ពលរដ្ឋខ្មែរអាមេរិកកាំងបានអបអរទិវាបុណ្យឯករាជ្យជាតិលើកទី២៣៤ របស់សហរដ្ឋអាមេរិកដោយធ្វើពិធីបុណ្យតាមរបៀបសាសនាខ្មែរ។
ខណៈពេលដែលសហរដ្ឋអាមេរិកប្រារព្ធបុណ្យឯករាជ្យជាតិនៅថ្ងៃអាទិត្យ ទី៤ ខែកក្កដា ពលរដ្ឋខ្មែរអាមេរិកាំងបានមកជួបជុំគ្នានៅវត្តកម្ពុជាក្រោម ដើម្បីអបអរបុណ្យផងនិងធ្វើជាបុណ្យផ្ការៃអង្គាសបច្ច័យយកទៅកសាង ទីវត្តអារ៉ាមនោះផង។
ពិធីបុណ្យនេះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីគ្រប់តំបន់ក្បែៗរដ្ឋធានីវ៉ាស៊ីនតោន ហើយក៏មានអ្នកខ្លះខិតខំធ្វើដំណើរមកតាំងពីតំបន់ជិតបូរីញ៉ីវយ៉កផងដែរ ដើម្បីចូលរួមសប្បាយនឹងបទភ្លេងតន្ត្រីប្រគុំផ្ទាល់ និងល្បែងកំសាន្តនានា ហើយក៏មានអ្នកខ្លះឆ្លៀតទិញទំនិញដែលគេដាក់តាំងលក់មានដូចជា ស៊ីឌីចម្រៀង និងគ្រឿងអលង្កាផ្សេងៗ។
លោកស្រី ដួង សារុន ដែលជាអ្នករៀបចំចាត់ចែងកម្មវិធីបុណ្យនេះបានបញ្ជាក់ប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា៖
“នេះជាពិធីបុណ្យផ្កា ប៉ុន្តែយើងមិនដែលធ្វើចំថ្ងៃ 4 July អញ្ចឹងទេ។ ឆ្នាំនេះយើងនឹកឃើញថា យើងចង់រំលឹកប្រទេសគេដែលបានឯករាជ្យហើយ យើងដែលបានមកស្រុកនេះ យើងក៏បានសេរីភាពហ្នឹងដែរ អញ្ចឹងយើងក៏រំលឹកបុណ្យឯករាជ្យហើយបុណ្យផ្កាជាមួយគ្នា ដើម្បីបានបច្ច័យខ្លះដើម្បីកសាងសាលាឆាន់”។
លោក ហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិកដែលបានចូលរួមក្នុងពិធីបុណ្យនេះដែរ បានបញ្ជាក់ប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា៖
“ថ្ងៃនេះ យើងខ្ញុំមានសេចក្តីសប្បាយរីករាយណាស់ដែលបានមកចូលរួមក្នុងបុណ្យផ្កាសាមគ្គី ដើម្បីយកទៅកសាងធម្មសភាសាលា។ ខ្ញុំមានការរំភើបចិត្តដោយសារឃើញបងប្អូននៅទីនេះ បានសាមគ្គីគ្នាធ្វើបុណ្យនៅវត្តនេះ ព្រោះវត្តនេះជាវត្តថ្មីមួយហើយនៅមានការខ្វះខាតច្រើន ដូច្នេះបងប្អូនខ្មែរយើងដែលរស់នៅក្នុងវត្ត Virginia នេះ បាននាំគ្នាយ៉ាងសស្រាក់សស្រាំហើយមកចូលរួមពិធីបុណ្យនេះយ៉ាងសប្បាយរីករាយ”។
នៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោននេះមានវត្តខ្មែរចំនួនពីរ គឺវត្តកម្ពុជាក្រោមដែលមានទីតាំងក្នុងរដ្ឋ Virginia និងវត្តពុទ្ធិការ៉ាមដែលមានទីតាំងនៅក្នុងរដ្ឋ Maryland ។
សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៧៧៦។