ប្រជាពលរដ្ឋប្រមាណ១០០នាក់ដែលប្រឈមនឹងការបណ្តេញចេញ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញនៅថ្ងៃពុធនេះ ដើម្បីដាក់ញត្តិទាមទារឱ្យរាជធានីភ្នំពេញជាតំបន់គ្មានការបណ្តេញចេញ ខណៈដែលតុលាការបានសាកសួរតំណាងអ្នកភូមិបឹងកក់ពីរនាក់អំពីបទចោទប្រកាន់រឿងបរិហារកេរ្តិ៍។
ប្រជាពលរដ្ឋទាំងនេះមកពីសហគមន៍បឹងឈូក ផ្លូវរថភ្លើង១០៤ និង១០៥ ក្នុងខណ្ឌឫស្សីកែវ សហគមន៍ទួលរ៉ាដាក្នុងខណ្ឌសែនសុខ អតីតសហគមន៍ដីក្រហមក្នុងខណ្ឌដូនពេញ សហគមន៍ស្ទឹងមានជ័យក្នុងខណ្ឌមានជ័យ អតីតសហគមន៍បឹងកក់ និងសហគមន៍បឹងកក់។
ញត្តិនេះ បានបញ្ជាក់ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាបណ្តេញចេញចេះតែបន្តកើតមាន ដែលសហគមន៍នានានៅក្នុងទីក្រុងភ្នំពេញកំពុងតែប្រឈម»។
ញត្តិនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញច្រើនជាង១០ភាគរយត្រូវបានភៀសខ្លួនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែតម្លៃដីធ្លីឡើងថ្លៃកប់ពពក ប្រជាពលរដ្ឋចំនួន១៥០.០០០នាក់គ្មានទីជម្រក ហើយក្នុងករណីខ្លះធ្វើឱ្យមានការឈឺផ្សាយ៉ាងខ្លាំង នៅពេលដែលបានឃើញលំនៅដ្ឋានរបស់ខ្លួន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនត្រូវបានបំផ្លាញដោយគ្រឿងចក្រនោះ។
ញត្តិនេះបានអំពាវនាវដល់មេដឹកនាំឱ្យបញ្ចប់ការបណ្តេញចេញដែលមិនមែនជារូបភាពល្អ និងមិនមែនជាកិត្តិយស។
អ្នកស្រីទន់ ស្រីពៅ តំណាងសហគមន៍បឹងកក់ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន បន្ទាប់ពីការដាក់ញត្តិនៅសាលារាជធានីភ្នំពេញយ៉ាងដូច្នេះថា៖
«ញត្តិនេះ យើងមានគោលបំណងថាឱ្យបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុង ព្រោះថាប្រជាពលរដ្ឋទាំងអស់មានការលំបាកវេទនាណាស់ នៅពេលដែលចាកចេញពីទីក្រុង ឆ្ងាយពីមុខរបរ ឆ្ងាយពីកន្លែងធ្វើការ ឆ្ងាយពីសាលារៀនរបស់កូន។ ដូច្នេះ យើងធ្វើញត្តិនេះមួយ ដើម្បីឱ្យឯកឧត្តមអភិបាលសាលារាជធានីភ្នំពេញជួយអន្តរាគមន៍ និងបញ្ឈប់ការជន្លៀសប្រជាពលរដ្ឋចេញពីទីក្រុង»។
លោកលឹម សំបូរ អាយុ៥៧ឆ្នាំ អតីតអ្នកភូមិដីក្រហម បាននិយាយថា សាលាក្រុងគួរតែបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុងដែលបន្ថែមបន្ទុកនៃភាពក្រីក្រកាន់តែខ្លាំងឡើង ដូចជា រូបលោកត្រូវបានបណ្តេញឱ្យទៅនៅជាយទីក្រុងភ្នំពេញកាន់តែវេទនាខ្លាំងឡើង។
«ខ្ញុំដាក់ញត្តិនេះដើម្បីសហគមន៍ទាំងអស់សុំឱ្យសាលាក្រុងឱ្យប្រជាពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែង និងឈប់បណ្តេញចេញ។ បើអាជ្ញាធរដេញប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋនៅតែវិលត្រឡប់មកទីក្រុងរកស៊ីដដែល ដេញទៅឱ្យប្រជាពលរដ្ឋក្រ និងមិនបានធ្វើឱ្យប្រជាពលរដ្ឋមានទេ»។
លោក សៀ ភារ៉ុម នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានថ្លែងថា រដ្ឋាភិបាលគួរតែពិចារណាលើញត្តិរបស់ប្រជាពលរដ្ឋដែលប្រឈមនឹងការបណ្តេញនេះ។
«ខ្ញុំគិតថា នេះគឺជាវិធីសាស្ត្រថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ ឬ ការដាស់តឿនដល់រដ្ឋាភិបាលឱ្យពិចារណាផលប៉ះពាល់លើពួកគាត់។ អ្នកដែលរងគ្រោះដោយសារការបណ្តេញចេញនេះមានទុក្ខលំបាកច្រើនណាស់»។
លោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថារដ្ឋាភិបាលត្រូវតែបញ្ឈប់ការបណ្តេញចេញ ហើយរកវិធានការដ៏សមស្របមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។
«ការដោះស្រាយដោយយុត្តិធម៌ គឺគួប្បីមិនមានការបណ្តេញចេញតទៅទៀតទេ។ ត្រូវតែមានឱកាសមួយសម្រាប់អ្នកក្រអាចមានសិទ្ធិរស់រាននៅទីក្រុងភ្នំពេញដូចគេដែរ»។
លោក កែវ កុសល មន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញ បាននិយាយថាលោកទទួលយកញត្តិពីប្រជាពលរដ្ឋហើយ ដើម្បីយកទៅចាត់ការតាមនីតិវិធី៕