នៅក្នុងសាលារៀនមួយក្នុងខេត្ត តាកែវ អ្នកទទួលខុសត្រូវនិយាយថា គ្រូបង្រៀនត្រូវបង្ខំចិត្តបង្កើតមុខរបរផ្សេងក្រៅពីការបង្រៀន ដើម្បីអាចរស់បាន។ ដំណាលគ្នានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែដល់គ្រូបង្រៀនឲ្យដល់ ២៥០ដុល្លារក្នុងមួយខែ។ ប៉ុន្ដែមន្ដ្រីក្រសួងអប់រំនិយាយថា ក្រសួងមិនអាចធ្វើតាមសំណើនេះបានទេ។
សំឡេងជួងបន្លឺឡើងចេញពីសាលាបឋមសិក្សា បានយ នៅស្រុកព្រៃកប្បាសចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ ដែលជាសញ្ញាថាថ្ងៃដំបូងនៃការបើកបវេសនកាលបានបញ្ចប់ហើយ។ សិស្សានុសិស្សក្មេងៗ បុ្រសស្រីតូចៗរត់ចេញមកពីថ្នាក់រៀនរបស់ពួកគេព្រមៗគ្នា។ ពួកគេដើរសំដៅទៅរកគេហដ្ឋានរៀងៗខ្លួន។ ខ្លះមានឯកសណ្ឋានខោខៀវ អាវស រីឯ ខ្លះទៀតមានសម្លៀកបំពាក់ចាស់ៗ ហាក់បីដូចជា មិនទាន់ត្រៀមគ្រប់លក្ខណៈសម្រាប់ការចូលរៀននៅឡើយ។ រីឯគ្រួបង្រៀនមួយចំនួនទៀតមិនទាន់បានចូលមកកាន់បន្ទប់បង្រៀនផងទេ ដោយសារតែរវល់ស្វែងរកកម្រៃពីប្រភពផ្សេងៗសម្រាប់ទ្រទ្រង់ជីវភាព។
លោក ពាង ខ្យង នាយករងនៃសាលាបឋមសិក្សាបានយ បណ្ដើរកង់ចាស់មួយដែលច្រែះស៊ីស្ទើរគ្មានសល់ សំដៅវិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។ លោកមានប្រសាសន៍ដោយកាន់កង់ចំណាស់របស់គាត់ជាប់នឹងដៃស្ដាំថា គ្រូបង្រៀននៅទីនេះចាំបាច់ត្រូវតែមានមុខរបរផ្សេងពីការបង្រៀនទើបអាចធានាដល់ជីវភាពប្រចាំថ្ងៃបាន។
«គ្រូមួយចំនួនពេលដែលចេញពីបង្រៀនវិញគឺមានមុខរបរធ្វើស្រែ និងលក់ដូរតិចតួចនៅទីផ្សារ តែមួយចំនួនធំជាអ្នកធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពបន្ថែម។ កាលណាលុយតិច ជីវភាពមិនគ្រប់ គ្រាន់ ដូច្នេះ លោកគ្រូអ្នកគ្រូ គាត់ឆ្លៀតទៅធ្វើការ ឬរកស៊ីខាងក្រៅ ហើយគាត់មិនសូវ យកចិត្ត ទុកដាក់បង្រៀន»។
សាលាបឋមសិក្សាបានយ គឺជាសាលារៀន ដែលស្ថិតនៅតំបន់ដាច់ស្រយាលមួយរបស់ខេត្តតាកែវ។ គេអាចទៅកាន់សាលារៀននេះបាន តាមផ្លូវលំធ្វើអំពីដីក្រហម គ្រលិកគ្រលុកចម្ងាយប្រមាណជា៣០គីឡូម៉ែត្រពីផ្លូវជាតិលេខ២ ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តតាកែវ។
លោកនាយករងពាង ខ្យង បានត្អូញត្អែរថា ដោយសារតែការឆ្លៀតរកកម្រៃក្រៅបានធ្វើឲ្យប៉ះពាល់ ដល់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូផងដែរ។ ប៉ុន្ដែគ្រូបង្រៀនក្នុងសាលារបស់លោកនៅតែព្យាយាមតស៊ូបង្រៀនដោយក្ដីស្រឡាញ់ការងារ។
«រាជរដ្ឋាភិបាល ខ្ញុំមិនដឹងថា ពេលណាលោកគិតឃើញទេ ពួកយើងក៏មិនហ៊ានទាមទារដែរ។ រាល់ ថ្ងៃគឺថាបង្រៀនគឺដូចជា ការស្រលាញ់អឹចឹង ទោះបើជាមានប្រាក់ខែតិចក៏យើងយកចិត្តទុកដាក់បង្រៀនសិស្សដែរ។ កាលណាក្រពះយើងមិនឆ្អែត ក៏យើងមិនអាចធ្វើការបានល្អដែរ គ្មានកម្លាំងកំហែងនឹងធ្វើការងារដែរ។ រឿងប្រាក់ខែប៉ុន្មាន ក៏មិនអាចគ្រប់គ្រាន់ដែរ តែបើបានប្រហែល២០០ទៅ៣០០ដុល្លារវិញ គឹថាគ្រាន់តែមួយរស់ មួយរស់បាន ដូចរាល់ថ្ងៃបា្រក់ខែរកតែទិញម្ហូបក៏មិនគ្រាន់ដែរ»។
បច្ចុប្បន្ននេះ ប្រាក់ខែអប្បបរមាសម្រាប់គ្រូបឋមសិក្សា មានចំនួនដប់ម៉ឺនរៀល ឬស្មើនឹងជិត២០ដុល្លារអាមេរិក។ ប្រាក់ខែអប្បបរមាសម្រាប់គ្រូអនុវិទ្យាល័យវិញមានចំនូន២០ម៉ឺនរៀល ឬស្មើនឹង ជិត៥០ដុល្លារ ចំណែក ឯប្រាក់ខែអប្បបរមាសម្រាប់គ្រូនៅតាមវិទ្យាល័យមានចំនួនប្រហែលជា ៣០ម៉ឺនរៀល ឬប្រហែលជា៧០ដុល្លារ។
ការត្អូញត្អែររបស់គ្រួបង្រៀនចំពោះប្រាក់ខែតិចតួចតែងតែត្រូវគេឮជាប្រចាំ ដោយសារតែទំនិញនៅលើទីផ្សារចេះតែឡើងថ្លៃជាលំដាប់។ ក៏ប៉ុន្ដែរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ដ្រសម្រាប់ដំឡើងប្រាក់ខែគ្រូបង្រៀនចំនួន២០ភាគរយក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក្រុមគ្រូបង្រៀន លើកឡើងថា ការដំឡើងនេះមានចំនួនតិចតួចណាស់។
ហេតុដូច្នេះហើយ នៅថ្ងៃនេះ គឺនៅចំទិវាគ្រូបង្រៀនពិភពលោក លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអំពាវនាវឲ្យមានការតម្លើងប្រាក់ខែគ្រូបង្រៀនយ៉ាងតិចចំនួនមួយលានរៀល ឬស្មើប្រហែលនឹង២៥០ដុល្លារក្នុងមួយខែ។ ប្រធានសមាគមដដែល គ្រោងនឹងប្រារព្ធជាក្បួនដង្ហែនៅក្នុងទីក្រុងភ្នំពេញ ដើម្បីឧទ្ទិសដល់ទិវានេះ និងរំឭកពីការទាមទារដំឡើងប្រាក់ខែនេះ។ ក៏ប៉ុន្ដែគម្រោងការរបស់លោកត្រូវរារាំងដោយអាជ្ញាធរក្រុងភ្នំពេញ។
លោក រ៉ុង ឈុន លើកឡើងថា ប្រាក់ខែដ៏តិចតួច មិនបានលើកទឹកចិត្តដល់គ្រូបង្រៀននោះទេ ហើយវាក៏ជាកត្តាធ្វើឲ្យមានឥទិ្ធពលអាក្រក់លើវិស័យអប់រំមួយផ្នែកដែរ។ លោក រ៉ុង ឈុន បន្ថែមថា បញ្ហាប្រាក់ខែនេះ គឺជាកង្វល់យ៉ាងខ្លាំងក្លាសម្រាប់គ្រូបង្រៀនគ្រប់រូប។
«បញ្ហាប្រឈមរបស់គ្រូបង្រៀនដែលខ្លាំងក្លា គឺទៅលើជីវភាព។ អញ្ចឹងហើយបានជាយើងឆ្លៀតឱកាសក្នុងទិវាគ្រូបង្រៀនពិភពលោកហ្នឹង ធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ បៀវត្សរ៍ឲ្យគាត់អប្បរមាមួយលានរៀលក្នុងមួយខែ»។
លោកថោន បូរ៉ាន់ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ របស់ក្រសួងអប់រំយុវជននិងកីឡានិយាយថា ការទាមទារដំឡើងប្រាក់ខែគ្រូបង្រៀន គឺជារឿងរបស់លោករ៉ុង ឈុន រីឯក្រសួងរបស់លោកបាន ធ្វើតាមគោលការណ៍របស់រដ្ឋាភិបាលតែប៉ុណ្ណោះ ពោលគឺការដំឡើងប្រាក់ខែគ្រូបង្រៀនក្នុងមួយ ឆ្នាំចំនួន២០ភាគរយ។
«យើងខ្ញុំ ការងារគឺធ្វើតាមតែគោលការណ៍និង គោលនយោបាយទេ ហើយរឿងរបស់ រ៉ុង ឈុន គឺផ្សេង»។
សូមរំឭកថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានព្យាយាមស្នើឲ្យមានការដំឡើងប្រាក់ខែដល់គ្រូបង្រៀននិងមន្ដ្រីរាជការជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្ដែជានិច្ចកាលគេមិនដែលឃើញថាការទាមទារទាំងនោះ ស្ថិតនៅក្រោមការពិចារណារបស់រដ្ឋាភិបាលទេ៕