នៅថ្ងៃច័ន្ទនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកំពុងរៀបចំធ្វើការឆ្លើយតបលិខិតដាស់តឿនរបស់ក្រសួងការបរទេសដែលបានបញ្ជាអង្គការមិនមែនរដ្ឋាភិបាលចំនួនបួន ធ្វើការកែតម្រូវការងាររបស់ខ្លួនឡើងវិញ។
លិខិតដាស់តឿននេះបានធ្វើឡើង ដោយសារតែកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០ កន្លងមកនេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ជាមួយអង្គការមួយចំនួនផ្សេងទៀតបានសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលអត្ថន័យនៅក្នុងលិខិតរបស់អង្គការទាំងនោះ បានលើកឡើងអំពីក្តីបារម្ភមួយចំនួនទាក់ទិននឹងផលប៉ះពាល់ពីការតាំងទីលំនៅ ដោយសារតែគម្រោងស្តារផ្លូវដែក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គឺស្ថិតនៅក្នុងដំណើរការ ក្នុងការរៀបចំការឆ្លើយតបទៅនឹងលិខិតរបស់ក្រសួងការបរទេស។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ក្រសួងបានផ្តល់អនុសាសន៍ និងណែនាំដល់អង្គការមិនមែនរដ្ឋាភិបាលចំនួនបួន រួមមានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន សមាគមធាងត្នោត និងអង្គការអន្តរជាតិ Bridges Across Borders ដើម្បីកែតម្រូវការងាររបស់ខ្លួនឡើងវិញ។ លោកកុយ គួងបានងប្រាប់វីអូអេខ្មែរថា៖
«ទាក់ទងទៅលិខិតចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០ ជូនទៅប្រធានធនាគារអភិវឌ្ឍន៍អាស៊ីនោះ តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួនបួននិយាយខុសពីការពិតទាំងស្រុងចំពោះការស្លាប់របស់កុមារពីរនាក់។ តំណាងអង្គការទាំងបួននេះ បានទម្លាក់កំហុសការស្លាប់របស់កុមារទាំងពីរនាក់នោះមកលើរដ្ឋាភិបាល»។
លិខិតដាស់តឿននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានផ្អាកសកម្មភាពរបស់សមាគមធាងត្នោតចំពោះការប្រឆាំងនឹងបទបញ្ជារបស់ក្រសួងមហាផ្ទៃ។ នៅថ្ងៃទី២ ខែសីហា ក្រសួងមហាផ្ទៃបានផ្អាកសកម្មភាពរបស់សមាគមធាងត្នោតរហូតដល់ថ្ងៃទី៣១ ខែធ្នូ ដោយបានចោទប្រកាន់ថា មិនបានកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងកែប្រែលក្ខន្តិកៈសមាគមតាមការណែនាំរបស់ផ្នែកជំនាញ។ សមាគមធាងត្នោតធ្វើការជាមួយសហគមន៍ក្រីក្រក្នុងទីក្រុងទាក់ទងនឹងសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនួញបាននិយាយថា បច្ចុប្បន្ននេះ អនាគតនៃប្រជាធិបតេយ្យកម្ពុជាស្ថិតនៅលើផ្លូវបំបែក។ សេចក្តីថ្លែងការណ៍រួមនេះ បានបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការផ្អាកសកម្មភាពសមាគមធាងត្នោត គឺដោយសារតែការធ្វើការងារត្រឹមត្រូវរបស់អង្គការនេះ ជាមួយសហគមន៍ក្រីក្រនៅក្នុងទីក្រុងភ្នំពេញ។
សេចក្តីថ្លែងការណ៍រួមនេះ បានបញ្ជាក់ថា៖ «យើងខ្ញុំកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំងចំពោះទង្វើផ្អាកសកម្មភាពសមាគមធាងត្នោតនេះ និងទាមទារឲ្យមានការកែប្រែសេចក្តីសម្រេចនេះឲ្យទៅរកសភាពដើមឡើងវិញ»។
អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ ត្រូវបានទទួលការព្រមាន និងអង្គការមួយទៀតត្រូវបានផ្អាកសកម្មភាព ខណៈដែលសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលកំពុងស្ថិតនៅទីស្តីការគណៈរដ្ឋមន្ត្រី ហើយអាចជិតនឹងត្រូវបានអនុម័ត។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការផ្អាកសកម្មភាព និងការព្រមានរបស់រដ្ឋាភិបាលនេះ គឺជាការគំរាមគំហែងប្រឆាំងនឹងអង្គការមិនមែនរដ្ឋាភិបាល។ លោកវីរៈ ថ្លែងថា៖
«វាជាការព្យាយាមបំបិទសិទ្ធិមួយ ហើយ ជាការប្រាប់នូវការមិនសប្បាយចិត្តរបស់រដ្ឋាភិបាលចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ ហើយអង្គការខ្លះ នឹងចាប់ផ្តើមភ័យខ្លាច»។
លោក ទិត សុធា អ្នកនាំពាក្យប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ទង្វើរបស់រដ្ឋាភិបាលនេះគឺជាការតម្រូវឲ្យមានការគោរពច្បាប់។ លោកបញ្ជាក់ថា៖
«យើង មិនអាចប្រែក្លាយពីរបៀបនៃការតម្រូវឲ្យគោរពច្បាប់ទៅជាការខុសចិត្តបុគ្គល ហើយមកទម្លាក់កំហុសមកលើក្រសួងមហាផ្ទៃ ឬ រដ្ឋាភិបាលថា ជាការគាប់សង្កត់សិទ្ធិ គឺជារឿងមួយមិនអាចទទួលយកបាន»។
លោក ទិត សុធា បានបន្ថែមថា ការផ្អាកសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនេះ បានបណ្តាលមកពីកំហុសឆ្គងនៃការមិនគោរពការណែនាំរបស់រដ្ឋាភិបាល៕