ដើមបណ្តឹងរដ្ឋប្បវេណីដ៏សកម្មម្នាក់នៃករណី០០៣ និង ០០៤ ដ៏ចម្រូងចម្រាស គឺកញ្ញាសេង ធារី បានរិះគន់សាលាក្តីខ្មែរក្រហមថា ពុំបានផ្តល់ព័ត៌មានគ្រប់គ្រាន់សម្រាប់ជនរងគ្រោះជាពិសេសដើមបណ្តឹងរដ្ឋប្បវេណី ដោយចាត់ទុកថា មាន នីតិវិធីស្មុគស្មាញញាំញីដោយសម្ពាធនយោបាយ។ នេះបើតាមការអះអាងរបស់កញ្ញា សេង ធារីក្នុងសេចក្តីប្រកាសព័ត៌មាន។
កញ្ញាសេង ធារី ដែលមានឪពុកម្តាយត្រូវសម្លាប់ក្នុងរបបខ្មែរក្រហមនៅទសវត្សរ៍ ១៩៧០នោះ បានអះអាងថាសហចៅក្រមស៊ើបអង្កេតបានខកខាន ក្នុងការជូនដំណឹងដល់សាធារណជនឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ជាពិសេស អ្នកដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។
កញ្ញា សេង ធារីបានបញ្ជាក់ថាមានការលំបាកចំពោះភាពស្មុគស្មាញនៃគំនាបនយោបាយ ការបំភិតបំភ័យ ការខ្វះព័ត៌មាន ដែលផ្តល់ដោយអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចំពោះជនរងគ្រោះកម្ពុជាសាមញ្ញ។
«នៅក្នុងករណី០០៣ពួកគាត់អត់ទាន់បានទទួលជនរងគ្រោះម្នាក់សោះជាដើមបណ្តឹងរដ្ឋប្បវេណី។ បើអញ្ចឹងរឿងហ្នឹងវាហួសហេតុពេកគាត់បានឈ្លានពាន តួនាទី គាត់នៅក្នុងភាពហួសហេតុក្នុងអ្វីដែលគាត់យកលេសថាមានភាពសម្ងាត់ វាអត់ស្របនឹងសភាពការណ៍»។
កញ្ញា សេង ធារីដែលកំពុងប្តឹងឧទ្ធរណ៍រឿងតួនាទីជាដើមបណ្តឹងរដ្ឋប្បវេណី បានអះអាងថា បើទោះបីជាមានព័ត៌មានគ្រប់គ្រាន់ ក៏នៅតែប្រើប្រាស់ពេលវេលា និង ធនធាននានាដើម្បីដាក់ពាក្យព្រមគ្នាសម្រាប់ជនរងគ្រោះ ដែលមានចំណេះដឹង ជនរងគ្រោះដែលបានទទួលព័ត៌មានច្បាស់លាស់។
លោក រាជ សម្បត្តិ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានចាត់ទុកថាជាកិច្ចការរបស់សហចៅក្រមស៊ើបអង្កេត ដែលគេមិនអាចជ្រៀតជ្រែកបាន។
«អ្នកណាក៏អាចដាក់ពាក្យធ្វើជាដើមបណ្តឹងរដ្ឋប្បវេណីបានដែរឬក៏បណ្តឹងធម្មតាបានដែរ ប្រជាជនកម្ពុជាទូទៅ។ ដោយឡែកអ្នកដែលបានដាក់ពាក្យបណ្តឹងពីមុនមានពីរនាក់។ ហើយការិយាល័យសហចៅក្រមស៊ើបអង្កេតបានទទួលអស់ហើយ អញ្ចឹងហើយ កិច្ចការហ្នឹងគឺអត់មានអីត្រូវជម្រាបតទៅទៀត ព្រោះយើងបានយើងបានជម្រាបសាម៉ីខ្លួនគេអ្នកដាក់ពាក្យហ្នឹងហើយ»។
ទោះជាយ៉ាងណាក៏ដោយលោកបន្ថែមសេចក្តីថាសាលាក្តីបានធ្វើកិច្ចការដែល មានការកោតសរសើរច្រើន ក្រៅពីចាត់ទុកការរិះគន់នានា ថាជារឿងធម្មតា ក្នុងសង្គមប្រជាធិបតេយ្យ។
កញ្ញាសេង ធារី ជាអ្នកដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីតទល់ ផ្លូវច្បាប់ នឹងអតីតមេដឹកនាំខ្មែរក្រហម៥នាក់ ក្នុងករណី០០៣ និង ករណី០០៤ ដែលកញ្ញាបានបង្ហាញឈ្មោះជាសាធារណៈ ហើយសង្ស័យថាមាន ជាប់ទាក់ទង នឹងអំពើឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ កញ្ញា សេង ធារី ជនទាំង៥នាក់នោះមាន លោក មាស មុត លោក ស៊ូ ម៉េត អ្នកស្រី អ៊ឹម ចែម តាអាន តាទិត ដែលកញ្ញាសេង ធារីដាក់ពាក្យតតាំងមុនពេលតុលាការ ខ្មែរក្រហមមិនទាន់បញ្ជាក់អត្តសញ្ញាណជនដែលត្រូវស៊ើបអង្កេតទាំង ឡាយ នោះ។ ក៏ប៉ុន្តែ មានជនពីរនាក់យ៉ាងតិចក្នុងចំណោម៥នាក់ ដែល វីអូអេ ព្យាយាម ទាក់ទងកន្លងមកបានបដិសេធថាខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការ ចោទប្រកាន់។ ជនទាំងពីរគឺ លោក ឧត្តមសេនីយ៍ទោ មាស មុត ជាទីប្រឹក្សា ក្រសួងការពារជាតិ នឹង អ្នកស្រី អ៊ឹម ចែម ប្រធានក្រុមប្រឹក្សាឃុំមួយនៃស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក រាជ សម្បត្តិបានសម្តែងការសោកស្តាយចំពោះការប្រកាសឈ្មោះជនទាំងប្រាំរូប។
«ដោយឡែករឿងសហព្រះរាជអាជ្ញាបរទេសដែលគាត់សុំឲ្យស៊ើបអង្កេតបន្ថែមអី ហ្នឹងគឺសហចៅក្រមស៊ើបអង្កេតគាត់បានជូនដំណឹងហើយកាលពីសប្តាហ៍មុន និយាយពីការស៊ើបអង្កេតចប់ហើយ០០៣ អញ្ចឹងយើងមិនមែនចៅក្រម យើង ទុកឲ្យចៅក្រមធ្វើការ ពីព្រោះយើងក៏ចង់បានការគោរពច្បាប់ដែរ។ បើគាត់ធ្វើការ យើងចេះតែទៅចាក់រុកឆ្កឹះឆ្កៀលគាត់បានន័យថាយើងជ្រៀតជ្រែកតុលាការ»។
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាបានប្រកាសរារាំងការចោទប្រកាន់អតីតមេដឹកនាំ ខ្មែរក្រហមបន្ថែមលើសសំណុំរឿង០០១ នឹង ០០២ ដោយព្រួយបារម្ភពីការប៉ះពាល់សន្តិភាពរបស់ប្រទេស ដែលរដ្ឋាភិបាលធ្លាប់បានសន្យាជាមួយអតីត មេដឹកនាំខ្មែរក្រហមថាមិនយកទោសពៃរ៍អ្នកដែលធ្វើសមាហរណកម្មតាំងពីឆ្នាំ១៩៩៦នោះ។ ចៅក្រមជាតិនិងអន្តរជាតិធ្លាប់ប្រទាញប្រទង់គ្នាហើយធ្វើឲ្យនីតិវិធី ករណី០០៣ និង០០៤ នេះ មិនដំណើរការទៅមុខលឿនដូចការរំពឹងទុក បន្ទាប់ពីមានការជំទាស់របស់រដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយលោក យុ ឆាំង នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវសុំឱ្យ មានតម្លាភាពនិងឯករាជ្យភាពចំពោះករណី០០៣និង០០៤ ដែលលោកចាត់ទុក ថាជារឿង មិនអាចជៀសវាងបានចំពោះយុត្តិធម៌ជូនពលរដ្ឋ កម្ពុជាដែលរងគ្រោះ ដោយរបបឃោរឃៅខ្មែរក្រហម។
លោកថ្លែងដូច្នេះក្រោយពីមួយសប្តាហ៍ដែលការិយាល័យសហចៅក្រមស៊ើប អង្កេត បានប្រកាសពីការបញ្ចប់ការស៊ើបអង្កេតករណី០០៣ ដែលមិនបាន បញ្ជាក់ជាសាធារណៈពីឧក្រិដ្ឋកម្មដែលបានស៊ើបអង្កេត សូម្បីតែជនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណី។ លោកបានអះអាងថាការិយាល័យសាធារណៈនៃតុលាការ ខ្មែរក្រហមពុំបានពន្យល់ប្រជាពលរដ្ឋអំពីអត្តន័យនិងផលវិបាកនានា នៃការវិវត្តន៍នៃករណីបន្ថែមទេ។
«យើងសង្ឃឹមថាតុលាការខ្មែរក្រហម ECCC នឹងប្រកាន់យកបទដ្ឋានខ្ពស់បំផុត ចំពោះឯករាជ្យភាពផ្លូវច្បាប់។ ការសម្រចរបស់តុលាការត្រូវតែធ្វើឡើង ដោយ ឯករាជ្យពីសម្ពាធនយោបាយ និង តាមការបកស្រាយដោយត្រង់ចំពោះ វិធានផ្ទៃ ក្នុងរបស់តុលាការ។ ជាងនេះទៅទៀត យើងសុំឲ្យតុលាការបន្តជូនដំណឹងគ្រប់ គ្រាន់ដល់ពលរដ្ឋកម្ពុជា អំពីកិច្ចការរបស់ខ្លួន»។
សាលាក្តីកាត់ទោសខ្មែរគ្រោងនឹងកាត់ទោសករណី០០២ ដែលមានអតីតមេដឹក នាំខ្មែរក្រហមកំពូល៤នាក់នៅពាក់កណ្តាលឆ្នាំនេះ ពីបទឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងនឹងមនុស្សជាតិ ប្រល័យពូជសាសន៍ជាដើម ដែលត្រូវស្តីបន្ទោសពីការ ស្លាប់ពលរដ្ឋខ្មែរជិត២លាននាក់ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ តុលាការបានកាត់ទោសករណី០០១ គឺកាំង ហ្កេកអ៊ាវ ហៅឌុច រួចហើយ៕