ជនភៀសសឹកយ៉ាងតិច៥០នាក់ដែលស្នាក់នៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់កាលពីយប់ថ្ងៃពុធនិងឈានដល់ព្រឹកថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីយោធាកម្ពុជា និងថៃបានព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្តោះអាសន្ន។
ក្រុមអ្នកជំងឺនិងគ្រូពេទ្យបានអះអាងថា អាការៈរួមមានការក្អួតចង្អោរ ពិបាកដកដង្ហើម វិលមុខ អស់កម្លាំង និងទន់ដៃទន់ជើង ហើមពោះជាដើម។ ព្រិត្តិការណ៍នេះកើតឡើងចំពោះមនុស្សចាស់ ក្មេង ស្ត្រីផងដែរ។ បច្ចុប្បនពួកគាត់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
អ្នកជំងឺមួយរូបបានថ្លែងប្រាប់វីអូអេខ្មែរ នៅពេលកំពុងសម្រាកក្នុងមន្ទីរពេទ្យប៉ុន្មានម៉ោងក្រោយពីរងគ្រោះបានអះអាងថា លោកធ្លាក់ខ្លួនឈឺដូច្នេះថា លោកមិនដឹងថាមូលហេតុអ្វីពិតប្រាកដទេ តែកើតឡើងក្រោយពីការទទួលទានទឹក។
«បាទអត់មានញ៉ាំអីទេ តែហូបទឹកស្រះនៅវត្តពង្រ។ ជនភៀសខ្លួនមុនៗគាត់មានកើតមុនខ្ញុំទៀតក៏មានដែរបាទ។ ឈឺជាបន្តរបន្ទាប់ក្រោយៗមកបាទ»។
លោកគ្រូពេទ្យ កែវ ស្តើង អនុប្រធានមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ដែលកំពុងព្យាបាលអ្នកជំងឺបានថ្លែងប្រាប់វីអូអេខ្មែរថា លោកមិនទាន់ដឹងប្រាកដថាជំងឺនេះកើតពីអ្វីទេ។ លោកមានប្រសាសន៍ថា៖
«ការសន្និដ្នានជំហានដំបូងគឺអាចបណ្តាលមកពីបរិស្ថានជុំវិញ ដូចជាការប្រើប្រាស់ទឹក ហើយគាត់រស់នៅគ្នាច្រើន ហើយក្តៅផងអញ្ចឹងបង្កឲ្យមានអាការៈបែបនេះ»។
ក្រុមគ្រូពេទ្យកំពុងយកឈាមដើម្បីធ្វើពិសោធន៍។ ជនភៀសសឹកដែលគេចចេញពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃមួយសប្តាហ៍មកនេះមានរាប់ពាន់គ្រួសារ ហើយដែលរស់នៅរប៉ាត់រប៉ាយតាមភូមិឃុំជាច្រើន។ ពួកគេគ្មានជម្រកសមរម្យ ទឹកស្អាតប្រើប្រាស់ ម្ហូបអាហារគ្រប់គ្រាន់នោះទេ៕