គ្រូពេទ្យនិយាយថា ទឹកដោះម្តាយផ្តល់សុខភាពល្អបំផុតសម្រាប់ទារក។ តែក្មេងប្រុសម្នាក់នេះយល់ផ្សេង ហើយបានមកបៅដោះមេគោ ប្រហែលជាយល់ថា បៅដោះ៤ល្អជាងបៅដោះពីរ។
លោកអ្នកមិនស្រវាំងភ្នែកទេ ក្មេងនេះបៅដោះមេគោមែន។
លោកអុំ អឿងជាជីតារបស់ក្មេងនេះ។ គាត់និយាយថា ក្មេងនេះបៅដោះមេគោកាលពីមួយខែមុននេះ គឺនៅពេលឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ។
«ថ្ងៃណោះខ្ញុំទៅបោចចំបើងគោ។ វាទៅជាមួយខ្ញុំ។ វាចេះដើរ វាទៅជាមួយខ្ញុំ។ វាឃើញកូនគោមឹមមេវា វាចេះតែដើរចូលទៅ។ ខ្ញុំថា អាអូន! អាអូន! ប្រយ័ត្នគោជាន់។ អ្ហែងថយមកវិញ! វាក៏ឈរធ្មឹងនៅជិតនោះ។ ឈរសើចៗ នៅជិតនោះឯង។ ខ្ញុំស្មានតែវានៅស្ងៀម ខ្ញុំក៏បោចចំបើង។ ងាកទៅ ឃើញវាទៅទប់ជើងគោមួយចំហៀង វាចាប់ដោះគោ។ ខ្ញុំទម្លាក់ចំបើងចោល ហើយរត់ទៅយកវាមក វិញ។ វាយំ។ ខ្ញុំថា អានេះយ៉ាងម៉េច? ចង់មឹមគោនឹងគេដែរអញ្ចឹង? ដល់ខ្ញុំលេងវាទៅទៀត។ វាក៏ចាប់ផ្តើមមឹម។ ចាប់ផ្តើមទាញដោះមកក៏មឹម»។
ជីតារបស់កុមារនេះនិយាយថា គាត់ចង់ឲ្យក្មេងអាយុ១៨ខែនេះឈប់បៅដោះមេគោ ព្រោះគាត់ខ្លាចអ្នកភូមិចម្អកឲ្យ។
អ្នកស្រីប្រាក់ភ័ណយល់ស្រប។
«នេះជាលើកទីមួយ។ ខ្ញុំចង់សើចឃើញក្មេងទៅបៅមេគោ។ ដៃមួយវាលេងដោះមេគោ។ ដៃមួយឱប មាត់វាបៅ។ ចម្លែកត្រង់នោះឯង»។
មេគោរបស់គ្រួសារនោះមិនបានកំណាញ់ទេ ឬប្រហែលជាស្រឡាញ់កុមារនេះ ដូចកូនរបស់ខ្លួនដែរ៕