ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ចិន​ចាប់​ផ្តើម​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​សមុទ្រ​កម្ពុជា


អណ្តូង​ប្រេង​​មួយ​របស់​ក្រុមហ៊ុន CNOOC នៅ​សមុទ្រ​បូហៃ (Bohai Sea) (រូបថត​ឯកសារ)
អណ្តូង​ប្រេង​​មួយ​របស់​ក្រុមហ៊ុន CNOOC នៅ​សមុទ្រ​បូហៃ (Bohai Sea) (រូបថត​ឯកសារ)

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន​បាន​ចាប់​ផ្តើម​ជីក​អណ្តូង​ប្រេងកាត​លើក​ទី​១​នៅ​ក្នុង​ប្លុក​ F​ ក្នុង​ខែ​ធ្នូ​នេះ។

ក្រុមហ៊ុន​CNOOC ​ដែល​ជា​ក្រុមហ៊ុន​ប្រេង ​និង​ឧស្ម័ន​ចិន​ដ៏​ធំ​មួយ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​ប្លុក​ F​ នៅ​ឆ្នាំ​២០០៧​ដែល​មាន​ទំហំ​ជាង​៧.០០០​គីឡូ​ម៉ែត្រ​ការ៉េ។

លោក​ លី ហ្វានរ៉ុង (Li Fanrong) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ CNOOC ​បាន​ជម្រាប​លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ថា ក្រុមហ៊ុន​របស់​លោក​នឹង​ជីក​អណ្តូង​លើក​ទី​១​របស់​ខ្លួន​នៅ​ក្នុង​ខែ​នេះ​នៅ​ប្លុក​ F​ ដែល​ជា​ទង្វើ​មួយ​ដែល​ភាគី​ទាំង​ពីរ​និយាយ​ថា ជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​ជា​ប្រវត្តិសាស្ត្រ។ នេះ​បើ​យោង​តាម​លោក​ឯក​ ថា ​អ្នក​នាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន ​និង​ស្នើសុំ​ក្រុមហ៊ុន​ឲ្យ​ជួយ​បណ្តុះបណ្តាល​បច្ចេទេស​ជំនាញ​ផ្នែក​រុករក​ប្រេង ​និង​ឧស្ម័ន​ ដល់​មន្ត្រី​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា។

«លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ ​អាន ​បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ដំណើរការ​រុករក​ធនធាន​រ៉ែ​ប្រេងកាត ​និង​ឧស្ម័ន​ និង​ដំណើរការ​ជីក​អណ្តូង​លើក​ទី​១​របស់​ក្រុមហ៊ុន​ CNOOC ​នៅ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ CNOOC ​របស់​ចិន​មក​ធ្វើ​ការ​ជីក​អណ្តូង​លើក​ទី១​នៅ​ក្នុង​ប្លុក ​F​នេះ​ មាន​តម្លៃ​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក»។

លោក លី ហ្វានរ៉ុង បាន​យល់ព្រម​ជួយ​បណ្តុះបណ្តាល​មន្ត្រី​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ឲ្យ​យល់ដឹង​ពី​ការងារ​បច្ចេកទេស ​និង​ជំនាញ​រុករក​ប្រេងកាត។

«លោក លី ហ្វានរ៉ុង បាន​លើក​ឡើង​ថា នេះ​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ ដែល​កម្ពុជា ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ទទួល​តាមរយៈ​ការ​បង្ហាញ​នូវ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​រវាង​ប្រទេស​ទាំង​ពីរ»។

លោក​ យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី ​បាន ថ្លែង​ថា​គណបក្ស​សម ​រង្ស៊ី មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ប្រេងកាត​ និង​ការ​គ្រប់គ្រង​ចំណូល​ប្រេងកាត​នៅ​ឡើយ។

«អ្នក​ដឹកនាំ​គ្មាន​ឆន្ទៈ​នយោបាយ។ អ្នក​ដឹកនាំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហើយ។ ផល​ប្រយោជន៍​នឹង​បាន​ទៅ​ក្រុមហ៊ុន​ និង​អ្នក​ដឹកនាំ​ពុករលួយ ​ហើយ​ផលប្រយោជន៍​ធ្លាក់​មក​ដល់​ប្រជាពលរដ្ឋ​តិចតួច​បំផុត»។

លោក ម៉ម ​សម្បត្តិ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​ថ្លែង​ថា នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​អាជីវកម្ម​ប្រេង​ដែល​អាច​មាន​តម្លាភាព។

«ខ្ញុំ​គិត​ថា វា​ជា​ដំណើរការ​វិវត្តន៍​មួយ​បន្ថែម​ទៀត​ពីព្រោះ​ក្រុមហ៊ុន ​CNOOC ​នេះ​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ផល​ប៉ះពាល់​បរិស្ថាន​នៅ​ប្លុក​ F។ គេ​ដំណើរការ​នៅ​ប្លុក​F ​ហើយ​បង្ហាញ​នូវ​ទំហំ​ថវិកា​នៃ​ការរុករក​ប្រេង ​និង​ឧស្ម័ន​នៅ​ប្លុក​F ។ នេះ​គឺ​ជា​សក្តានុពល​មួយ​ផ្សេង​ទៀត ​សម្រាប់​ការ​វិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ម្ពុជា»។

កម្ពុជា​មាន​ប្លុក​សម្រាប់​រុករក​ប្រេងកាត​ និង​ឧស្ម័ន​ចំនួន​ប្រាំមួយ​កន្លែង​នៅ​ក្នុង​សមុទ្រ​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​ រុស្សី ​អាមេរិក​ បារាំង​ និង​ជប៉ុន។

XS
SM
MD
LG