ជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក និងមានលទ្ធភាពទិញអង្ករនាំចូលមកពីប្រទេសកម្ពុជានៅពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុន Loran អាហរ័ណ នីហរ័ណ និយាយថាខ្លួនបានទទួលច្បាប់អនុញ្ញាត្តិនាំអង្ករពីប្រទេសកម្ពុជាចូលមកសរអា រួចរាល់អស់ហើយ ហើយកំពុងរៀបចំផែនការដើម្បីដឹកជញ្ជូន។
ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអាមេរិក កន្លងមកទិញអង្ករផលិត នៅសរអា ឬនាំចូលមកពីប្រទេសអាស៊ីផ្សេងៗ ដែលមានរួមទាំងប្រទេសថៃ និង វៀតណាមជាដើម។ តែចាប់ពីឆ្នាំក្រោយនេះទៅ ពួកគេនិងថែមទាំងអាចទិញអង្ករនាំចូលពីប្រទេសកម្ពុជាផងដែរ។
"យើងអាចប្រកួតប្រជែងជាមួយបរទេសបាន ដោយសារប្រទេសអាមេរិក អនុគ្រោះពន្ធឲ្យប្រទេសខ្មែរយើង។ ហើយអង្ករយើងក៏ថោក ហើយគុណភាព ល្អដូចគ្នា។”
លោក លឹម ប៊ុនសេង ជាអគ្គនាយករង នៃក្រុមហ៊ុន Loran អហរ័ណ នីហរ័ណ ។ ក្រុមហ៊ុនលោកគ្រោងចាប់ផ្តើមនាំអង្ករពីប្រទេសកម្ពុជាមកលក់នៅប្រទេសអាមេរិកចាប់ពីឆ្នាំក្រោយនេះទៅ។ លោកថ្លែងថាក្រុមហ៊ុនលោក ហ៊ានធានាថាអង្កររបស់ខ្លួន និងមានគុណភាពល្អ។
“ម៉ាស៊ីនថ្មី គឺស្តង់ដារយើងនាំចូលពីជប៉ុន ពីកូរ៉េ ទំនើបតែម្តង ។ ហើយយើងមានម៉ាស៊ីនសម្ងួត ម៉ាស៊ីនលាងសម្អាត ម៉ាស៊ីនរើសក្រួស, ថ្ម, ដែក គឺមិនឲ្យមានទេគឺមានតែអង្ករសុទ្ធ១រយភាគរយតែម្តង។”
លោក ប៊ុនសេង បាននាំគំរូអង្ករផ្សេងៗ ពីប្រទេសកម្ពុជា មកបង្ហាញបងប្អូនខ្មែរនៅអាមេរិក ក្នុងការតាំងពិពណ៌ពាណិជ្ជកម្មមួយ កាលពីខែតុលា នៅទីក្រុង Long Beach រដ្ឋ California ។
លោក នី ប៊ុនហៀង អ្នកស្រុកកំពង់ចាម ដែលរស់នៅក្នុងប្រទេសអាមេរិកតាំងពីឆ្នាំ១៩៧៥មក ។ លោកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាង៣រយនាក់ ដែលអញ្ជើញមកចូលរួម ក្នុងការតាំងពិព៌ណនេះ។ លោកថ្លែងថា គុណភាពរបស់អង្ករជារឿងសំខាន់សម្រាប់រូបលោក។
“ខ្ញុំនិងទិញ ប៉ុន្តែទាល់តែថាមានគុណភាពដែលធ្វើយ៉ាងម៉េច កុំឲ្យមានដីក្នុងហ្នឹង, កុំឲ្យមានក្រួស, ធ្វើយ៉ាងម៉េចកុំឲ្យមានកំទេចដែក, ធ្វើយ៉ាងម៉េចកុំឲ្យមានអ្វីផ្សេងពីអង្ករ។”
លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសរអា ហែម ហេង បានធ្វើដំណើរ ពីរដ្ឋធានី Washington ដើម្បីមកចូលរួមនៅក្នុងការតាំងពិព៌ណពាណិជ្ជកម្ម កម្ពុជា ជាលើកទីមួយនេះ។ លោកថាលោកមានមោទនភាពយ៉ាងខ្លាំងចំពោះគំរោងការនាំអង្ករខ្មែរ មកលក់នៅក្នុងទីផ្សារអាមេរិកនេះ។
“ខ្ញុំជឿជាក់ថា បើអង្ករខ្មែរនាំមកអាមេរិក បងប្អូនខ្មែរយើងនិងគាំទ្រទិញ និងគាំទ្រទទួលទានអង្ករខ្មែរយើង ជាងអង្ករបរទេសដទៃទៀតជាមិនខាន។”
លោក ប៉ាន់ សូរស័ក្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម នៃប្រទេស កម្ពុជា បានអញ្ជើញពីប្រទេសកម្ពុជាមកចូលរួមដែរ។ លោកថ្លែងថាលោកជឿថាការនាំអង្ករចូលមកសរអានេះ និងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។
“ខ្ញុំជឿថាទៅថ្ងៃមុខជីវភាពកសិករយើង ដែលផលិតផលជាពិសេស ក្នុងរឿងអង្ករ ក៏ដូចជាកសិផលនាៗ និងមានជីវភាពខ្ពស់ ហើយយើងនិងអាច កាត់បន្ថយនូវភាពក្រីក្រយើងបន្ថែមទៀត។”
លោក វង្ស ដានី ជាមន្ត្រីសមាគមពាណិជ្ជកម្មខ្មែរ នៅទីក្រុង Long Beach ដែលរៀបចំការតាំងពិព៌ណនេះ។ លោកថ្លែងថាលោកសង្កេតឃើញបងប្អូន ខ្មែរដែលមកចូលរួម មានចំណាប់អារម្មណ៏យ៉ាងខ្លាំង ចំពោះអង្ករមកពីកម្ពុជា។
“កន្លែងតូបអង្ករហ្នឹង តម្រូវការហ្នឹងខ្ញុំជឿថា អង្ករមិនទាន់មកដល់ផង គ្រាន់តែមានជាគំរូជាកញ្ចប់តូចៗមិនដល់មួយកំប៉ុងផង ក៏គេនាំគ្នាយកទៅដាំដែរដើម្បីឲ្យស្គាល់ស្នាដៃអ្វីដែលចេញពីកសិករខ្មែរ។”
ក្រុមហ៊ុន Loran អាហរ័ណ នីហរ័ណ និយាយថាមកទល់និងពេលនេះ ក្រុមហ៊ុនអាមេរិក ចំនួនជិត៣០ហើយ ដែលបានកក់ទិញអង្ករមកពីប្រទេស កម្ពុជាពីក្រុមហ៊ុនលោក៕