាំងមួយ។ យើងត្រូវមានសមត្ថភាពខ្លាំងក្នុងការអនុវត្តផែនការ។ នេះហើយជាអ្វីដែលយើងជាម្ចាស់ជំនួយពឹងផ្អែកលើ នៅក្នុងប្រទេសកម្ពុជានេះ»។
បណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿនក្នុងចំណោមប្រទេសជាសមាជិកចំនួន១៩២នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានសន្យាផ្តល់ជំនួយរាប់សិបពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលបឋម ដល់ប្រទេសក្រីក្រកាលពីចុងឆ្នាំ២០០៩ នៅក្នុងទីក្រុងកូភែនហ៊ែហ្គិន (Copenhagen) ប្រទេសដាណឺម៉ាក ដើម្បីឲ្យប្រទេសដែលខ្វះលទ្ធភាពទាំងនេះ អាចដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុនេះបាន។
ក្នុងនោះ សហភាពអ៊ឺរ៉ុប ដែលមានប្រទេសចំនួន២៧ជាសមាជិក បានសន្យាផ្តល់ជំនួយចំនួន២.៤ពាន់លានអ៊ឹរ៉ូ ឬស្មើនឹងជាង៣ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ប្រទេសក្រីក្រក្នុងការកាត់បន្ថយនិងបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនេះ។ ប៉ុន្តែ ការគ្រប់គ្រងមូលនិធិជំនួយនៅក្នុងប្រទេសក្រីក្រ ដូចជាកម្ពុជាជាដើមនេះ នៅតែជាការព្រួយបារម្ភនៅឡើយ សម្រាប់ប្រទេសជាម្ចាស់ជំនួយទាំងនោះ។
លោកទេសរដ្ឋមន្រ្តី ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ មានប្រសាសន៍ថា កម្ពុជាពិតជាត្រូវការនូវការកសាងសមត្ថភាពមន្រ្តីរបស់ខ្លួនបន្ថែម ដើម្បីគ្រប់គ្រងថវិកាដោយខ្លួនឯងប្រកបដោយតម្លាភាពនិងគណនេយ្យភាព។ លោកថ្លែងថា៖
«ពេលយើងពង្រឹងសមត្ថភាពបាន យើងកាន់លុយខ្លួនយើងបាន។ ដៃគូគេមិនមែននេះទេ គេតាមមើលអញ្ចឹងហើយ ហើយយើងរៀនអាតម្លាភាពហ្នឹងធ្វើរបៀបម៉េច គណនេយ្យភាពហ្នឹងធ្វើរបៀបម៉េច ព្រោះលុយគេត្រៀមមក រាប់ពាន់លានដុល្លារ ដូច្នេះ គេមើលថា បើយើងគ្រប់គ្រងអាហ្នឹងបាន វារលាយមកងាយទេ ហើយអញ្ចឹងយើងចង់បានណាស់អាតម្លាភាព គណនេយ្យភាពនៃការគ្រប់គ្រងជំនួយនេះ»។
លោក ម៉ុក ម៉ារ៉េត មានអះអាងបន្តថា បច្ចុប្បន្ន គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិជាអ្នកគ្រប់គ្រងថវិកាជំនួយរួមគ្នា ដើម្បីធានាប្រសិទ្ធភាពនៃការចាត់ចែងថវិកាជំនួយសម្រាប់ការប្រែប្រួលអាកាសធាតុនេះ។ លោកបន្តថា៖
«បរិស្ថានពាក់កណ្តាល និងUNDP យើងមើលលុយចាយរួមគ្នា មិនមែនយើងម្នាក់ឯងទេ។ យើងមានគណនេយ្យមួយ គាត់មានគណនេយ្យមួយ ឆ្លងគ្នា ប៉ុន្តែបីឆ្នាំទៀតបើយើងរឹងហើយ គាត់ថាយើងធ្វើខ្លួនឯង គាត់ចាំតែមើលពីលើ។ »
លោក ម៉ុក ម៉ារ៉េត មានប្រសាសន៍បន្ថែមថា ថវិកាចំនួន២.២លានដុល្លារអាមេរិកក្នុងចំណោមថវិកាជំនួយជិត៩លានដុល្លារនោះ ត្រូវបានអនុម័តសម្រាប់អនុវត្តគម្រោងសាកល្បងមួយ ដើម្បីបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នៅតាមតំបន់ឆ្នេរក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ។ ប៉ុន្តែ គេនៅពុំទាន់ឃើញមានរបាយការណ៍លម្អិតអំពីគម្រោងបន្ស៊ាំនៅតំបន់ឆ្នេរនោះនៅឡើយទេ។