ខណៈដែលសាលាក្តីអន្តរជាតិមួយនៅប្រទេសកម្ពុជាកំពុងរៀបចំចោទប្រកាន់មេដឹកនាំខ្មែរក្រហម៤នាក់អំពីបទប្រល័យពូជសាសន៍នោះ មានពលរដ្ឋខ្លះបានប្រមើលមើលទៅអនាគតនិងអ្វីដែលនៅបន្សល់ទុកនៅក្រោយពេលតុលាការនេះបានបញ្ចប់កិច្ចការរបស់ខ្លួន។
នៅជាងក្រុងបាត់ដំបងមានវត្តមួយឈ្មោះវត្តសំរោងក្នុង។ សព្វថ្ងៃនេះ វត្តនេះមានភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែនៅសម័យកាលដែលប្រទេសកម្ពុជាបានស្ថិតក្រោមការត្រួតត្រារបស់ពួកខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់១៩៧៩ វត្តនេះមិនសភាពដូច្នេះសោះឡើយ។
ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
ពេលនោះវត្តសំរោងក្នុងជាកន្លែងសម្លាប់មនុស្សមួយ ក្នុងចំណោមកន្លែងសម្លាប់មនុស្សរាប់រយកន្លែងនៅទូទាំងប្រទេសកម្ពុជា។ សម័យកាលនោះ ពួកខ្មែរក្រហមដែលប្រកាន់លទ្ធិម៉ៅនិយមជ្រុល បានជម្លៀសពលរដ្ឋចេញអស់ពីទីក្រុងនានា ក្នុងការព្យាយាមបង្កើតនូវសង្គមកសិកម្មដ៏ល្អឥតខ្ចោះមួយ។ នៅក្នុងដំណើរការកសាងសង្គមឥតខ្ចោះនេះ មានប្រជាជនច្រើនជាងមួយលាននាក់ បានស្លាប់ពីការអត់អាហារនិងជម្ងឺ ឬត្រូវសម្លាប់ដោយពួកខ្មែរក្រហម។
លោកអាចារ្យធន សុវត្ថិ ប្រធានគណៈកម្មការវត្តបច្ចុប្បន្ននេះ កាលនោះនៅជាលោកនេននៅឡើយ នៅពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥។ លោកត្រូវគេបង្ខំឲ្យសឹកនិងធ្វើការនៅក្នុងវាលស្រែ។
មានព្រះសង្ឃជាច្រើនទៀតត្រូវគេសម្លាប់ នៅពេលដែលខ្មែរក្រហមបានបំបិទមិនឲ្យមានសាសនា ក្នុងបំណងប្រែក្លាយសង្គមកម្ពុជាទាំងស្រុង។
លោកអាចារ្យធន សុវត្ថិ បាននិយាយថា មានមនុស្សជាង១០.០០០នាក់ត្រូវគេធ្វើទារុណកម្មនិងសម្លាប់នៅក្នុងវត្តនេះ ហើយសាកសពរបស់ពួកគាត់ ត្រូវគេចាក់ចោលក្នុងស្រះរបស់វត្ត។
រឿងរ៉ាវនៃការសម្លាប់រង្គាលជារឿងគេធ្លាប់ឮជាទូទៅនៅទូទាំងប្រទេស។ ទោះយ៉ាងនេះក្តី យុវជនខ្មែរជាច្រើនមិនជឿថាខ្មែរដូចគ្នាធ្លាប់បានប្រព្រឹត្តអំពើយង់ឃ្នងបែបនេះដាក់គ្នាទេ។
VOA – R. Carmichael
លោកអាចារ្យធន សុវត្ថិ មិនភ្ញាក់ផ្អើលទេចំពោះរឿងដែលយុវជនខ្មែរសព្វថ្ងៃនេះមិនជឿនេះ។
«សូម្បីតែខ្ញុំចាស់ គេនិយាយសម័យ៧៤ ចិតអីហ្នឹង គេនិយាយថាប៉ុល ពតសម្លាប់ព្រះសង្ឃ សម្លាប់ប្រជាជន ខ្ញុំអត់ជឿសោះ។ ដល់មកពេលនេះឃើញគេសម្លាប់ហ្នឹង បានផ្ងារដៃ។»
លោកសេង តារាវុធ ជាមេធាវីអាមេរិកាំងកំណើតខ្មែរម្នាក់ ដែលមកទល់នឹងពេលថ្មីៗនេះ ធ្លាប់ជាប្រធានអង្គការមួយឈ្មោះថាមជ្ឃមណ្ឌលសម្រាប់យុត្តិធម៌និងការផ្សះផ្សារ ឬ CJR។
នៅក្នុងដំណើរពិនិត្យមើលបរិវេណវត្តនេះ លោកបាននិយាយថាប្រវត្តិរបស់វត្តសំរោងក្នុងធ្វើឲ្យទីនេះសក្តិសមសម្រាប់គម្រោងដែលគេហៅថា គម្រោងកេរ្តិ៍ដំណែល គឺការកសាងនូវអ្វីដែលមានរូបរាងជាក់ស្តែង ដែលនៅសល់ក្រោយពីសាលាក្តីខ្មែរក្រហមនៅភ្នំពេញចប់ការងារក្នុងប៉ុន្មានឆ្នាំខាងមុខទៀត។
អង្គការ CJR បានសហការជាមួយលោកអាចារ្យធន សុវត្ថិនិងសហគមន៍នៅជុំវិញវត្តដើម្បីកសាងមជ្ឈមណ្ឌលសិក្សាមួយ ដែលកំពុងតែចេញជារូបរាងនៅពីលើស្រះមួយរបស់វត្តដែលត្រូវគេប្រើជារណ្តៅកប់សាកសពរួម។ សំណង់ដែលជិតសាងសង់រួចនេះ ជាសំណង់ធ្វើពីឈើដែលគេសង់ពីលើសសរ នៅពីលើស្រះទឹកដ៏ធំមួយ។
ការបារម្ភ
លោកសេង តារាវុធ បានពន្យល់ពីគោលបំណងរបស់សំណង់នេះថា៖
«យើងសង្ឈឹមថាទីនេះនឹងទៅជាកន្លែងមួយសម្រាប់ឲ្យយុវជននិងជនដែលបានរស់រាន មកជួបប្រជុំគ្នានិងពិភាក្សាគ្នាអំពើរឿងរ៉ាវសម័យខ្មែរក្រហមនោះ និងដើម្បីឲ្យពួកគេមានឯកសារផង ដើម្បីឲ្យការរៀបរាប់អំពីព្រឹត្តិការណ៍នៅក្នុងឯកសារទាំងនោះ ស្របគ្នាទៅនឹងការរៀបរាប់របស់ឪពុកម្តាយ ពូមីង ឬ បងប្អូនដែលនៅរស់រានរបស់ខ្ញុំ។»
លោកសេង តារាវុធ និយាយថា មជ្ឈមណ្ឌលនេះមានលក្ខណៈពិសេសប្លែកពីគេ ព្រោះសហគមន៍បានចូលរួមយ៉ាងខ្លាំងនៅក្នុងការរៀបចំគម្រោងនេះ ព្រមទាំងបានផ្តល់នូវសម្ភារៈនិងពេលវេលាក្នុងការសាងសង់សំណង់នេះទៀតផង។
មជ្ឈមណ្ឌលនេះជាគម្រោងមួយក្នុងចំណោមគម្រោងកេរ្តិ៍ដំណែលជាច្រើនដែលកំពុងមានដំណើរការសាងសង់ ឬកំពុងត្រូវគេពិចារណា។
សាលក្រម
នៅក្នុងឆ្នាំនេះ សាលាក្តីអន្តរជាតិដែលស្ថិតនៅទីក្រុងភ្នំពេញ បានកាត់សេចក្តីឲ្យសមាជិកជាន់ខ្ពស់ម្នាក់របស់ខ្មែរក្រហមជាប់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ សមាជិកបួននាក់ទៀតនឹងត្រូវកាត់ទោសក្នុងឆ្នាំក្រោយ។ សាលាក្តីនេះមានគោលដៅយកមេដឹកនាំខ្មែរក្រហមដែលនៅរស់រាន ទៅកាត់ទោសរកយុត្តិធម៌ និងដើម្បីកសាងនូវមរតកមួយដែលជួយឲ្យប្រទេសកម្ពុជារើបផុតពីអតីតកាលរបស់ខ្លួន។
នាង Michelle Staggs Kelsall ជាប្រធានគម្រោងឃ្លាំមើលសាលាក្តីនេះឲ្យមជ្ឈមណ្ឌល East-West Center ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយមានមូលដ្ឋាននៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក ហើយនាងធ្លាប់បានសរសេរអំពីគម្រោងកេរ្តិ៍ដំណែល នៅសាលាក្តីអន្តរជាតិផ្សេងទៀត។
នាងនិយាយថា កេរ្តិ៍ដំណែលសំខាន់ជាងគេរបស់តុលាការនេះ ទំនងជាមានគោលដៅចង់ធ្វើឲ្យប្រព័ន្ធតុលាការកម្ពុជាប្រសើរជាងមុន តាមរយៈការផ្ទេរទៅឲ្យតុលាការកម្ពុជានូវការអនុវត្តផ្នែកច្បាប់ល្អៗដែលកំពុងមាននៅក្នុងតុលាការខ្មែរក្រហម។
ការចងក្រងប្រវត្តិសាស្ត្រ
កេរ្តិ៍ដំណែលសំខាន់មួយទៀត គឺធានាបានថា ប្រជាជនដឹងពីរឿងរ៉ាវប្រវត្តិសាស្ត្រដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។
VOA – R. Carmichael
គម្រោងមួយដែលគាំទ្រដោយតុលាការខ្មែរក្រហមនោះ មានឈ្មោះថា «សាលាក្តីជាក់ស្តែង» ដែលជាកន្លែងផ្ទុកទិន្នន័យនៃឯកសារទាំងអស់របស់តុលាការ ទុកឲ្យអ្នកជំនាន់ក្រោយៗទៀតអាចចូលមើលបាន។
នាង Staggs Kelsall និយាយថា កម្មវិធីកេរ្តិ៍ដំណែលសាលាក្តីខ្មែរក្រហមស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ តែនេះមិនមែនជារឿងចម្លែកទេ ព្រោះបញ្ហាទាក់ទងកេរ្តិ៍ដំណែលរបស់សាលាក្តីនានា កាន់តែមានសារៈសំខាន់កាលបើដំណើរការសាលាក្តីនោះកាន់តែមានរយៈពេលវែង។
ចំណែកនៅវត្តសំរោងក្នុងឯនោះវិញ លោកអាចារ្យធន សុវត្ថិ និយាយថាមជ្ឈមណ្ឌលសិក្សានេះផ្តល់ឱកាសដ៏សំខាន់មួយក្នុងការអប់រំកូនចៅជំនាន់ក្រោយ។
«យើងខ្ញុំចងចាំមិនភ្លេចទេ គឺកំណត់តម្កល់អដ្ឋិធាតុហ្នឹងដើម្បីឲ្យកូនចៅសារក្រោយឲ្យវាដឹង ដឹងថាអ្នកណាដែលគេសម្លាប់ ដឹងថាជាស្នាដៃរបស់ខ្មែរក្រហម ប៉ុលពត»។
លោកសេង តារាវុធ និយាយថា មជ្ឈមណ្ឌលនេះនឹងត្រូវសាងសង់អស់ទឹកប្រាក់ប្រហែល ១០.០០០ដុល្លារ។ លោកចង់ឃើញឲ្យមានគម្រោងដែលចំណាយប្រាក់តិចនិងអាចទ្រទ្រង់ខ្លួនឯងបានបែបនេះ ត្រូវគេយកទៅធ្វើតាមនៅទូទាំងប្រទេស។
លោកនិយាយថាសាលាក្តីនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវយុត្តិធម៌ផ្នែកច្បាប់ ហើយវាបានក្លាយទៅជាចំណុចចាប់ផ្តើមនៃដំណើរការផ្សះផ្សារជាតិ។
ក៏ប៉ុន្តែគម្រោងដូចមជ្ឈមណ្ឌលសិក្សានេះនឹងផ្តល់នូវសំឡេងជាអចិន្ត្រៃយ៍មួយ សម្រាប់ឲ្យសហគមន៍យកទៅរៀនសូត្រអំពីរឿងរ៉ាវដែលបានកើតឡើង។
លោកតារាវុធ និយាយថា ការនេះសមស្របទៅនឹងគោលដៅសំខាន់មួយរបស់សាលាក្តីខ្មែរក្រហម គឺដើម្បីជួយប្រជាជនកម្ពុជារៀនសូត្រពីប្រវត្តិសាស្ត្រដ៏ពោរពេញដោយសោកនាដកម្មរបស់ខ្លួន។
ប្រែសម្រូលដោយ សឹង សុផាត។