ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នៅតាមព្រំដែនជាមួយប្រទេសថៃ មានការលិចលង់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីមានភ្លៀងជោគជាំ ហូរធ្លាក់មកពីលើភ្នំនៅជិតនោះ។
ទឹកភ្លៀងដែលហូរធ្លាក់មកពីលើភ្នំដងរែក បានបណ្តាលឲ្យលិចស្រុកយ៉ាងតិចបួននៅក្នុងខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ហើយក្រោយមកបានហូរហៀរទៅដល់ខេត្តបាត់ដំបងនិងឧត្តរមានជ័យកាលពីថ្ងៃច័ន្ទ នៅពេលដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែនប្រទេសថៃ ដែលធ្វើឲ្យស្ថានការណ៍មានភាពរិតតែធ្ងន់ធ្ងរឡើងទៀត។
អ្នកស្រុកនៅខេត្តសៀមរាបបាននាំគ្នាដើរនិងជិះម៉ូតូតាមផ្លូវដែលលិចទឹក ហើយឈរនៅលើស្ពានស្ទូចត្រីក្នុងស្ទឹងដែលមានទឹកហៀរពាសពេញ។ អ្នកស្រុកម្នាក់ថ្លែងថា៖«ចង់ឲ្យអាជ្ញាធរចាត់វិធានការដើម្បីឲ្យឆាប់ស្រកទឹកហ្នឹងបាទ ឲ្យប្រជាជនទាំងអស់បានធូរធារបាទ»។
មន្រ្តីបានបញ្ជូនម៉ាស៊ីនធំៗឲ្យទៅជួយបូមទឹកចេញពីផ្លូវថ្នល់។ អាជីវករម្នាក់និយាយថា៖
«ភ្លៀងផង ទឹកជំនន់ផង បានវាលិច ខ្ញុំរកស៊ីអត់កើត»។
គ្មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬអំពីការខូចខាតដ៏ធ្ងន់ធ្ងរណាទេ៕