ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ថៃ​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​ព្រំដែន​ឆាប់ៗ


នាយករដ្ឋ​មន្ត្រីថៃ Abhisist Vejjajiva។
នាយករដ្ឋ​មន្ត្រីថៃ Abhisist Vejjajiva។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​នាយករដ្ឋមន្ត្រី​ថៃ ​Abhisit Vejjajiva​បាន​សម្តែង​សុទិដ្ឋិនិយម​ ចំពោះ​ដំណោះស្រាយ​ព្រំដែន​ដែល​បាន​អូស​បន្លាយ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ ​ខណៈ​ដែល​គណៈកម្មាធិការ​ចម្រុះ​សភា​ថៃ​បាន​សន្យា​ផ្តល់​ការ​យល់​ព្រម​លើ​ឯកសារ​ចំនួន​បី​របស់​គណៈ​កម្មាធិការ​ព្រំដែនចម្រុះ​កម្ពុជា-ថៃ។ ការ​យល់​ព្រម​របស់​រដ្ឋសភា​ នឹង​ជួយ​ឱ្យ​គណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ​ថៃ​បន្ត​ការ​ចរចា​ជា​មួយ​ប្រទេស​កម្ពុជា​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន​និង​តំបន់​ជម្លោះ​ព្រំដែន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ថៃ បាន​សម្តែង​សេចក្តី​សង្ឃឹម​ចំពោះ​ការទម្លុះ​ទំលាយ​ភាព​ជាប់​គាំង​នៃ ជម្លោះ​ព្រំដែន​ដែល​បាន​អូស​បន្លាយ​ពេល​ជាង​ពីរឆ្នាំ​រវាង​ប្រទេស​ជិតខាង​គ្នា​ទាំងពីរ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ចំណាស់​ជាង​៩០០ឆ្នាំ​របស់​ប្រទេស​កម្ពុជា។

សេចក្តី​សង្ឃឹម​នេះ​ បាន​កើត​មាន​ឡើង​ខណៈ​ដែល​គណៈកម្មាធិការ​ចម្រុះ​សភា​ថៃ​ បាន​សន្យា​ផ្តល់​ការ​យល់ព្រម​លើ​ឯកសារ​ចំនួនបី​របស់​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ បើទោះបី​ជា​មាន​ការគំរាម កំហែង​ពី​ក្រុម​អាវ​លឿង​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋសភា​ក៏ដោយ។

កាល​ពី​យប់​ថ្ងៃពុធ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ Abhisit​ Vejjajiva ​បាន​ពិភាក្សា​គ្នា​ជា សំខាន់​ទៅលើ​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​សំដៅ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​និង​ការ​កាត់​បន្ថយ​កងទ័ព​នៅតាម​ព្រំដែន​ ដើម្បី​ជៀសវាង​ការប្រឈមមុខ​ផ្នែក​កងទ័ព។

កងទ័ព​កម្ពុជា ​និង​ថៃ​ បាន​ប្រមូល​ផ្តុំ​កម្លាំងនៅតំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ ​និង​បាន​វាយ​ប្រយុទ្ធ គ្នា​ជាច្រើន​លើក​ដែល​បាន​សម្លាប់​ទាហាន​យ៉ាងតិច​ប្រាំបី​នាក់បន្ទាប់ពី​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ចុះ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ ​UNESCO នៅ​ក្នុង​ខែ​កក្កដាឆ្នាំ​២០០៨។

លោក​នាយករដ្ឋមន្ត្រី​ទាំងពីររូប​នេះ ត្រូវ​ខំ​ធ្វើ​ឱ្យ​សម្រេច​បាន​ដល់​កិច្ចព្រមព្រៀង​ព្រំដែន​ដែល​បាន​ចុះហត្ថ​លេខា​ដោយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​នៅក្នុង​ឆ្នាំ២០០៨ ​និង​ឆ្នាំ២០០៩។

លោក​កុយ គួង ​អនុរដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ថ្លែងប្រាប់​ VOA ថា ​ភាគី​ទាំងពីរ​ មាន​សង្ឃឹម​ចំពោះ​ការអនុម័ត​របស់​គណៈកម្មាធិការ​ចម្រុះ​សភា​ថៃ​លើ​ឯកសារ​ចំនួនបី​នៃ​កិច្ចប្រជុំ​ ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​ ដែល​បាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ២០០៨​ និង​២០០៩។

«ភាគី​ទាំង​ពីរ​សង្ឃឹម​ថា គណៈកម្មការ​ចម្រុះ​សភា​ថៃ ​នឹង​អនុម័ត​លើ​ឯកសារ​ទាំងបី​របស់​គណៈកម្មការ​ ព្រំដែន​ចម្រុះ​ JBC ​ដែល​ឯកសារ​ទាំងបី​នេះ ​រួមមាន​ទាំង​កិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​ដែល​ជា​លទ្ធផល​ នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ការ​បរទេស​ទាំងពីរ​ ដែល​កិច្ចប្រជុំ​ទាំងនោះ​បាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ២០០៨ ​និង​ឆ្នាំ ២០០៩​កន្លង​មក»។

លោក​កុយ គួង ​បាន​បញ្ជាក់​ថា ឯកសារ​ទាំងបី​នេះ​មាន​សារៈ​ប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ប្រទេស​ កម្ពុជានិង​ប្រទេស​ថៃ​ក្នុង​ការត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​ធ្វើការ​វាស់វែង​ខ្សែ បន្ទាត់​ព្រំដែន​ ការកំណត់​ព្រំដែន ​និង​ការបោះបង្គោល​ព្រំដែន។

«ភាគី​ទាំងពីរ​សង្ឃឹម​ថា គណៈ​កម្មាធិការ​ចម្រុះ​នៃ​រដ្ឋសភា​ថៃ​នឹង អនុម័ត​លើ​ឯកសារ​ទាំងនោះ​ហើយ។ សំខាន់​ធ្វើ​ឱ្យ​គណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ​ទ្វេភាគី​ JBC​ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ដែល​មាន នៅក្នុង​ឆ្នាំ២០០៨​ និងឆ្នាំ២០០៩​នោះ ​អាច​បន្ត​ការងារ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​រឿង​វាស់វែង ​និង​បោះ បង្គោល​ព្រំដែន​នេះ»។

ឯកសារ​ទាំងបី​នេះកំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណៈ​កម្មាធិការ​ចម្រុះ​សភា​ថៃ​ធ្វើ​ការ​ត្រួត​ពិនិត្យ។ ការ​យល់​ព្រម​របស់​រដ្ឋសភា​ថៃនឹង​ជួយ​ឱ្យ​គណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ​ថៃ​បន្ត​ការ​ចរចា​ជាមួយ​ប្រទេស​កម្ពុជា​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន​និង​កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​ស្តីពី​តំបន់​ជម្លោះ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។ ​នេះ​បើ​យោង​តាម​កាសែត​ The Nation​ របស់​ប្រទេស​ថៃ។

ឯកសារ​ព្រំដែន​ទាំង​នេះ​ បាន​ជាប់​គាំង​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចាប់​តាំង​ពីកិច្ច​ប្រជុំ​របស់​គណៈ​កម្មា ធិការ​ព្រំដែន​ចម្រុះ​បាន​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែមេសា​ឆ្នាំ​មុន៕

XS
SM
MD
LG