វ៉ាស៊ីនតោនៈ សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានតែងតាំងលោក Siegfried Blunk ជនជាតិអាល្លឺម៉ង់ជាសហចៅក្រមស៊ើបអង្កេតថ្មី ជំនួស លោក Marcel Lemond ដែលបានប្រកាសលាលែងឈប់ពីមុខដំណែង កាលពីខែកញ្ញា។ នេះ បើតាមសេចក្តីប្រកាសព័ត៍មានរបស់សាលាក្តីខ្មែរក្រហម។
លោក Blunk បានបំពេញការងារជាចៅក្រមស៊ើបអង្កេតបម្រុងតាំងពីឆ្នាំ២០០៨ ក្រោយពីធ្លាប់បានបម្រើកិច្ចការជាចៅក្រមក្នុងតុលាការកូនកាត់នៃប្រទេសទីម័រ ខាងកើតដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ។ លោក Blunk បានទទួលការបណ្តុះ បណ្តាលផ្នែកច្បាប់នៅសាកលវិទ្យាល័យ Munich ហើយបច្ចុប្បន្នកំពុងសរសេរនិក្ខេបបទថ្នាក់បណ្ឌិតស្តីពីនីតិវិធីអន្តរជាតិ។ លោក Blunk ក៏ធ្លាប់ត្រូវតែងតាំង ជាព្រះរាជអាជ្ញានៅឆ្នាំ១៩៧២ និងចៅក្រមនៅឆ្នាំ១៩៧៧ ក្រៅពីធ្លាប់បម្រើការងាររយៈពេល២៦ឆ្នាំ ជាចៅក្រមលើសំណុំរឿងក្តីបណ្តឹងរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ។
បើតាមសេចក្តីប្រកាសព័ត៍មានរបស់សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាតែងតាំងលោក Siegfried Blunk ជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី សម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ សេចក្តីប្រកាសព័ត៍មានដដែលបានបន្ថែមថា លោក Blunk និងចាប់ផ្តើមធ្វើ កិច្ចការរបស់លោកពីថ្ងៃពុធ ទី១ធ្នូ ហើយលោក Laurent Kasper-Ansernet មកពីប្រទេសស្វីសត្រូវតែងតាំងជាចៅក្រមអន្តរជាតិបម្រុង។
ការចូលបម្រើការងាររបស់សហចៅក្រមស៊ើបអង្កេតថ្មីចំពេលដែលប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិស្ថិតក្នុងការប្រទាញប្រទង់គ្នារឿងចោទប្រកាន់ជនសង្ស័យ៥នាក់ថ្មី បន្ថែមទៀតជាអតីតកម្មាភិបាលខ្មែរក្រហម ដែលភាគីកម្ពុជា និងរដ្ឋាភិបាល បានជំទាស់។ លោក ឡុង បញ្ញាវុធ មន្ត្រីកម្មវិធីនៃអង្គការគំរោងយុត្តិធម៍នៅកម្ពុជាបានអះអាងថាការចូលកាន់ដំណែងរបស់លោក Blunk គឺជាការទន្ទឹងរង់ចាំ និងជាការដែលគេត្រូវតាមឃ្លាំមើលអំពីដំណើរការ ទៅមុខជាពិសេសទាក់ទងនឹងសំណុំរឿងលេខ ០០៣ និង ០០៤។
«បុគ្គលិកថ្មីមកដល់ យើងអាចនិយាយបានថាវាអាចនឹងមានល្បឿនថ្មី ឬមួយ ក៏យុទ្ធសាស្រ្តថ្មីទាក់ទងនឹងការស៊ើបអង្កេតលើសំណុំរឿង០០៣និង០០៤ ដែល យើងរង់ចាំមើលទាំងអស់គ្នា ក្រោយពេលគាត់ចាប់ពីថ្ងៃហ្នឹងទៅគឺ គាត់ធ្វើ កិច្ចការពេញសិទ្ធិនៅសាលាក្តីខ្មែរក្រហម យើងក៏ឃើញថាមាន ការរីកចម្រើនដែរ ទាក់ទងទៅនឹងផ្នែកការពារក្តី ដែលបានតែងតាំងមេធាវីជាតិម្នាក់ ឱ្យធ្វើជាមេធាវីដើម្បីការពារក្តីសំណុំរឿង០០៣ និង០០៤ តែជាការគួរឱ្យសោកស្តាយដែល សហចៅក្រមស៊ើបអង្កេតមិនទាន់សរសេរលិខិតទទួលស្គាល់ជាមេធាវី»។
លោក បញ្ញាវុធបានបន្ថែមសេចក្តីថាសំណុំរឿងលេខ០០៣ និង០០៤គួរតែ មានការរីកចម្រើនផ្នែកស៊ើបអង្កេត ដោយសារថាសហចៅក្រមស៊ើប អង្កេតពុំ មានជាប់រវល់និងសំណុំរឿងលេខ០០២ដែលត្រូវបញ្ចប់ហើយនោះ។
សាលាក្តីខ្មែរក្រហមដែលបានស៊ើបអង្កេតចប់ករណីសំណុំរឿងលេខ ០០២ ប៉ុន្មានខែមកហើយនោះ គ្រោងនឹងកាត់ទោសសំណុំរឿងលេខ ០០២ ដែលមានអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ៤នាក់ នៅដើមឆ្នាំខាងមុខពីបទឧក្រិដ្ឋកម្មសង្រ្គាម ប្រល័យពូជសាសន៍ ប្រឆាំងនឹងមនុស្សជាតិ ដែលទាក់ទងនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរជិត២លាននាក់ក្នុងទសវត្សរ៍១៩៧០។
អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមខ្លះទៀតនិយាយថាមូលហេតុពិតប្រាកដនៃការលាឈប់ពីមុខតំណែងបន្តបន្ទាប់របស់បុគ្គលិកអង្គការសហប្រជាជាតិ ជាព្រះរាជអាជ្ញា និងចៅ ក្រម មិនត្រូវគេទំលាយ ឱ្យដឹងនូវផលវិបាកយ៉ាងណាជាសាធារណៈ នោះ ហើយ ដែលជារឿងដ៏ស្មុគស្មាញ និងធ្វើឱ្យសាលាក្តីប្រឈមមុខនិងឧបសគ្គ មិនអាចរកដំណោះស្រាយសមរម្យបាន៕