សមាជិកសភាគណបក្សជំទាស់ដែលទើបត្រូវរដ្ឋសភាជាតិដកហូតអភ័យឯកសិទ្ធិ បានទទូចដល់សហគមន៍ជាតិ និងអន្តរជាតិ ឲ្យត្រួតពិនិត្យមើលពីការប៉ះពាល់ដំណើការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
លោកចាន់ ចេង សមាជិកសភាគណបក្ស សម រង្ស៉ី បានថ្លែងតាមទូរស័ព្ទប្រាប់ វីអូអេផ្នែកខេមរភាសាពីកន្លែងសុវត្ថិភាពមួយថា ការព្យួរអភ័យឯកសិទ្ធិសភារបស់លោកជាការបង្ហាញពីការប៉ះពាល់ដល់កិច្ចការរបស់អ្នកតំណាងរាស្ត្រឬសមាជិកសភាក្នុងការបំពេញបេសកម្មជួយដល់ពលរដ្ឋម្ចាស់ឆ្នោត។
«ខ្ញុំសុំអំពាវនាវដល់សហគមន៍អន្តរជាតិ ដល់សហគមន៍ជាតិថា ការដកអភ័យ ឯកសិទ្ធិនេះ សុំឲ្យតាមដានយកចិត្តទុកដាក់ ព្រោះតំណាងរាស្ត្រមិនចេះតែដកបានស្រួលទេ។ បើអញ្ចឹងមិនអាចបម្រើការងារជូនប្រជាពលរដ្ឋអីបានតទៅទៀតទេព្រោះដកផុយស្រួយយ៉ាងនេះ។ អញ្ចឹងលទ្ធិប្រជាធិបតេយ្យមិនអាចទៅមុខរួចទេបាទ»។
លោកចាន់ ចេងតំណាងរាស្ត្រខេត្តកណ្តាលបានអះអាងថាប្រសិនបើតំណាងរាស្ត្រដែលប្រជាពលរដ្ឋបោះឆ្នោតជូនធ្វើការតវ៉ាឬធ្វើកិច្ចការមិនបានផងចុះទម្រាំ ប្រជាពលរដ្ឋសាមញ្ញនោះយ៉ាងណាទៅ? លោកចោទសួរហើយបានអះអាង បន្ថែមថារបបសព្វថ្ងៃនឹងក្លាយទៅជារបប«ឯកបក្ស» ដែលមានន័យថាជាការ គ្រប់គ្រងឬដឹកនាំប្រទេសដោយបក្សតែមួយ។
លោក ចាន់ ចេង ត្រូវសភាដែលសំឡេងភាគច្រើនមកពីគណបក្សប្រជាជននោះ បោះឆ្នោតព្យួរអភ័យឯកសិទ្ធិកាលពីថ្ងៃអង្គារតាមការស្នើសុំរបស់ក្រសួងយុត្តិធម៌និងព្រះរាជអាជ្ញាអមតុលាការខេត្តកណ្តាល ដើម្បីបើកផ្លូវឲ្យតុលាការកោះហៅសាកសួរឬចោទប្រកាន់ពីបទពាក់ព័ន្ធដល់ការផ្តល់មធ្យោបាយនិងជួយសម្រួល ដល់ជនត្រូវចោទម្នាក់ជាមន្ត្រីមូលដ្ឋានគណបក្ស សម រង្ស៊ី ក្នុងខេត្តកណ្តាលដែលត្រូវចោទថាពាក់ព័ន្ធនឹងទំនាស់ដីធ្លីទាក់ទង នឹងមន្ត្រីគណបក្សកាន់អំណាចឲ្យលួចរត់គេចខ្លួនកាលពីខែសីហាឆ្នាំ២០១១។
តែលោកចាន់ ចេងបដិសេធហើយចាត់ទុកថាលោកមិនដឹងថាលោកមាន កំហុសអ្វីផងទេ។ លោកពន្យល់ថាជនដែលលោកដឹកចេញពីពន្ធនាគានោះ ត្រូវមេធាវីពឹងពាក់ឲ្យលោកជូនទៅផ្ទះពេលគ្មានដីកាឃុំខ្លួនតាមច្បាប់ ។
ទោះជាយ៉ាងណាក៏ដោយ លោក ជៀម យាបសមាជិកសភាខាងគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុក្នុងរដ្ឋសភាបានអះអាង ថាការព្យួរអភ័យឯកសិទ្ធិសភាលោក ចាន់ ចេង គឺធ្វើតាមនីតិវិធីដែលស្នើពីក្រសួងយុត្តិធម៌និងតុលាការក្រោយពេលមានពាក្យបណ្តឹង។ លោកបានបន្ថែម ថា គេមិនត្រូវយករឿងនេះនិយាយពីលទ្ធិប្រជាធិបតេយ្យដើរថយក្រោយទេ។ នេះជាសិទ្ធិសម្រេចរបស់សភាទាំងមូល។
«ខ្ញុំគ្រាន់តែសុំជម្រាបថាប្រការដែលសំខាន់អ្នកតំណាងរាស្ត្រកុំធ្វើឲ្យខុស កុំឲ្យមានគេប្តឹង»។
លោកជៀម យាបបានបន្ថែមថានៅពេលមានគេប្តឹងហើយ នោះនឹងមានការ ធ្វើតាមនីតិវិធីហើយដើម្បីឲ្យតុលាការមានសិទ្ធិសាកសួរ។
«នេះជានីតិវិធីដែលរដ្ឋសភាធ្លាប់បានធ្វើជាប់ម្ភៃដងហើយក្នុងបួនអាណត្តិកន្លង មកនេះ»។
លោក ហង្ស ឆាយានាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានចាត់ទុកថាការព្យួរអភ័យឯកសិទ្ធិសភាគណបក្សជំទាស់ហាក់ដូចជាលឿន ងាយស្រួល និងមានលក្ខណៈផុយស្រួយ។ លោកថ្លែងថារឿងនេះអាចធ្វើឲ្យ មានផលប៉ះពាល់ដល់អភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជានិងដំណើរការលទ្ធិ ប្រជាធិបតេយ្យ។
«យើងគ្រាន់តែសង្ឃឹមថា ឲ្យមើលឡើងវិញដើម្បីឲ្យមានការទុកចិត្តទៅលើរាជរដ្ឋាភិបាលពីរបៀបធ្វើការងារនៅប្រទេសកម្ពុជាយើង»។
លោកបានបញ្ជាក់ថាប្រជាពលរដ្ឋមិនចង់ឃើញមានភាពភ័យខ្លាច ការចាប់ចង ចោទប្រកាន់អ្នកតំណាងរាស្ត្រកើតឡើង ដោយគ្រាន់តែបំពេញកិច្ចការងាររបស់គេនោះទេ។
សមាជិកសភាគណបក្សសម រង្ស៊ីចំនួនបីរូបផ្សេងទៀត រួមមានលោកសម រង្ស៊ី ជាប្រធាន លោកស្រីមូ សុខហួរ និង លោកហូ វ៉ាន់ ធ្លាប់ហើយនិងត្រូវបានព្យួរអភ័យឯកសិទ្ធិសភាមុនការបោះឆ្នោតនានាឈានមកដល់ ដោយសារការបំពេញកិច្ចការងាររបស់ពួកគេនិងការបញ្ចេញមតិ៕