ភ្នំពេញ៖ ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី កំពុងតែធ្វើពាក្យបណ្ដឹងប្រឆាំងទៅនឹងការទាត់ចោលសិទ្ធិជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងករណីឌុច។ មេធាវីទាំងនោះគ្រោងនឹងធ្វើការបញ្ជាក់ភស្ដុតាងឲ្យកាន់តែជាក់ច្បាស់ថែមទៀតអំពីសក្ដានុពលនៃកូនក្ដីរបស់ផងខ្លួន។
ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីកំពុងតែរៀបចំបណ្ដឹងឧទ្ធរណ៍ប្រឆាំងទៅនឹងការទាត់ចោលនូវសិទ្ធិកូនក្ដីរបស់ផងខ្លួននៅក្នុងសំណុំរឿងលេខ០០១ ពីសំណាក់អង្គជំនុំជម្រះសាលាដំបូង របស់សាលាក្ដីខ្មែរក្រហម ដោយចាត់ទុកថា ការទាត់ចោលនោះគឺជាករណីអយុត្តិធម៌។
នៅក្នុងសាលក្រមកាលពីថ្ងៃទី ២៦ ខែកក្កដា ក្នុងសំណុំរឿង កាំង ហ្គេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង អង្គជំនុំជម្រះសាលាដំបូង បានបដិសេធជនរងគ្រោះសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី សរុបចំនួន ២៤រូប ក្នុងចំណោមដើមបណ្ដឹង រដ្ឋប្បវេណីសរុបនៅសល់ត្រឹម ៩០នាក់ នៅក្នុងសំណុំរឿង០០១នេះ មូលហេតុដោយសារម្ចាស់ដើមបណ្ដឹងទាំងនោះខ្វះភស្តុតាងរឹងមាំ ដែលជាប់ទាក់ទងទៅនឹងឧក្រិដ្ឋកម្មក្រោមអំណាចរបស់ ឌុច។
លោក ហុង គឹមសួន មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្នុងក្រុមទី ២ នៃសំណុំរឿង ០០១មានប្រសាសន៍នៅថ្ងៃអង្គារនេះថា កូនក្ដីរបស់លោកមានការខកចិត្តចំពោះការសម្រេចខាងលើនេះ។ ហើយមេធាវីក្នុងក្រុមរបស់លោកកំពុងតែរៀបចំឯកសារដាក់ប្ដឹងឧទ្ធរណ៍ទៅកាន់អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម។
កូនក្ដីរបស់លោក ហុង គឹមសួន ចំនួនប្រាំនាក់ត្រូវច្រានចោលជាដើមបណ្ដឹងរដ្ឋប្បវេណី។
“ពួកគាត់បានទទួលរងព្យសនកម្មទាំងផ្លូវកាយផង និងផ្លូវចិត្តផង រួចហើយហេតុអ្វីបានជាចៅក្រមច្រានគាត់ចោលជាដើមបណ្ដឹងរដ្ឋប្បវេណី? គាត់មិនសុខចិត្តកន្លែងហ្នឹង ដែលគាត់ខកចិត្តខ្លាំង ហើយខាងយើងខ្ញុំដើមបណ្ដឹងរដ្ឋប្បវេណីកំពុងតែរៀបចំធ្វើសារណាដើម្បីដាក់ពាក្យបណ្ដឹងឲ្យគាត់ហើយ "។
សូមរំឭកថា មានដើមបណ្ដឹងរដ្ឋប្បវេណីដែលត្រូវទទួលស្គាល់សរុបចំនួន ៩៤រូបនៅក្នុងសំណុំរឿង ០០១ ដែលមានឌុចជាជនជាប់ចោទនេះ។ ឌុចត្រូវចោទប្រកាន់អំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម និងមនុស្សឃាត ដែលបានបណ្ដាលឲ្យអ្នកទោសគុកទួលស្លែង ឬមន្ទីរស ២១ស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន ១២៣៨០នាក់។
ដើមបណ្ដឹងម្នាក់ត្រូវបានទាត់ចោលក្នុងពេលកំពុងបើកសវនាការកាត់ទោសឌុច។ សវនាការនេះបានប្រព្រឹត្តទៅអស់រយៈពេលប្រាំបួនខែ និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួនបីនាក់ទៀតបានដកខ្លួនចេញពីដំណើរការក្ដី។ ដូច្នេះនៅពេលនេះ អតីតជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងរបស់ឌុច នៅសល់ត្រឹមតែ៦៦នាក់ប៉ុណ្ណោះ។
យោងតាមវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម ភាគីនានាមានពេល៣០ថ្ងៃសម្រាប់ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង។
លោក គឹម ម៉េងឃី មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្រុមបី ដែលកូនក្ដីរបស់លោកចំនួន១០ នាក់ត្រូវទាត់ចោល បានមានប្រសាសន៍ថា លក្ខខណ្ឌនៃអង្គជំនុំជម្រះមានភាពរឹតត្បិតខ្លាំងពេក ដែលធ្វើឲ្យកូនក្ដីរបស់លោកបាត់បង់សិទ្ធិជាដើមបណ្ដឹងរដ្ឋប្បវេណី។ លោកបញ្ជាក់ថា មេធាវីក្នុងក្រុមរបស់លោកកំពុងតែរៀបចំបណ្ដឹងឧទ្ធរណ៍សម្រាប់កូនក្ដីទាំងនេះ ប៉ុន្ដែលោកមិនទាន់ប្រាកដថា តើបណ្ដឹងនេះនឹងត្រូវដាក់ទៅកាន់តុលាការកំពូលនៅពេលណានោះទេ។
លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី អាចនឹងដាក់ភស្ដុតាងបន្ថែមនៅក្នុងបណ្ដឹងឧទ្ធរណ៍នេះ។
“គឺមានន័យថា ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីមានលទ្ធភាពផ្ដល់ភស្ដុតាងបន្ថែមទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ហើយតុលាការកំពូលនឹងសម្រេចថា តើនឹងត្រូវទទួលយកភស្ដុតាងទាំងនេះ ឬយ៉ាងណា?"
ទោះជាយ៉ាងនេះក្ដី លោកគឹម ម៉េងឃី មិនរំពឹងទេថា ដើមបណ្ដឹងរដ្ឋប្បវេណីដែលត្រូវទាត់ចោលទាំងនោះអាចនឹងត្រូវទទួលស្គាល់ឡើងវិញទាំងអស់ដោយតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមនោះទេ៕