ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្រុង​ផ្អាក​ឱសានវាទ​បណ្តេញ​អ្នកភូមិ​បឹងកក់​ចេញពី​ផ្ទះ​សម្បែង


ក្មេងៗ​អង្គុយ​លើ​ដំបូល​​ផ្ទះ​ដែល​លិច​ទឹក​​​ក្នុង​តំបន់​បឹងកក់ ជា​​ទី​ដែល​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីងក៍ (Shukaku, Inc.) បាន​មូប​ខ្សាច់​​បំពេញ​បឹង​នេះ​។ រូបភាព​នេះ​កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។
​​
ក្មេងៗ​អង្គុយ​លើ​ដំបូល​​ផ្ទះ​ដែល​លិច​ទឹក​​​ក្នុង​តំបន់​បឹងកក់ ជា​​ទី​ដែល​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីងក៍ (Shukaku, Inc.) បាន​មូប​ខ្សាច់​​បំពេញ​បឹង​នេះ​។ រូបភាព​នេះ​កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។ ​​

ភ្នំពេញ៖ អ្នក​តវ៉ា​ច្រើន​រយ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​បឹងកក់​ជាង​១៥០០​គ្រួសារ​បាន​នាំគ្នា​តវ៉ា​នៅ​មុខ​សាលាក្រុង​ភ្នំពេញ​ប្រឆាំង​នឹង​ការ​ដាក់​ឱសានវាទ​បណ្តេញ​ពួកគាត់​ចេញពី​ផ្ទះ​សម្បែងនិង​បាន​បង្ខំ​ឱ្យ អាជ្ញាធរ​សាលាក្រុង​ភ្នំពេញ​ផ្អាក​ការ​បណ្តេញ​នេះ​ជា​បណ្តោះ​អាសន្ន​សិន។ អ្នកភូមិ​បឹងកក់​ទាមទារ​ដី​ទំហំ​១៥​ហិចតា​ក្នុង​ចំណោម​ដី​សរុប​១៣៣​ហិចតា​សម្រាប់​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។​ មន្ត្រី​សាលាក្រុង​ភ្នំពេញ​នឹង​យក​សំណើ​នេះ​ជូន​ទៅ​ជូន​លោក​អភិបាល។

នៅ​ថ្ងៃច័ន្ទ​នេះ​ សាលាក្រុង​ភ្នំពេញ​បាន​ប្រកាស​ផ្អាក​ការ​បណ្តេញ​អ្នកភូមិ​បឹងកក់​ចេញពី​ផ្ទះ​សម្បែង​ ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​សប្តាហ៍​នេះ​ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​បឹងកក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ មុខ​សាលាក្រុង​ភ្នំពេញ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​កំណត់​ឱសានវាទ​បណ្តេញ​ពួកគាត់​ចេញពី​តំបន់​បឹងកក់។

សាលា​ខណ្ឌ​ដូនពេញ​ កាលពី​សប្តាហ៍​មុន​ បាន​ដាក់​ឱសានវាទ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​សម្រាប់​ការ ​បណ្តេញ​អ្នកភូមិ​បឹងកក់​ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃពុធ​ខាង​មុខ​នេះ ​ហើយ​ក្នុង​ករណី​ប្រជា​ពលរដ្ឋ​មិន​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹងនេះ​ទេ​ សាលា​ខណ្ឌ​ដូន​ពេញ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ ពិសេស​មិន​ទទួល​ខុសត្រូវ​លើ​ការ​បាត់បង់​ ឬ​ការ​ខូចខាត​សម្ភារៈ​របស់​ប្រជា​ពលរដ្ឋ​ឡើយ។

អ្នកភូមិ​បឹងកក់​ប្រមាណ​២០០​នាក់​ តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​បឹងកក់​ជាង​១៥០០​គ្រួសារ​ បាន​នាំគ្នា​តវ៉ា​នៅមុខ​សាលាក្រុង​ភ្នំពេញ​ ប្រឆាំង​នឹង​ឱសានវាទ​បណ្តេញ​ពួក​គាត់​ចេញពី​ផ្ទះ​សម្បែង។

លោក​កើត ឆែ ​នាយក​រង​ផ្នែក​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​ បាន​ថ្លែង​ប្រាប់​អ្នក​តំណាង​១០នាក់​របស់​អ្នក​តវ៉ា​នៅ​តំបន់​បឹងកក់​ក្នុង​ការ​ជួប​ពិភាក្សា​នៅ​សាលាក្រុង​ភ្នំពេញ​ថា​ សាលាក្រុង​ភ្នំពេញ​បាន​ផ្អាក​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​បឹងកក់​សិន​ ហើយ​ត្រួត​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃការ​កសាង​ផ្លូវ។

អ្នកស្រី​លី ស្រីមុំ ​តំណាង​ប្រជា​ពលរដ្ឋ​បឹងកក់​ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រោយ​ពី​ការ​ពិភាក្សា​ជាមួយ​មន្ត្រី​សាលាក្រុង​ភ្នំពេញ​ថា​ អ្នកភូមិ​បឹងកក់​បាន​ទទួល​យក​ការ​ផ្អាក​ការ​បណ្តេញ​ ចេញ​នេះ​ ប៉ុន្តែ​នៅតែ​ទទូច​ស្នើសុំ​ដី​ទំហំ​១៥​ហិចតា​នៃ​ផ្ទៃដី​សរុប​១៣៣​ហិចតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ នៅ​នឹង​កន្លែង​សម្រាប់​ប្រជា​ពលរដ្ឋ​ជាង​១៥០០​គ្រួសារ។

«ឥឡូវនេះ​ គាត់នឹង​ផ្អាក​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ។ ខ្ញុំ​យល់​ថា​ ​ការ​អភិវឌ្ឍ​នេះ​គ្មាន​តម្លាភាព​សម្រាប់​ ប្រជា​ពលរដ្ឋ​ទេ​ ព្រោះ​ថា ​ប្រជា​ពលរដ្ឋ​មាន​ផ្ទះ​ គេ​អភិវឌ្ឍ​រហូត​ដល់​គាត់​អត់​ផ្ទះ។​ អញ្ចឹង​ ខ្ញុំ​ចង់​ឱ្យ​រាជ​ រដ្ឋាភិបាល​ក៏ដោយ​ សាលា​រាជធានី​ភ្នំពេញ​ក៏ដោយ​ សូម​ឱ្យ​គិត​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ជាធំ»។

លោក​កើត ឆែ​បាន​បញ្ជាក់​ថា​ លោក​នឹង​បញ្ជូន​សំណើ​សុំ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ចំនួន​១៥​ហិចតា​នេះ​ ទៅ​ជូន​លោក​ឯក​ឧត្តម​កែប ជុតិមា ​អភិបាល​សាលាក្រុង​ភ្នំពេញ​នៅថ្ងៃ​ពុធ​ ហើយ​បាន​សន្យា​ជូន​ដំណឹង​ដល់​អ្នកភូមិ​បឹងកក់​ តាមរយៈ​ប្រធាន​ភូមិ​អំពី​លទ្ធផល​នេះ​ នៅពេល​ក្រោយ។

អ្នកស្រី​លី ស្រីមុំ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​ «បើ​គ្មាន​ដំណោះស្រាយ​ និង​គ្មាន​បើក​ការ​ចរចា​ជាមួយ​ ប្រជា​ពលរដ្ឋទេ​ ពួកខ្ញុំ​នៅ​ថ្ងៃច័ន្ទ​នឹង​មក​ជួប​ឯកឧត្តម​កែប ជុតិមា​ម្តងទៀត»។

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា​ ករណី​បឹងកក់​នេះ​គឺជា​ការ​រំលោភ​ ច្បាប់​ និង​រំលោភ​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់ធ្ងរ​ ដែល​អាច​បណ្តាល​ឱ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​សង្គម។

«ការ​ពន្យារ​ពេល​ (ការ​បណ្តេញ​ចេញ)​នេះ​មិន​ដោះស្រាយ​(បញ្ហា)​ទេ ​ពីព្រោះ​ទោះបី​មាន​ការ​ពន្យារ​ ពេល​ក៏ដោយ​ ក៏​ប្រជា​ពលរដ្ឋ​រងគ្រោះ​នូវ​ការ​រំលោភ​សិទ្ធិ​របស់​គាត់​ដែរ។​ ជាទូទៅ​ គាត់​រស់នៅ​ដោយ​ ការ​ភ័យខ្លាច​ដដែល​ ទោះបី​ជា​ពន្យារ​ពេល​ ឬ​មិន​ពន្យារ​ពេល​ក៏ដោយ។ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​ រំលោភ​ទៅលើ​ប្រជា​ពលរដ្ឋ​រួច​ទៅ​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​មាន​ការ​ភ័យខ្លាច ​ដោយ​សារ​យើង​មិន​យក​ច្បាប់​មក​ប្រើ។ ​ដល់​ពេល​ឥឡូវនេះ ​ទោះ​បី​ជា​មាន​ការ​ពន្យារ​ពេល​ ក៏វា​នៅតែ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ​ ពីព្រោះ​យើង​ទុក​ឱ្យ​គាត់​មាន​ការ​ភ័យ​ខ្លាច។ ​រឿង​នៅ​បឹងកក់​នេះ​ រឿង​ពន្យារ​ពេល ​(ការ​បណ្តេញ​ចេញ)​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ទាល់​តែ​សោះ។ វា​គ្រាន់​តែ​ជា​ការព្យាយាម​បន្ធូរ​ សម្រាល​បរិយាកាស​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​ចុង​បញ្ចប់​ ការ​រំលោភ​សិទ្ធិ​របស់​គាត់​នៅ​តែ​ជា​ការ​រំលោភ​សិទ្ធិ​របស់​គាត់​ដដែល»។

នៅ​ក្នុង​ឆ្នាំ២០០៧​ រដ្ឋាភិបាល​បាន​ផ្តល់​កិច្ច​សន្យា​ជួល​រយៈ​ពេល​៩៩​ឆ្នាំ​ ដែល​មាន​តម្លៃ​ទឹក​ប្រាក់​៧៩​ លាន​ដុល្លារ​អាមេរិក​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Shukaku Inc. ​របស់​លោក​ឡាវ ម៉េងឃីន​ ​សមាជិក​ ព្រឹទ្ធ​សភា​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ CPP​ ធ្វើការ​អភិវឌ្ឍ​ទីក្រុង​ទំនើប។

សម្រាប់​ជាថ្នូរ​នឹង​ការ​ចាកចេញ ​រដ្ឋាភិបាល​បាន​ផ្តល់​៨៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ​ ឬ​ទៅ​តាំង​ទី​លំនៅ​ថ្មី​នៅ​ជាយ​ទីក្រុង​ភ្នំពេញ ​ឬ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង៕

XS
SM
MD
LG