ក្រុមហ៊ុនរុករករ៉ែចំនួនពីរគឺក្រុមហ៊ុន Hong Tung Resources ដែលមានលោកឆេង តុងកូជា តំណាងមកពីប្រទេសចិន និងក្រុមហ៊ុន Nim Meng Sinohope Group របស់លោកណឹម ម៉េង និងលោកស្រីឡាយ ស៊ីនាងបានប្ដឹងគ្នាទៅតុលាការដោយទាមទារសំណងជំងឺចិត្តជិត១០០លានដុល្លារ។ ការប្តឹងគ្នានេះបានកើតឡើងក្រោយពីក្រុមហ៊ុនទាំងពីរនេះបានបែកបាក់ភាគហ៊ុន បន្ទាប់ពីចុះកិច្ចព្រមព្រៀងរុករករ៉ែនៅស្រុកជីក្រែង ខេត្តសៀមរាបកាលពីឆ្នាំ២០១០។
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ខាងមុខនេះ គ្រោងនឹងកោះហៅក្រុមហ៊ុនរុករករ៉ែចំនួនពីរ ដែលមានម្ចាស់ភាគហ៊ុនមកពីប្រទេសចិន និងម្ចាស់ភាគហ៊ុនមួយផ្សេងទៀតជាភាគហ៊ុនក្នុងសុ្រក ដែលត្រូវបានសង្ស័យថា ជាទីប្រឹក្សានៃកងអគ្គរក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ការកោះហៅមកបំភ្លឺរបស់តុលាការនេះបានធ្វើឡើងដោយយោងទៅតាមពាក្យបណ្តឹងមួយច្បាប់ របស់ក្រុមហ៊ុន Nim Meng Sinohope Group ដែលបានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន Hong Tong Resources ពីបទរំលោភសេចក្តីទុកចិត្ត។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បាននិយាយនៅថ្ងៃអង្គារនេះថា តុលាការនឹងកោះហៅភាគីទាំងពីរឲ្យចូលបំភ្លឺនៅថ្ងៃទី២៥ខាងមុខនេះ។ ក៏ប៉ុន្តែលោកមិនបានធ្វើអត្ថាធិប្បាយលម្អិតទេដោយសារតែលោកមិនបានពិនិត្យសំណុំរឿងនេះនៅឡើយ។
«សំណុំរឿងនេះ នៅក្រឡាបញ្ជី។ គាត់ទុក។ ខ្ញុំមិនទាន់បានមើលដែរ។ ទាល់តែខ្ញុំមើល អាហ្នឹងបានស្រួលឆ្លើយ។ (ខ្ញុំ)បានទទួលហើយ ហើយកោះហៅ ប៉ុន្តែភាគីម្ខាងដែលយើងហៅប្តឹងហ្នឹង គាត់សុំលើកថ្ងៃចូល ថ្ងៃទី២៥ទៀត»។
លោកជា សុខចាន់ មេធាវីការពារក្តីឲ្យក្រុមហ៊ុន Nim Meng Sinohope Group មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបានមានប្រសាសន៍ថា ករណីនេះកំពុងដំណើរការនៅក្នុងតុលាការ។
«ខ្ញុំប្រាប់ឲ្យហើយ។ គ្រាន់តែថា ករណីនេះ គឺ តុលាការកំពុងដោះស្រាយ ហើយរឿងអ្វីផ្សេងទៀត ខ្ញុំអត់អាចធ្វើការបរិយាយបានទេ»។
ក្រុមហ៊ុន Hong Tong Resources និងក្រុមហ៊ុន Nim Meng Sinohope Group បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ ដើម្បីរុករករ៉ែលោហៈ និងការសាងសង់រោងចក្រកែច្នៃរ៉ែ នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលមានទឹកប្រាក់ចំនួន៨៧លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងការចូលភាគហ៊ុននេះ ក្រុមហ៊ុន Hong Tong Resources មានភាគហ៊ុនចំនួន៦០ភាគរយ ចំណែក ក្រុមហ៊ុន Nim Meng Sinohope Group មានភាគហ៊ុនចំនួន៤០ភាគរយ។ បន្ទាប់ពីកិច្ចព្រមព្រៀងទើបតែចុះបានប៉ុន្មានខែប៉ុណ្ណោះ ក្រុមហ៊ុនទាំងពីរបានឈានទៅដល់ផ្លូវបំបែក ដោយសម្រេចចិត្តប្តឹងគ្នាទៅតុលាការ។
លោកគួយ ធុននា មេធាវីការពារក្តីរបស់លោកឆេង តុងកូ តំណាងក្រុមហ៊ុន Hong Tong Resources បាននិយាយថា លោកនឹងប្តឹងទៅក្រុមហ៊ុន Nim Meng Sinohope Groupវិញ ពីបទរំលោភកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១០និងពីបទឆបោក ដោយទាមទារសំណងជំងឺចិត្តជិត១០០លានដុល្លារសហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍ថា លោកនឹងទាមទារសំណងខូចខាតចំនួន៨៧លានដុល្លារសហរដ្ឋអាមេរិក សំណងជំងឺចិត្ត៦លានដុល្លារសហរដ្ឋអាមេរិក និងប្រាក់កម្ចីរបស់ក្រុមហ៊ុន Nim Meng Sinohope Group ដែលបានខ្ចីចំនួន១,៨លានដុល្លារសហរដ្ឋអាមេរិក។
លោកគួយ ធុននា បានមានប្រសាសន៍ទៀតថា មូលហេតុដែលលោកគ្រោងប្តឹងទាមទារសំណង ជំងឺចិត្តនេះគឺដោយសារតែក្រុមហ៊ុន Nim Meng Sinohope Group បានរំលោភទៅលើកិច្ចសន្យា ហើយកាលពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១០ ក្រុមហ៊ុនបានយកសម្ភារៈយោធាទៅដឹកជញ្ផូនរ៉ែស្ពាន់ជាង៣០តោនចេញពីកំពង់ផែរាម ដោយមិនបានប្រាប់ក្រុមហ៊ុន HongTong Resourcesឲ្យដឹងជាមុន។
«មិនត្រូវយកយោធាមកបម្រើរឿងពាណិជ្ជកម្មឯកជន។ ទីពីរ យើងសួរថា តើការចូលតាមកំពង់ផែ រាម និងយកសម្ភារៈយោធាទៅអញ្ចឹង តើពន្ធរដ្ឋបាត់ឬទេ? តើមានបានបង់ពន្ធរដ្ឋទេ? តើមានទំនិញអ្វីខ្លះដែលត្រូវចេញតាមហ្នឹង? បាត់ពន្ធរដ្ឋ ហើយអត់មានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ អញ្ចឹងជាការបាត់ចំណូលរដ្ឋ»។
ក្រុមហ៊ុន Nim Meng Sinohope Group មិនអាចទំនាក់ទំនងសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ ដោយសារតែអ្នកលើកទូរស័ព្ទបាននិយាយថា «ទូរស័ព្ទច្រឡំលេខ»។
«បងច្រឡំលេខហើយបង។ ឥឡូវចង់ដឹងពីណាឲ្យលេខបង»។
យោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យ ដឹងថា លោកណឹម ធី អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Nim Meng Sinohope Group ត្រូវបានដកស្រង់សំដីមកថា ដៃគូក្រុមហ៊ុនរបស់លោកមិនបានគោរពកិច្ចព្រមព្រៀងទេ៕