នៅថ្ងៃនេះក្រុមអង្គការសង្គមស៊ីវីលបានទាមទារទទូចឲ្យរដ្ឋាភិបាលខ្មែរពង្រីកឱកាសសម្រាប់លទ្ធិប្រជាធិបតេយ្យឲ្យបានទូលំទូលាយ នៅពេលមានការកត់សម្គាល់ថា លទ្ធិប្រជាធិបតេយ្យកាន់តែត្រូវបានរឹតត្បិត។
មេដឹកនាំអង្គការសង្គមស៊ីវិលសំខាន់ៗ បានអំពាវនាវនៅថ្ងៃពុធនេះឲ្យរដ្ឋាភិបាលកម្ពុជាបើកឱកាសសម្រាប់លទ្ធិប្រជាធិបតេយ្យឲ្យបានទូលំទូលាយ ព្រមទាំងបានទទូចឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការជាបន្ទាន់ថែមទៀត។
លោកធន់ សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក និងជាអ្នកសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការក្រៅរដ្ឋាភិបាលចំនួន២៣ មានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាត្រូវគេកត់សម្គាល់់ឃើញថា ត្រូវបានបង្រួមឲ្យតូចចង្អៀត ដូច្នេះរដ្ឋាភិបាលត្រូវតែបញ្ឈប់នូវការរឹតត្បិតទៅលើបញ្ហានេះ។
“ខ្ញុំសូមអំពាវនាវសុំកុំឲ្យមានការរឹតត្បិត សុំឲ្យមានការអធ្យាស្រ័យ អនុគ្រោះគ្នារវាងមតិភាគច្រើន និងមតិភាគតិច គឺការអនុគ្រោះទៅលើ មតិទិតៀន ជាពិសេសឲ្យមានការបញ្ចេញមតិដោយពុំមានការភ័យខ្លាច។ អាហ្នឹងឯង គឺជាតម្លៃដ៏ថ្លៃថ្លារបស់លទ្ធិប្រជាធិបតេយ្យ"។
សេចក្ដីអំពាវនាវរបស់លោកធន់ សារ៉ាយធ្វើឡើងនៅក្នុងសន្និសីទកាសែត ដែលរៀបចំឡើងដោយអង្គការខុមហ្វ្រែល ក្នុងទីក្រុងភ្នំពេញ សម្រាប់ការចូលរួមរំឭកទិវាស្ដីពីលទ្ធិប្រជាធិបតេយ្យពិភពលោក ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិកាលពីបីឆ្នាំមុន។
លោកធន់ សារ៉ាយសង្កត់បន្ថែមថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ជាពិសេសតាមរយៈការរឹតត្បិតនូវសិទ្ធិបញ្ចេញមតិ និងការដាក់សម្ពាធតាមផ្លូវតុលាការជាដើម។ មន្រ្ដីអ្នកនាំពាក្យរដ្ឋាភិបាលគឺលោកខៀវ កាញារិទ្ធ និងលោកផៃ ស៊ីផាន មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ទោះជាយ៉ាងណា លោកជាម យៀប តំណាងរាស្ដ្ររបស់គណបក្សកំពុងកាន់កាប់អំណាចគឺគណបក្ស ប្រជាជនកម្ពុជា មានប្រសាសន៍ផ្ទុយទៅវិញថា រដ្ឋាភិបាលខ្មែរបាននឹងកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យហើយ។
"ចំពោះលទ្ធិប្រជាធិបតេយ្យក៏ដូចជាសិទ្ធិបញ្ចេញយោបល់នៅប្រទេសកម្ពុជាយើង ឃើញថា យើងបានខិតខំធ្វើបានច្រើនណាស់ហើយ។ ប៉ុន្ដែក្នុងនេះ គឺថា យើងគ្រាន់តែគ្មានជញ្ជីងសម្រាប់ថ្លឹង ឬក៏ម៉ែត្រសម្រាប់វាស់នោះទេ។ ប៉ុន្ដែបើប្រៀបធៀបនឹងពេលមុនៗ យើងបានពង្រឹងនិងពង្រីកច្រើនណាស់ហើយ"។
អង្គការអ្នកឃ្លាំមើលសម្រាប់ការការពារសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីពេលថ្មីៗនេះ បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា រដ្ឋាភិបាលកម្ពុជាកំពុងប្រឈមនឹងការចោទប្រកាន់ថា បានបង្រ្កាបទៅលើសិទ្ធិបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយ។
ដោយឡែក អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅក្នុងរបាយការណ៍កាលពីដើមខែកញ្ញានេះថា សកម្មជនសិទ្ធិមនុស្សកំពុងតែប្រឈមនឹងគ្រោះថ្នាក់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
លោកសុខ សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍នៅក្នុងឱកាសនៃការប្រារព្ធទិវាស្ដីពីលទ្ធិប្រជាធិបតេយ្យនេះថា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យបានរឹងមាំ រដ្ឋាភិបាលត្រូវតែសម្រេចជោគជ័យក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ឲ្យបានឆាប់រហ័សផងដែរ សម្រាប់យុត្តិធម៌ត្រឹមត្រូវរបស់សង្គម។ លោកតំណាងរាស្ដ្ររបស់គណបក្សកាន់អំណាចគឺលោកជាម យៀបមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកិច្ចការនេះរួចទៅហើយ៕