ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហេង​ សំរិន៖ឯក​អគ្គ​រដ្ឋ​ទូត​ត្រូវ​បក​ស្រាយ​បំណង​ឈ្លាន​ពាន​របស់​ថៃ​លើ​ទឹក​ដី​កម្ពុជា


លោក​ប្រធាន​រដ្ឋ​សភា​ ហេង​ សំរិន​ បាន​ផ្តល់​អនុសាសន៍​ដល់​ឯក​អគ្គ​រដ្ឋ​ទូត​កម្ពុជា​ តែង​តាំង​ថ្មី​ ឱ្យ​ពន្យល់​ប្រទេស​នានា​ ពី​គោល​បំណង​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​មក​លើ​ទឹក​ដី​កម្ពុជា។

លោក ​ជន ​សក្តា​ ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ទទូច​ដល់​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ តែង​ តាំង​ថ្មី​ចំនួន​៣​រូប​ ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​ពន្យល់​ប្រទេស​នានា​ ឱ្យ​យល់​ពី​គោល​បំណង​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​មក​លើ​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះ​វិហារ។

ការ​កត់​សម្គាល់​របស់​លោក​ហេង ​សំរិន​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ជួប​ជា​មួយ​ឯក​អគ្គ​រាជ​ ទូត​កម្ពុជា​តែង​តាំង​ថ្មី​ចំនួន​៣​រូប​ទៅ​កាន់​ប្រទេស​រុស្ស៊ី ​ប្រទេស​គូបា ​និង​ប្រទេស​ហ្វីលីពីន។

លោក​ស្រី ​ហៃ ​សុន្នារិន្ទ ​ប្រធាន​ផ្នែក​កិច្ច​ការ​ប្រទេស​និយាយ​ភាសា​បារាំង​នៃ​ក្រសួង​ការ​បរទេស​ ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​ប្រទេស​គូបា​ជំនួស​លោក​ប្រេស​ម៉ានូឡា។​ លោក​ថៃ វណ្ណា​ ប្រធាន​នាយក​ដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​ការ​បរទេស ​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​សហ​ព័ន្ធ​រុស្ស៊ី ​ជំនួស​លោក ​ខៀវ​ ថវិកា​ និង​លោក​ ហើស​ សេរីធន ​ប្រធាន​នាយក​ដ្ឋាន​កិច្ច​ការ​ទំនាក់​ទំនង​ទ្វេ​ភាគី​ជា​មួយ​ប្រទេស​អាស៊ាន​ ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន​ ជំនួស​លោក​ អ៊ិន ម៉យ។

កង​ទ័ព​កម្ពុជា​ និង​ថៃ​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ជម្លោះ​ព្រំ​ដែន​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ និង​បាន​វ៉ាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើកដែល​បាន​សម្លាប់​កង​ទ័ព​យ៉ាង​តិច​៨​នាក់​ បន្ទាប់​ពី​ប្រាសាទ​ ព្រះ​វិហារ​ត្រូវ​បាន​ចុះ​នៅ​ក្នុង​បញ្ចី​បេតិក​ភ័ណ្ឌ​ពិភព​លោក​របស់​អង្គការ​ Unesco​ នៅ​ក្នុង​ខែ​ កក្កដា ​ឆ្នាំ​២០០៨។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ ​បាន​ឈ្លោះ​ដណ្តើម​ដី​ទំហំ ​៤,៦ ​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ក្បែរ​ប្រាសាទ​ ព្រះ​វិហារ។

លោក​ហេង​ សំរិន ​ប្រធាន​រដ្ឋ​សភា ​បាន​ផ្តល់​យោបល់​ដល់​ឯក​អគ្គ​រាជ​ទូត​តែង​តាំង​ថ្មី​ឱ្យ​ពន្យល់ ​ប្រាប់​ប្រទេស​ជា​មិត្ត​និង​អង្គ​ទូត​នានា​ ពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​លើ​ទឹក​ដី​កម្ពុជា​ នៅ​តំបន់​ ប្រាសាទ​ព្រះ​វិហារ។

លោក​ថៃ វណ្ណា ​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​សហ​ព័ន្ធ​រុស្ស៊ី ​បាន​បញ្ជាក់​ ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្រោយ​ពី​ជំនួប​ជា​មួយ​លោក​ហេង ​សំរិន​ថា​ ​យើង​នឹង​យក​អនុសាសន៍​ ដ៏​មាន​សារៈ​ប្រយោជន៍​របស់​លោក ​ហេង ​សំរិន​ ទៅ​ពន្យល់​ប្រទេស​ជា​មិត្ត​ ប្រទេស​តាំង​នៅ​ និង​អង្គ​ទូត​នានា​ ឱ្យ​យល់​ពី​គោលបំណង​ឈ្លាន​ពាន​យក​ទឹក​ដី​របស់​យើង ​ពី​សំណាក់​ប្រទេស​ថៃ​ នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ។

"សម្តេច​បាន​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​ថា តួនាទី​របស់​យើង​ខ្ញុំ​នេះ​ ខិត​ខំ​ពន្យល់​ឱ្យ​គេ​យល់​ពី ​សភាព​ការណ៍​ព្រំ​ដែន​ជា​មួយ​ប្រទេស​ថៃ។​ (យើង)​ពន្យល់​ប្រទេស​ជា​មិត្ត​ ប្រទេស​តាំង​នៅ​ និង​អង្គ​ ទូត​នានា​ឱ្យ​យល់​ពី​ថៃ​ ដែល​មាន​បំណង​ចង់​ឈ្លាន​ពាន​យក​ទឹក​ដី​របស់​យើង​ នៅ​តំបន់​ព្រះ​វិហារ​ ដោយ​យោង​លើ​ប្រវត្តិ​សាស្ត្រ​ សេចក្តី​សម្រេច​របស់​តុលាការ​ទី​ក្រុង​ឡាអេ​ ផែន​ទី​ និង​ឯកសារ​ច្បាស់​លាស់"។

លោក​ថៃ វណ្ណា ​បាន​បន្ត​ថា​ អនុសាសន៍​របស់​លោក​ ហេង​ សំរិន​ មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​យើង​ទាំង​អស់​គ្នា​ ដែល​មាន​តួនាទី​ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ។

លោក​ថៃ ​វណ្ណា ​បាន​បន្ថែម​ថា​ យើង​នឹង​យក​អនុសាសន៍​នេះ​ទៅ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។​ យើង​នឹង​ខិតខំ​បំពេញ​ការ​ងារ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​បេសក​កម្ម​ការ​ទូត​បម្រើ​ផល​ប្រយោជន៍​ របស់​ប្រទេស​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ។

ពី​ទី​ក្រុង​ភ្នំ​ពេញ​ ខ្ញុំ ​ជន ​សក្តា​ VOA​ សំឡេង​ស.រ.អ.៕

XS
SM
MD
LG