ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ពិធីការ​របស់​លោក​ជា ស៊ីម​ត្រូវ​ចាប់​ខ្លួន​នៅ​ព្រំដែន​ថៃ


ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ លោក ហេង សំរិន លោក ជា ស៊ីម និង លោក ហ៊ុន សែន អង្គុយ​នៅ​ក្នុង​ពិធី​អបអរ​ខួបថ្ងៃ​៧​មករា​កាល​ពី​ឆ្នាំ​២០១០។
ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ លោក ហេង សំរិន លោក ជា ស៊ីម និង លោក ហ៊ុន សែន អង្គុយ​នៅ​ក្នុង​ពិធី​អបអរ​ខួបថ្ងៃ​៧​មករា​កាល​ពី​ឆ្នាំ​២០១០។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ប្រធាន​ពិធីការ​ផ្ទាល់​របស់​លោក ​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា​ អំពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ និង​បទ​ឆបោក​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​រង់​ចាំ​ការជំនុំ​ជម្រះ​ទោស។

លោក​ស្រី ​ផេង ​គន្ធាបូរី​ អាយុ​៥៦​ឆ្នាំ ​ប្រធាន​ពិធីការ​របស់​លោក​ ជា ​ស៊ីម ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​នគរបាល​ អន្តោប្រវេសន៍​នៅ​ច្រក​ឆ្លង​កាត់​ព្រំដែន​ចាំយាម​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​លោក​ស្រី​ កំពុង​ព្យាយាម​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។

លោក​ គួយ ​ធន់ណា ​មេធាវី​ការពារ​ក្តី​របស់​លោក​ស្រី ​ផេង គន្ធាបូរី​ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​តុលាការក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ និង​ឆបោក។

«នៅ​ម៉ោង​ពីរ​កន្លះ​នេះ ​ខ្ញុំ​បាន​ទៅ​ជួប​កូន​ក្តី​របស់​ខ្ញុំ​ នៅ​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​ឲ្យ​លោក​ជំទាវ​ពឹង​ពាក់​ខ្ញុំ​ជា​មេធាវី។ ​រហូត​មក​ដល់​ពេល​នេះ ​ខ្ញុំ​មិន​ទាន់​បាន​មើល​សំណុំរឿង​ឯកសារ​ ដែល​លោក​ព្រះរាជអាជ្ញា​ចោទ​កូន​ក្តី​ខ្ញុំ​ទេ។ ប៉ុន្តែ​តាម​កូន​ក្តី​ខ្ញុំ​ប្រាប់​ គេ​ចោទ​ពី​បទ​ក្លែង​ឯកសារ​ និង​ឆបោក»។

លោក​ ខេង ​ទីតូ ​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជាក់​ថា​ ការចាប់​ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​ដោយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ តាម​ដីកា​របស់​លោក​ ជា ​សុខហៀង ​ព្រះរាជអាជ្ញា​អម​តុលាការ​ក្រុង​ភ្នំពេញ។

«យើង​បាន​ចាប់​បញ្ជូន​លោក​ជំទាវ​ មក​តុលាការ​កាល​ពី​ម្សិលមិញ​ ហើយ​នៅ​យប់​មិញ​ តុលាការ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ជំទាវ​ហ្នឹង​ នៅ​ពន្ធនាគារ​ព្រៃ​ស។​ ជា​ធម្មតា​ គេ​ចោទ​ហើយ ​ទើប​បាន​គេ​ឃុំ​ខ្លួន​ ដើម្បី​រង់​ចាំ​ការ​ជម្រះ​សេចក្តី»។

លោក​ព្រះរាជអាជ្ញា​ ជា ​សុខហៀង​ មិន​អាច​ធ្វើ​ទំនាក់​ទំនង​ ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​មេធាវី ​គួយ ​ធន់ណា ​បាន​បញ្ជាក់​ថា​ លោក​នឹង​ដាក់​ពាក្យ​សុំ​ធានា​លោក​ស្រី​ បូរី​ នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ធ្វើ​ការ​ស្អែក។

«ខ្ញុំ​ នឹង​ដាក់​ពាក្យ​ សុំ​ឲ្យ​លោក​ជំទាវ​ បូរី ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ធ្វើ​ការ​ស្អែក​ ហើយ​ ខ្ញុំ​ជឿ​ថា​ការដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ ខ្ញុំ​បាន​ជោគជ័យ ​ដោយ​សារ​ លោក​ជំទាវ​ជា​មនុស្ស​មាន​កិត្តិយស​ មាន​ឋានៈ​ មាន​ប្រាក់​កាស ​ហើយ​ភាព​សុច្ចរិត»។

មន្ត្រី​កងរាជ​អាវុធ​ហត្ថ​នាំ​លោក​ឧត្តមសេនីយ៍​ ឈឿន​ ចាន់ថន​ ហៅ​ ម៉ៅ​ អតីត​មេ​បញ្ជាការ​កងអង្គរក្ស​របស់​លោក​ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ចូល​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែ​សីហា​ ឆ្នាំ​២០១១ ដើម្បី​សាកសួរ​លោក​ពាក់​ព័ន្ធ​នឹង​អាវុធ​
មន្ត្រី​កងរាជ​អាវុធ​ហត្ថ​នាំ​លោក​ឧត្តមសេនីយ៍​ ឈឿន​ ចាន់ថន​ ហៅ​ ម៉ៅ​ អតីត​មេ​បញ្ជាការ​កងអង្គរក្ស​របស់​លោក​ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ចូល​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៥​ខែ​សីហា​ ឆ្នាំ​២០១១ ដើម្បី​សាកសួរ​លោក​ពាក់​ព័ន្ធ​នឹង​អាវុធ​

ការ​ចាប់​ខ្លួន ​និង​ការ​ចោទ​ប្រកាន់​លោក​ស្រី ​ផេង ​គន្ធាបូរី ​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ទី​ប្រាំ​ របស់​លោក ​ជា​ ស៊ីម ​បន្ទាប់​អតីត​ទីប្រឹក្សា​ពីរ​នាក់​របស់​លោក​គឺ​លោក​ឧត្តមសេនីយ៍​ទោ​ ចាន់ កុសល ​អាយុ​៦០​ឆ្នាំ​ និង​លោក​ឧត្តម​សេនីយ៍ទោ​ ពន្លក ហូ ​អាយុ​៥៨​ឆ្នាំ ​ព្រម​ទាំង​លោក​ ខៀវ ​បូរ៉ា​ អាយុ​៥០​ឆ្នាំ ​អតីត​សមាជិក​ខុទ្ទកាល័យ​របស់​លោក ​ជា ​ស៊ីម ​ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​បទ​ក្លែង​បន្លំ​ ឯកសារ ​និង​បទ​ឆបោក​រវាង​ពី​ថ្ងៃ​ទី​២៣ ​និង​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ​ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

កាសែត ​The Cambodian Daily ​បាន​រាយការណ៍​ថា​ ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​ការបោក​ប្រាស់​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ ពី​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​មួយ​ ដែល​ចង់​មក​វិនិយោគ​ក្នុង​ទឹកប្រាក់​ ៥០០​លាន​ដុល្លារ​អាមេរិក​ នៅ​កម្ពុជា។

លោក​ឧត្តមសេនីយ៍ទោ ​ឈឿន ​ចាន់ថន ​ប្រធាន​អង្គភាព​អង្គរក្ស​របស់​លោក ​ជា ​ស៊ីម​ ត្រូវ​បាន​ ចោទ​ប្រកាន់​ពី​ការ​មាន​លាក់ទុក​អាវុធ​ខុស​ច្បាប់ ​និង​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​កាលពីខែ​សីហា​ និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​យោធា៕

XS
SM
MD
LG