ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានព្រមានថា យុវជនវ័យក្មេងកម្ពុជាដែលងាយរងគ្រោះកំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារជំងឺអេដស៍យ៉ាងខ្លាំង។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត បានធ្វើការស្រាវជ្រាវលើស្ថានភាពចម្លងជំងឺអេដស៍អស់រយៈពេលមួយឆ្នាំរួចមក។
បើទោះបីជាប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមួយ ដែលអាចទប់ស្កាត់ការរាតត្បាតនៃជំងឺអេដស៍ប្រកបដោយប្រសិទ្ធិភាពខ្ពស់យ៉ាងណាក៏ដោយ ក៏អត្រាឆ្លងនៃមេរោគអេដស៍ក្នុងចំណោមក្រុមយុវវ័យ ដែលងាយរងគ្រោះ នៅតែមានកម្រិតខ្ពស់ដ៏គួរឲ្យព្រួយបារម្ភនៅឡើយ នេះបើយោងតាមលទ្ធផលនៃការធ្វើអង្កេត ដែលចេញផ្សាយដោយក្រសួងអប់រំយុវជន និងកីឡាកាលពីថ្ងៃព្រហស្បតិ៍។
ការអង្កេត ដែលបានចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ២០០៩ និងបានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ២០១០ បង្ហាញថា មានសន្ទុះនៃការឆ្លងមេរោគអេដស៍យ៉ាងខ្ពស់ក្នុងចំណោមក្រុមយុវជនខ្មែរដែលងាយរងគ្រោះ ដែលមានអាយុចន្លោះពី ១០ ទៅ២៤ ឆ្នាំ។ ម្យ៉ាងវិញទៀត លទ្ធភាពនៃការរើបឡើងវិញនៃការឆ្លងជំងឺដ៏រាតត្បាតនេះ កំពុងធ្វើឲ្យមានការខ្វល់ខ្វាយថ្មី អំពីសុវត្ថិភាពរបស់ក្រុមយុវជនទាំងនោះ។
ការស្រាវជ្រាវនេះបានធ្វើក្នុងចំណោមយុវវ័យជាង២៤០០នាក់ នៅតាមកន្លែងខារ៉ាអូខេ ក្នុងហាងម៉ាស្សា យុវជនដែលប្រមូលផ្តុំគ្នា តាមសួនច្បារសាធារណៈ កន្លែងស្នូកឃ័រ ហាងហ្គេម កុំព្យូទ័រ នៅក្នុងខេត្តក្រុងចំនួនប្រាំបី។ ក្រុមយុវជនទាំងនេះត្រូវគេកត់សម្គាល់ថា ងាយប្រឈមនឹងការឆ្លងមេរោគអេដស៍ខ្ពស់បំផុត ហើយពួកគេស្ថិតនៅក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន និងក្រុមយុវជនដែលរួមភេទគ្មានសុវត្ថិភាព។
លោក ប៉ែន សារឿន ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ការអង្កេតនេះគឺចង់ផ្តល់ជូនដល់អ្នករៀបចំធ្វើគោលនយោបាយ និងអ្នកធ្វើផែនការរបស់ប្រទេសនូវទិន្នន័យដ៏គួរឲ្យទុកចិត្តបាន ដើម្បីបង្កើតនូវលទ្ធភាពផ្ដល់សេវាអប់រំផ្លូវភេទ និងសុខភាពបន្តពូជឲ្យបានដិតដល់ ដល់ក្រុមយុវវ័យ ដែលងាយប្រឈមគ្រោះថ្នាក់ខ្ពស់ក្នុងការឆ្លងមេរោគដ៏សាហាវនេះ។
លោកបានបញ្ជាក់បន្ថែមថា បើសិនជារដ្ឋាភិបាលមិនចាត់វិធានការណាមួយឲ្យបានទាន់ពេលវេលានោះទេ ការរីករាលដាលនៃការចម្លងមេរោគអេដស៍ប្រាកដជាកើនក្នុងចំណោមយុវវ័យកម្ពុជាទូទៅជាមិនខាន។
«ពេលដែលយើងឃើញអញ្ចឹងក្នុងការអង្កេត យើងមានការព្រួយបារម្ភណាស់។ យើងអញ្ជើញតំណាងមកពីខេត្តទាំងប្រាំបី ហើយអង្គការដៃគូមកពិភាក្សាគ្នាទៀត តើយើងត្រូវធ្វើដូចម្តេច ដើម្បីជួយអប់រំផ្សព្វផ្សាយដល់ក្មួយៗទាំងអស់នោះ ដើម្បីដាក់វិធានការជួយការពារ ថែទាំសុខភាព និងឲ្យប្អូនៗយល់ ចូលរួមទាំងអស់គ្នាដើម្បីលើកកម្ពស់សុខាមាលភាពប្អូនៗ»។
សូមបញ្ជាក់ថា ការអង្កេតដែលធ្វើឡើងដោយអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថា ខានណា (KHANA) សហការជាមួយក្រសួងអប់រំយុវជន និងកីឡា ក្រោមការគាំទ្រពីអង្គការដៃគូមួយចំនួនទៀត។
របាយការណ៍បានបង្ហាញទៀតថា ការប្រព្រឹត្តដែលគ្មានសុវត្ថិភាពពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន ការសេពគ្រឿងស្រវឹង និងការរួមភេទគ្មានសុវត្ថិភាព អាចនាំឲ្យឆ្លងមេរោគអេដស៍ និងជំងឺផ្សេងៗទៀត។ ការប្រឈមនឹងគ្រោះថ្នាក់ទាំងនេះ អាចកើនឡើងកាន់តែខ្លាំង ដោយសារលទ្ធភាពក្នុងការទទួលសេវាសុខភាពផ្លូវភេទ និងសេវាសុខភាពបន្តពូជពុំមាន ឬមានតិចតួច និងដោយសារគ្មានកិច្ចការពារពួកគេប្រឆាំងនឹងអំពើហិង្សា ការរំលោភបំពាន និងប្រឆាំងនឹងការកេងប្រវ័ញ្ច។
លោក មាន ឈីវវុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា លទ្ធផលអង្កេតនេះ គឺជាភស្តុតាងមួយដែលជំរុញឲ្យរដ្ឋាភិបាលពង្រឹងសមត្ថភាពបន្ថែមទៀត ទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ក្នុងស្រទាប់ក្រុមយុវវ័យដែលកំពុងប្រឈមនឹងគ្រោះថា្នក់នោះ។
«ខ្ញុំគិតថា របាយការណ៍នេះ គឺគ្រាន់តែជាភស្តុតាងមួយថែមទៀតសម្រាប់បញ្ជាក់ឲ្យក្រសួងពាក់ព័ន្ធនានាពិនិត្យពិចារណា ហើយនឹងឆ្លុះបញ្ជាំងយុទ្ធសាស្រ្តឆ្លើយតបទៅនឹងការឆ្លងជំងឺ ដែលបណ្តាលមកពីការប្រព្រឹត្តផ្លូវភេទនោះ ហើយនិងពិនិត្យមើលនូវបញ្ហាជាអាទិភាព។ ខ្ញុំគិតថា ជារឿងសំខាន់ណាស់ ដែលយើងបានទទួលព័ត៌មានទាំងអស់នេះ»។
ដូចគ្នានេះដែរ លោក ទួត សុវណ្ណារី អ្នកសម្របសម្រួល ស្រាវជ្រាវ និងចងក្រងឯកសារនៃអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍(ខាណា) បានលើកឡើងថា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលគួររកវិធានការរួមគ្នាដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហាទាំងនេះ។
«យើងប្រើប្រាស់ពេលវេលាជាងមួយឆ្នាំ ទើបទទួលបានលទ្ធផលបែបនេះ។ យើងប្រើថវិកាអស់ជាង១០ម៉ឺនដុល្លារ។ យើងរកឃើញពីយុវវ័យខ្លះដែលកំពុងប្រឈមគ្រោះថ្នាក់។ គាត់ប្រើសុរាផង គាត់ប្រើប្រាស់គ្រឿងញៀនផង។ គាត់រួមភេទជាក្រុមផង។ អានោះ បើសិនជាយើងមិនដោះស្រាយ មិនរកវិធីសាស្រ្តក្នុងការជួយកាត់បន្ថយ ឬក៏ផ្តល់ការអប់រំដល់ពួកគាត់ទេ ខ្ញុំគិតថា នោះគឺជាបញ្ហាបុគ្គលផ្ទាល់ទាំងគ្រួសារ ទាំងសង្គមយើងផងដែរ។ នោះគឺជាបញ្ហាដែលយើងគួរតែឆ្លើយតបទាំងអស់គ្នា»។
ការរាតត្បាតមេរោគអេដស៍នៅកម្ពុជាបានរីករាលដាលយ៉ាងឆាប់រហ័ស ក្រោយពីការរកឃើញករណីដំបូងគេបំផុតកាលពីឆ្នាំ១៩៩១ ដែលចាប់តាំងពីពេលនោះមកអត្រា ប្រេវ៉ាឡង់កើនឡើងរហូតដល់ទៅ៣ភាគរយពីឆ្នាំ១៩៩៧-១៩៩៨។ ប្រមាណជា១០ឆ្នាំក្រោយមកអត្រាប្រេវ៉ាឡង់មានការធ្លាក់ចុះមកនៅត្រឹម០,៩ភាគរយវិញ។
ប្រទេសកម្ពុជា មានយុវវ័យអាយុពី ១០ ទៅ ២៤ឆ្នាំប្រហែលជា ៣៥ភាគរយនៃប្រជាពលរដ្ឋសរុប ១៤លាននាក់ គឺជាប្រទេសមួយ ដែលមានប្រជាពលរដ្ឋវ័យក្មេងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអគ្នេយ៍។
នៅទូទាំងពិភពលោក មានយុវវ័យអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំចំនួន ៤០ភាគរយ ដែលស្ថិតក្នុងចំណោមមនុស្សឆ្លងមេរោគអេដស៍ថ្មីបំផុត។ ការរាតត្បាតនៃជំងឺដ៏ប្រល័យនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជននៅទូទាំងពិភពលោកខុសៗគ្នា ក្នុងនោះគេសង្កេតឃើញថា យុវវ័យ ជាពិសេសយុវនារី គឺជាក្រុមមនុស្សដែលប្រឈមគ្រោះថ្នាក់ខ្ពស់ក្នុងការឆ្លងមេរោគអេដស៍៕