ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​កសាង​ក្រុមឧទ្ទាមវ៉ាដើម្បីទប់ស្កាត់​​​ក្រុម​យោធា​ភូមានិង​រក្សា​ឥទ្ធិពល


កងយោធាភូមានៅភាគឦសាន​នៃ​រដ្ឋ​ស្សាន (Shan)។
កងយោធាភូមានៅភាគឦសាន​នៃ​រដ្ឋ​ស្សាន (Shan)។
ដោយ Daniel Schearf
ខណៈដែល​កងយោធា​របស់​ប្រទេស​ភូមា(Burma) បង្កើន​ការ​ប្រយុទ្ធ​ជាមួយក្រុម​ឧទ្ទាមកាជិន (Kachin) នៅតាម​បណ្តោយ​ព្រំដែន​ជាមួយប្រទេស​ចិន ក្រុម​អ្នកវិភាគ​ផ្នែក​សន្តិសុខ​និយាយ​ថា រដ្ឋាភិបាល​ទីក្រុងប៉េកាំង (Beijing) បាន​កំពុងលក់​អាវុធ​ទំនើប​យ៉ាង​សម្ងាត់​ទៅឱ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ផ្សេងទៀត​នៅតាម​បណ្តោយព្រំដែន​របស់​ខ្លួន គឺកងយោធា​រួបរួម​រដ្ឋ​វ៉ា (the United Wa State Army)។ វ៉ា គឺជា​ក្រុមជីវពល​ធំជាងគេ​បង្អស់​នៅភូមា និង​ត្រូវ​បានចាត់ទុកថាជាបណ្តាញជួញដូរថ្នាំ​ណាកូទិក​ធំជាងគេ​បង្អស់​នៅ​តំបន់អាស៊ីអគ្នេយ៍។
ការវាយប្រហារ​យោធា​តាមផ្លូវ​អាកាស និង​ការវាយប្រហារ​ដោយ​កាំភ្លើងត្បាល់​របស់​ភូមា​ទៅ​លើក្រុម​ឧទ្ទាមកាជិន នៅក្នុង​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ បានបង្ករ​ឱ្យមាន​ការព្រួយ​បារម្ភជា​អន្តរជាតិអំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​សន្តិភាព​របស់​រដ្ឋាភិបាល​នេះ។
ការ​ប្រយុទ្ធគ្នា​យ៉ាង​ធ្ងន់ធ្ងរ​នៅភាគ​ខាងជើង​នៃ​ប្រទេសភូមា គឺជា​ការប្រយុទ្ធដ៏អាក្រក់​បំផុត ចាប់តាំងពីមានបទឈប់បាញ់គ្នា​រយៈពេល​១៧ឆ្នាំ​ជាមួយ​កងទ័ព​គាំទ្រ​ឯករាជ្យភាព​របស់​កាជិន ត្រូវ​បាន​ដួលរលំទៅវិញ​នៅក្នុង​ឆ្នាំ​២០១១។ ប៉ុន្តែ ខណៈដែល​ប្រទេស​ចិន​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់​ផ្នែកយោធា​នៅក្នុង​រដ្ឋកាជិន ក្រុមអ្នកវិភាគ​ផ្នែក​សន្តិសុខ​និយាយថា រដ្ឋាភិបាល​ទីក្រុងប៉េកាំង បាន​កំពុង​បំពាក់​អាវុធ​យ៉ាងសម្ងាត់ទៅឱ្យ​ក្រុមឧទ្ទាម​មួយផ្សេងទៀត គឺ​កងយោធា​រួបរួម​រដ្ឋវ៉ា។
នៅក្នុង​របាយការណ៍​កាល​ពី​ខែធ្នូ​ ព្រឹត្តិប័ត្រ​ស៊ើបការសម្ងាត់​ដែលមាន​ឈ្មោះ​ថា IHS Jane’s Intelligence Review និយាយ​ថា កាលពី​ឆ្នាំ​មុន ប្រទេស​ចិនបានផ្តល់​អាវុធ​ទំនើប​ទៅឱ្យ​រដ្ឋ​វ៉ា ដើម្បី​កសាង​ប្រព័ន្ធ​ការពារ​របស់​ពួកគេ។ ការផ្តល់​ឱ្យនោះរួមមានកាំជ្រួច​បាញ់​ពីលើដី​ទៅ​លើ​អាកាស​ ហើយយ៉ាងហោចណាស់ក៏មាន​រថពាសដែក​ចំនួន​១២​គ្រឿងជាលើកដំបូង​ ដែល​របាយការណ៍​បាន​ហៅថា​ជា​«រថពាសដែកកម្ទេចរថក្រោះ»។
លោក អានថូនី ដាវីស (Anthony Davis) ដែល​ជាអ្នក​វិភាគ​អំពី​បញ្ហា​សន្តិសុខ​និង​ជាអ្នក​និពន្ធ​របាយការណ៍​នេះ ដែលមាន​មូលដ្ឋាន​នៅប្រទេស​ថៃ និយាយ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង កំពុង​ព្យាយាម​ធ្វើឱ្យមាន​តុល្យភាព​រវាង​ទំនាក់ទំនង​មិត្តភាព​ជាប្រវត្តិសាស្រ្ត​ជាមួយ​កងយោធាវ៉ា និង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាជ្ញាធរភូមា។
«ចិន​មិនអាចព្រងើយកន្តើយ​ជាមួយនឹង​កងកម្លាំង​របស់​ក្រុម​ជនជាតិ​ភាគតិច នៅតាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​បាន​ទេ។ នៅក្នុង​ពេល​ជាមួយគ្នា​នេះ ចិន​ក៏មិនអាច​ព្រងើយ​កន្តើយ​ជាមួយនឹង​រដ្ឋាភិបាល​កណ្តាល​ផងដែរ។ តើនេះ​ចង់និយាយថា ចិន​កំពុង​ផ្គត់ផ្គង់​ឧបករណ៍​ទាំងអស់​នោះ​ដោយផ្ទាល់​ឬយ៉ាងណា? ទេ មិនមែនទេ។ វា​ច្បាស់​ណាស់​ថា អ្នក​ផ្គត់ផ្គង់​ឧបករណ៍​ទាំងនោះ ត្រូវបាន​ដឹង​ទៅដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​រដ្ឋាភិបាល ប៉ុន្តែ នេះ​មិនមែន​ចង់និយាយ​ថា ពួកគេ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅក្នុង​ការផ្តល់​ហិរញ្ញវត្ថុ​នោះទេ។ ពួកគេ​ត្រូវតែ​រក្សា​នូវ​កម្រិត​នៃ​ភាព​អាចបដិសេធបាន​នៅទីនេះ។»
ក្រសួងការបរទេស​ចិន បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​ទៅលើ​របាយការណ៍របស់​ព្រិត្តប័ត្រ​ស៊ើបការសម្ងាត់ IHS Jane’s Intelligence Review នេះ​ទេ។
ក្រុម​ជនជាតិ​ភាគតិចវ៉ា គឺជា​ក្រុម​ឧទ្ទាម​ធំបំផុត​នៅក្នុង​ប្រទេស​ភូមា ដែលតាម​ការប៉ាន់ស្មាន​មានកងកម្លាំង​ប្រយុទ្ធ​ពេញម៉ោង​និង​ពាក់កណ្តាល​ម៉ោងរហូត​ដល់៣ម៉ឺន​នាក់។ ទោះបីជា​តាម​ការ​អះអាង​ថា​មាន​គោល​នយោបាយ​មិនជ្រៀតជ្រែក​របស់​ខ្លួន​យ៉ាងណាក្តី ក្រុម​អ្នកវិភាគ​ផ្នែក​យោធា​និយាយ​ថា ចិន​គឺជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ធំ​បំផុតជាយូរមកហើយ​ទៅឱ្យ​កងយោធាវ៉ា​ ទោះ​បី​ជាការ​ផ្គត់ផ្គង់​នោះ​មិន​ផ្លូវការក៏ដោយ។
កងយោធា​វ៉ា គឺជា​ក្រុម​មួយ​នៅក្នុង​ចំណោម​កងយោធា​ជនជាតិ​ភាគតិច​ជាច្រើន ដែល​ត្រូវបាន​បង្កើតឡើង​បន្ទាប់ពីការបែក​បាក់បក្ស​កុម្មុយនីស្ត​ភូមានៅក្នុង​ឆ្នាំ​១៩៨៩។
រដ្ឋាភិបាល​ទីក្រុងប៉េកាំងបាន​គាំទ្រ​ពួកកុម្មុយនីស្ត​ដោយផ្ទាល់ ហើយ​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​ឧទ្ទាម​ទាំងឡាយ ដែល​ទើប​បង្កើត​ឡើង​ថ្មី។
លោក ចូហ្ស ហ្គ័រដុន (Josh Gordon) បេក្ខជន​បណ្ឌិត​នៃ​សាកល​វិទ្យាល័យ​យ៉េល (Yale University) និយាយ​ថា ប្រទេស​ចិន​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទជាមួយកងយោធា​វ៉ា​ ដែល​និយាយ​ភាសាចិន។ លោក​និយាយ​ថា តិចឬច្រើន កងយោធាវ៉ា​គឺជា​កូនអុក​មួយ​របស់​ចិន​តែ​ប៉ុណ្ណោះ។
«អ្នក​នឹង​ប្រើប្រាស់​លុយ​ចិន ទូរស័ព្ទដៃ​ចិន អគ្គីសនី​ចិន​សម្រាប់​ផ្នែក​ដ៏ធំ ដែល​អគ្គីសនី​មាន​នៅក្នុង​តំបន់​ទីក្រុង ហើយមាន​បណ្តាញ​តភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ចិន។»
ភូមា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់ជាមួយ​កងយោធា​វ៉ា នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ហើយ​អនុញ្ញាត​ឱ្យ​ពួកគេ​គ្រប់គ្រង​ទឹកដីរបស់​ពួកគេ នៅភាគឦសាន​នៃ​រដ្ឋ​ស្សាន (Shan)។
ពួកគេ​បានប្រែក្លាយ​តំបន់នេះទៅជា​មូលដ្ឋាន​ផលិត​ថ្នាំញៀន​មេតាំហ្វេតាមីនធំជាងគេ​បង្អស់​មួយនៅទ្វីប​អាស៊ី និង​ត្រូវបាន​ចាត់ទុក​ថាជា​អង្គការ​ជួញដូរ​ថ្នាំញៀន​ធំបង្អស់​នៅក្នុង​តំបន់។ នៅក្នុង​ឆ្នាំ​២០១១ ទីភ្នាក់ងារ​ត្រួតពិនិត្យថ្នាំញៀន​សហរដ្ឋ​អាមេរិក (US Drug Enforcement Agency) បាន​ដាក់រូបភាព​របស់​លោក វៃ ស្សូអេហ៍កង (Wei Hsueh Kang) ដែល​ជា​មេដឹកនាំ​របស់​កងយោធា​វ៉ា ដែលត្រូវ​បាន​តាម​រក​ចាប់ខ្លួនបំផុត នៅក្នុង​ទីកន្លែង​កំសាន្ត​សប្បាយទាំងឡាយ​នៅក្នុង​ប្រទេស​ថៃ។
ទោះបីជា​មានការកើនឡើង​នាពេល​ថ្មីៗនេះ នៅក្នុង​ការបញ្ជូន​អាវុធ​របស់​ចិន​ទៅឱ្យ​កងយោធា​វ៉ា លោក ដាវីស និយាយ​ថា រដ្ឋាភិបាល​ទីក្រុងប៉េកាំង មិនបាន​ព្យាយាមធ្វើឱ្យមាន​អស្ថិរភាព​នៅតាមតំបន់​ព្រំដែន​នោះទេ។ លោក​និយាយ​ថា ចិន​កំពុង​ផ្ញើសារ​មួយ​ទៅឱ្យ​អាជ្ញាធរ​ភូមា កុំឱ្យ​គិត​ពី​ការប៉ុនប៉ងណាមួយ​មកលើទឹកដី​របស់​កងយោធា​វ៉ា ដូចអ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ក្នុងរដ្ឋកាជិន ដែល​នៅទីនោះ​កងយោធា​មូលដ្ឋាន​កំពុង​វាយប្រយុទ្ធ​ជាមួយកងកម្លាំង​របស់​ភូមា។
«ចិន​មិន​កំពុង​បង្កាត់​ភ្លើង​នៅភាគ​ខាងជើង​នៃ​ប្រទេស​ភូមា​នោះទេ។ ដោយ​ពង្រឹងឡើង​វិញ​នូវ​កងយោធា​វ៉ា ពួកគេ​កំពុង​ពង្រឹង​ឡើង​វិញ​នូវ​ការគំរាមកំហែង​ផ្នែក​យោធា​ដែរ។ ប្រសិន​បើអ្នក​ពេញ​ចិត្ត ពួកគេ​នឹង​ពង្រឹងសន្តិភាព​និង​ស្ថិរភាព ដែល​បាន​កើត​មាន​ឡើងនៅ​ក្នុងរយៈពេល​២០ឆ្នាំ​ចុងក្រោយ​នេះ ដែលមានលក្ខណៈអំណោយផល​ដល់​ប្រទេស​ចិន។»
នៅក្នុង​អំឡុងពេលប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​នៃ​ការគ្រប់គ្រង​ដោយ​ក្រុម​យោធា និង​ទណ្ឌកម្ម​ពី​បស្ចិម​ប្រទេស ប្រទេស​ចិន​មានឥទ្ធិពល​យ៉ាងធំធេង​ទៅលើ​ប្រទេស​ភូមា​និង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នេះ។
ប៉ុន្តែ ចាប់​តាំង​ពី លោក ថេន សេន (Thein Sein) ប្រធានាធិបតី​និយម​គំនិតកែទម្រង់​ចូលកាន់តំណែង​មក​ ​ការដាក់ទណ្ឌកម្ម​ត្រូវបាន​បញ្ឈប់ជាបណ្តោះអាសន្ន ហើយ​ឥទ្ធិពល​របស់​ចិន​កំពុងបាត់បង់​តុល្យភាព។
លោក ដេវីស និយាយ​ថា ការផ្តល់​អាវុធ​ទៅឱ្យ​កងយោធា​វ៉ា ហាក់​ដូច​ជាការឆ្លើយតប​របស់​ចិន​ ចំពោះការកែប្រែនយោបាយ​របស់​ខ្លួន។
លោក យី ទូត (Ye Htut) គឺជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ភូមា។ លោក​បាន​បដិសេធ​មិនធ្វើអត្ថាធិប្បាយ ទៅលើ​របាយការណ៍​របស់​ព្រឹត្តប័ត្រ​ស៊ើបការសម្ងាត់​ IHS Jane’s Intelligence Review នេះទេ។
«យើង​មិនមាន​ព័ត៌មាន​ណាមួយ​អំពី​រឿង​នេះទេ។ ប៉ុន្តែ រដ្ឋាភិបាល​ចិន​បាន​ធានាអះអាងគ្រប់​ពេលចំពោះយើង​ថា ពួកគេ​នឹង​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើងទេ។ ដូច្នេះ យើង​ទទួលយក​ការធានា​អះអាងរបស់​ពួកគេ។»
នៅក្នុង​ខែនេះ ចិន​បាន​បញ្ជូន​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​មួយ​ទៅកាន់​ប្រទស​ភូមា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​តាមព្រំដែន និង​ការប្រយុទ្ធ​គ្នានៅក្នុង​រដ្ឋកាជិន។
កាសែត​ផ្លូវការឈ្មោះ ពន្លឺថ្មីនៃ​ភូមា (New Light of Myanmar) បាន​និយាយ​ថា ចិន​បាន​យល់ព្រម​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​ភូមាឡើយ​៕
ប្រែសម្រួលដោយ ឌី ខាំបូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG