ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីភិក​បាន​ព្រមព្រៀង​គ្នា​​ជំរុញ​ចលនា​សន្ដិភាព​និយម


លោក​មូសាហ៊ីត ហ៊ូសសេនសៃ​ ​​អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ម៉ូស្លីម​របស់​ប្រទេស​ប៉ាគីស្ថាន ​និង​ជា​អគ្គ​លេខាធិការ​ ICCAPP​ (ស្តាំ) និងលោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន​ក្នុង​ពិធី​ចុះ​​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ភ្នំពេញ។​
លោក​មូសាហ៊ីត ហ៊ូសសេនសៃ​ ​​អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ម៉ូស្លីម​របស់​ប្រទេស​ប៉ាគីស្ថាន ​និង​ជា​អគ្គ​លេខាធិការ​ ICCAPP​ (ស្តាំ) និងលោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន​ក្នុង​ពិធី​ចុះ​​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ភ្នំពេញ។​

ភ្នំពេញ៖ នៅ​ថ្ងៃ​នេះ​ ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីភិក​ បាន​ព្រម​ព្រៀង​គ្នា​ជំរុញ​ចលនា​សន្ដិភាព​និយម​នៅ​ក្នុង​តំបន់​ និង​ជួយ​រក្សា​សន្ដិភាព​ក្នុង​ពិភព​លោក។ ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​ចូល​រួម​ដោយ​អ្នក​តំណាង​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ រួម​ទាំង​ក្រុម​អ្នកជំនួញ​ផង​ដែរ។

ប្រទេស​ប្រមាណ​ជាង​៤០​ ​មក​ពី​តំបន់​អាស៊ីប៉ា​ស៊ីភិក​ ​បាន​ចុះ​ហត្ថ​លេខា​រួមគ្នា​នៅ​ថ្ងៃ​ពុធ​នេះ​ ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ ​ដែល​មាន​ឈ្មោះ​ថា​ ​កិច្ច​ព្រមព្រៀង​ទីក្រុង​ភ្នំពេញ​ ដើម្បី​បង្កើត​គណៈកម្មការ​សន្តិភាព​ ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ ​និង​អស្ថិរភាព​នៅ​ក្នុង​តំបន់ ​និង​ក្នុង​ភិពភ​លោក។

កិច្ច​ចុះ​ហត្ថលេខា​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​បួន​របស់​ចលនា​ប្រជាធិប​តេយ្យ​អន្តរ​ជាតិ​កណ្តាល​និយម​នៃ​តំបន់​អាស៊ីប៉ាស៊ីភិក​ ​ក្នុង​ទីក្រុង​ភ្នំពេញ។

កិច្ច​ប្រជុំ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រប​ខណ្ឌ​សន្និបាតអន្តរ​ជាតិ​ស្តីពី​គណបក្ស​នយោបាយ​ICCAPP​ ​ដែល​ចួលរួម​ដោយ​គណបក្ស​នយោបាយ​ជាង​៣០០​ ​រៀប​ចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​មូសាហ៊ីត ហ៊ូសសេនសៃ​ អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ម៉ូស្លីម​របស់​ប្រទេស​ប៉ាគីស្ថាន ​និង​ជា​អគ្គ​លេខាធិការ​ ICCAPP​ ​បាន​អាន​កិច្ច​ព្រមព្រៀង​នៃ​ប្រទេស​ទាំង​៤០​ទាំងស្រុង​ មុននឹង​ប្រទេស​ចំនួន​ប្រាំបីចុះ​ហត្ថលេខា​ជា​និមិត្តរូប។

«យើង​សូម​ប្រកាស​ការ​បង្កើត​គណៈ​កម្មការ​សន្ដិភាព​របស់​ចលនា​ប្រជាធិប​តេយ្យ​អន្តរ​ជាតិ​កណ្តាល​និយម​តំបន់​អាស៊ីប៉ាស៊ីភិក​ ​ដើម្បី​ជំរុញ​សនិ្ដភាព​ ​ស្ថិរភាព​ និង​សន្ដិសុខ​នៅ​ក្នុង​តំបន់​អាស៊ី ​ដោយ​ផ្ដួច​ផ្ដើម​គំនិត ​និង​គាំទ្រ​ការចរចា ​និង​ការ​ជជែក​គ្នា​ទាក់ទិន​នឹង​ប្រធានបទ​ក្ដៅៗ​ ​នៅ​ក្នុង​តំបន់»។

ការ​បង្កើត​គណៈកម្មការ​សន្តិភាព​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ កំពុង​តែ​កើត​ឡើង​យ៉ាងក្តៅ​គកុក​ និង​គួរឲ្យ​ព្រួយ​បារម្ភ​ ​អំ​ពីការ​រីករាល​ដាល​នៃ​សង្គ្រាម​ និង​ស្រប​ពេល​នៃ​វិបត្តិ​នុយគ្លេអ៊ែរ​ ​នៅ​ប្រទេសអ៊ីរ៉ង់​ និង​បញ្ហា​អសន្តិសុខ​នៅក្នុង​ប្រទេស​អាហ្កានីស្ថាន។

លោក​មូសាហ៊ីត ហ៊ូសសេនសៃបាន​អាន​កិច្ច​ព្រមព្រៀង​ជា​បន្ថែម​ថា​ ​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទាំងអស់​ ​គាំទ្រ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ នៅ​ក្នុង​វិបត្តិ​នុយគ្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់​ ​នៅ​ឧបទ្វីបកូរ៉េ​ និង​ដំណោះ​ស្រាយ​បញ្ហា​អសន្តិសុខ​នៅ​ប្រទេស​អាហ្គានីស្ថាន។

នៅ​ក្នុង​ចំណោម​ប្រទេស​ ​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ចលនា​ប្រជាធិប​តេយ្យ​អន្តរ​ជាតិ​កណ្តាល​និយម​ ​អាស៊ីប៉ាស៊ីភិក​ ​រួម​មាន​ប្រទេស​ចិន​ ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ប្រទេស​ឥណ្ឌូនេស៊ី​ ​ប្រទេស​រុស្ស៊ី​ ​ហ្វីលីពីន​ ​កម្ពុជា​កាហ្សាក់ស្តង់​ ​ហើយ​ក៏​អាច​មាន​ការ​ចូល​រួម​ពី​អ្នក​នយោបាយ​មក​ពី​ប្រទេស​កូរ៉េ​ខាងជើង​ផង​ដែរ។

លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរហ៊ុន សែន​បាន​ថ្លែង​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​នេះ​ថា​ ​ប្រទេស​កម្ពុជា​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​ពិភព​លោក។

«យើង​ខ្ញុំ​ពិត​ជា​ចង់​ចូល​រួម​ចំណែក​ជាមួយ​បណ្តា​បក្ស​នយោបាយ​CAPDI​ ​នេះ​ នៅក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ដោះស្រាយ​បញ្ហា​នៅ​តាម​ប្រទេស​នានា​ ​ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​ផង​ដែរ»។

សូម​បញ្ជាក់​ថា​ ​កិច្ច​ព្រមព្រៀង​របស់​ចលនា​ប្រជាធិប​តេយ្យ​អន្តរ​ជាតិ​កណ្តាល​និយម​អាស៊ីប៉ា​ស៊ីភិក​ក៏​បាន​ផ្តោត​ផង​ដែរ​ទៅ​លើ​ការ​បញ្ចៀស​ ​និង​ធ្វើឲ្យ​បរាជ័យ​នៅ​រាល់​អំពើ​ហិង្សា​ ​អំពើ​ភេរវ​កម្ម​ ​ការ​ទាត់​ចោល​នូវ​នយោបាយ​ជ្រុល​និយម​ និង​ចាប់​យក​នយោបាយ​បង្រួប​បង្រួម​ និង​យោគ​យល់​ ​ចុះ​សមុ្រង​គ្នា៕

XS
SM
MD
LG