ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ជា​មុន្នី​​ឈប់​ឈរ​ឈ្មោះ​ជា​មេ​ដឹក​នាំ​សហជីព​ដោយ​សារ​ហេតុ​ផល​សុខ​ភាព


បន្ទាប់​ពី​ធ្វើ​ជា​ប្រធាន​សហជីព​កម្មករ​អស់​រយៈ​ពេល​ជាង​៦​ឆ្នាំ​ លោក​ជា​ មុន្នី ​បាន​ប្រកាស​ថា ​លោកអត់​ឈរ​ឈ្មោះ​ជា​មេដឹក​នាំ​សហ​ជីព​អណត្តិ​ក្រោយ​ទៀត​ទេ ​ដោយ​សារ​ហេតុ​ផល​សុខភាព។​ ក៏​ប៉ុន្តែ​ក្រុម​កម្មករ​ចង់​ឱ្យ​លោក​ជា ​មុន្នី ​បន្ត​ជា​មេ​ដឹក​នាំ​កម្មករ​ត​ទៅ​ទៀត​ប្រយោជន៍​ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ដល់​ក្រុម​កម្មករ។

លោក​ ហេង​ រស្មី ​រាយ​ការណ៍​ជូន​ដូច​ត​ទៅ៖

លោក​ជា​ មុន្នី ​មេដឹក​នាំ​សហ​ជីព​សេរី​កម្មករ​ ដែល​បាន​បន្ត​វេន​ពី​លោក​ ជា​ វិជ្ជា ​បង​ប្រុស​បង្កើត​របស់​លោក​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤​នោះ​ ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ប្រកាសជា​សាធារណៈ​ថា ​លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​ប្រធាន​សហ​ជីព​សេរី​កម្មករ​ត​ទៅ​ទៀត​ទេ​ ដោយ​សារ​ហេតុ​ផល​សុខ​ភាព។

ការ​ប្រកាស​មិន​ឈរ​ឈ្មោះ​ជា​ប្រធាន​សហ​ជីព​សេរី​កម្មករ​ក្នុង​អណ្ណត្តិ​ក្រោយ​នេះ​ បាន​បង្ក​ឲ្យ​ក្រុម​ កម្មករ​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល ​និង​ទទូច​ដល់​លោក​ជា ​មុន្នី​ ឲ្យ​ឈរ​ឈ្មោះ​ជា​មេដឹក​នាំ​សហ​ជីព​ត​ទៅ​ទៀត ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ដល់​ក្រុម​កម្មករ។

លោក​ជា ​មុន្នី​បាន​ថ្លែង​បា្រប់ ​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​ តាម​រយៈ​ទូរ​ស័ព្ទ​ពី​ស្រុក​ស្អាង​ ខេត្តកណ្តាល​មក​ថា ​លោក​បាន​ដឹក​នាំ​សហ​ជីព​សេរី​កម្មករ​នេះ​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ។​ ហើយ​ការ​ដឹក​នាំ​របស់​លោក​មិន​មាន​ការ​រីក​ចម្រើន​ទេ​ បើ​ធ្វើ​ការ​ប្រៀប​ធៀប​ជា​មួយ​នឹង​បង​ប្រុស​របស់​លោក​ គឺ​លោក​ ជា​ វិជ្ជា​ ដែលប​ញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​លោក​មិន​មាន​បំណង​ឈរ​ឈ្មោះ​ជា​ប្រធាន​សហ​ជីព​នៅ​អណត្តិ​ក្រោយ​ត​ទៅ​ទៀត​ទេ។

លោក​ ជា ​មុន្នី ​បាន​បញ្ជាក់​ទៀត​ថា ​ហេតុ​ផល​ចម្បងដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​មិន​ឈរ​ឈ្មោះនេះ​ គឺ​ដោយ​សារ​តែ​ការ​ដឹក​នាំ​មិន​មាន​ការ​រីក​ចម្រើន​ និង​មូល​ហេតុ​មូយ​ទៀត​ ដោយ​សារ​តែ​លោក​មាន​ជំងឺ​សួត​ដ៏​រ៉ាំរ៉ៃ​ តាំង​ពី​ឆ្នាំ​២០០៦​មក​ម៉្លេះ។

"ខ្ញុំ​មិន​អាច​ឈរ​យូរទេ។​ ​កាលណា​ឈរ​យូរ​ទៅ​មិន​មាន​ការ​រីក​ចម្រើន​ ហើយ​បើ​យើង​ឲ្យ​គេ​ឈរ​ម្តង​មាន​ន័យ​ថា​ អ្នក​ថ្មី​មាន​បទ​ពិសោធន៍ ​មាន​គំនិត​ថ្មី។ ​អញ្ចឹង​កិច្ច​ការ​អាច​ថ្មី ​អាច​មាន​ការ​រីក​ចម្រើន។​ អញ្ចឹង​ទិស​ដៅ​របស់​ខ្ញុំ ​ខ្ញុំ​ចង់​ឲ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​សហ​ជីព​របស់​ខ្ញុំ"។

សហ​ជីព​សេរី​កម្មករ​របស់​ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ខាង​ មុខ​នេះ​ ដើម្បី​ជ្រើស​រើស​មេ​ដឹក​នាំ​ថ្មី។​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​សហ​ជីព​សេរី​កម្មករ​ បាន​ឲ្យ​ដឹង​ថា ​ទំនងជា​លោក ​រ៉ុង ឈុន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ទី​ប្រឹក្សា​របស់​សហ​ជីព​សេរី​កម្មករ​នោះ ​គ្រោង​នឹង​ឈរ​ឈ្មោះ​ជំនួស​លោក​ ជា មុន្នី។

លោក​រ៉ុង ​ឈុន​បាន​មាន​ប្រសាសន៍​ថា ​លោក​នៅ​តែ​គាំទ្រ​លោក ​ជា មុន្នី​ឲ្យ​បន្ត​ឈរ​ឈ្មោះ​ជា​ ប្រធាន​សហ​ជីព​ត​ទៅ​ទៀត។

លោក​រ៉ុង ​ឈុន ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​បើ​លោក​ ជា មុន្នី ​លា​ឈប់​ជា​ប្រធាន​សហ​ជីព​សេរីកម្មករ​នោះ ​ លោក​នឹង​បាត់​បង់​ដៃ​គូ​ការ​ងារ​ដ៏​សំខាន់​មួយ​រូប។

"ខ្ញុំ​អត់​មាន​ថា​ បំណង​ទៅ​ឈរ​ដឹក​នាំ​សហ​ជីព​នោះ​ទេ។​ ប៉ុន្តែ​បើ​សិន​ជា​គ្មាន​ជម្រើស​ ​យើង​ក៏​មិន​អាច​ទុក​សហ​ជីព​ចោល​បាន​ដែរ​ ពី​ព្រោះ​សហ​ជីព​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ការ​ពារ​ លើក​ស្ទួយ​លក្ខខណ្ឌ​ការងារ​ដល់​កម្មករ ​កម្មការិនី"។

សហ​ជីព​សេរី​កម្មករ​របស់​ប្រទេស​កម្ពុជា​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ ​ឆ្នាំ​១៩៩៦​ បច្ចុប្បន្ន​ នេះ​សហ​ជីព​នេះ​បាន​គ្រប់​គ្រង​រោង​ចក្រ​ចំនួន​១១៩​រោង​ចក្រ​ដែល​មាន​សមាជិកកម្មករ​ចំនួន​៨៦០០០​នាក់។​ សហ​ជីព​សេរី​កម្មករ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការ​ពារ​សិទ្ធិ​កម្មករ​ នៅ​ពេល​ដែល​មាន​ការ​រំលោភ​សិទ្ធិ​ពី​ថៅ​កែ​រោង​ចក្រ។

កញ្ញា​ ឃុត ​ដាវឿន ​អាយុ​៣០​ឆ្នាំ​ កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ ​ដែល​មាន​ឈ្មោះ​ថា ​ចិន ណាន់​ បាន​បញ្ជាក់​ថា ​កញ្ញាពុំ​ចង់​ឲ្យ​លោក​ ជា មុន្នី ​លា​ឈប់​ពី​ការ​ងារ​ទេ។

កញ្ញា​បាន​លើក​ឡើង​ទៀត​ថា ​នៅ​ពេល​ដែល​លោក ​ជា មុន្នី ​បាន​ដឹក​នាំ​ជា​សហ​ជីព​សេរី​កម្មករ​នោះ​ បាន​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ហ៊ាន​ប្រឆាំង​នឹង​ការ​ជិះ​ជាន់​របស់​ក្រុម​ថៅ​កែ​រោង​ចក្រ។

"គាត់​គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព ​ហើយ​មាន​ឆន្ទៈ​ខ្ពស់​ទៀត។ ​អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​គាត់​នៅ​ដើរ​តួ នាទី​នឹង​រហូត ​អត់​ចង់​ឲ្យ​គាត់​ចេញ ​ ព្រោះ​អី​ពេល​ដែល​គាត់​ចេញ ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​អត់​សប្បាយ​ចិត្ត​ អត់​មាន​ដូច​ថា​ ជំនឿ​ចិត្ត​នឹង​ធ្វើ​ការ​ត​ទៅ​ទៀត​ទេ"។

ចាប់​តាំង​ពី​សហ​ជីព​សេរី​កម្មករ​របស់​ប្រទេស​កម្ពុជា​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៦​មក ​យ៉ាង​តិច​ មាន​មេ​ដឹក​នាំ​សហ​ជីព​សំខាន់ៗ​ចំនួន​៣​រូប ​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ ដែល​រួម​មាន​លោក​ជា​ វិជ្ជា​ ​ លោក​រស់ ​សុវណ្ណរ៉េត​ និង​លោក​ហ៊ី វុទ្ធី ​ ហើយ​ឃាត​កម្ម​ទាំង​៣​លើក​នេះ​ ឃាតករ​ពិត​ប្រាកដ​ពុំ​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

XS
SM
MD
LG