ក្រុមអង្គការសង្គមស៊ីវិលសម្តែងការព្រួយបារម្ភចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដោយមិនស្របច្បាប់។ ការព្រួយបារម្ភនេះបានកើតឡើងក្រោយពីមានក្រុមហ៊ុនខ្លះរាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនបីតែបានគ្រប់គ្រងដោយរូបវន្តបុគ្គលតែម្នាក់មានលើសពីចំនួន១០.០០០ហិចតា។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលរួមមានគណៈកម្មាធិការប្រព្រឹត្តិកម្ម វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន នៅថ្ងៃពុធនេះ បានរៀបចំសន្និសីទកាសែតមួយ ដោយបានដាក់ចេញនូវការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមកនេះបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនជាច្រើនមិនស្របច្បាប់ភូមិបាលនិងស្មារតីអនុក្រិត្យ ស្តីពីដីសម្បទានសេដ្ឋកិច្ចលេខ១៤៦។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ដែលអានដោយលោកនី ចរិយា មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមា គមសិទ្ធិមនុស្សADHOCបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន៣ ដែលគ្រប់គ្រងដោយបុគ្គលតែម្នាក់ គឺក្រុមហ៊ុនកោះកុង SUGAER INDUSTRYចំនួន៩៧០០ហិកតា នៅស្រុកស្រែអំបិល ខេត្តកោះកុង ក្រុមហ៊ុនអង្គរ SUGAR ក្រុមហ៊ុនទនេ្ល SUGAR CANE និងក្រុមហ៊ុនភ្នំពេញ SUGAR បានដីសម្បទានសេដ្ឋកិច្ចចំនួន៨៣៤៣ហិកតា នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុនទាំង៣នេះគ្រប់គ្រងដោយលោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបខាងគណបក្សគ្រប់គ្រងអំណាច។
លោកនី ចរិយាបានលើកឡើងទៀតថា យោងតាមការផ្តល់ដីសម្បទានសេដ្ឋកិច្ចមិនស្របច្បាប់នេះ បានធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ក្រុមហ៊ុនផ្សេងៗ ដែលគោរពច្បាប់ត្រឹមត្រូវមិនហ៊ានចូលមកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។
“ការដែលអនុវត្តខុសទៅនឹងគោលការណ៍ច្បាប់ និងអនុក្រិត្យទាំងនេះ ការឈូសឆាយធ្វើឲ្យមានភាពវឹកវរកើតឡើង”។
លោកសុខ ចិន្តា អគ្គនាយកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDCបានបដិសេធពុំធ្វើ អត្ថាធិប្បាយទេ ដោយលោកបានបង្វែសំណួរនេះឲ្យទៅសួរមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។
“អ្នកទាំងអស់គ្នាអត់ចេះធ្វើការទេ។ អូនឯងត្រូវដឹង ធ្វើការត្រូវដឹងកុំរំខានគេផ្តេសផ្តាស់។ អូនឯងដឹងទេ អ្នកណាអ្នកស៊ីញ៉េកិច្ចសម្បទានសេដ្ឋកិច្ច គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូច្នេះសូមទៅគោះទ្វារឲ្យចំ។ យល់ទេ CDC មិនមែនជាសមត្ថកិច្ចចុះហត្ថលេខាជាមួយអ្នកវិនិយោគទៅលើកិច្ចសន្យាសម្បទានទេ”។
លោកច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពុំបានឆ្លើយតបទៅនឹងសំណួររបស់ VOA សំឡេងសហរដ្ឋអាមេរិកទេ ដោយលោកបាននិយាយតាមសំនៀងដើមយ៉ាងដូច្នេះថា៖
“សូមទោស ខ្ញុំមិនអាចឆ្លើយបានទេ ហើយចំាឲ្យគាត់ជួបក្រសួងកសិកម្ម”។
យោងតាមគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា មានក្រុមហ៊ុន សម្បទានសេដ្ឋកិច្ចចំនួន៧៦ បានចុះបញ្ជី ដែលនៅក្នុងនោះមាន៦៨ ក្រុមហ៊ុនកំពុងតែដំណើរការ ៨ក្រុមហ៊ុនបានលុបចោល និង៩ក្រុមហ៊ុនផ្សេងទៀតកំពុងតែធ្វើការចរចាអំពីកាត់ទំហំដី ពី១០.០០០ហិកតាមក នៅក្រោម១០.០០០ហិកតាវិញ។
លោកឈិត សំអាត នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បាននិយាយថា តាម ការសិក្សាពីអង្គការរបស់លោកបានឲ្យដឹងថា មានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរហូតដល់២២៨ក្រុមហ៊ុននៅទូទាំង១៨ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។
“តាមព័ត៌មានដែលយើងទទួលបានពីខេត្ត ពីសារព័ត៌មានផ្សេងៗទៀត យើងឃើញថា រាជរដ្ឋាភិបាលលុបចោលនូវក្រុមហ៊ុនចំនួន៣៨ក្រុមហ៊ុនផងដែរ”។
កាលពីឆ្នាំ២០០៥ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រិត្យស្តីពីដីសម្បទានសេដ្ឋកិច្ច ដែលមានចំនួន ៤៥មាត្រា ៨ជំពូក ហើយគោលបំណងនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ គឺសម្រាប់តាមដានត្រួតពិនិត្យ អនុវត្តកិច្ចសន្យា និង សម្រាប់ពិនិត្យឡើងវិញលើដីសម្បទានសេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍កសិកម្ម និងកសិឧស្សាហកម្ម។
លោកអាន ហៃយ៉ា ប្រធានសហគមន៍មកពីស្រុកស្រែអំបិល ខេត្តកោះកុង បាននិយាយថា ការផ្តល់ ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនេះបានធ្វើឲ្យប៉ះពាល់ដីស្រែ និងដីចម្ការរបស់ពួកគេ៕