ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺឆ្កែឆ្កួត​គួរ​ត្រូវបាន​យល់​ដឹង​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា


កន្លែង​ចិញ្ចឹម​ជ្រូក​មួយ​នៅ​ក្បែរ​ទី​ក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។ បើ​តាម​សុខភាព​​ខ្មែរ ៩០%​នៃ​ជំងឺ​នេះ​កើត​មាន​ចំពោះ​សត្វ​​ឆ្កែ ឆ្មា ជ្រូក គោ ក្របី និង​ប្រចៀវ។
កន្លែង​ចិញ្ចឹម​ជ្រូក​មួយ​នៅ​ក្បែរ​ទី​ក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។ បើ​តាម​សុខភាព​​ខ្មែរ ៩០%​នៃ​ជំងឺ​នេះ​កើត​មាន​ចំពោះ​សត្វ​​ឆ្កែ ឆ្មា ជ្រូក គោ ក្របី និង​ប្រចៀវ។

ជំងឺ​ឆ្កែ​ឆ្កួត​គឺជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​មិន​អាច​ព្យាបាល​បាន។ ជា​រៀងរាល់​ឆ្នាំ​ជំងឺ​នេះ​អាចសម្លាប់​មនុស្ស​នៅ​កម្ពុជា​ចន្លោះ​ពី​៣០០នាក់​ទៅ​៦០០នាក់។ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅនៅ​មិនទាន់​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​ជំងឺនេះ​នៅឡើយ​ទេ។

លោក​លី សុវណ្ណ​ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ​អាច​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែ​ឆ្កួត​កើន​ដល់​៦០០នាក់​ ជា​រៀង​រាល់ឆ្នាំ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ជំងឺ​ឆ្កែ​ឆ្កួត​នេះ​គឺជា​ជំងឺ​មួយ​កាចសាហាវ។ យើង​មាន​ដាក់​នូវ​ជំងឺ​នេះ​ក្នុង​ប្រព័ន្ធតាមដាន​ជំងឺ​ឆ្លង​ដែល​ជា​ជំងឺ​មួយ​ក្នុង​ប្រព័ន្ធ​ប្រកាស​អាសន្ន។ ការរាយការណ៍​របស់​ប្រជាពលរដ្ឋ​មិនទាន់​បានល្អ​នៅ​ឡើយ​ទេ។ ជា​ផ្លូវការ​យើង​ទទួល​បាន​ត្រឹមតែ​២ ឬ​៣​ករណី​ទេ ដែល​បញ្ជាក់​ថា មាន​ជំងឺ​ឆ្កែ​ឆ្កួត ប៉ុន្តែ​បើតាម​ការ​អង្កេត​សិក្សា​របស់​វិទ្យាស្ថាន​ ប៉ាស្ទ័រ​យើង​អាច​ប៉ាន់​ប្រមាណ​ថា អ្នក​ដែល​បង្កឲ្យ​មាន​ជំងឺ​ឆ្កែ​ឆ្កួត​នោះ​មាន​ប្រមាណ​ជា​លើស​ពី​៣០០​ទៅ​៦០០​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺឆ្កែ​ឆ្កួត​នេះ»។

យោងតាម​លោកលី សុវណ្ណ​ ជាង​៩០​ភាគរយ​នៃ​ជំងឺ​ឆ្កែ​ឆ្កួត​កើត​មាន​ចំពោះឆ្កែ ឆ្មា ជ្រូក គោ ក្របី និង​ប្រចៀវ។ ជំងឺ​ឆ្កែ​ឆ្កួតអាច​ឆ្លង​មក​មនុស្ស​បាន​យ៉ាង​ងាយ ប្រសិន​បើ​មនុស្ស​នោះ​ត្រូវ​សត្វ​ទាំង​នេះខាំ​ ឬ​គ្រាន់​តែ​ខ្វាច​ឲ្យ​រលាត់​ចេញ​ឈាម​តែ​ប៉ុណ្ណោះ។ ជំងឺ​នេះ​គឺជា​ជម្ងឺ​កាច​សាហាវ​បំផុត​មួយ ​ដោយសារ​តែ​ពុំ​មាន​ថ្នាំ​ណា​អាច​ព្យាបាល​បាន​ទេ ក៏ប៉ុន្ដែ​គេ​អាច​មាន​ថ្នាំ​ការពារ​វា​បាន។

ជា​រៀងរាល់​ឆ្នាំ​នៅលើ​ពិភពលោក​មាន​មនុស្ស​ប្រមាណ​ជា​៥៥.០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែ​ឆ្កួត។ ឥណ្ឌា​គឺជា​ប្រទេស​ដែល​មាន​អត្រា​អ្នក​ស្លាប់​ខ្ពស់​ជាងគេ​ គឺ​មានរហូត​ទៅ​ដល់​ជាង​២ពាន់​នាក់​ និង​ចិន​ មាន​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​ប្រមាណ​ជាង​១.៧០០​នាក់ក្នុង​មួយ​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី​២៨ ខែកញ្ញា​កន្លង​ទៅ​ថ្មីនេះ កម្ពុជា​បាន​ប្រារ្ធព​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្កែឆ្កួត ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ក្រសួង​សុខាភិបាល​ ក្រសួង​កសិកម្ម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន។ ពួក​គេ​បាន​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ និង​សហការ​គ្នា​ធ្វើ​យ៉ាង​ណា​រក​វិធានការ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​និង​លប់​បំបាត់​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

លោក ឆេង កាន់ណារ៉ាន់ អនុប្រធាន​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បាន​ឲ្យ​ដឹងថា ​ដោយសារ​ការផ្សព្វផ្សាយ​អប់រំ​អំពី​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​មាន​កំរិត​នៅ​ឡើយ​ ទើប​ប្រជាពល​រដ្ឋ​កម្ពុជា​មិន​សូវ​បាន​យល់ដឹង និង​ចាប់អារម្មណ៍​ពី​ការ​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​ជាមុន។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ដែល​ត្រូវ​ឆ្កែ​ដែល​មាន​ជំងឺ​ឆ្កែ​ឆ្កួតខាំ ហើយ​មិន​បាន​ចាក់​ថ្នាំ​ការពារ​ក្នុង​រយៈពេល​៧២​ម៉ោងនោះទេ​ រយៈពេល​ចន្លោះ​ពី​មួយ​សប្តាហ៍​ទៅ​៦ខែ ​ក្រោយ​រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ នឹង​លេច​ចេញ​ជា​រូបរាង។ នៅពេល​នោះ អ្នកជំងឺ​មាន​អាការៈ​ផ្លែក​ដូចជា​វង្វេង​វង្វាន់​ហើយ​ញាំមិនបាន។ រួច​បន្ទាប់​មក​អ្នក​ជំងឺ​អាច​ស្លាប់​ក្នុង​រយៈ​ដ៏ខ្លី។ លោក​បន្ត​ថា៖

«ជំងឺ​នេះ​ជា​ជំងឺ​ដែល​គេហៅថា​អត់​ទាន់​មាន​ការចាប់អារម្មណ៍​ទេ​ដោយសារ​តែ​យើង​មាន​ជំងឺ​ផ្សេង​ទៀត​ច្រើន​ដែល​វា​ផ្ទុះឡើង។ ប្រជាជន​ដោយសារ​គាត់​ខ្វះ​ព័ត៌មាន​ច្រើន​ណាស់​ តាម​ពិត​ទៅ​ពី​ជំងឺ​នេះ​ សូម្បី​តែ​បុគ្គលិក​សុខាភិបាល​ក៏​គាត់​មិន​បាន​យល់​ច្បាស់​ថា ជំងឺ​នេះវា​មាន​ទំហំ​ប៉ុន្មាន​ វា​មាន​គ្រោះ​ថា្នក់​ដូច​ម្តេច​ក៏​មិនទាន់​បាន​យល់​ច្បាស់​ដែរ»។

ជាមួយ​គ្នា​នេះ​ដែរ​លោក កៅ ផល ​ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យា​បាល​នៃ​ក្រសួង​កសិកម្ម ​បាន​មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​មាន​ឆ្កែ​ប្រមាណ​ជា​៤លាន​៥​សែន​ក្បាល។ ក្នុង​ចំណោម​ឆ្កែ​ទាំងនោះ​មាន​សត្វឆ្កែ​ចំនួន​តិច​តួច​តែ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ពី​ម្ចាស់​របស់​វា។ លោក​ កៅ ផល ​បញ្ជាក់​ថា ឆ្កែ​ភាគ​ច្រើន​នៅ​តាម​ជនបទ​មិន​បាន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​សត្វឆ្កែ​ទាំងនោះ​ប្រឈម​នឹង​ជំងឺឆ្កែឆ្កួតយ៉ាងខ្លាំង។ លោក​ថ្លែងថា៖

«អ្នក​ដែល​មាន​ឆ្កែទាំងអស់​គឺ​ទីមួយ​ត្រូវ​មាន​ខ្សែ​របស់​វា​កុំឲ្យ​មាន​ចិញ្ជឹម​លែង ហើយ​បើ​សិន​ជា​អាច​ដាក់​នៅ​ក្នុង​ទ្រុង​បាន ហើយ​ពេល​យប់​សឹម​ប្រលែង​ វាជា​ការ​មួយ​ល្អ។ ហើយ​បញ្ហា​ទីពីរ​ គឺ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ពេល​ដែល​ចិញ្ជឹម​ឆ្កែ​សូម​នាំ​ឆ្កែ​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​គ្រប់ៗ​គ្នា​ ដើម្បី​បញ្ជៀស​នូវ​ការ​រីក​រាល​ដាល​ឆ្លង​នូវ​ជំងឺ​ឆ្កែ​ឆ្កួត»។

លោក កៅ ផល ​មាន​ឲ្យ​ដឹង​ទៀត​ថា ឆ្កែ​ដែល​មាន​ជំងឺ​ឆ្កែ​ឆ្កួត​មួយ​ចំនួន​មាន​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន ​ដូចជា​ស្ងៀម​ស្ងាត់​ខុស​ពី​ធម្មតា​ ខឹង​មួរម៉ៅ​វង្វេង​វង្វាន់​មិន​ស្គាស់​ម្ចាស់ ​ហៀរ​ទឹក​មាត់​ខ្លាំង​ រត់​មិន​ឈប់។ ហើយ​មាន​ឆ្កែ​ខ្លះ​មាន​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​ដែរ​តែ​មិន​មាន​រោគ​សញ្ញា​ អ្វី​បង្ហាញ​ចេញ​មក​ក្រៅ​នោះ​ទេ៕

XS
SM
MD
LG