សមាជិករដ្ឋសភាកម្ពុជានឹងជួបប្រជុំជាមួយសមាជិករដ្ឋសភាមកពី១០ប្រទេស ដែលរួមមានប្រទេសអ៊ីរ៉ង់ គូវ៉េត ស៊ីរី ម៉ាល់ឌីវ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ថៃ តួគី និងប្រទេសវៀណាម នឹងចូលរួមប្រជុំអនុគណៈកម្មាធិការនៃរដ្ឋសភាអាស៊ី ស្តីពីការការពារ និងការគោរពវប្បធម៌នៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ២០១០។ កិច្ចប្រជុំនឹងផ្តោតទៅលើវិធានការការពារ និងការគោរពវប្បធម៌គ្នាទៅវិញទៅមក នៅក្នុងទ្វីបអាស៊ី ដែលអ្នកជំនាញវប្បធម៌ និងទេសចរណ៍បាននិយាយនៅថ្ងៃសុក្រនេះថា នឹងផ្តល់ផលប្រយោជន៍ យ៉ាងសំខាន់ដល់ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ខ្មែរ ដើម្បីទាក់ទាញទេសចរមកកាន់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។
នៅឆ្នាំ២០០៦ សម័យប្រជុំពេញអង្គនៃរដ្ឋសភាអាស៊ី បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីរៀបចំផែនការសកម្មភាពសម្រាប់ការពារ និងគោរពវប្បធម៌នៅទ្វីបអាស៊ី និងបានសម្រេចបង្កើតអនុគណៈកម្មាធិការកិច្ចការវប្បធម៌អាស៊ីនេះ។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសអាស៊ីដែលមានភាពអស្ចារ្យ អារ្យធម៌បុរាណ សាសនា និងវប្បធម៌ ដ៏សម្បូរបែបសម្រាប់ការអភិរក្ស ការគោរព និងការទាក់ទាញភ្ញៀវបរទេស។
សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ សម្រាប់តួនាទីដ៏សំខាន់របស់សភាកម្ពុជាក្នុងការជួយជំរុញវប្បធម៌ សន្តិភាព និងរីកចម្រើនសម្រាប់តំបន់ និងពិភពលោកទាំងមូល ហើយវាជាមោទនភាពរបស់ប្រទេសកម្ពុជា ដើម្បីបង្ហាញសមាជិកសភាពីប្រទេសផ្សេងៗអំពីឥទ្ធិពលវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្មែរយើង។
លោក ប៉ាន់ សំបូរ ប្រធានសម្ព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានថ្លែងថា ការប្រជុំរបស់រដ្ឋសភាអាស៊ីស្តីពីវប្បធម៌នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ការទាក់ទាញទេសចរនៅក្នុងតំបន់ និងពិភពលោកឱ្យមកទស្សនាប្រាង្គប្រាសាទបុរាណ អារ្យធម៌ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ។ លោកថ្លែងដូច្នេះថា៖
«អារ្យធម៌របស់ខ្មែរយើង គឺជាអារ្យធម៌មួយដែលមានភាពចំណាស់ជាងគេនៅទ្វីបអាស៊ី ហើយវានឹងបង្ហាញនូវឥទ្ធិពល និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងកាន់តែច្រើនទៅកាន់តំបន់ អាស៊ាន និងអ៊ឺរ៉ុបផងដែរ។ អញ្ចឹងខ្ញុំសង្ឃឹមថា ការប្រជុំរបស់សភាអាស៊ីនឹងផ្តល់នូវមោនភាព និងលើកតម្កើងនូវវិស័យទេសចរណ៍ និងវប្បធម៌របស់ខ្មែរមួយទៅកាន់តំបន់អាស៊ី និងពិភពលោក»។
លោក ព្រីម ភ្លឿង នាយកអង្គការសិល្បៈខ្មែរអមតៈបានថ្លែងថា កិច្ចប្រជុំនេះនឹងជួយលើកកម្ពស់ឥទ្ធិពលវប្បធម៌របស់ខ្មែរយើង ជាពិសេសដន្ត្រីរបាំ និងប្រាសាទបុរាណខ្មែរ ខណៈដែលប្រទេសកម្ពុជាកំពុងខិតខំអភិរក្ស និងអភិវឌ្ឍវប្បធម៌របស់ខ្លួន។ លោកព្រីម ភ្លឿង បានបន្តថា យើងកំពុងព្យាយាមអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែយើងភ្លេចការអភិរក្ស និងអភិវឌ្ឍវប្បធម៌របស់យើងដែលកំពុងតែប្រឈមនឹងសកលភាវូបនីយកម្ម។ លោកព្រីម ភ្លឿង បានបញ្ជាក់ថា កិច្ចប្រជុំសភាអាស៊ីអំពីការការពារ និងការគោរពវប្បធម៌នៅតំបន់អាស៊ីនេះ នឹងជំរុញប្រទេសកម្ពុជាឱ្យបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រនានាសម្រាប់អភិរក្ស និងអភិវឌ្ឍវប្បធម៌របស់ខ្មែរយើង៕