ភ្នំពេញ៖ នៅពេលដែលរដ្ឋាភិបាលកំពុងតែបោះជំហានសន្សឹមៗឆ្ពោះទៅគ្រប់គ្រងអំពើពុករលួយដ៏ធ្ងន់ធ្ងរនោះ អ្នកកាសែតចំនួន១០នាក់ ដែលត្រូវបានគេបាញ់សម្លាប់ដោយមិនមានហេតុផលច្បាស់លាស់ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ នៅតែស្ថិតក្រោមស្រមោលនៃយុត្តិធម៌នៅឡើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទើបតែបានបង្ហាញអត្ដសញ្ញាណជនរងគ្រោះទាំងនោះលើគេហទំព័ររបស់ខ្លួនកាលពីសប្ដាហ៍មុនដោយរំពឹងថា នឹងមានការយកចិត្តទុកដាក់ឡើងវិញចំពោះភាពស្ងៀមស្ងាត់នេះ។
លោក អ៊ូ វិរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា មជ្ឈមណ្ឌលរបស់លោកចង់ឲ្យមានការប្រឹងប្រែងផ្តល់យុត្តិធម៌ទៅលើឃាតកម្មខាងលើដោយសារតែរហូតមកទល់ពេលនេះ ពុំទាន់មានជនទទួលខុសត្រូវណាម្នាក់ត្រូវចាប់ខ្លួន ហើយក៏នៅមិនមានការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះណាម្នាក់នៅឡើយទេ។
«គឺជាអ្វីមួយដែលយើងចង់កន្ដ្រាក់អារម្មណ៍សាធារណជន និងកន្រ្ដាក់អារម្មណ៍ក្រសួងពាក់ព័ន្ធក្នុងការធ្វើការស៊ើបអង្កេត សូមមេត្ដាកុំភ្លេច។ ហើយបើសិនជាក្នុងដប់ករណីយើងអត់បានរកឃើញមួយសោះ វាឆ្លុះបញ្ចាំងថា រដ្ឋាភិបាលគ្មានឆន្ទៈ ឬរដ្ឋាភិបាលគ្មានសមត្ថភាព»។
នៅក្នុងចំណោមអ្នកកាសែតទាំងនោះ មានអ្នកកាសែត ដែលមាននិន្នាការទៅរកគណបក្សជំទាស់សម រង្ស៊ី ច្រើនជាងគេ ដូចជាលោកធន ប៊ុនលី អតីតចាងហ្វាងកាសែតឧត្តមគតិខ្មែរ លោកជេត ដួងតារាវុធ អ្នកយកព័ត៌មានសម្រាប់កាសែតអ្នកប្រយុទ្ធ និងលោកឃឹម សំបូរ អ្នកយកព័ត៌មានឲ្យកាសែតមនសិការខ្មែរជាដើម។ បន្ទាប់មកគឺអ្នកកាសែតគាំទ្រគណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច និងអ្នកយកព័ត៌មានឲ្យកាសែតគាំទ្ររដ្ឋាភិបាលកោះសន្តិភាព គឺលោក សៅ ច័ន្ទតារា។
ពួកគេត្រូវបានបាញ់សម្លាប់ និងវាយប្រហារដោយគ្មានញញើតនិងដោយប្រកៀកចាប់តាំងពីឆ្នាំ១៩៩៤ ដល់ខែកក្កដា ឆ្នាំ២០០៨។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការស៊ើបអង្កេតលើករណីទាំងដប់នោះមិនទាន់ត្រូវបិទបញ្ចប់នោះទេ។
«ក្រសួងមហាផ្ទៃមិនទាន់បានបិទបញ្ជីក្នុងករណីឃាតកម្មខាងលើនោះ ដរាបណាជនល្មើសមិនទាន់ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ និងចាប់ខ្លួនបញ្ជូនទៅតុលាការ។ ហើយទន្ទឹមនឹងនេះខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតដល់គ្រួសារជនរងគ្រោះក៏ដូចជាសាក្សីឃើញផ្ទាល់ភ្នែកមេត្តាបន្ដផ្ដល់នូវព័ត៌មាន និងភស្ដុតាងផ្សេងៗ ប្រសិនបើគាត់ឃើញជាក់ស្ដែង ដើម្បីជាជំនួយបន្ថែមទៀតដល់ការស៊ើបអង្កេតរបស់សមត្ថកិច្ចរបស់យើង»។
លោក ខៀវ សុភ័គ បញ្ជាក់ថា នៅក្នុងខណៈនេះ ក្រសួងមហាផ្ទៃទើបតែបានទទួលរបាយការណ៍បឋមដែលប្រមូលបានពីកន្លែងកើតហេតុតែប៉ុណ្ណោះ។ នៅក្នុងនោះមានការកំណត់អំពីប្រភេទអាវុធ និងទំនាក់ទំនងរបស់ជនល្មើស។ លោកមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចត្រូវការពេលវេលាបន្ថែមទៀត ហើយលោកនៅតែសង្ឃឹមថា ជនល្មើសនឹងត្រូវចាប់ខ្លួន។
លោក ហម ស៊ុនរិទ្ធ នាយករងអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា លោកមិនទាន់បានឃើញការជឿនលឿនទៅមុខក្នុងការស៊ើបអង្កេតករណីខាងលើនៅឡើយទេ បើទោះបីជាមានការអះអាងថាការស៊ើបអង្កេតនៅតែបន្ដនោះ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានស្តីបន្ទោសចំពោះការមិនអើពើរបស់រដ្ឋាភិបាលទៅដល់ឃាតកម្មទាំងនោះ។
«អ្នកដឹកនាំគេមិនខ្វល់ទេ។ គេមិនចង់រកយុត្តិធម៌ជូនប្រជាពលរដ្ឋទេ ពីព្រោះគេដឹងថា វាមានអ្នកមានអំណាចនៅពីក្រោយខ្នង អ្នកសម្លាប់អ្នកកាសែត អ្នកសម្លាប់អ្នកប្រឆាំង។ យើងមានការសោកស្តាយដោយយើងមានការយល់ឃើញថា បើសិនជាយើងនៅបន្តវប្បធម៌គ្មានទោសពៃរ៍បែបនេះ យើងមិនអាចបន្តកសាងសង្គមប្រជាធិបតេយ្យមួយបានទេ»។
ផ្ទុយទៅវិញ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយតបទៅវិញថា តុលាការនៅតែបន្តចាត់ការទៅលើសំណុំរឿងទាំងនោះ។
«គឺយើងកំពុងរក បានន័យថា មកដល់ឥឡូវនេះ តុលាការអត់បានបិទសំណុំរឿងមួយណាទេ។ បើតាមខ្ញុំ ចាំៗតែចាងហ្វាងកាសែតអន្តរាគមន៍ដែលបិទពីព្រោះរឿងបញ្ហាចរាចរណ៍ហ្នឹង ប៉ុន្តែគេចង់លើកជាបញ្ហានយោបាយ។ ក្រៅពីហ្នឹងទៀតគឺយើងបើកចំហរ ប៉ុន្តែបញ្ហាគឺភាគច្រើនគ្រួសារគេអត់សហការទេ អ្នកខ្លះទៀតគ្រួសារបានចេញទៅក្រៅប្រទេសបាត់អស់ហើយហ្នឹង»។
លោកខៀវ កាញារីទ្ធ ក៏បានស្វែងរកការជួយសហការពីក្រុមគ្រួសារជនរងគ្រោះ និងសាក្សីផងដែរ។
រដ្ឋាភិបាលកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះបានបង្ហាញនូវដំណើរឆ្ពោះទៅរកការប្រយុទ្ធទប់ទល់ទៅនឹងអំពើពុករលួយ ដែលត្រូវបានគេរិះគន់ថា បានចាក់ឫសយ៉ាងរឹងមាំនៅក្នុងប្រទេសបន្ទាប់ពីមានការទទូចពីសហគមន៍អន្តរជាតិ និងម្ចាស់ជំនួយជាច្រើនឆ្នាំកន្លងមក។
ព្រះរាជអាជ្ញាសាលាដំបូងនៅខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ រីឯមន្រ្តីទទួលខុសត្រូវផ្នែកប្រមូលពន្ធចំនួន៣០នាក់កំពុងតែប្រឈមមុខទៅ នឹងចំណាត់ការតាមផ្លូវច្បាប់។
ដោយឡែកនៅក្នុងរបាយការណ៍ឆ្នាំ ២០១០របស់អង្គការការពារសិទ្ធិមនុស្ស LICADHO បានលើកឡើងថា អ្នកកាសែតយ៉ាងតិចចំនួន១៦នាក់ត្រូវចោទប្រកាន់ពីបទជំរិតទារប្រាក់ ក្លែងបន្លំ និងការបរិហាកេរ្តិ៍ បន្ទាប់ពីពួកគេបានធ្វើការស៊ើបអង្កេតទៅលើបទល្មើសពុករលួយព្រៃឈើនៅតាមមូលដ្ឋាន។
យ៉ាងណាក៏ដោយ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលលើកឡើងថា អ្នកកាសែតចំនួន១០នាក់ ដែលទទួលរងអំពើហិង្សាយ៉ាងឃោរឃៅ គួរតែទទួលបាននូវយុត្តិធម៌។
លោក អ៊ូ វិរៈ មានប្រសាសន៍ថា អំពើនិទណ្ឌភាពចំពោះឃាតកម្មមកលើអ្នកកាសែត បណ្តាលឲ្យអ្នកយកព័ត៌មានអាជីពមានការរួញរានៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិផ្តល់ព័ត៌មាន និងសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋខ្មែរ។
ម្យ៉ាងវិញទៀត លោក អ៊ូ វិរៈ បញ្ជាក់ថា និទណ្ឌភាពចំពោះអំពើឃោរឃៅប្រឆាំងនឹងអ្នកកាសែតនិងធ្វើឲ្យប៉ះពាល់ទៅដល់ការគាំទ្រដល់យន្តការនៃដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕