ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​ចិននិង​កម្ពុជា​ផ្តោត​លើ​គោល​ការណ៍​និង​ផ្ទាល់​ខ្លួន


វ៉ាស៊ីនតោន៖ គោល​នយោបាយ​បញ្ចសីលា​របស់ប្រទេស​ចិន​ជា​ឧបករណ៍​ដ៏​ល្អ​មួយ​ ដែល​ប្រទេសចិន​ប្រើ​ក្នុង​ការ​ទាក់​ទាញ​ការ​រាប់​អាន​ពី​ប្រទេស​ដទៃ​ទៀត ​ហើយ​បាននាំ​ឱ្យ​ចិន​បោះ​ជំហាន​បន្តិច​ម្តងៗ​ដើម្បី ​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់។ ក្នុង​ករណី​ប្រទេស​កម្ពុជា​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​បាន​ផ្តោត​លើស​ពី​ទំនាក់​ទំនង​រវាង​រដ្ឋ​ ​ហើយ​ឈានមកដល់ទំនាក់​ទំនង​បុគ្គល។

នៅ​ក្នុង​ភាគ​ទីពីរ​នៃ​សេចក្តី​រាយ​ការណ៍​នេះ​ដែល​ជាភាគ​បញ្ចប់​ ​លោក​ម៉ែន គឹម​សេង​ ពិនិត្យ​មើលការ​រីក​ចម្រើន​នៃ​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់​និង​ការ​ប្រកាន់​ជំហរ​មិន​ងាក​រេ​របស់​កម្ពុជា​ចេញ​ពី​គោល​ការណ៍​ដើម។

បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​ បាន​ឆ្លង​កាត់​របប​នយោបាយ​ជាច្រើន​ក៏​ដោយ​ ​ក៏​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ជាមួយ​កម្ពុជា​ហាក់​ផ្តោត​ជា​សំខាន់​ទៅ​លើ​សម្តេច​ព្រះ​នរោត្តម​សីហនុ​មួយ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សៀវភៅ​របស់​លោកស្រី ​សូហ្វី​ រីឆាដសុន​ដែល​បាន​ចេញ​ផ្សាយក្នុង​ទីក្រុង​វ៉ាស៊ីន​តោន​កាល​ពី​ពេល​ថ្មីៗ​នេះ។

សូម្បី​តែ​នា​ពេល​នេះ​ ទីក្រុង​ប៉េកាំង​បាន​ងាក​មក​ចាប់​ដៃ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ​ ​ប៉ុន្តែ​តួនាទី​សំខាន់​របស់​សម្តេច​ព្រះ​នរោត្តម​សីហនុ​ ស្ថិត​ក្នុង​ការ​គិត​គូរ​របស់​រដ្ឋាភិបាល​ចិន​ជានិច្ច។

សៀវភៅ​ដែល​មាន​ចំណង​ជើងថា“ទំនាក់​ទំនង​ចិនកម្ពុជា​និងគោលការណ៍ទាំង​ប្រាំ​នៃ​គោល​ការណ៍សន្តិ​សហ​វិជ្ជមាន" របស់​លោកស្រី រីឆាដសុន ​បាន​រៀបរាប់​ថា​ ​“មេដឹកនាំ​ចិន​ជារឿយៗ​និយាយ​យោង​ទៅ​ដល់​សម្តេច​សីហនុ ​ដែល​ជា​ដៃ​គូ​ធ្វើដំណើរ​របស់​ចិន​ក្នុង​រយៈ​ពេល​បួន​ទស​វត្សរ៍ថា​ ជា​អ្នក​បាន​ផ្តល់​គំរូ​វិជ្ជមាន​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា”​ ។

សៀវភៅ​នេះ​ក៏​បាន​និយាយ​យោង​ដល់​ជំនួប​ក្នុង​ពេល​កន្លងមក​ដូចជា​ក្នុង​ឆ្នាំ​១៩៩៨​និង​១៩៩៩ ​រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ចិន ​ឱ្យថ្នាក់​ដឹកនាំ​កម្ពុជា​បន្ត​ពង្រឹង​សាមគ្គី​ភាព​និង​សហ​ប្រតិបត្តិការ​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​សីហនុ ​ដោយ​នាំ​ប្រទេស​កម្ពុជា​ចូល​ក្នុង​សតវត្សរ៍​ទី​២១​ ​ហើយ​ក៏បាន​និយាយ​យោង​ដល់​ស្ថិរភាព​នយោបាយ​នា​ពេល​នោះ​ថា​ ​មួយ​ផ្នែក​ជា​លទ្ធផល​នៃ​“ការ​ដឹកនាំ​របស់​សម្តេច​ព្រះ​នរោត្តម​សីហនុ”។

លោក​សាស្រ្តាចារ្យ Brantly Womack​ នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Virginia​ ដែល​បាន​ចូលរួម​ថ្លែង​ក្នុង​ពិធី​ចេញ​ផ្សាយ​សៀវភៅ​នេះ​ដែរ​យល់​ស្រប។

“នៅក្នុង​ករណី​នៃ​ប្រទេស​កម្ពុជា​គឺ​មិនមែន​គ្រាន់​តែ​ជា​ទំនាក់​ទំនង​រវាង​រដ្ឋ​និង​រដ្ឋ ​ដែល​ត្រូវ​តែ​រក្សា​ទុក​ឱ្យ​នៅ​បន្ត​ជារៀង​រហូត​ទេ​ ​ប៉ុន្តែ​មួយ​ភាគ​ធំ​ក៏ជា​ទំនាក់​ទំនង​នៃ​បុគ្គល​ម្នាក់​និង​ប្រ​ជា​ពល​រដ្ឋ។​ តួអង្គ​សម្តេច​សីហនុ ​និង​ការបន្ត​ស្ថិត​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ គឺ​ជា​កត្តា​សំខាន់ក្នុងសាច់រឿង​ដែល​លោក​ស្រីសូហ្វី ​បាន​រៀបរាប់​ ​ហើយ​មិនមែន​គ្រាន់​តែ​ប្រទេស​ចិន​ដែល​មាន​អារម្មណ៍​ថា​ ​សម្តេច​សីហនុ​គឺ​ជា​ដៃគូ​ដ៏គូជាទី​ទុកចិត្ត​ម្នាក់​ទេ​ គឺ​សម្តេច​សីហនុ​ជាដៃ​គូ​ដ៏គូជាទី​គោរព​ ​ដូច្នេះ​ហើយ​នៅពេល​ដែល​សម្តេច​សីហនុ​សម្រេច​ធ្វើអ្វី​ដែល​ខុសពី​គោល​ការណ៍​របស់​ប្រទេស​ចិន​ ​ឧទាហរណ៍​ដូច​ជា​នៅ​ពេល​ដែល​ព្រះអង្គ​បាន​លា​ឈប់​ពី​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​ក្រុម​កម្ពុជា​ប្រជាធិប​តេយ្យ ​ហើយ​មក​ចរចា​ជាមួយ​លោក​ហ៊ុន សែន​ ដែល​ពេល​នោះ​គឺមិនមែន​ជា​នយោបាយ​ចិនទាល់​តែ​សោះ​ ​ក៏ចិន​នៅ​តែ​គោរព​តាម​ព្រះ​អង្គ​ជានិច្ច​ គឺ​ចិន​នៅ​តែ​រក្សា​បាន​គោល​នយោបាយ​នេះ"។

សម្តេច​ព្រះ​នរោត្តម​ សីហនុ ​បាន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍ ដោយ​បាន​ឆ្លង​កាត់​ភាព​រុងរឿង​ ​ការ​គង់​នៅ​និរទេស​ចេញ​ពី​ប្រទេស​ដោយ​រដ្ឋ​ប្រហារ ​ការ​ជាប់​ឃុំ​ឃាំងក្នុងព្រះ​រាជ​ដំណាក់ផ្ទាល់​របស់ព្រះ​អង្គ​ និង​ការ​លេច​ឡើងក្នុង​ឆាក​នយោបាយ​ខ្មែរតទៅទៀត មុន​នឹងដាក់រាជ្យ​ដើម្បីចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០០៤។ ​បើទោះបី​ជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ ​គេសង្កេត​ឃើញ​ព្រះអង្គ​នៅ​រក្សា​បាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន។

បច្ចុប្ប​ន្ន​ប្រទេស​ចិនគឺ​ជា​អ្នក​ផ្តល់​ជំនួយ​និង​ជា​អ្នក​វិនិយោគ​ដ៏​ធំ​មួយ​របស់​កម្ពុជា។​ ដូចគ្នា​នឹង​ជំហរ​ដែល​ប្រកាន់​យក​ដោយ​អតីត​ព្រះ​មហាក្សត្រ​នរោត្តម​ សីហនុ ​ក្នុង​ពេល​អតីត​កាលដែរ​ ​រដ្ឋា​ភិបាល​នា​ពេល​បច្ចុប្បន្ន​តែ​ងតែ​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ពីការ​គាំទ្រ​និង​ទទួល​ស្គាល់​តែ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ។ ​ជាពិសេស​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ចិន​ក្នុង​ការ​ប្រមូល​យក​មក​វិញ​នូវ​បណ្តា​ទឹកដី ដែល​ចិន​យល់​ថា​ ​បាន​បាត់​បង់​ ​ក្នុង​នោះ​មាន​ដែន​កោះ​តៃវ៉ាន់​ជាដើម។

កាល​ពី​ដើម​ខែ​សីហា​នេះ​ ​ក្នុង​ពិធី​ជួប​ជុំ​មួយ​ជាមួយ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​បាន​ក្រើនរំឭក​ដល់​មន្រ្តី​អាជ្ញាធរ​ដែនដី​របស់លោក កុំ​ឱ្យ​ចូល​រួម​ពាក់​ព័ន្ធ​អ្វី​ទាំងអស់ជាមួយ​នឹង​អាជ្ញាធរ​ដែន​កោះ​តៃវ៉ាន់។

“យើង​អនុវត្ត​នយោបាយ​ចិន​មួយ។ ​តៃវ៉ាន់​គ្រាន់​តែ​ជា​ខេត្ត​មួយ​របស់​សាធារណ​រដ្ឋ​ប្រជាមានិតុ​ចិន​ប៉ុណ្ណោះ។​ នេះ​ខ្ញុំសូម​បញ្ជាក់”។

ប៉ុន្តែអ្នក​ស្រាវជ្រាវ​ខ្លះ​ទៀត​យល់​ថា​ ​កត្តា​នៃ​ទីតាំង​ភូមិសាស្រ្ត​នយោបាយ​និង​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​និង​នយោបាយ​ចិន​ គឺ​ជា​កត្តា​វែង​ឆ្ងាយ​មួយ​ដែល​ចិន​ត្រូវ​ចាប់​យក​ប្រទេស​កម្ពុជា។

លោក​បណ្ឌិត ដេវីឌ ឆាណ្ឌល័រ ​ប្រវត្តិវិទូ​ជាតិ​អូស្រ្តាលី​ ​បាន​បញ្ជាក់​ប្រាប់​វីអូអេថា​ ​វា​ពិត​ជា​ផ្នែក​មួយ​នៃ​គោល​ការណ៍​បញ្ច​សីលា​របស់​ប្រទេស​ចិន​ក្នុង​ការ​ចង​មិត្តភាព​ជាមួយ​សម្តេច​នរោត្តម​សីហនុ​ ជា​មួយ​របប​ខ្មែរ​ក្រហម​ និងជា​មួយលោក​ហ៊ុន​ សែន​ ​ប៉ុន្តែបាន​ធ្វើ​ការពន្យល់ថា ​ការ​ផ្តល់​ជំនួយ​ដោយ​មិនមាន​លក្ខ​ខណ្ឌ គឺ​ហាក់​ដូច​ជា​មិនមែន​ជាការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ​ក៏ប៉ុន្តែ​ក៏មាន​គោល​បំណង​អ្វី​ផ្សេង​ដែល​គេ​មិន​និយាយ​ចេញ​មក​ ​ជា​ពិសេស​គឺ​ចង់​ឱ្យ​មាន​ការ​ការ​ពារផល​ប្រយោជន៍​របស់​ប្រទេស​ចិន​នៅ​ពេល​ណា​ដែល​មាន​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ។

“ខ្ញុំ​គិត​ថា​ ​ជា​ការ​ជាក់​ច្បាស់​ណាស់​ថា​ ​ពួក​គេ​រំពឹង​ចង់​បាន​ការ​គោរព​ក្នុង​កម្រិត​ណា​មួយ​ចំពោះ​ជំនួយ​នោះ​ ​ហើយ​ពួក​គេ​មិន​ចង់​ឱ្យ​មាន​ការ​លាត​ត្រដាង​គោល​នយោបាយ​របស់​ពួកគេ​នៅតំបន់​អាស៊ី​អគ្នេយ៍​ជា​ទូទៅ​ទេ​ ឬ​ក៏​ការ​សហការ​របស់​ពួកគេ​ជាមួយក្រុម​ខ្មែរក្រហម។ ​ពួក​គេ​មិន​ចង់​ឱ្យ​គេ​យក​រឿង​នោះ​មក​បក​ស្រាយ​ជា​សាធារណៈ​ទេ​ ​ ដូច្នេះ​យើង​ក៏​អាច​និយាយ​បាន​ថា​ ​ពួក​គេ​កំពុង​លូក​ដៃ​ចូល​ក្នុង​គោល​នយោ​បាយ​ណា​ដែល​ពួក​គេ​អាច​ធ្វើ​បាន។ ​គ្មាន​អ្នក​ណា​ម្នាក់​ផ្តល់​អំណោយ​សម្រាប់​តែ​ការ​អភិវឌ្ឍ​ប្រទេស​ដូច​ដែល​យើង​មើល​ឃើញ​នោះ​ទេ”។

ចំណែក​លោក​សាស្ត្រាចារ្យ​ John Ciorciary ​វិញ​មើល​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជានិងចិនក្នុងជ្រុង​នៃភូមិ​សាស្រ្ត​នយោបាយ​ច្រើន​ជាង​ ​ដោយ​លោក​មើល​ឃើញ​ថា​ ​ទំនាក់​ទំនង​របស់ចិន​ជា​មួយ​កម្ពុជា​គឺ​ជាការ​ទប់​នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ទីតាំង​ភូមិ​សាស្រ្ត​ដែល​ចិន​មានជាមួយ​ប្រទេសវៀត​ណាម ​ព្រោះ​ជារឿយៗ​ចិន​និង​វៀតណាម​តែង​មាន​ភាព​មិន​សូវ​ល្អ​នឹង​គ្នា។ ​ដោយ​ហេតុ​នេះហើយបានជា​ប្រទេស​ចិន​មិន​ខ្វល់ថា​ ​អ្នក​កាន់​អំណាច​ក្នុង​ប្រទេស​នោះ​កំពុង​ធ្វើអ្វី​នោះ​ទេ។

លោក​ John Ciaorciary​ បញ្ជាក់​បន្ថែម​ក្នុង​បទ​សម្ភាសន៍ជាមួយ​វីអូអេ​ថា​ ​ពេល​ដែល​ក្រុម​ខ្មែរ​ក្រហមនៅ​កាន់​អំណាច​ គឺ​មាន​ឯកសារ​ជាច្រើន​ដែល​បញ្ជាក់​ថា​ ​ចិនបាន​ដឹង​ច្បាស់​ថា​ ​ប៉ុល​ ពត​គឺ​ជា​មនុស្ស​ឃោរឃៅ​ ​ប៉ុន្តែ​នៅ​តែ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​ទៀត​ ​ហើយ​នា​ពេល​ក្រោយ​មក​ នៅ​ពេល​ដែលដឹងថាក្រុម​លោក​ហ៊ុន​ សែន​មាន​អំណាច​ក្នុង​ប្រទេស​ក៏​ងាក​មក​គាំទ្រ​លោក​ហ៊ុន​ សែនវិញ។

“អ្វីៗ​គឺ​សារ​តែហេតុផល​តែ​មួយ​នេះ​ឯង។ ​ខ្ញុំ​មិន​គិត​ថា​ ​ដោយ​សារ​ហេតុផល​នៃ​ការ​មាន​មនោ​គមន៍​វិជ្ជា​ដូចគ្នា​ ឬ​ទំនាក់​ទំនង​រវាង​បុគ្គល​និង​បុគ្គល ​ឬផ្នែក​ខាង​វប្បធម៌​អ្វី​ទេ។ ​ខ្ញុំ​គិត​ថា​ ​ជា​សំខាន់​គឺ​ដោយ​សារ​ប្រទេស​កម្ពុជា​ផ្តល់​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត​ ​និង​ជា​បន្ត​បន្ទាប់​ ​ជាដៃគូ​សេដ្ឋ​កិច្ច​សម្រាប់​ប្រទេស​ចិន"។

នា​ពេល​បច្ចុប្បន្ន​ ​ប្រទេស​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​កំពុង​តែ​ដើរតួនាទី​សំខាន់ៗ​ក្នុង​តំបន់​ ​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច។​ បើ​ទោះ​បី​ជា​គេ​មើល​ឃើញ​ថា​ ​ប្រទេស​ចិន​កាន់​តែ​មាន​តួ​នាទី​សំខាន់ខ្លាំងច្រើន​ដូចនេះ​ក៏​ដោយ​ ​ប៉ុន្តែមិន​ជាការ​រំខាន​ដល់​សហ​រដ្ឋ​អាមេរិក​ទេ។

លោក ​Kurt Cambell ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​នៃសហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ​ជា​គោលនយោបាយ​គឺ​សហ​រដ្ឋ​អាមេរិក​យល់​ថា​ ​ការ​ដែល​ប្រទេស​ជិត​ខាង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយប្រទេស​ចិន ​គឺ​ជា​ការ​មួយ​អាច​ទទួល​យក​បាន។

“យើង​ស្វាគមន៍​តួនាទី​ដ៏ខ្លាំង​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ ​ហើយ​យើង​ទទួល​ស្គាល់​ថា​ ​ប្រទេស​ចិន​គឺ​ជា​អ្នក​ជិតខាង​ដ៏ធំ​របស់​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អគ្នេយ៍។​ វា​ជា​ការ​ធម្មតា​សម្រាប់​ពួក​គេ​ក្នុង​ការ​ចង់​បាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន។ ​យើង​ជឿ​ជាក់​ថា​ ​បណ្តា​ប្រទេស​នៅ​អាស៊ី​អគ្នេយ៍​ភាគ​ច្រើន​ក៏ចង់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ផងដែរ​ ​ហើយយើង​ចង់​សម្រប​សម្រួលការងារ​ហ្នឹង”។

ដោយមើល​លើ​ករណី​នៃ​ប្រទេស​កម្ពុជា​ ​លោក​ស្រីសូហ្វី​ រីឆាដសុន​សន្និដ្ឋាន​ថា​ ​គោល​ការណ៍នេះមាន​ជោគជ័យ​ណាស់​គឺ​មិន​គ្រាន់តែប្រើ​ជា​មធ្យោ​បាយ​នៃ​គោល​នយោបាយ​ការបរទេសទេ​ ​ប៉ុន្តែ​ក៏ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ជម្រើស​គោល​នយោបាយ​ក្នុង​ស្រុក​ដែល​បាន​ជួយ​ប្រទេស​ចិន​ឱ្យ​រីក​ចម្រើន៕

XS
SM
MD
LG