ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្រុង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដី​ដល់​អ្នក​បឹងកក់


លោក​កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​បឹងកក់​ ធ្វើ​ជា​កម្មសិទ្ធិ​ហើយ​នឹង​ធ្វើ​ការ​សាងសង់​ផ្ទះ​សម្បែង​យ៉ាង​សប្បាយ​ ប៉ុន្តែគោរពតាមបទដ្ឋានសាងសង់ និង​កុំ​ភ្លេច​បង់​ពន្ធ​អចលន​ទ្រព្យ។
លោក​កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​បឹងកក់​ ធ្វើ​ជា​កម្មសិទ្ធិ​ហើយ​នឹង​ធ្វើ​ការ​សាងសង់​ផ្ទះ​សម្បែង​យ៉ាង​សប្បាយ​ ប៉ុន្តែគោរពតាមបទដ្ឋានសាងសង់ និង​កុំ​ភ្លេច​បង់​ពន្ធ​អចលន​ទ្រព្យ។

ប្រជាពលរដ្ឋ​បឹងកក់​ប្រមាណ ​៨០០​នាក់​បាន​ជួប​សំណេះ​សំណាល​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ​ លោក​កែប​ ជុតិមា នៅ​សាលារាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ព្រហស្បតិ៍នេះ។ លោក​អភិបាល​ក្រុង​បាន​ថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ទាំង​នោះ​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​អំ​ពី​ការ​បណ្តេញ​ចេញ ដោយ​សាលា​រាជធានី​ភ្នំពេញ​នឹង​ចាប់​ផ្តើម​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​បឹងកក់​ប្រមាណ​៨០០​គ្រួសារ។

លោក​កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​បឹងកក់​ ធ្វើ​ជា​កម្មសិទ្ធិ​ហើយ​នឹង​ធ្វើ​ការ​សាងសង់​ផ្ទះ​សម្បែង​យ៉ាង​សប្បាយ​ ប៉ុន្តែ​គោរព​តាម​បទដ្ឋាន​សាងសង់ និង​កុំ​ភ្លេច​បង់​ពន្ធ​អចលន​ទ្រព្យ។ លោក​ថ្លែង​ថា៖

«​ខ្ញុំ​មាន​គណៈកម្មការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​បង​ប្អូន​ភ្លាម ​នៅ​ថ្ងៃ​ច័ន្ទ។​ ខ្ញុំ​សូម​ឲ្យ​បង​ប្អូន​ត្រៀម​លក្ខណៈ​សហការ​ជា​មួយ​គណៈកម្មការ​ព្រោះ​យើង​បាន​វាស់​រួច​ហើយ។​ បង​ប្អូន​រួម​គ្នា​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​កម្មសិទ្ធិ​នេះ​ឲ្យ​លឿន។​ នេះ​ជា​ទ្រព្យ​សម្បត្តិ​ផ្លូវ​ការ​របស់​បង​ប្អូន​ហើយ»។

អ្នក​ស្រី​ ទេព​ វណ្ណី​ ដែល​ជា​តំណាង​សហគមន៍​បឹងកក់​ បាន​បញ្ជាក់​ថា​ សាលា​រាជធានី​ភ្នំពេញ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​ដល់​អ្នក​ភូមិ​បឹងកក់​ ប៉ុន្តែ​អាជ្ញាធរ​ និង​សហគមន៍​បឹងកក់​នឹង​ត្រូវ​បន្តការ​ពិភាក្សា​គ្នា​ពី​នីតិ​វីធី​ផ្សេង​ៗ​សម្រាប់​ការ​កសាង​លំនៅដ្ឋាន​ និង​ហេដ្ឋារចនាសម្ព័ន្ធ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖

«កម្មសិទ្ធិ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ឥត​ឈប់ឈរ។ ​កាលណា​ពួក​ខ្ញុំ​ បាន​ប្លង់​រឹង កម្មសិទ្ធិ​នេះ​ហើយ​ សម្រាប់​ត​កូន​តចៅ​ជា​អមតៈ​ ពួក​ខ្ញុំ​មាន​សុវត្ថិភាព​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួក​យើង​ខ្ញុំ​ទាំង​អស់​នេះ»។

ដូច​គ្នា​នេះ​ដែរ អ្នក​ស្រី​ វង្ស​ សុខហេង​ អាយុ​៤៤​ រស់​នៅ​ភូមិ​៦​ នៃ​សហគមន៍​បឹងកក់​ បាន​និយាយ​ថា អ្នក​ភូមិ​បឹងកក់​បាន​ខំប្រឹង​ធ្វើ​បាតុកម្ម​ដោយ​ទទួល​រង​នូវ​ការ​បង្ក្រាប​ ការ​វាយ​ដុំ​ ការ​ចាប់​ឃុំ​ឃាំង​ពី​សំណាក់​អាជ្ញាធរ​ក្រុង​កន្លង​មក​នេះ​ ដើម្បី​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​តែ​ប៉ុណ្ណោះ។ អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អ្វី​ ដែល​ប្រជាពលរដ្ឋ​ចង់​បាន​គឺ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ហើយ​សុំ​ឲ្យ​មាន​ប្លង់​កម្មសិទ្ធិ។​ ដល់​ពេល​ឥឡូវ​ គាត់​ថា​នៅ​ថ្ងៃ​ច័ន្ទ​ គេ​ចុះ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ។​ អញ្ចឹង ប្រជាពលរដ្ឋ​អត់​មាន​ធ្វើ​បាតុកម្ម​ដូច​មុន​ទៀត​ទេ។ប្រជាពលរដ្ឋ​យើង​សប្បាយ​ចិត្ត​ និង​ត្រៀម​ខ្លួន​ធ្វើ​ប្លង់​កម្មសិទិ្ធ»។

អ្នក​ស្រី​ អ៊ុំ​ សុខន​ អាយុ​៦០​ឆ្នាំ​ រស់​នៅ​ភូមិ​៦​ នៃ​សហគមន៍​បឹងកក់​ បាន​និយាយ​ថា​ ប្លង់​កម្មសិទ្ធិ​នេះ​មាន​សារៈសំខាន់​សម្រាប់​ជីវិត​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ ហើយ​អ្នក​ស្រី​លែង​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​បណ្តេញ​ចេញ​ ឬ​ការ​រឹប​អូស​យក​ដោយ​ក្រុមហ៊ុន​ទៀត​ហើយ។ អ្នក​ស្រី​បន្ត​ថា៖

«ខ្ញុំ​រង់​ចាំ​ប្លង់​កម្មសិទ្ធិ​នេះ​យូរ​ហើយ​ ដើម្បី​ឲ្យ​ដឹង​ថា​ ផ្ទះ​នេះ​គឺ​ជា​ផ្ទះ​របស់​ខ្ញុំ​ពិត​ប្រាកដ។​ ដី​នេះ​គឺ​ជា​ដី​របស់​ខ្ញុំ​ពិត​ប្រាកដ។​ ខ្ញុំ​មាន​ការ​ត្រេកអរ​ត្រង់​ហ្នឹង។​ កាល​ពី​មុន​ យើង​នៅ​ដូច​ជា​ថា​មិន​ដឹង​ថ្ងៃ​ណា​រដ្ឋ​រឹប​អូស។​ ដល់​ពេល​ដែល​គាត់​បាន​ប្រគល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​យើង​ខ្ញុំ​ យើង​ខ្ញុំ​ត្រេក​អរ»។

លោកដួង​ គា​ អាយុ​៤៣​ឆ្នាំ​ រស់​នៅ​ភូមិ​២២​ បាន​និយាយ​ថា​ នៅ​ពេល​អ្នក​ភូមិ​បឹងកក់​មាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​ធ្លី​ និង​ផ្ទះ​សម្បែង​របស់​ខ្លួន​ អ្នក​ភូមិ​បឹងកក់​មាន​ដើម​ទុន​មួយ​សម្រាប់​ធ្វើ​ការ​ប្តឹង​ទៅ​តុលាការ​ បើ​ដី​ធ្លី​របស់​ខ្លួន​ត្រូវ​បាន​រឹប​អូស​ដោយ​ខុស​ច្បាប់​នោះ។​ លោក​ដួង គា​ថ្លែង​ថា៖

«ឯកឧត្តម​ កែប​ ជុតិមា​ ប្រឹង​ប្រែង​វាស់​វែង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ នៅ​ថ្ងៃ​ច័ន្ទ​ ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​នៅ​សេសសល់​៨០០​គ្រួសារ​នេះ​ ហាក់​បី​ដូច​ជា​សប្បាយ​ផង​លាយ​ឡំ​នឹង​ទុក្ខ​ក្រៀម​ក្រម​ផង​ ព្រោះ​ថា ​អ្វី​ក៏ដោយ​ ដែល​យើង​មិន​ទាន់​ឃើញ​ច្បាស់​ យើង​កុំ​ទាន់​សប្បាយ។ យើង​កុំ​ទាន់​អរ។​ កាល​ណា​យើង​ឃើញ​ច្បាស់​ និង​បាន​កាន់​កាប់​នៅ​នឹង​ដៃ​ហើយ​ ទើប​យើង​មាន​សេចក្តី​សប្បាយ​រីករាយ​ និង​មាន​ការ​ជូនពរ​ ដល់​ឯកឧត្តម​ដែល​មាន​គតិ​បណ្ឌិត»។

លោក​ សៀ​ ភារម្យ​ នាយក​លេខាធិការដ្ឋាន​ នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ បាន​បញ្ជាក់​ថា​ លោក​នឹង​ឃ្លាំ​មើល​ដំណើរ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បឹងកក់​នេះ។ លោក​បាន​ប្រាប់​វិអូអេ​ខ្មែរ​ថា៖

«យើង​អបអរ​សាទរ​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្តម​កែប​ ជុតិមា​ ដែល​បាន​សន្យា​ជា​មួយ​ប្រជាពលរដ្ឋ​ នឹង​ពន្លឿន​ការ​ចេញ​ប្លង់​កម្មសិទ្ធ​ជូន​ប្រជាពលរដ្ឋ​បឹងកក់​នេះ​ ហើយ​យើង​នឹង​ឃ្លាំ​មើល​អំពី​ដំណើរ​ការ​នេះ​ ហើយ​យើង​សង្ឃឹម​ថា ​ដំណើរការ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​នៅ​សេសសល់​ ជា​ពិសេស​អ្នក​ក្រីក្រ​ខក​ចិត្ត​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះហត្ថ​លេខា​លើ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១១​ ខែ​សីហា​ ដើម្បី​ប្រគល់​ដី​ទំហំ​១២,៤៤​ហិចតា​ដល់​អ្នក​ភូមិ​បឹងកក់​ប្រមាណ​៨០០​គ្រួសារ​សម្រាប់​កសាង​ផ្ទះ​សម្បែង​ បន្ទាប់​ពី​ធនាគារ​ពិភពលោក​បាន​បង្កក​មូល​និធិ​ដល់​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការ​បណ្តេញ​អ្នក​ភូមិ​បឹងកក់់៕

XS
SM
MD
LG