ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជា​ពលរដ្ឋ​កម្ពុជា​ស្វាគមន៍​ឆ្នាំ​ថោះ​ព.ស.​២៥៥៥


បុរស​ខ្មែរ​ម្នាក់​កំពុង​បញ្ជា​រទេះ​គោ​របស់​គាត់​នៅ​ក្នុង​ការ​ប្រកួត​ប្រណាំង​បរ​រទេះ​គោ​​ក្នុង​ពិធី​បុណ្យ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ភូមិ​ព្រៃ​តាឱក ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ពិធី​នេះ​​ត្រូវ​​​គេ​ប្រារព្ធ​នៅ​មុន​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ ហើយ​
បុរស​ខ្មែរ​ម្នាក់​កំពុង​បញ្ជា​រទេះ​គោ​របស់​គាត់​នៅ​ក្នុង​ការ​ប្រកួត​ប្រណាំង​បរ​រទេះ​គោ​​ក្នុង​ពិធី​បុណ្យ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ភូមិ​ព្រៃ​តាឱក ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ពិធី​នេះ​​ត្រូវ​​​គេ​ប្រារព្ធ​នៅ​មុន​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ ហើយ​

ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​តែ​ប្រារឰ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​យ៉ាង​សប្បាយ​រីករាយ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា។ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​យក​ចំណី​អាហារ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​នានា ដើម្បី​ឧទ្ធិស​កុសល​ផលបុណ្យ​ជូន​ដល់​ជីដូន​ជីតា​ មាតាបិតា​ និង​ញាតិកា​ទាំង​៧សន្តាន​ដែល​បាន​ទទួល​មរណភាព។ ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ហាង​លក់​ទំនិញ​ត្រូវ​បាន​បិទទ្វារ និង​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ ដើម្បី​ជួប​ជុំ​សមាជិក​គ្រួសារ​ និង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំថ្មី។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៤លាន​នាក់ បាន​ចាប់​ផ្តើម​ប្រារព្វ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​យ៉ាង​សែន​សប្បាយ​រីករាយ ដោយ​មាន​ការ​ជួបជុំ​សមាជិក​គ្រួសារ ការ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទីវត្ត​អារាម និង​ការ​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​នៅ​ក្នុង​បរិវេណ​វត្តអារាម​នៅ​ទូទាំង​ប្រទេស។

ឆ្នាំ​ថោះ​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​វេលា​ម៉ោង​១៣ និង​១២​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ តាម​មហាសង្ក្រាន ហោរាសាស្ត្រ​ខ្មែរ​ដែល​ពណ៌នា​រយៈពេល​១២​ឆ្នាំ។ ឆ្នាំ​និមួយៗ​មានតំណាង​ដោយ​សត្វ​១២ រួមមាន​សត្វ​ទន្សាយ សត្វពស់​នាគរាជ​ សត្វពស់​ សត្វសេះ​ សត្វពពែ​ សត្វស្វា​ សត្វមាន់​ សត្វឆ្កែ​ សត្វជ្រូក​ សត្វកណ្តុរ ​សត្វគោ​ និង​សត្វខ្លា ។

ប្រជាពលរដ្ឋ​ខ្មែរ​បាន​កំណត់​យក​ចន្ទគតិ​ជា​ផ្លូវការ​សម្រាប់​ប្រារព្វ​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ​នៅក្នុង​ខែ​ចែត្រ​ដែល​ជា​ពេលវេលា​ទំនេរ​ពី​ការងារ​កសិកម្ម​របស់​ពួក​គេ។ ជាធម្មតា​ យោងតាម​ចន្ទគតិ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចាប់​ផ្តើម​នៅ​ថ្ងៃទី​១៣​ខែមេសា និង​ពេល​ខ្លះ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៤​ខែ​មេសា។ ឱកាស​ប្រកប​ដោយ​នក្ខឫក្ស​ដ៏​ប្រសើរ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី១​គឺ​ជា​ថ្ងៃ​មហាសង្ក្រាន្ត​ ថ្ងៃទី២​គឺ​ជា​ថ្ងៃ​វរៈវ័នបតៈ​ និង​ថ្ងៃទី​៣​គឺ​ជាថ្ងៃ​ឡើងស័ក។ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ គឺ​ជា​ឆ្នាំ​ថោះ​ ឬ ឆ្នាំ​ទន្សាយ​ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី​១៤ ខែ​មេសា។

ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​តែងតែ​មាន​ភាពអ៊ូអរ​នោះ​ បាន​ប្រែក្លាយ​ទៅ​ជា​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយហាង​លក់​ទំនិញ និង​របស់​របរ​ផ្សេងៗ​ជាច្រើន​ត្រូវ​បាន​បិទទ្វារ និង​មនុស្ស​ជាច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ ជួប​ជុំ​សមាជិក​គ្រួសារ​ មាតាបិតា​ បងប្អូន​ និង​ញ្ញាតិ​សន្តាន​ ដើម្បី​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំថ្មី​ព្រះនាង​កិរណីទេវី​ ជា​បុត្រី​ទី​ប្រាំ​នៃ​កបិល​មហាព្រហ្ម។

«ពី​ពេល​នេះ ឆ្នាំ​នេះ​តទៅ​ ទេវតា​ឆ្នាំ​ថ្មី​ពិត​ជា​ប្រកាន់​យក​សច្ចធម៌​ យុត្តិធម៌​ និង​សន្តិភាព​ជូន​ប្រជារាស្ត្រ​ជា​ដរាប​រៀង​ទៅ​បាន​ពិតប្រាកដ​ជា​មិន​ខាន។ សូម​ឆ្នាំ​ថ្មី ចិត្ត​ថ្មី គំនិត​ថ្មី​កើត​មាន​ក្នុង​សណ្តាន​ចិត្ត​កុលបុត្រកុលធិតា​ខ្មែរ​គ្រប់​រូប ដើម្បី​ចាប់​ដៃ​រួម​កម្លាំង​សាមគ្គី​ ព្រួត​ដៃ​គ្នា​រុញ​ច្រាន​នាវា​កម្ពុជា​ឆ្លង​កាត់​រលក​ធំៗ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ត្រើយ​សន្តិភាព និង​សុភមង្គល វិបុល​សុខ​មហា​ប្រសើរ​ថ្លៃថ្លា។»

ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី និង​បាន​នាំ​យក​នំចំណី​អាហារ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​នានា ដើម្បី​ឧទ្ធិស​កុសល​ផលបុណ្យ​ជូន​ដល់​ជីដូន​ជីតា មាតា​បិតា និង​ញាតិការ​ទាំង ៧សន្តាន ដែល​បាន​ទទួល​មរណភាព។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ការ​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​ជាច្រើន​ ត្រូវ​បាន​រៀបចំ​សម្តែង​នៅ​តាម​ទី​វត្ត​អារាម​ទូទាំង​ប្រទេស​ ដូច​ជា​ការ​សម្តែង​តន្ត្រី ​ កំប្លែង​ ការ​រាំរែក​ សិល្បៈ​ប្រពៃណី​ និង​ល្បែង​ប្រជាប្រិយ៍​ផ្សេងៗ​ ជា​ពិសេស​ល្បែង​បោះ​អង្គុញ​ ល្បែង​ចោល​ឈូង​ ល្បែង​ទាញ​ព្រាត់ ​ល្បែង​លាក់​កន្សែង ​និង​ល្បែង​ដណ្តើម​ស្លឹក​ឈើ​ជា​ដើម។

លោក​ឧត្តមសេនីយ៍​ឯក​ ខៀវ សុភ័ក្រ​ បាន​ថ្លែង​ថា​ ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​កងកម្លាំង​ប៉ូលីស​ទូទាំង​ប្រទេស​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ការពារ​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ដើម្បី​ទប់​ស្កាត់​រាល់​អំពើ​ល្មើស​គ្រប់​ប្រភេទ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។ យើង​មិន​ទុក​ឱ្យ​មាន​ការ​យាយី​ ឬ ការ​រំខាន​ណា​មួយ​ពី​សំណាក់​ក្រុម​ជន​ពាល​ណា​មួយ​កើត​ឡើង​ជា​បង​តូច​បង​ធំ ឬ​ក៏​ក្មេង​ទំនើង​ ឬ​ក៏​ចោរ​លួចចោរ​ប្លន់​ដែល​ប៉ុស្តិ៍​ប៉ូលីស​នីមួយៗ​ត្រូវ​មាន​វេន​ប្រចាំការ​ដោយ​ប្រយ័ត្ន​ប្រយ៉ែង​ទាំងអស់​គ្នា។

លោក​ព្រឹទ្ធាចារ្យ​ មៀច ប៉ុណ្ណ ទី​ប្រឹក្សា​អមវិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត​ ទទួល​បន្ទុក​កិច្ចការ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ថា ល្បែង​ប្រជាប្រិយ៍​ទាំង​នេះ​បាន​ធ្វើ​កម្លោះ​ក្រមុំ​សម្តែង​នូវ​សមត្ថភាព​ ភាព​ជិតស្និទ្ធ និង​ភាព​ឈ្លាសវ៉ៃ។

«អត្ថន័យ​នៃ​ល្បែង​ប្រជាប្រិយ៍​នេះ​គឺ​ជា​បុណ្យ​សប្បាយ។ ដូច្នេះ​ ការ​ដែល​បុព្វបុរស​របស់​យើង​បង្កើត​ល្បែង​ផ្សេងៗ​នេះ គឺ​សុទ្ធ​តែ​ជា​ល្បែង​ដែល​បម្រើ​ឱ្យ​ការ​សប្បាយ។»

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​បាន​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឱ្យ​សប្បាយ​រីករាយ​សម្រាប់​ឆ្នាំ​ខាង​មុខ​ទៀត និង​បំភ្លេច​ចោល​នូវ​អំពើ​អពមង្គល​ទាំងឡាយ​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

ការ​ប្រារព្វ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​មិន​មែន​ត្រឹម​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ប្រារព្វ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បារាំង​ អូស្ត្រាលី​ កាណាដា​ និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុបផង​ដែរ៕

XS
SM
MD
LG