ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញចំពោះ​ការ​កាត់ទោស​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​


(ពីឆ្វេងទៅស្តាំ) នួន ជា មេមនោគមវិជ្ជា អៀង​ សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរក្រហម និង​ខៀវ​ សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ស្វាគមន៍​ចំពោះ​ការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​ចំពោះ​ការបង្កើត​គោលនយោបាយ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជិត​ពីរ​លាន​នាក់​នៅ​ចុង​ទសវត្សរ៍​១៩៧០។

អតីត​មេដឹកនាំ​ខ្មែរក្រហម​រួម​មាន​នួន​ ជា ​អាយុ​៨៥​ឆ្នាំ ​អតីត​ប្រធាន​មនោគមន៍វិជ្ជា​នយោបាយ ​ខៀវ​ សំផន​ អាយុ​៨០​ឆ្នាំ​អតីត​ប្រធាន​រដ្ឋ​ និង​អៀង ​សារី​ អាយុ​៨៦​ឆ្នាំ ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ ត្រូវ​បាន​ចោទ​ប្រកាន់​អំពី​ពី​បទប្រល័យ​ពូជសាសន៍ ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​បទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

ជន​ត្រូវ​ចោទ​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០០៧។ របបខ្មែរ​ក្រហម​បានធ្វើ​ឲ្យ​ស្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជិត​ពីរ​លាន​នាក់​ ដោយ​ការ​បង្អត់​ចំណីអាហារ​ ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ធ្ងន់​ហួស​កម្លាំង ​ការ​ប្រហារ​ជីវិត​ដោយ​គ្មាន​ការ​ជំនុំជម្រះ ​និង​ជំងឺ​គ្មាន​ថ្នាំ​ព្យាបាល​រវាង​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៨។

លោក ​សាយ ​ប៊ុនធឿន ​អាយុ​៤៥​ឆ្នាំ ​ជា​តន្ត្រីករ​ ដែល​ឪពុក​ម្តាយ​ និង​ប្អូន​ប្រុស​របស់​លោក​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម​ បាន​ញ្ជាក់​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ចំពោះ​ការ​ចាប់​ផ្តើម​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ដើម្បី​លាតត្រដាង​អំពី​ហេតុផល​ពិត​ប្រាកដ ​នៃ​ការ​កាប់​សម្លាប់។

«ខ្ញុំ​សូម​ឱ្យ​តុលាការ​កាត់ទោស​ឱ្យ​ដាក់​ទោស​គាត់​ឱ្យ​សម​ទោស​ដែល​គាត់​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ជំនាន់​អំឡុង​បី​ឆ្នាំ ​និង​៨​ខែ។​ ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​តុលាការ​រក​យុត្តិធម៌​ឱ្យ​ជន​រងគ្រោះ​ដែល​គាត់​បាន​ស្លាប់​បាត់បង់​ប្រពន្ធ​កូន ​ឪពុក​ម្តាយ​ និង​ញាត្តិមិត្ត​សន្តាន។ ​ខ្ញុំ​ សប្បាយ​រីករាយ​ដោយ​បាន​តុលាការ​កាត់ទោស​គាត់​ដើម្បី​រក​យុត្តិធម៌​ឱ្យ​អ្នក​រងគ្រោះ»។

លោក​ ឃុន ​សារិទ្ធ​ អាយុ​៥៣​ឆ្នាំ ​អ្នក​រត់​ម៉ូតូ​កងបី​ដែល​ឪពុក​របស់​លោក​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​ប៉ុល ពត ​បាន​ថ្លែង​ថា លោក​ចង់​ឱ្យ ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​ ទាំង​នេះ​មួយ​ជីវិត ​និង​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋខ្មែរ។

«ខ្ញុំ​រីករាយ​សប្បាយ​ចិត្ត​ណាស់​ដែល​តុលាការ​បាន​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​ទាំង​បី​នាក់​នៅ​ថ្ងៃ​នេះ។ ការ​កាត់ទោស​នេះ ​ពិសេស​ណាស់​នៅ​ថ្ងៃ​នេះ។​ វា​សំខាន់​គឺ​កាត់ទោស​មេដឹកនាំ​ផ្តាច់ការ​ទាំង​បី​នាក់​នេះ​តែ​ម្តង​ ​គឺ​ខៀវ​ សំផន​ នួន​ ជា ​និង​អៀង ​សារី»។

លោក​ ឱម ​ខួង ​អាយុ​៨១​ឆ្នាំ​ នៅ​ក្នុង​ខណ្ឌ​ចំការមន​ ដែល​មាន​សាច់ញាត្តិ​២២​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ​បាន​និយាយ​ថា​ តុលាការ​ត្រូវ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​ទាំង​បី​នាក់​ឱ្យ​ធ្ងន់ធ្ងរ​បំផុត​ ហើយ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ទាំង​នេះ​ត្រូវ​តែ​ឆ្លើយ​ការពិត​អំពី​ការកាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ។

«សព្វ​ថ្ងៃ​នេះ ​ខ្ញុំ​សប្បាយ​ណាស់​ឃើញ​តុលាការ​ធ្វើ​ឱ្យ​យុត្តិធម៌​ត្រឹមត្រូវ។​ មេ​ធំ​ៗ​ឆ្លើយ​ប្រាប់​សារ​ឱ្យ​អស់​មក​អំពី​រឿង​ដែល​កាប់​សម្លាប់ ​ហ្នឹង​មក​ពី​មូលហេតុ​អ្វី​បាន​ជា​អ្នក​ធំៗ​ហ្នឹង​ បាន​ជា​កាប់​សម្លាប់​ជីវិត​មនុស្ស​ស្រស់ៗ​យ៉ាង​អញ្ចឹង​។ ​ខ្ញុំ​ប្តេជ្ញា​ហើយ​ថា ខ្ញុំ​មិន​បន្ធូរ​បន្ថយ​ទេ ​ឱ្យ​ដាក់​គុក​មេៗ​មួយ​ជីវិត​តែ​ម្តង​ កុំ​ឱ្យ​កើត​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ត​ទៅ​មុខ​ទៀត»។

លោក ​ហួង ​បូ ​អាយុ​៧៧​ឆ្នាំ ​នៅ​ក្នុង​ខណ្ឌ​ចំការមន​ បាន​បញ្ជាក់​ថា ពួក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​បាន​បង្កើត​គោលនយោបាយ ​កាប់សម្លាប់​ប្រជាពលរដ្ឋ​អស់​ជិត​ពីរ​លាន​នាក់​កាល​ពី​៣២​ឆ្នាំ​មុន​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ​ពួក​អតីត​មេដឹកនាំ​ទាំង​នោះ​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទា ​ទោស​ចំពោះ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​៣២​ឆ្នាំ​មុន។ លោក ​ហួង ​បូ ​សង្ឃឹម​ថា​តុលាការខ្មែរ​ក្រហម​អាច​នឹង​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ជន​រងគ្រោះ ​និង​ផ្តន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​អ្នក​បង្កើត​គោលនយោបាយ​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្មែរ​នេះ៕

XS
SM
MD
LG