ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្រុង​ភ្នំពេញ​បាន​បដិសេធ​សំណើ​សហគមន៍​បឹងកក់​ដែល​សុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង


បឹងកក់​ត្រូវ​បាន​ចាក់​ដី​​បំពេញ​​ដោយ​ក្រុមហ៊ុន​​អភិវឌ្ឍន៍​​ឯកជន ស៊ូកា​គូ អ៊ីន (Shukaku Inc)។​​
បឹងកក់​ត្រូវ​បាន​ចាក់​ដី​​បំពេញ​​ដោយ​ក្រុមហ៊ុន​​អភិវឌ្ឍន៍​​ឯកជន ស៊ូកា​គូ អ៊ីន (Shukaku Inc)។​​

ភ្នំពេញ៖ អាជ្ញាធរ​សាលាក្រុង​ភ្នំពេញ​បាន​បដិសេធ​សំណើ​របស់​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ដែល​សុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។ ​ប្រជា​ពលរដ្ឋ​នៅ​បឹងកក់​បាន​សម្តែងការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បដិសេធ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ និង​បាន​ប្តេជ្ញា​ថា ​នឹង​បន្ត​ជំរុញ​គម្រោង​ការ​អភិវឌ្ឍន៍​នេះ​ឱ្យ​បាន​សម្រេច។​ សាលា​រាជធានី​ភ្នំពេញ​បាន​ផ្តល់​កិច្ច​សន្យា​ជួល​រយៈ​ពេល​៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ Shukaku Inc.​ដោយ​មាន​តម្លៃ​៧៩​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប។

មន្ត្រី​ជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ជា​ផ្លូវការ​នូវ​គម្រោង​អភិវឌ្ឍន៍​របស់​ប្រជា​ពលរដ្ឋ​បឹងកក់ ​ដែល​កំពុង​តែ​ប្រឈម​នឹង​លទ្ធភាព​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ស្រប​ពេល​ដែល​មាន​គម្រោង​អភិវឌ្ឍន៍។

សហគមន៍​បឹងកក់​បាន​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​ផ្ទៃដី​ទំហំ​១៥​ហិចតាដើម្បី​សាងសង់​លំនៅ​ដ្ឋាន​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ប្រជា​ពលរដ្ឋ​ចំនួន​១៥០០​គ្រួសារ​កាលពី​ថ្ងៃ​ទី២៦​ ខែ​មករា។

ប្រជា​ពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍​បឹងកក់​បាន​និយាយ​ថា ​ពួក​គាត់​ចង់​បាន​ការ​អភិវឌ្ឍ​ដី​ទំហំ​១៥​ហិចតា​នៃ​ផ្ទៃ​ដី​សរុប​១៣៣​ហិចតា​ ជំនួស​ឱ្យ​ការ​បណ្តេញ​ចេញពី​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ចំពោះ​ការ​ទិញ​យក។

គម្រោង​អភិវឌ្ឍន៍​សហគមន៍​បឹងកក់​ទំហំ​១៥​ហិចតា​ ដែល​បាន​ស្នើ​ឡើង​នេះ​ រួមមាន​គម្រោង​សាងសង់​ផ្ទះ​ចំនួន​១៥០០​ខ្នង ​មជ្ឈមណ្ឌល​សហគមន៍​ចំនួន​៣ ​ផ្សារ​ចំនួន១​ តំបន់​បៃតង់ ​និង​ដី​ប្រើប្រាស់​សេវា​ផ្សេងៗ។

លោក​កែប ជុតិមា ​អភិបាល​រាជ​ធានីភ្នំពេញ ​បាន​បញ្ជាក់​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៧ ​ខែកុម្ភៈ​ ថា ​សាលា​រាជ​ធានីភ្នំពេញ​នឹង​មិន​ទទួល​យក​គម្រោង​នេះ​ទេ។

លោក​កែប ជុតិមា​បាន​បន្ថែម​ថា ​ចំពោះ​សំណើ​សុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​លើ​ផ្ទៃដី​ទំហំ​១៥​ហិចតា ​នៅ​ក្នុង​តំបន់​បឹងកក់​នេះ ​សាលា​រាជ​ធានីភ្នំ​ពេញ​មិន​អាច​ដោះស្រាយ​ជូន​បាន​ទេ។

តំណាង​សហគមន៍​បឹងកក់​បាន​និយាយ​នៅ​ថ្ងៃ​ពុធនេះ​ថា ​ប្រជា​ពលរដ្ឋ​បឹងកក់​នឹង​បន្ត​ជំរុញ​គម្រោង​អភិវឌ្ឍន៍​នេះ។​ក្នុង​ជម្លោះ​ដី​នៅ​បឹងកក់​ ដែល​កំពុងតែ​បន្ត​នេះ​ មាន​ប្រជា​ពលរដ្ឋ​ច្រើន​រាប់រយ​គ្រួសារ​ត្រូវ​បង្ខំ​ឱ្យ​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ទៅ​កាន់​កន្លែង​តាំង​លំនៅ​ថ្មី​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ដែល​ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​ មិន​អាច​ទទួល​យក​បាន។

អ្នកស្រី​ទេព វន្នី ​តំណាង​សហគមន៍​បឹងកក់​ បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​ថា​ ប្រជា​ពលរដ្ឋ​បឹងកក់​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បដិសេធ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ទេ។

«កាល​ពី​ម្សិលម៉ិញ​ យើង​ខ្ញុំ​ទាំងអស់​គ្នា​មាន​ការ​ខកចិត្ត​យ៉ាងខ្លាំង​ដោយ​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​សាលា​រាជធានី​ភ្នំពេញ ​ដែល​បាន​បដិសេធ​សំណើ​របស់​យើង​ខ្ញុំ។​ ការ​បដិសេធ​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​នេះ ​គឺ​ជា​ការ​រំលោភ​បំពាន​លើ​កិច្ច​សន្យា​ដើម​រវាង​សាលា​រាជធានី​ភ្នំពេញ ​និង​ក្រុមហ៊ុន​ Shukaku Inc»។

ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​បាន​អំពាវនាវ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ​និង​ក្រុមហ៊ុន​ Shukaku Inc​ ​ពិចារណា​ឡើង​វិញ​អំពី​ជំហរ​របស់​ខ្លួន​ និង​ទទួល​យក​សំណើ​សុំ​អភិវឌ្ឍនៅ​នឹង​កន្លែង​របស់​សហគមន៍​បឹងកក់។

អ្នកស្រី​ទេព វន្នី​ តំណាង​សហគមន៍​បឹងកក់ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​«ទោះបី​ជា​មាន​ការ​វាយ​ដំ ​គំរាម​កំហែង ​បំភិត​បំភ័យ ​និង​បង្ខំ​ឱ្យ​យើង​ខ្ញុំ​ចាកចេញ​ពី​លំនៅ​ដ្ឋាន​ក៏ដោយ ​ក៏​យើង​ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច​ អង្គុយ​រួមគ្នា​ដើម្បី​ពិភាក្សា​ប្រកប​ដោយ​សមភាព​ ត្រឹមត្រូវ​និង​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​ចីរភាព​សម្រាប់​វិវាទ​កំពុង​បន្ត​នេះ»។

ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​បន្ត​បូមដី​ចាក់​បំពេញ​បឹង​ដែល​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​បន្ថែម​ទៀត។

នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០០៧​ សាលា​រាជធានី​ភ្នំពេញ​បាន​ផ្តល់​កិច្ច​សន្យា​ជួល​រយៈ​ពេល​៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ Shukaku Inc. ​ហើយ​កិច្ច​សន្យា​ជួល​នេះ​មាន​តម្លៃ​៧៩​លាន​ដុល្លារ​អាមេរិក។

សាលា​រាជធានី​ភ្នំពេញ​បាន​ផ្តល់​សំណង​ជា​ទឹកប្រាក់​ចំនួន​៨៥០០​ដុល្លារ​អាមេរិក​បូកនឹង​ប្រាក់​២​លាន​រៀល​បន្ថែម​ទៀត ​ដល់​គ្រួសារ​ដែល​បាន​ស្ម័គចិត្ត​ចាកចេញ​ពី​តំបន់​បឹងកក់​នេះ៕

XS
SM
MD
LG