ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​ធ្វើការ​ដោយ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សម្តែង​មតិ


ក្បួន​ដង្ហែ​សិទ្ធិមនុស្ស​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ។
ក្បួន​ដង្ហែ​សិទ្ធិមនុស្ស​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ។

ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​សម្តែង​មតិ​របស់​ខ្លួន​ ​បន្ទាប់​ពី​សហ​សេវិក​របស់​ពួកគេ​បាន​ទទួល​រង​ការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។​ រហូត​មកទល់​ពេលនេះ​មាន​សកម្មជន​សិទ្ធិមនុស្ស​ចំនួន​ពីរ​នាក់​កំពុង​ស្ថិត​ក្នុង​សំណុំ​រឿង​តុលាការ។

កាល​ពី​ថ្ងៃអង្គារ​ទី​២៥​ មករា​ ​អ្នក​តស៊ូ​មតិ​ដ៏ខ្លាំងក្លា​ម្នាក់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ​លោក​សំ ចន្ទគា​ ​ត្រូវ​តុលាការ​សាលា​ដំបូង​របស់​ខេត្ត​កំពង់ឆ្នាំង​ ​កាត់ក្ដី​ឲ្យ​ចាញ់​ក្រុមហ៊ុន​ KCD​ International ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ ​លោក​សំ ចន្ទគា​ បាន​បរិហារ​កេរ្ដិ៍​ក្រុមហ៊ុន​នេះ។ ​ក្រុមហ៊ុន​ដែល​ត្រូវ​គេ​អះអាង​ថា​ គឺជា​របស់​លោកស្រី ​ជា ខេង​ ភរិយា​របស់​លោក​រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ ​និង​ថាមពល​គឺ​លោក​ស៊ុយ សែម។

តុលាការ​បាន​ផ្ដន្ទាទោស​លោក​សំ ចន្ទគា​ ​ដោយ​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​និង​ប្រាក់​សង​ជំងឺ​ចិត្ត​ចំនួន​បួនលាន​រៀល​ឬ​ស្មើនឹង១.០០០​ដុល្លារអាមេរិក​ ឲ្យ​ទៅ​ក្រុមហ៊ុន​ដើម​បណ្ដឹង។

ការ​ផ្ដន្ទាទោស​ចុងក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​សកម្ម​ជន​សិទ្ធិ​មនុស្សកើន​ឡើង​ដល់​ចំនួន​ពីរ​នាក់​កំពុង​ជាប់​សំណុំ​រឿង​ក្នុង​តុលាការគឺ​លោក​សំ ចន្ទគារ ​ដែល​ត្រូវ​ប្ដឹង​សារទុក្ខ​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ ​និងសកម្ម​ជន​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកា​ដូ​ ​លោក​លាង ជឿន​ ​ដែល​ត្រូវ​តុលាការ​ខេត្ត​តាកែវ​ ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​ ​កាលពី​ឆ្នាំ​២០១០។

ការឆ្លងកាត់​បទពិសោធន៍​ទាំងនេះបាន​ធ្វើឲ្យ​អ្នក​គ្រប់គ្រង​អង្គការ​ការពារ​សិទ្ធិមនុស្ស​សំខាន់ៗ​ ​ក្នុង​ប្រទេស​កម្ពុជា​ពិចារណា​ឡើងវិញ​នូវ​វិធានការ​ប្រុងប្រយ័ត្ន​ជា​បន្ថែម​ទៀត។

លោកធន់ សារ៉ាយ​ ​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​មាន​ប្រសាសន៍​ថា​ ​ការ​អប់រំ​ដល់​បុគ្គលិក​បាន​ចាប់ផ្ដើម​នៅ​ពេល​ដែល​បញ្ហា​បាន​កើត​ឡើង។

«យើង​ណែនាំ​ជាទូទៅ​ចៀសវាង​ការជាប់ទោស​អូស​ដំណើរ​ ​គឺមាន​ការប្រយ័ត្នប្រយែង​ ​ណែនាំ​ជាហូរ​ហែរ​ក្នុង​ពេល​ដែល​មាន​បញ្ហា​ម្ដងៗ»។

ដោយឡែក​លោកស្រី​ ពុង ឈីវកេក​ ​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ​ក៏​មាន​ប្រសាសន៍​ដូច​គ្នា​នេះ​ដែរ។

«តែ​កាលណា​មាន​ករណី​អីមួយ​ ​យើង​តែងតែ​ជួប​ជុំគ្នា​ ​ដាក់​រឿងរ៉ាវ​ទាំងអស់​នៅលើតុ​ ​ហើយ​ជជែក​គ្នា។ ​ យើង​ប្រយ័ត្ន​អស់​ប៉ុណ្ណឹង​ហើយ​ ​ដូច​ករណី​សកម្មជន​ម្នាក់​ (របស់លីកាដូ)​ ដែល​កំពុង​នៅ​ក្នុង​ពន្ធនាគារ អញ្ចឹង។ ​គាត់​អត់ធ្វើ​អ្វី​ខុស​ទេ​ តែ​ត្រូវ​ជាប់​ទោស»។

កាល​ពី​ឆ្នាំ​១៩៩៩​ ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូចំនួន​ពីរនាក់ គឺលោក​គឹម សែន​ និង​លោក​មាស ​មិនា​ ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​រយៈពេល​មួយខែ​ ​ក្រោម​បទ​ចោទប្រកាន់​ថា​ បាន​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ហិង្សា​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ។​ ក៏ប៉ុន្ដែ​ពួក​គេ​ត្រូវ​បាន​ដោះលែង​វិញ​បន្ទាប់ពី​តុលាការ​រកឃើញ​ថា​ ​ពុំមាន​ភស្ដុតាង​សម្រាប់​ដាក់​បន្ទុក​ ហើយ​នៅ​ឆ្នាំ​២០០៩​ លោក​ប៉ែន ប៊ុណ្ណា​ ​អ្នក​សម្រប​សម្រួល​សកម្ម​ម្នាក់​ទៀត​របស់​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ញុះញង់​ បង្ក​ឲ្យ​មាន​បាតុកម្ម​របស់​ប្រជា​ពលរដ្ឋ​ដែរ។​ លោក​ប៉ែន ប៊ុណ្ណា​ត្រូវ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ ​បាននាំ​ជនជាតិ​ភាគតិច​វៀត​ណាម​តំបន់ភ្នំ​ ​ចូលមក​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់។ ​ក៏ប៉ុន្ដែ​សំណុំរឿង​នេះ​ត្រូវ​បាន​សម្រុះ​សម្រួល​ដើម្បី​បញ្ចៀស​ការ​កាត់ទោស។

លោកសំ ចន្ទគា​មាន​ប្រសាសន៍ថា​ ​សកម្មជន​សិទ្ធិ​មនុស្ស​ទទួល​រង​នូវ​បញ្ហា​ជាច្រើន​ ​ក្នុង​ការ​បំពេញ​បេសក​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដូចជា​ករណី​ដែល​លោក​បានឆ្លងកាត់​អស់​រយៈពេល​ដប់ ឆ្នាំ​មក​នេះ។

«គ្រាន់តែ​ថា​ ​នេះ​ជា​លើកទីមួយ​ ​ដែល​មាន​សាលក្រម​ ​ប៉ុន្ដែ​ចំពោះ​រឿង​ប្ដឹង​ផ្ដល់​ ​ក្ដីក្ដាំ​គ្នា​ជាមួយ​ចៅក្រម​ ជាមួយ​ចៅហ្វាយ​ខេត្ត​ ​ជាមួយ​ឧត្តម​សេនីយ៍ ​គឺខ្ញុំ​ធ្លាប់​មាន​អស់​ហើយ។​ ប៉ុន្ដែ​យើង​សម្រុះ​សម្រួល​គ្នា»។

ការ​សម្រុះសម្រួល​ទំនង​ជា​ជា​មធ្យោបាយ​មួយ​ដែល​បង្ហាញ​ពី​ក្ដី​អស់​សង្ឃឹម​មួយ​ក្នុង​ការ​តទល់​គ្នា​តាម​ផ្លូវ​តុលាការ​ ​ដូច​លោក​ធន សារ៉ាយ​បញ្ជាក់​ស្រាប់។

«ប្ដឹង​ផ្ដល់​គ្នា​គឺថា​ ​ជាទូទៅ​យើង​អ្នក​ក្រីក្រ អ្នក​ដែល​អត់​អំណាច​ច្រើនតែ​ចាញ់​គេ​ ​ជារឿង​ធម្មតា​ ​ដែល​យើង​សង្កេត​ឃើញ​ជា​ហូរហែរ។​ ហើយ​រឿងក្ដី​ដីធ្លី​ជា​ច្រើន​ ​ប្រជា​ពលរដ្ឋ​អ្នក​ក្រីក្រ​ច្រើនតែ​ចាញ់ក្ដី»។

ស្រប​ពេល​ដែល​សំណាញ់​តុលាការ​ត្រូវ​បាន​កត់​សម្គាល់បែបនេះ​ ​លោក​អ៊ូ វរៈ​ ​នាយក​ប្រតិបត្ដិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​ប្រព័ន្ធ​តុលាការ​គឺជា​មុខ​ព្រួញ​ប្រឈម​មួយ​របស់​ក្រុម​អ្នក​ជំរុញ​ការ​គោរព​សិទ្ធិមនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល។

«នៅ​ក្នុង​ពេលថ្មីៗ​នេះ​ ​ការ​ដែល​ប្រឈម​ធំ​គឺ​បញ្ហា​ផ្លូវ​តុលាការ។ យើងឃើញ​ថា​ ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​កៀប​សង្កត់​ ​បាន​ធ្វើឲ្យ​សកម្ម​ជន​សិទ្ធិ​មនុស្ស​មាន​ការ​ពិបាកមែន​ទែន​ ​ដោយសារ​យើង​អត់​អាច​ទាយ​ត្រូវ​ទេ​នូវ​អ្វី​ដែល​យើង​ធ្វើ​ហ្នឹង។​ ​ជួនកាល​ ​គេប្ដឹង​យើង​ពេលណា​ ​ក៏យើង​អត់ដឹង​ដែរ។ ​ហើយ​បើ​រដ្ឋាភិបាល​ចង់​ប្ដឹង​យើង​ ចាប់​យើង​ដាក់​ពន្ធនាគារ ​ក៏បាន​ ​ចង់​ប្ដឹង​ផាកពិន័យ​ក៏បាន។ ​ហើយ​រឿង​ទាំងអស់​ហ្នឹង​ជារឿង​ដែល​យើង​ប្រឈម​ ​ហើយ​យើងពិបាក​ក្នុងការ​ទាយទុក​ ​ហើយ​ពិបាក​ក្នុងការ​ការពារ​ខ្លួន​ណាស់»។

អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពីរ​ ​ដែល​មាន​ឈ្មោះ​ថា​ ​Human Rights Watch​ និង​អង្គការ​ Freedom House ​របស់​សហ​រដ្ឋ​អាមេរិក​ ​ទើបតែបាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១១​របស់ខ្លួន​ ​ដោយ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​កំពុង​ត្រូវ​រឹត​បន្តឹង។

ការ​រឹត​បន្តឹង​សេរីភាព​នេះ​ ​រាប់​បញ្ចូល​ទាំង​ការ​រឹត​បន្តឹង​លើ​សេរីភាព​បញ្ចេញ​មតិ​ ​សេរីភាព​នៃការ​ជួប​ប្រជុំ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ​ការ​រឹត​បន្តឹង​លំហ​បរិយាកាស​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ​គួប​ផ្សំ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ​ការ​ប្រើប្រាស់ច្បាប់​ ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ជាដើម។

ក៏ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ចាត់ទុក​ថា​ ​របាយ​ការណ៍​នេះមិន​បាន​បង្ហាញ​អំពីការណ៍​ពិត​នោះ​ទេ។​ ក្រៅ​ពី​កង្វល់​ដែល​ពួកគេ​លើកឡើង​ថា​ ​ពួក​គេ​បាន​នឹង​កំពុង​ជួបប្រទះ​នេះ​ ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​កំពុង​តែ​ផ្ដោត​ការ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ ដែល​តាក់តែង​ដោយ​រដ្ឋាភិ​បាល​ផង​ដែរ។ ​សេចក្ដី​ព្រាងច្បាប់​នេះ​ ​ដែល​ចែង​អំពី​ការ​តាមដាន​លើ​មូលនិធិ​របស់​ក្រុម​អង្គការ​ ​នឹង​បង្គាប់​ឲ្យ​សមាគម​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​សកម្មភាព​ និង​ស្ថានភាព​ថវិកា​របស់​ខ្លួន​ ​ដល់​ក្រសួង​មហាផ្ទៃ​ ​ឬ​ក្រសួង​ការ​បរទេស​និង​ក្រសួង​ហិរញ្ញវត្ថុ ​និង​ក្រសួងជាប់​ពាក់ព័ន្ធ​ ​ជាកំហិត។

ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ធ្លាប់បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ភាពរឹតត្បិត​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។​ ក៏​ប៉ុន្ដែ​រដ្ឋាភិ​បាល​បាន​ទទួល​យក​អនុសាសន៍​មួយ​ចំនួន​ពី​អង្គការ​សង្គម​ស៊ីវិលសម្រាប់​កែ​លំអ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ។

លោក​ផៃ ស៊ីផាន​ ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​គណៈ​រដ្ឋមន្ដ្រី​ ​មាន​ប្រសាសន៍​ថា​ ​ការ​ប្រតិបត្តិ​របស់​សង្គម​ស៊ីវិល​គួរ​តែ​មើល​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ស្រុក​របស់​កម្ពុជា។​ ​សង្គម​ស៊ីវិល​គួរ​ស្គាល់​ពី​ព្រំដែន​របស់​ខ្លួន​ ​និង​ត្រូវ​ប្រើប្រាស់​វិជ្ជាជីវ​ច្បាស់លាស់​ ​រួមទាំង​គួរ​តែ​ចៀស​វាង​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ។

លោក​ផៃ ស៊ីផាន​ ​ជំរុញ​ឲ្យ​ក្រុម​សង្គម​ស៊ីវិលមើល​ទិស​ដៅ​នៃ​ការ​សហ​ប្រតិបត្តិការ​ជាមួយ​រដ្ឋាភិ​បាល។

«សង្គម​ស៊ីវិល​គ្រាន់តែ​ធ្វើ​យ៉ាង​ដូច​ម្ដ៉េច​ឲ្យ​ឮ​កង​រំពង​ ​មិនមែន​ជា​ដំណោះស្រាយ​ទេ។ ​ហើយ​សង្គម​ស៊ីវិល​ត្រូវ​មើល​មក​រដ្ឋាភិបាល​ជាដៃគូ​ ​ច្រើន​ជាង​ជា​ខ្មាំង។​ ដូច្នេះ​យើង​ឃើញ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្វើការ​កើត​ជាមួយ​រដ្ឋាភិបាល​ ​ដូចជា ​IRI, NDI ​ដែល​គេ​មាន​វិជ្ជាជីវៈ​ ​មិនមាន​រឿងអ្វី​ទេ។ ​ដូច្នេះ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌ ​និង​ការមើលគ្នា​ទៅ​វិញ​ទៅមក​ដើម្បី​សហការ​គ្នា​រៀង​ខ្លួន​ជា​ការ​ល្អ​ជាង»។

ថ្វីបើ​អង្គការ​សង្គម​ស៊ីវិល​បាន​កម្រិត​ខ្លួនឯង​ក្នុង​ព្រំដែន​យ៉ាង​ប្រុង​ប្រយ័ត្ន​នោះ​ ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ជួយ​លើក​ដំកើង​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​ប្រសើរ​ឡើង​នោះ​ ​បាន​ក្លាយ​ជា​ទី​ពំនឹង​ចុង​ក្រោយ​ ​នៅពេល​ដែល​ប្រជា​ពលរដ្ឋ​ ​ជាទូទៅ​ ​ជួប​នូវ​បញ្ហា​នានា​ ​បន្ទាប់ពី​ពួកគេ​ព្យាយាម​ស្វែងរក​ជំនួយ​ពីក្រុម​អាជ្ញាធរ​ ឬ​ជួនកាល​គេ​ស្វែងរក​អន្ដរាគមន៍​ ​ដោយ​ធ្វើការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន​ ​ដោយ​មិនបាន​សម្រេច​ផល។

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ ​មាន​ប្រសាសន៍​ថា​ ​នៅពេល​ដែល​ក្រុម​អាជ្ញាធរ​មិន​យក​ចិត្តទុកដាក់​ដល់​ពួកខ្លួន​ ​ក្រុម​ប្រជា​ពលរដ្ឋ​បាន ស្វែងរក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិ​បាល។

«យើង​ឃើញ​ប្រជា​ពលរដ្ឋដែល​មក​ពឹង​នេះ​ ​ភាគច្រើន​គឺ​ជា​អ្នក​ក្រីក្រ។ ​ជួនកាល​គាត់​ទៅ​តាម​រយៈ​អាជ្ញាធរ​មាន​ការ​លំបាក​ ​ហើយ​គាត់​មក​ពឹង​អង្គការ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​គាត់»។

របាយការណ៍​របស់​អង្គការ​អាដហុក​បង្ហាញ​ថា​ ​ខ្លួន​ទទួល​បាន​បណ្ដឹង​ពី​ប្រជា​ពលរដ្ឋ​ចំនួន​៨១៥​ ករណី​ ​ក្នុងឆ្នាំ​២០១០​កន្លងទៅ​ ​ក្នុងនោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ចំនួន​៤៨៥ករណី​ ​ដូចជា​ ​ការ​រំលោភ​ច្បាប់​ ​ការ​គំរាម​កំហែង​ ​ការចាប់ខ្លួន​ខុសច្បាប់​ដោយ​ក្រុម​អាជ្ញាធរ​ជាដើម។​ ដោយ​ឡែក​ ​អង្គការ​លីកាដូ​ទទួល​បាន​បណ្ដឹង​ពី​ប្រជា​ពលរដ្ឋ​ចំនួន​៩២៨​ករណី​ ​នៅ​ឆ្នាំ​២០១០គឺកើន​ឡើង​ចំនួន​ ២៧​ករណី​ ​បើធៀប​នឹង​ឆ្នាំ​២០០៩៕

XS
SM
MD
LG