នៅពេលមានការរាតត្បាតវីរុសកូរ៉ូណាកាលពីគ្រាដំបូង ចិនព្យាយាមបំបិទព័ត៌មានពីការរាតត្បាតយ៉ាងលឿននៃវីរុសនេះ ដោយចាប់ឃុំខ្លួនបុគ្គលណាដែលហ៊ាននិយាយពីរឿងនេះជាសាធារណៈ។ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់មក ខណៈការរាតត្បាតជំងឺបានបង្កផលប៉ះពាល់មកលើមនុស្ស និងសេដ្ឋកិច្ចទូទាំងពិភពលោក រដ្ឋាភិបាលក្រុងប៉េកាំងស្វះស្វែងកែប្រែការយល់ឃើញជាសាធារណៈមកលើខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយបរទេស។ នេះបើយោងទៅតាមការស្រាវជ្រាវមួយចុះផ្សាយកាលពីថ្ងៃទី១២ខែឧសភាដោយសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (IFJ)។
ការស្ទង់មតិលើសហជីពអ្នកសារព័ត៌មានចំនួន៥៤នៅក្នុងបណ្តាប្រទេសចំនួន៥០ បានរកឃើញការកើនឡើងនូវចំនួនប្រទេស ដែលរាយការណ៍ពីវត្តមានរបស់ចិន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន រវាង៦៤ភាគរយ ទៅ៧៦ភាគរយ ក្នុងរយៈពេលមួយឆ្នាំ។ សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិក៏បានរកឃើញថា នៅតាមបណ្តាប្រទេសដែលចិនបានផ្តល់ជំនួយ និងការហ្វឹកហ្វឺនដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ភាគច្រើននិយាយថា ការផ្សព្វផ្សាយពីរដ្ឋាភិបាលក្រុងប៉េកាំងស្ថិតនៅក្រោមរូបភាពវិជ្ជមាន។
លោក Jeremy Dear អគ្គលេខាធិការរងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ បានថ្លែងប្រាប់ VOA ថា៖ «រឿងពាក់ព័ន្ធនឹងវីរុសកូរ៉ូណានៅក្នុងរយៈពេល១២ខែកន្លងមកនេះ ត្រូវបានរដ្ឋាភិបាលចិនប្រើប្រាស់ដោយជោគជ័យ ដើម្បីបង្កើតជារូបភាពវិជ្ជមានជាងមុនមួយពីប្រទេសចិន នៅតាមបណ្តាប្រទេសមួយចំនួន»។
អ្នកឆ្លើយតបនឹងការស្ទង់មតិត្រូវបានស្នើឲ្យចាត់ចំណាត់ថ្នាក់ពីលេខ១ រហូតដល់១០ ជុំវិញការផ្សព្វផ្សាយព័ត៌មានអំពីប្រទេសចិន ដោយលេខ១ ស្ថិតក្នុងចំណាត់ថ្នាក់អវិជ្ជមានបំផុត និងលេខ១០ វិជ្ជមានបំផុត។ ការស្ទង់មតិបានរកឃើញថា ទ្វីបដែលការផ្សព្វផ្សាយអំពីចិនមានការផ្លាស់ប្តូរវិជ្ជមានច្រើនជាងគេគឺ អឺរ៉ុប ដោយទទួលបានពិន្ទុ ៦.៣ ខណៈទ្វីបអាមេរិកខាងជើងឃើញមានការប្រែប្រួលអវិជ្ជមានជាងគេ ដោយទទួលបានពិន្ទុ ៣.៥។
ឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានយល់ឃើញជាវិជ្ជមានភាគច្រើននៅទ្វីបអាហ្វ្រិក ដែលពាក់កណ្តាលនៃអ្នកឆ្លើយតបនឹងការស្ទង់មតិពណ៌នាថា ឥទ្ធិពលនេះមានប្រយោជន៍ ហើយប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលឆ្លើយតបនឹងការស្ទង់មតិ បានរាយការណ៍ពីវត្តមានរបស់ចិននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។
លោក Dear និយាយថា ចិន«កំពុងតែប្រឹងប្រែង និងប្រើប្រាស់ធនធានផ្សេងៗកាន់តែច្រើនឡើង ដើម្បីព្យាយាមកែប្រែការយល់ឃើញអំពីខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ» ដោយរួមមាន ការដាក់សម្ពាធពីអគ្គរដ្ឋទូត និងប្រេសិត ការផ្តល់ការហ្វឹកហ្វឺនផ្នែកប្រព័ន្ធផ្សព្វផ្សាយ ឬផ្តល់កិច្ចសន្យាការងារដែលមានប្រាក់ចំណូលដ៏ទាក់ទាញ និងការអនុញ្ញាតឲ្យប្រើប្រាស់ព័ត៌មានដោយសេរីសម្រាប់បណ្តាញផ្សព្វផ្សាយដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច។ ការធ្លាក់ចុះចំណូលពីការផ្សាយពាណិជ្ជកម្មអំឡុងពេលការរាតត្បាតជំងឺកាន់តែធ្វើឲ្យបណ្តាញផ្សព្វផ្សាយផ្សេងៗនៅលើសាកលលោករួមតូច។
ស្របពេលដូចគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំងស្វះស្វែងដាក់កំហិតលើប្រព័ន្ធផ្សព្វផ្សាយបរទេសនៅខាងក្នុងប្រទេសចិន ដោយបដិសេធមិនផ្តល់ទិដ្ឋាការទៅឲ្យអ្នកសារព័ត៌មាន ឬបណ្តេញអ្នកសារព័ត៌មានចេញពីប្រទេស។ ចំណាត់ការនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការដាក់កំហិតលើទិដ្ឋាការពីសំណាក់សហរដ្ឋអាមេរិកមកលើបុគ្គលិកបណ្តាញផ្សព្វផ្សាយរបស់រដ្ឋចិនចំនួន៥ ដែលរួមមាន ទីភ្នាក់ងារសារព័ត៌មាន Xinhua ផងដែរ ហើយនិយ័តករបណ្តាញផ្សព្វផ្សាយនៅអង់គ្លេសឈ្មោះកាត់ថា Ofcom បានដកចេញនូវបណ្តាញផ្សព្វផ្សាយតាមទូរទស្សន៍ CGTN របស់រដ្ឋចិន ដោយនិយាយថា អ្នកកាន់អាជ្ញាបណ្ណសម្រាប់បណ្តាញផ្សព្វផ្សាយនេះមិនមានទំនួលខុសត្រូវផ្នែកការផ្សាយខ្លឹមសារលើបណ្តាញផ្សព្វផ្សាយនេះ។ និយ័តករ Ofcom របស់អង់គ្លេសមានតួនាទីត្រួតពិនិត្យលើការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងវីដេអូបញ្ជាទិញ ក៏ដូចជា ប្រព័ន្ធទូរស័ព្ទអចល័ត និងចល័តផងដែរ។
លោក Dear បានថ្លែងថា៖ «ទោះបីជាពេលខ្លះមានការប៉ុនប៉ងពីចិនដើម្បីជះឥទ្ធិពលមកលើប្រព័ន្ធផ្សព្វផ្សាយលើសាកលលោកក៏ដោយ ក៏ការប៉ុនប៉ងទាំងនោះមានគោលបំណងចម្បងគឺព្យាយាមជំរុញការកើនឡើងនូវអំណាចផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ចិន (ដោយរៀបរាប់) ពីរឿងរ៉ាវមួយ ដោយសំដៅចំៗមកលើរដ្ឋាភិបាលចិន»។
ក្រសួងការបរទេសចិនបានការពារការពង្រឹងការឈោងចាប់របស់រដ្ឋាភិបាលចិនតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១១ ខែឧសភា។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ក្នុងឋានៈជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់ទីពីរនៅលើសាកលលោក និងជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេបង្អស់ «ពិតណាស់យើងត្រូវមាន ហើយយើងត្រូវទទួលបាន» កន្លែងមួយនៅក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ»។
លោកស្រី Hua បានបន្តថា៖ «សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមរយៈការផ្សព្វផ្សាយព័ត៌មានខុសពីការពិតលើប្រទេសចិនក្រោមបរិក្ខារសេរីភាពប្រព័ន្ធផ្សព្វផ្សាយ» ដោយបន្ថែមថា ចិនមិនដែលចាត់គោលដៅវាយប្រហារលើបណ្តាប្រទេសដទៃទៀតនោះទេ។
លោកស្រី Hua បានកត់សម្គាល់ថា សហរដ្ឋអាមេរិក «បានអនុម័តថវិកា៣០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បី «ទប់ទល់នឹងឥទ្ធិពលអាក្រក់របស់គណបក្សកុម្មុយនីស្តចិននៅលើសកលលោក»។ លោកស្រី Hua បានសំដៅទៅសេចក្តីស្នើច្បាប់ស្តីពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រឆ្នាំ២០២១ ដែលព្រឹទ្ធសភាអាមេរិកតាក់តែងឡើង «ដើម្បីដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធសាធារណរដ្ឋប្រជាមានិតចិន»។
ទោះបីយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានសំដៅទៅភាពខុសគ្នារវាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដូចជាព័ត៌មាន CGTN និងប្រព័ន្ធផ្សព្វផ្សាយឧបត្ថម្ភដោយរដ្ឋាភិបាល ប៉ុន្តែមានឯករាជ្យភាពផ្នែកខ្លឹមសារដូចជា ទីភ្នាក់ងារព័ត៌មាន BBC របស់ចក្រភពអង់គ្លេស និង Deutsche Welle របស់អាល្លឺម៉ង់។ ទីភ្នាក់ងារសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក VOA និងបណ្តាញដៃគូផ្សេងៗរបស់ខ្លួនរួមមាន វិទ្យុអឺរ៉ុបសេរី ឬវិទ្យុសេរីភាព (RFE/RL) ត្រូវបានឧបត្ថម្ភដោយសភាអាមេរិក ប៉ុន្តែត្រូវបានផ្តល់ឯករាជ្យភាពផ្នែកផ្សាយពីការលូកដៃចូលផ្នែកនយោបាយណាមួយ។
លោក Dear បានថ្លែងថា ប្រទេសទាំងអស់នឹងត្រូវ «ប្រើឥទ្ធិពលផ្នែកបញ្ចុះបញ្ចូលក្នុងកម្រិតណាមួយ ដែលភាគច្រើនមានតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គោលជំហរនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួននៅលើពិភពលោក។ នេះជាអ្វីដែលចិនកំពុងធ្វើ ហើយជាការឆ្លុះបញ្ចាំងពីការកើនឡើងនូវអំណាចផ្នែកសេដ្ឋកិច្ច និងនយោបាយ»។
លោក Dan Garrett អតីតអ្នកវិភាគផ្នែកស៊ើបការណ៍នៅក្រសួងការពារជាតិអាមេរិកបានថ្លែងប្រាប់ VOA ថាការរាតត្បាតជំងឺជាសាកលបានផ្តល់ឱកាសឲ្យរដ្ឋាភិបាលក្រុងប៉េកាំង «ផ្សព្វផ្សាយលើកកម្ពស់ពីប្រព័ន្ធសង្គមនិយម និងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តថាមានឧត្តមភាពជាងប្រព័ន្ធប្រជាធិបតេយ្យ តម្លៃជាសាកល និងសេរីភាព របស់បស្ចិមលោក»។
លោកបានបន្ថែមថា៖ «អ្នកអាចឃើញយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមួយបែបពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង ដែលមានគោលដៅបន្ទាបជំនឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោកថា លម្អៀង រើសអើងពូជសាសន៍ និងប្រឆាំងចិន»។
នៅក្នុងប្រទេសទាំងអស់លើកលែងតែបីប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងការស្រាវជ្រាវរបស់សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ចិនបានផ្តល់ជំនួយចំពោះវិបត្តិរាតត្បាតជំងឺ គ្រឿងប្រដាប់ផ្នែកសុខាភិបាល និងគ្រឿងសម្ភារៈការពារខ្លួន។ របាយការណ៍របស់សហព័ន្ធរកឃើញថា ជារឿយៗ គ្រឿងសម្ភារៈផ្គត់ផ្គង់ដែលត្រូវបានពណ៌នាក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាជាការឧបត្ថម្ភដោយរដ្ឋាភិបាលក្រុងប៉េកាំង គឺត្រូវបានទិញពីចិនដោយរដ្ឋាភិបាលប្រទេសនានា។
នៅប្រទេសស៊ែប៊ី រដ្ឋាភិបាលបានសម្របខ្លួនជាមួយចិន ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំងបានគាំទ្រខ្លួនអំឡុងពេលជម្លោះកូសូវ៉ូកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ និងការទម្លាក់គ្រាប់បែកដោយអង្គការអូតង់ទៅលើទីតាំងឈរជើងរបស់ស៊ែប៊ីក្នុងខេត្តកូសូវ៉ូ នៃប្រទេសយូហ្គោស្លាវី។
របាយការណ៍របស់សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិបានលើកឡើងថា កាលពីគ្រាដើមនៃវិបត្តិការរាតត្បាតជំងឺ រដ្ឋមន្ត្រីការបរទេសស៊ែប៊ីលោក Ivica Dacic បានធ្វើទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង ដោយនិយាយថា៖ «អ្នកមិនខ្លាចគ្រាប់បែករបស់អង្គការអូតង់ទេ។ ដំណើរទស្សនកិច្ចរបស់ខ្ញុំបង្ហាញថា យើងមិនខ្លាចវីរុសនេះនោះទេ»។
ចិនក៏បានផ្តល់គ្រឿងសម្ភារៈ និងវ៉ាក់សាំងមួយភាគធំទៅឲ្យប្រទេសស៊ែប៊ីផងដែរ។ កាលពីខែមេសា នាយករដ្ឋមន្ត្រីស៊ែប៊ីលោកស្រី Ana Brnabic បាននិយាយថាប្រទេសសែប៊ីបានទទួលវ៉ាក់សាំង Sinopharm ផលិតនៅចិនចំនួនប្រមាណ ២,៥ លានដូស និងវ៉ាក់សាំងតិចជាងមួយលានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងដទៃទៀតសរុបចូលគ្នា។
លោក Dinko Gruhonjic ការីនិពន្ធនាយកនៃស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ VOICE របស់ស៊ែប៊ី និងជានាយកផ្នែកកម្មវិធីនៃសមាគមអ្នកសារព័ត៌មានឯករាជ្យ Vojvodina បាននិយាយថា ឥទ្ធិពលរបស់ចិន និងការគាំទ្រពីក្រោយដោយរដ្ឋាភិបាលក្រុងប៊ែលក្រាដ «គឺមានដោយឥតសង្ស័យឡើយ»។
លោក Gruhonjic បានថ្លែងប្រាប់VOAថា៖ «និយាយឲ្យស្រួលទៅគឺជាការឃោសនាផ្លូវការមួយ ដែលអះអាងថា សហភាពអឺរ៉ុប និងបស្ចិមលោកបានបោះបង់ចោលស៊ែប៊ីនៅពេលចាំបាច់។ ហើយប្រទេសនេះអាចនឹងដួលរលំប្រសិនបើមិនមានជំនួយពី«បងប្អូនចិន» ដែលផ្តល់សម្ភារៈផ្នែកអនាម័យ វ៉ាក់សាំង និងជំនួយជាមធ្យោបាយដទៃទៀត»។
លោកបានបន្តថា៖ «នេះជាភាសាដែលគេនិយាយនៅតាមប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលភាគច្រើន ហើយផ្ទាំងបាណូធំៗត្រូវបានដាក់ជុំវិញក្រុងប៊ែលក្រាដដើម្បីបង្ហាញពីមិត្តភាពរវាងប្រជាជនស៊ែប និងប្រជាជនចិន»។
ផ្ទាំងប៉ាណូបានដាក់បង្ហាញឡើងនៅក្រុងប៊ែលក្រាដកាលពីឆ្នាំមុន ដោយសរសេរថា៖ «សូមថ្លែងអំណរគុណ បង Xi»។ ផ្ទាំងប៉ាណូទាំងនោះត្រូវបានឧបត្ថម្ភដោយកាសែតគាំទ្រដោយរដ្ឋ។ នេះបើយោងតាមវិទ្យុអឺរ៉ុបសេរី។
សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិរាយការណ៍ថា រដ្ឋាភិបាលស៊ែប៊ីជាម្ចាស់កម្មសិទ្ធិ ឬគ្រប់គ្រងសឹងតែគ្រប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេស។
លោក Gruhonjic បាននិយាយថា៖ «សាធារណជនស៊ែបទទួលយកការភាសាតាមការផ្សព្វផ្សាយ និងការឃោសនាទាំងនោះ។ ពួកគេភាគច្រើនទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងបណ្តាញផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាល ហើយត្រូវបានបញ្ចុះបញ្ចូលថា សម្ព័ន្ធមិត្តរបស់ស៊ែប៊ីគឺនៅភាគបូព៌ានៃពិភពលោក ហើយសត្រូវគឺនៅបស្ចិមលោក»។
ក្រៅពីកត់សម្គាល់ពីកំណើនវត្តមានចិននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ជាង៨០ភាគរយនៃបណ្តាញផ្សព្វផ្សាយដែលត្រូវបានស្ទង់មតិទូទាំងពិភពលោកបានបង្ហាញការព្រួយបារម្ភជុំវិញការផ្តល់ព័ត៌មានខុសពីការពិតតាមផ្សព្វផ្សាយក្នុងស្រុក។
លោក Garrett ប្រចាំនៅអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Securing Tianxia បាននិយាយថា ចិន រុស្ស៊ី និងប្រទេសដទៃទៀត «ពឹងផ្អែកលើភាពអសមត្ថភាពរបស់ពលរដ្ឋជាបុគ្គល និងអ្នកអានព័ត៌មាន ឬកង្វះខាតពេលវេលាគ្រប់គ្រាន់ក្នុងការវាយតម្លៃលើប្រភពផ្សព្វផ្សាយព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីអាចដឹងរឿងរ៉ាវពេញលេញពីប្រភពផ្សេងគ្នា»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា នេះជាបញ្ហាប្រឈមខ្លាំងមួយសម្រាប់អ្នកទទួលព័ត៌មានជាមធ្យម»។
របាយការណ៍របស់សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិបានរកឃើញថា ឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានមើលក្នុងរូបភាពវិជ្ជមាននៅអាហ្វ្រិកជាងបណ្តាទ្វីបណាទាំងអស់។
ចិនបានផ្តល់ជាខ្លឹមសារព័ត៌មានសម្រាប់ផ្សព្វផ្សាយ ការហ្វឹកហ្វឺន និងធនធានផ្សេងៗទៅឲ្យប្រទេសជាច្រើននៅអាហ្វ្រិក ជាទីដែលបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច។
លោក Eric Oduor អគ្គលេខាធិការនៃសហជីពអ្នកសារព័ត៌មានកេនយ៉ា បានថ្លែងប្រាប់VOAថា៖ «ចិនពិតជាវិនិយោគយ៉ាងខ្លាំងក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅអាហ្វ្រិក ហើយជាពិសេសនៅកេនយ៉ា ដើម្បីពួកគេអាចមានស្ថាប័នផ្សព្វផ្សាយពីរឿងរ៉ាវពាក់ព័ន្ធនឹងប្រទេសចិន»។
របាយការណ៍កាលពីគ្រាមុន ដោយសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិបានរកឃើញថា នៅប្រទេសកេនយ៉ា ភាគច្រើននៃបណ្តាញផ្សព្វផ្សាយធំៗមានកិច្ចព្រមព្រៀងចែករំលែកព័ត៌មានរវាងគ្នា រួមមានទាំងបណ្តាញផ្សព្វផ្សាយ Kenya Broadcasting Cooperation ផងដែរ ដែលមានបន្ទប់ស្ទូឌីយោដ៏ប្រណីតទាន់សម័យក្រោមការឧបត្ថម្ភរបស់ចិន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន CGTN និង Xinhua មានទីស្នាក់ការកណ្តាលក្នុងក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ជាទីដែលបណ្តាញផ្សព្វផ្សាយទាំងពីរនេះបានបង្កើត និងចែករំលែកព័ត៌មានជាមួយនឹងបណ្តាញផ្សព្វផ្សាយក្នុងស្រុក។
លោក Oduor បាននិយាយថា៖ «ខ្ញុំមិនជឿថា មានការរំពឹងណាមួយ ដែលក្រុមអ្នកសារព័ត៌មានត្រូវគោរពតាមនោះទេ»។ នៅពេលមន្ត្រីចិននានាមកប្រទេសកេនយ៉ា ដូចជាអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping «ពួកគេព្យាយាមបញ្ចុះបញ្ចូល និងធ្វើការជាមួយនឹងក្រុមអ្នកសារព័ត៌មាន ក៏ដូចជាអ្នកចាត់ចែងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដើម្បីឲ្យពួកគេទទួលបានកន្លែងផ្សាយព័ត៌មានខ្លួនឯង»។
អ្នកស្រី Maria Repnikova ជាសាស្ត្រាចារ្យជំនួយផ្នែកគមនាគមន៍សាកលនៅសាកលវិទ្យាល័យ Georgia State University ជាទីដែលអ្នកស្រីផ្តោតលើគមនាគមន៍ផ្នែកនយោបាយរបស់ចិន រួមមាន សារព័ត៌មានបែបរិះគន់ ការឃោសនា ហើយនាពេលថ្មីនេះ យុទ្ធនាការប្រើប្រាស់ឥទ្ធិពលទាក់ទាញរបស់ចិននៅប្រទេសអេត្យូពី។
អ្នកស្រីបាននិយាយថា ការព្យាយាមរបស់ចិនដើម្បីជះឥទ្ធិពលមកលើប្រព័ន្ធផ្សព្វផ្សាយមិនមានអ្វីថ្មីនោះទេ ប៉ុន្តែរឿងសំខាន់គឺកំណត់នូវគោលបំណងនៃការព្យាយាមនោះ។
អ្នកស្រី Repnikova បានថ្លែងថា៖ «(ចិន) គឺជាសំឡេងយ៉ាងសំខាន់ និងមានឥទ្ធិពលមួយ ប៉ុន្តែមិនមែនមានន័យថា សំឡេងនេះមិនគួរមិនត្រូវស្តាប់នោះទេ។ ជារឿងសំខាន់នៅក្នុងការបែងចែករវាងបែបផែនផ្សេងគ្នានៃប្រតិបត្តិការផ្នែកព័ត៌មាន ជាពិសេសរវាងប្រតិបត្តិការបែបបង្ខិតបង្ខំ ដូចជា ការផ្សព្វផ្សាយព័ត៌មានខុសពីការពិត និងព័ត៌មានជាទូទៅដូចជា ព័ត៌មានអន្តរជាតិជាដើម»។
សម្រាប់សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ការរកឃើញរបស់ខ្លួនបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃព័ត៌មានឯករាជ្យ និងការយល់ដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការជួយជ្រោមជ្រែងអ្នកចាត់ការទូទៅផ្នែកព័ត៌មានឲ្យយល់ដឹងពីក្រមសីលធម៌នៃការទទួលបានព័ត៌មានដោយសេរីពីចិន។
លោក Dear នៃសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ បាននិយាយថា៖ «អ្វីដែលយើងកំពុងឃើញនៅទីនេះគឺជាភាសាលើកឡើងចំៗ មិនថា អំពីគម្រោងខ្សែក្រវាត់ និងផ្លូវ មិនថា អំពីវីរុសកូរ៉ូណា មិនថា អំពីជនជាតិភាគតិចអ៊ុយហ្គ័រ មិនថា អំពីសមុទ្រចិនខាងត្បូង។ ទាំងនេះជាបញ្ហាដែលមានសារៈសំខាន់ផ្នែកនយោបាយ និងសេដ្ឋកិច្ចសម្រាប់ចិន។ នេះជាហេតុផលដែលសារព័ត៌មានមានសារៈសំខាន់.. គឺមិនមែនគ្រាន់តែទទួលយកនូវអ្វីដែលរដ្ឋាភិបាលនិយាយនោះទេ។ សារព័ត៌មានគឺត្រូវចោទសួររដ្ឋាភិបាលនោះ ហើយផ្តល់ឱកាសសម្រាប់ទស្សនៈផ្សេងៗទៀត»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា