ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាធារណជន​ចង់​ទស្សនា​ខ្សែ​ភាពយន្ត​រឿង​«សត្រូវ​របស់​ប្រជាជន»


​អ្នកគ្រប់គ្រង​រោង​ភាពយន្ត​លុច ​ដ៏​មាន​ប្រជាប្រិយ​ភាព​​ក្នុង​រាជធានី​ភ្នំពេញ​ចង់​បាន​ខ្សែ​ភាពយន្ត​ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ ​ដូចជា​រឿង​«សត្រូវ​របស់​ប្រជាជន​»​នេះ​ ​ដាក់​បញ្ចាំង​នៅក្នុង​រោងកុន​របស់​ខ្លួន​​ផងដែរ។​​
​អ្នកគ្រប់គ្រង​រោង​ភាពយន្ត​លុច ​ដ៏​មាន​ប្រជាប្រិយ​ភាព​​ក្នុង​រាជធានី​ភ្នំពេញ​ចង់​បាន​ខ្សែ​ភាពយន្ត​ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ ​ដូចជា​រឿង​«សត្រូវ​របស់​ប្រជាជន​»​នេះ​ ​ដាក់​បញ្ចាំង​នៅក្នុង​រោងកុន​របស់​ខ្លួន​​ផងដែរ។​​

ភ្នំពេញ៖ រោង​ភាពយន្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទន្ទឹង​រង់ចាំ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន»​ ប៉ុន្តែ​អ្នក​ផលិត​ខ្សែ​ភាពយន្ត​នោះ​លើក​ឡើង​ថា ​ខ្លួន​ពុំ​ទាន់​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​ពាក់​ព័ន្ធ​ ដើម្បី​ដាក់​បញ្ចាំង​រឿង​នេះ​ជា​សាធារណៈ​នៅឡើយ​ទេ។

រោង​ភាពយន្ត​ដែល​មាន​ប្រជាប្រិយ​ភាព​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​បាន​លើកឡើង​ថា​ ​ពួកគេ​កំពុង​រង់ចាំ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន»​ដែល​ជា​ស្នាដៃ​ផលិត​រួមគ្នា​របស់​អ្នកកាសែត​ខ្មែរ​ម្នាក់​និង​អ្នក​ថត​ខ្សែ​ភាពយន្ត​ឯកសារ​សញ្ជាតិ​អង់គ្លេស​ម្នាក់ទៀត​ ដើម្បី​ឲ្យ​សាធារណ​ជន​ខ្មែរ​ទូទៅ​បាន​ស្វែង​យល់​បន្ថែម​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​រង្គាល​នៅក្នុង​របប​ខ្មែរ​ក្រហម។

លោក​គាំ ចន្ធី ​នាយក​រោងកុន​សូរិយា​នៅ​អែប​ផ្សារ​ធំ​ថ្មី ​កណ្ដាល​រាជធានី​ភ្នំពេញ​ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រោងកុន​របស់​លោក​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ទទួល​យក​ខ្សែ​ភាពយន្ត​ឯកសារ​រឿង​ «សត្រូវ​របស់​ប្រជាជន»​នេះ ​មក​បញ្ចាំង​ជូន​សាធារណ​ជន​ទស្សនា។

លោក​គាំ ចន្ធី​ដែល​បាន​ឮ​អំពី​រឿង​«សត្រូវ​របស់​ប្រជាជន»​តាមរយៈ​សារព័ត៌មាន​កន្លងមក​ មាន​ប្រសាសន៍​បន្ថែម​ថា ​ទោះ​បី​ជា​លោក​ពុំ​ទាន់​បាន​មើល​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ក៏​ដោយ​ ​ ក៏​លោក​ចង់​ឲ្យ​មាន​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​នៅ​តាម​រោងកុន​ ឲ្យ​បាន​ឆាប់​ៗ​ដែរ ​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ អាច​យល់​ដឹង​បន្ថែម​ទៀត​អំពី​ឧក្រិដ្ឋ​កម្ម​នៅក្នុង​របប​ខ្មែរ​ក្រហម។

«ខ្ញុំ​ចង់​ឲ្យ​មាន​ដែរ​ ប្រសិន​ណា​ជា​អាច​បាន​ ​គួរតែ​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​ ​វា​ល្អ​ដែរ​ ​ព្រោះថា​ ក្នុងនាម​យើង​ជា​ខ្មែរ​មួយ​រូប​ ​ហើយ​ការ​ផ្សព្វផ្សាយ​ខាង​ភាពយន្ត​វា​ទូលំទូលាយ​សម្រាប់​ដាស់​សតិ​ដល់​កូន​ខ្មែរ​ទាំងអស់​ឲ្យ​គាត់​នឹក​ដល់​សម័យ​នោះ​ ឬ​ក៏​នឹក​ដល់​នយោបាយ​និង​ការ​ធ្វើ​នយោបាយ​នៅ​សម័យ​នោះដែរ»។

ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន» ​ដែល​ជា​ស្នាដៃ​ផលិត​ដោយ​អ្នក​កាសែត​ខ្មែរ​ម្នាក់​គឺ​លោក​ថេត សម្បត្តិ និង​អ្នក​ថត​ខ្សែ​ភាពយន្ត​ឯកសារ​សញ្ជាតិ​អង់គ្លេស​ លោក Rob Lemkin បាន​លាត​ត្រដាង​អំពី​ការ​សារភាព​ដ៏​កម្រ​ពី​សំណាក់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​សរុប​ចំនួន​ជាង​១០នាក់​ អំពី​ការអនុវត្ត​គោល​នយោបាយ​ខ្មែរ​ក្រហម​ក្នុង​ការ​សម្លាប់​រង្គាល​នៅក្នុង​សម័យ​នោះ។

តួអង្គ​សំខាន់​ជាងគេ​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​នេះ គឺ​អតីត​មេ​មនោគម​វិជ្ជាខ្មែរ​ក្រហម​ នួន ជាដែល​នឹង​ត្រូវ​នាំ​ខ្លួន​យក​ទៅ​កាត់ទោស​នៅ​ដើម​ឆ្នាំ​២០១១​ខាង​មុខនេះ។

ខ្សែ​ភាពយន្ត​ឯកសារ​ ​ដែល​មាន​រយៈ​ពេល​ជាង​១​ម៉ោង​កន្លះ​នេះ ​បាន​ទទួល​រង្វាន់​ចំនួន​១៦ផ្សេងៗ​គ្នា ​ដោយ​រួមមាន​រង្វាន់​គណៈ​វិនិច្ឆ័យ​ពិសេស​ ឬ Special Jury Prizeក្នុង​មហោស្រព​ភាពយន្ត​ក្រុង​សាន់ដាន់ ​កាលពី​ខែ​មករា ​ឆ្នាំ​២០១០ ​និង​រង្វាន់ ​The Nestor Almendros Award ​ចំពោះ​ភាព​ក្លាហាន​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ នៅ​ក្នុង​មហោស្រព​ភាពយន្ត​ប្រចាំឆ្នាំ​របស់​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​ Human Rights Watch ​នៅ​ទីក្រុង​ញូយ៉ក​ សហ​រដ្ឋ​អាមេរិក​ កាលពីខែ​មិថុនា​កន្លង​ទៅ​នេះ​ជាដើម។

ខ្សែ​ភាពយន្ត​ដែល​ទទួលរង្វាន់​ដ៏​ច្រើននេះ ​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​តាម​មហោស្រព​ភាព​យន្ត​ធំៗ​ជាច្រើន​នៅក្នុង​សហ​រដ្ឋ​អាមេរិក ​និង​នៅក្នុង​ប្រទេស​មួយចំនួន​ទៀត។

លោក​ ពៅ វន្នី ​អ្នកគ្រប់គ្រង​រោង​ភាពយន្ត​លុច ​ដ៏​មាន​ប្រជាប្រិយ​ភាពក្នុង​រាជធានី​ភ្នំពេញ ​មាន​ប្រសាសន៍​ថា ​ ​លោក​ចង់​បាន​ខ្សែ​ភាពយន្ត​ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ ​ដូចជា​រឿង​«សត្រូវ​របស់​ប្រជាជន​»នេះ​ មក​ដាក់​បញ្ចាំង​នៅក្នុង​រោងកុន​របស់​លោក​ផងដែរ​ ដើម្បី​រំឭក​ប្រជាជន​ខ្មែរ​អំពី​របប​ដ៏​សាហាវ​ព្រៃផ្សៃ​នោះ។

លោក ​ពៅ វន្នី ​មានប្រសាសន៍​បន្ថែម​ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​សំឡេង​ថា ​ការ​ដាក់​បញ្ចាំង​រឿង​«សត្រូវ​របស់​ប្រជាជន»​ នេះ​ក៏​នឹង​ជួយ​អប់រំ​យុវជន​ខ្មែរ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរ​ក្រហម​ផង​ដែរ។

លោក ​Rob Lemkin ​សហ​ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​រឿង​ «សត្រូវ​របស់​ប្រជាជន»​នេះ​ បាន​មាន​ប្រសាសន៍​ថា ​ការ​ដែល​ខ្សែ​ភាពយន្ត​របស់​លោក​ពុំទាន់​ត្រូវបាន​ដាក់​បញ្ចាំង​នៅតាម​រោងកុន​ក្នុង​ប្រទេស​កម្ពុជា​នេះ ​គឺ​ដោយ​សារ​លោក​ពុំ​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដាក់​បញ្ចាំង​រឿង​នេះ​ជា​សាធារណៈ​នៅ​ឡើយ។

«យើង​ចង់​ចាក់​បញ្ចាំង​រឿង​នេះ​នៅ​តាម​រោងកុន​ដែរ ​ ​ប៉ុន្តែ​យើង​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​អញ្ចឹង​នោះ​ទេ។ ​ខ្ញុំ​មិន​ដឹង​ថា​ ​តើ​ហេតុអ្វី​បាន​ជារដ្ឋាភិបាល​មិនទាន់​ផ្តល់​ការ​អនុញ្ញាត​នោះ​ទេ»។

លោក ​ថេត សម្បត្តិ ​សហ​ផលិតករ​នៃ​ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន» ​នេះ​ដែរ​ ​មាន​ប្រសាសន៍​ថា ​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​បញ្ចាំង​ខ្សែ​ភាពយន្ត​របស់​លោក​នេះ ​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​អស់​រយៈ​ពេល​បី​ខែ​មក​ហើយ​ ​ប៉ុន្តែ​មិនទាន់​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​អំពី​ការ​អនុញ្ញាត​ឲ្យ​បញ្ចាំង​រឿង​នេះ​ជា​សាធារណៈ​នៅឡើយ​ទេ។

លោក ​ថេត សម្បត្តិ មាន​ប្រសាសន៍​បន្ថែម​ថា ​ប្រសិនបើ​ទទួល​បាន​ការអនុញ្ញាត​ ​លោក​នឹង​ចាក់​បញ្ចាំង​រឿង​របស់​លោក​នៅ​តាម​រោងកុន​និង​ទី​ជនបទ​នានា​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​បាន​មើលឃើញ​ផ្ទាល់ភ្នែក​ ​ហើយ​ឮផ្ទាល់​នឹងត្រចៀក​នូវ​ផែនការ​និង​មូលហេតុ​របស់​ខ្មែរ​ក្រហម​ក្នុង​ការ​កាប់សម្លាប់​រង្គាល ​នៅ​ក្នុង​របប​៣​ឆ្នាំ ៨ខែ​និង​២០ថ្ងៃ​នោះ។

«ប្រសិនជា​យើង​ទទួល​បាន​ការអនុញ្ញាត​នៅ​ស្រុក​ខ្មែរ​ ​យើង​នឹង​យក​ដាក់​នៅ​រោង​កុន​ធំៗ​ ដូចជា​នៅ​រោង​កុន​ចេនឡា និង​រោងកុន​លុច​ជាដើម ដើម្បី​ឲ្យ​ប្រជាជន​យើង​បាន​មើល​កាន់តែ​ច្រើន។​ ហើយ​ទី​២​ ប្រសិន​ជា​អាច ​យើង​នឹងដាក់​បញ្ចាំង​នៅ​តាម​ខេត្ត​នានាដើម្បី​ឲ្យ​ប្រជាជន​យើង​ទស្សនា​ ​ ពីព្រោះ​ប្រជាជន​ខ្មែរ​យើង​ ​គាត់​មិន​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​មក​ភ្នំពេញ​មើល​តាម​រោងកុន​បាន​ទេ។​ អញ្ចឹង​ប្រសិន​រៀបចំ​ដាក់​បញ្ចាំង​នៅ​តាម​ទីវាល​នៅ​ជនបទ​អី​ទៅ​ ​វា​ជា​ការ​ល្អ»។

លោក ​ស៊ិន ច័ន្ទសាយ៉ា ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​ជា​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្តល់​ទិដ្ឋាការ​ ឬ​ការ​អនុញ្ញាត​ដល់​ខ្សែ​ភាពយន្ត​ដែល​ចង់​ដាក់​បញ្ចាំង​ជា​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​ ​ មានប្រសាសន៍​ថា ​គណៈ​កម្មការ​ត្រួត​ពិនិត្យ​របស់​ក្រសួង​បាន​ពិនិត្យ​ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន»​នេះ​រួច​ហើយ​ ​ប៉ុន្តែពុំ​ទាន់​បាន​ឯកភាព​គ្នា​ដើម្បី​សម្រេច​អំពី​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ខ្សែ​ភាពយន្ត​នេះ​នៅឡើយ​ទេ​ ​ដោយសារ​តែ​ខ្សែ​ភាពយន្ត​នេះ​និយាយ​ជា​ភាសា​អង់គ្លេស។

«ខាង​គណៈកម្មការ​ហ្នឹង​គេ​បាន​មើល​ហើយ។ ​គេ​បាន​ផ្តល់​យោបល់​ហើយ ​ប៉ុន្តែ​មិនទាន់​សម្រេច​ថា​យ៉ាង​ម៉េច​ទេ។ ​ឥឡូវ​ហ្នឹង​វា​នៅ​ជា​ភាសា​អង់គ្លេស​នៅឡើយ។ ​ ប្រសិនជា​លោក​មាន​បំណង​ថា នឹង​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​ ​ទាល់​តែ​សម្លេងសន្ទនាហ្នឹងជា​ភាសា​ខ្មែរ»។

សហ​ផលិតករ​ទាំងពីរ​គឺ​លោក​ ថេត សម្បត្តិ​និង​លោក ​Rob Lemkin ​បាន​អះអាង​ថា ​ពួក​លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ការអនុញ្ញាត​ម្តង​ទៀត​ ដោយ​រួមជាមួយ​នឹង​ការ​បញ្ចូល​ការ​បកប្រែ​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​រឿង​របស់​ពួក​លោក​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ​ ​អ្នកស្រី ​សាន យ៉ុន ​វ័យ​៦០ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​បាន​បាត់បង់​ម្តាយ​ ​ប្តីដែល​ជា​អតីត​ទាហាន​លន់ នល់ និង​កូន​ស្រី​តែមួយ​គត់​របស់អ្នកស្រី​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហមនោះ​ មានប្រសាសន៍​ថា​ អ្នកស្រី​ទន្ទឹង​រង់ចាំ​មើល​ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន» ​នេះ​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ថា​ ​តើ​ហេតុអ្វី​បាន​ជា​ខ្មែរ​ក្រហម​សម្លាប់​ប្រជាជន​ខ្មែរ​ ​ដោយ​រួមទាំង​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​របស់​អ្នកស្រី​ផង​ដែរ​នោះ។

«ខ្ញុំ​ចង់​មើល​ ​ព្រោះអី​ចង់​ដឹង​រឿង​ជាក់ស្តែង​ ​ដូចថា​ ​ពីមុន​មក​ ​គ្រួសារ​ខ្ញុំ​ ​និង​គ្រួសារ​នរណា​ក៏ដោយ​គ្មាន​កំហុស​អី​សោះ​ ​គេ​យក​ទៅ​សម្លាប់​ទទេៗ​ ខ្ញុំ​ចង់​ដឹង​អាហ្នឹង»។

សូម​បញ្ជាក់​ថា ​បើ​ទោះជា​ខ្សែ​ភាពយន្ត​ឯកសារ​រឿង​«សត្រូវ​របស់​ប្រជាជន»​នេះ ​ពុំ​ទាន់​ត្រូវបាន​ចាក់​បញ្ចាំង​ជា​សាធារណៈ​នៅតាម​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​នេះ​ក៏ដោយ​ ​ក៏​រឿង​នេះ​នឹងត្រូវ​ដាក់​បញ្ចាំង​សាកល្បង​សម្រាប់​រយៈ​ពេល​បី​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ពុធ ​ទី​២១​ខែ​កក្កដា​នេះ​តទៅ​នៅឯ​វិចិត្រ​សាល​Meta House ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ និង​ការ​កម្រិត​ចំនួន​អ្នក​ចូល​ទស្សនា​ដោយ​ឥត​បង់ថ្លៃ​ចំនួន​១០​នាក់​ប៉ុណ្ណោះ។

បន្ទាប់​ពី​ការ​ដាក់​បញ្ចាំង​សាកល្បង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​រឿង​«សត្រូវ​របស់​ប្រជាជន»​នេះ​ ក៏​នឹង​ត្រូវ​យក​ទៅចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា​ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ចាប់​ពី​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​នេះ។

XS
SM
MD
LG