ព្រះអង្គម្ចាស់នរោត្តមរណឫរិទ្ធបានបង្ហាញមុខជាលើកដំបូង ដើម្បីឃោសនារកសំឡេងឆ្នោតសម្រាប់ចូលរួមការប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ មិថុនាខាងមុខនេះ បន្ទាប់ពីគណបក្សរបស់ព្រះអង្គបានប្រកាសចងសម្ព័ន្ធភាពជាមួយនិងគណបក្សហ៊្វុនស៊ិនប៉ិចរបស់លោកញឹក ប៊ុនឆៃ។
ក្នុងខណៈពេលដែលព្រះអង្គកំពុងតែឃោសនារកសំឡេងឆ្នោតនៅវត្តភ្នំ កណ្តាលទីក្រុងភ្នំពេញ ព្រះអង្គមិនបានបំភ្លេចគុណលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួលគណបក្សរាជានិយមទាំងពីរឲ្យរួបរួមគ្នាឡើងវិញ បន្ទាប់ពីបានបែកបាក់គ្នាអស់រយៈពេលប្រាំមួយឆ្នាំនេះទេ។
កាលពីថ្ងៃទី២៤ កន្លងទៅនេះ គណបក្សនរោត្តមរណឫរិទ្ធរបស់សម្តេចក្រុងព្រះ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់លោកញឹក ប៊ុនឆៃបានប្រកាសចងសម្ព័ន្ធភាពឡើងវិញនៅឯអគាររដ្ឋាភិបាល ក្រោមការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុងខណៈពេលដែលសម្តេចក្រុងព្រះបានយាងចុះទៅឃោសនារកសំឡេងឆ្នោតនៅឯវត្តភ្នំ ព្រះអង្គបានបញ្ជាក់ថា មានតែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេដែលអាចនាំទៅរកការវិលត្រឡប់មកវិញនូវអ្នករាជានិយម។ ព្រះអង្គម្ចាស់បានមានបន្ទូលថា បើចង់ដោះស្រាយបញ្ហាជាតិ ទាល់តែអ្នករាជានិយមបូកទាំងអ្នកជាតិនិយមមួយចំនួនទៀត ដែលលោកសំដៅទៅលើគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបអាចដោះស្រាយបញ្ហាជាតិបាន។
បន្ទាប់ពីបានទទួលភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យរូបរួមគណបក្សរាជានិយមតែមួយ សម្តេចក្រុងព្រះនរោត្តមរណឫរិទ្ធក៏បានឆ្លៀតឱកាសវាយប្រហារគណបក្សប្រឆាំងចំនួនពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាថា គណបក្សនេះមិនអាចជួយអ្វីដល់ប្រទេសជាតិបានទេ។
«បោះឆ្នោតឲ្យសម រង្ស៊ី ទំនិញចុះថ្លៃ។ ខ្ញុំឃើញថា គាត់និយាយមកវាបួនអាណត្តិហើយ មានន័យថា ២០ឆ្នាំហើយ សាំងនៅតែឡើងថ្លៃ អ្នកម៉ូតូឌុបក៏នៅតែរហេមរហាម ប្រជារាស្ត្រ។ ឯការប្លន់ទឹកដី ក៏ឃើញអ្នកមាននៅតែយកទឹកដីដដែល។ ឃើញតែនិយាយ ក៏ប៉ុន្តែពុំមាន ពុំដែលឃើញគណបក្សសម រង្ស៊ី ជាឧទាហរណ៍មួយទេ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានបញ្ជាក់ថា គណបក្សសម រង្ស៊ី មិនមានសំឡេងគ្រប់គ្រាន់សម្រាប់គ្រប់គ្រងអំណាចទេ ហើយគណបក្សសម រង្ស៊ីបំពេញកាតព្វកិច្ចជាអ្នកផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ទៀតថា មានមេដឹកនាំខ្លះមានឱកាសធ្វើជានាយករដ្ឋមន្ត្រី ហើយតែក្បត់ឆន្ទៈរាស្ត្រ។
«យើងមានការសោកស្តាយណាស់ ដែលគណបក្សមួយ ដែលមានអត្តសញ្ញាណដែលមានប្រវត្តិដ៏យូរលង់ក្លាយទៅជាសាខារបស់គណបក្សប្រជាជនកម្ពុជា ហើយដើរតួនាទីជាអ្នកនាំពាក្យឲ្យគណបក្សប្រជាជនកម្ពុជានៅពេលបច្ចុប្បន្ន។ យើងមិនមានការចាប់អារម្មណ៍អ្វីទេ។ សង្ឃឹមថា ប្រជាពលរដ្ឋ អ្នកម្ចាស់ឆ្នោតទាំងអស់នឹងបោះឆ្នោតឲ្យគណបក្សសម រង្ស៊ី ដែលជាគណបក្សដែលមានសក្កានុពលតែមួយគត់នៅក្នុងប្រទេសកម្ពុជា ប្រជែងនឹងគណបក្សប្រជាជនដើម្បីឈានទៅរកការផ្លាស់ប្តូរ»។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបាននិយាយថា ទាំងគណបក្សនរោត្តមរណឫរិទ្ធ និងគណបក្សហ៊្វុនស៊ិនប៉ិចកំពុងតែបង្ហាញភាពពិតរបស់ខ្លួនថា ពិតជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា គណបក្សសិទ្ធិមនុស្សមិនដែលឈ្នះឆ្នោតដឹកនាំប្រទេសទេ មានតែព្រះអង្គម្ចាស់ទេដែលធ្លាប់ធ្វើជាមេដឹកនាំហើយដឹកនាំប្រទេសខុស។
«យើញឃើញថា ប្រជាពលរដ្ឋគេមិនទៅជឿសម្តីរបស់រណឫរិទ្ធទៀតទេ ព្រោះរណឫរិទ្ធធ្លាប់គេឲ្យឈ្នះហើយ។ ដូច្នេះឈ្នះហើយធ្វើការមិនកើត ឈ្នះហើយឲ្យគេប្រើប្រាស់យកកម្លាំងខ្លួន យកអំណាចខ្លួនទៅប្រើប្រាស់ ដើម្បីប្រយោជន៍តែបក្សពួកគេ ហើយគាត់មានមុខអីដើម្បីឲ្យប្រជាពលរដ្ឋគេជឿគាត់ទៀត»។
គណបក្សនរោត្តមរណឫរិទ្ធ និងគណបក្សហ៊ុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជមួយ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានបញ្ចប់។ ហើយគេរំពឹងថា សមាជនេះនឹងបោះឆ្នោតតែងតាំងព្រះអង្គម្ចាស់នរោត្តមរណឫរិទ្ធ ជាមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចជាថ្មី និងលោកញឹក ប៊ុនឆៃជាអនុប្រធានគណបក្ស៕