ភ្នំពេញ — មួយភាគបីនៃពលករខ្មែរចំណាកស្រុកធ្វើការនៅប្រទេសថៃមានគុណភាពជីវិតទាបដោយសារបញ្ហា stress (ជំងឺផ្នែកផ្លូវអារម្មណ៍) ខ្លាំង មានអាការៈជំងឺធ្លាក់ទឹកចិត្ត (de·pression )និងបរិស្ថានរស់នៅមានស្តង់ដារទាប។ នេះបើយោងតាមអត្ថបទស្រាវជ្រាវមួយអំពី «ស្ថានភាពសុខភាពផ្លូវចិត្តនិងគុណភាពជីវិត ក្នុងចំណោមពលករកម្ពុជាចំណាកស្រុកនៅប្រទេសថៃ»។ អត្ថបទស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយ ក្នុងខែកញ្ញាឆ្នាំ ២០២០។
អត្ថបទនេះសិក្សាក្នុងចំណោមពលករកម្ពុជាចំណាកស្រុកចំនួនជាង ១២០០ នាក់ នៅក្នុងខេត្តសាកែវ និងខេត្តសូរិន្ទ ប្រទេសថៃ។ ពលករកម្ពុជាប្រមាណ ២៥០០០ នាក់ ធ្វើការនៅខេត្តនេះ កាលពីឆ្នាំ ២០១៨ នៅអំឡុងពេលដែលអ្នកស្រាវជ្រាវចុះសិក្សា។
លោក ប៉ាល់ ចំរើន អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការខាណា ដែលធ្វើការលើផ្នែកសុខភាពនិងជាអ្នកដឹកនាំការស្រាវជ្រាវនេះ លើកឡើងថា បញ្ហាច្រើនដូចជាសុខភាពផ្លូវចិត្ត ការរំលោភបំពានកម្លាំងពលកម្ម និងបរិស្ថានរស់នៅស្តង់ដារទាប បានធ្វើឲ្យគុណភាពជីវិតរបស់ពួកគេធ្លាក់ចុះ។
អ្នកស្រាវជ្រាវរូបនេះ បានប្រាប់វីអូអេថា៖ «ទាក់ទងនឹងគុណភាពជីវិតឬសេចក្តីសុខរបស់កម្មករហ្នឹងឃើញថា ៣៤ ជិត ៣៥ ភាគរយ (មួយភាគបី) នៃកម្មករដែលធ្វើការនៅថៃហ្នឹង គុណភាពជីវិតគាត់តិចតួច មានន័យថា គុណភាពជីវិតរបស់គាត់នៅក្នុងកម្រិតខ្សោយ ដោយសារកត្តាមួយចំនួនពាក់ព័ន្ធដូចជាគាត់មានកម្រិតស្ត្រេស កម្រិតភាពធុញថប់ និងជំងឺធ្លាក់ទឹកចិត្តជាដើម»។
បណ្ឌិតផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃរូបនេះ បន្តថា៖ «ហ្នឹងដែលខ្ញុំទៅឃើញផ្ទាល់គឺឃើញថា ពួកគាត់ភាគច្រើនដែលនៅតាមចម្ការអំពៅ ចម្ការដំឡូងអីជាលក្ខណៈតូបតូចៗ ដែលនិយោជកគ្រាន់តែផ្តល់ជាឈើ ឬសម្ភារៈតិចតួច ដែលគាត់ត្រូវយកមកសាងសង់ខ្លួនឯង។ អ៊ីចឹងគុណភាពសំណង់ខ្ទម ដែលគាត់ធ្វើហ្នឹងគឺត្រឹមតែបានប្រក់ការពារខ្យល់ភ្លៀងតិចតួចអីតែប៉ុណ្ណឹង។ សហគមន៍គាត់នៅឆ្ងាយដាច់ពីជនជាតិថៃ ដែលគេរស់នៅភូមិស្រុករបស់គេ»។
គុណភាពជីវិតល្អសំដៅដល់កម្រិតស្តង់ដារសុខភាព សេចក្តីសុខសុភមង្គលរបស់បុគ្គលម្នាក់ៗ ដែលកើតចេញពីសុខភាពរាងកាយ សុខភាពផ្លូវចិត្ត ទំនាក់ទំនងសង្គម និងបរិស្ថានជុំវិញខ្លួន។ នេះបើតាមការកំណត់របស់អង្គការសុខភាពពិភពលោក (WHO)។
អត្ថបទស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ F1000Research មានទីស្នាក់ការនៅក្នុងប្រទេសអង់គ្លេសនេះ សរសេរថា៖
«អត្រាប្រេវ៉ាឡង់(ទូទៅ)នៃភាព stress (ជំងឺផ្នែកផ្លូវអារម្មណ៍) មធ្យមនិងខ្លាំង ក្នុងចំណោមពលករទាំងនោះ មានដល់ជិត ៦៨ ភាគរយ ហើយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត (depression) មានដល់ជិត ៧០ ភាគរយ»។ នេះមានន័យថា ក្នុងចំណោមពលករ ១០០ នាក់ មានជិត ៧០ នាក់ ប្រឈមនឹងការធ្លាក់ទឹកចិត្ត (depression)។ ការសិក្សានេះក៏បានប្រៀបធៀបជាមួយនឹងការសិក្សាស្រដៀងគ្នាធ្វើឡើងនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដែលគេរាយការណ៍ថា ក្នុងចំណោមពលករចំណាកស្រុក ១០០ នាក់ ដែលមានជំនាញទាបនោះមាន ៦៣ នាក់ប្រឈមនឹងបញ្ហាផ្លូវចិត្ត។
ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃធ្វើការក្នុងវិស័យកសិកម្មសំណង់អ្នកបម្រើតាមផ្ទះសេវាកម្មឧស្សាហកម្មផលិតវកម្ម និងចិញ្ចឹមសត្វ។ ពួកគេភាគច្រើនទទួលបានប្រាក់ចំណូលមិនគ្រប់គ្រាន់ហើយជាប់បំណុលធនាគារ។ នេះបើយោងតាមការស្រាវជ្រាវដដែលនេះ។
អត្ថបទស្រាវជ្រាវនេះបន្ថែមទៀតថា បញ្ហាផ្លូវចិត្តមានទំនាក់ទំនងជិតស្និទ្ធទៅនឹងគុណភាពជីវិតទាប។នៅពេលប្រឈមនឹងបញ្ហាផ្លូវចិត្ត ពលករភាគច្រើនបានជ្រើសរើសយកការជក់បារីនិងសេពសុរា។ការណ៍នេះបង្កឲ្យមានការរំខានដល់ការបំពេញការងារ បន្ថែមបន្ទុកសេដ្ឋកិច្ចបង្កអំពើហិង្សាក្នុងគ្រួសារនិងអាចឈានដល់ការលេងល្បែងស៊ីសងថែមទៀតផង។
លោក ប៉ាល់ ចំរើន ជាអ្នកសិក្សាការស្រាវជ្រាវនេះបន្តថា ពលករចំណាកស្រុកទាំងនោះត្រូវការជាចាំបាច់នូវការអន្តរាគមន៍ពីរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ទៅលើការគាំទ្រផ្នែកសេវាអប់រំការប្រឹក្សាផ្នែកសុខភាពផ្លូវចិត្ត និងការកែលម្អស្ថានភាពរស់នៅរបស់ពលករទាំងនោះ។
លោក ប៉ាល់ ចំរើន បារម្ភថា វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ជាបន្ទុកបន្ថែមដល់ស្ថានភាពរស់នៅដល់ពលករទាំងនោះ។
ត្រឹមចុងខែកញ្ញានេះ ពលករកម្ពុជាបន្តស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃមានចំនួនប្រមាណ ១ លាន ១សែននាក់។ នេះបើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
លោក ញឹប ដា អាយុ ៤៤ ឆ្នាំ ជាពលករមួយរូបដែលធ្វើការនៅប្រទេសថៃជាង ៦ ឆ្នាំមកហើយ។ ដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩ លោក ញឹប ដា និងភរិយារួមទាំងកូនស្រី អាយុ ១៩ ឆ្នាំ បានបាត់បង់ការងារធ្វើនៅខេត្តឈុនបុរីប្រទេសថៃ។
លោកបានឲ្យដឹងថា លោកនៅបន្តចាំរកការងារធ្វើព្រោះលោកនិងគ្រួសាររបស់លោកមិនត្រឡប់មកស្រុកវិញទេ ដរាបណាលោកនៅមិនទាន់មានចំណូល ដើម្បីដោះបំណុលធនាគារជាង ៣០០០ ដុល្លារ ដែលលោកខ្ចីដើម្បីធ្វើផ្ទះឲ្យកូនស្រី នៅឯស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ។
លោកនិយាយថា៖ «យើងនៅខ្មែរយើងក្រលំបាក ។ យើងរកការងារអត់បានធ្វើ។យើងមានតែមកស្រុកថៃ។យើងមិនសូវចេះ។យើងមកថៃ សម្បូរការងារធ្វើ»។
ដើម្បីកាត់បន្ថយការចំណាយ លោក ញឹប ដា និងក្រុមគ្រួសារសុំស្នាក់អាស្រ័យបណ្តោះអាសន្ននៅការិយាល័យរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់។ លោកបន្តទៀតថា៖ «ចំណូលយើងអត់មានផង យើងអត់ហ៊ានហូបច្រើន ហើយរកការងារអត់ទាន់បានទៀត»។
លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ ឲ្យដឹងថា ពលករភាគច្រើនមានក្តីបារម្ភខ្លាំង ដោយសារអស្ថិរភាពការងារ ជាពិសេសក្នុងអំឡុងពេលកូវីដ១៩នេះ។
លោកប្រាប់វីអូអេថា៖ «កន្លែងខ្លះ គាត់មានការងារបណ្តោះអាសន្ន។ គេហៅទៅធ្វើទៅ ក៏ទៅ អត់មាន ក៏អត់ធ្វើ។ អត់សូវមានការងារអ៊ីចឹង ពួកគាត់នៅតែព្រួយបារម្ភ»។ លោកបន្តថា៖ «គាត់លំបាករឿងជីវភាពប្រចាំថ្ងៃរបស់គាត់ រហូតសម្រេចចិត្តត្រឡប់ទៅខ្មែរវិញ…នៅក៏គ្មានការងារធ្វើ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនផ្តល់ការអត្ថាធិប្បាយមកកាន់វីអូអេទេ លើបញ្ហាទាំងនេះ។
លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់និងអប់រំផ្លូវចិត្ត ថ្លែងថា ជាទូទៅពលករចំណាកស្រុកប្រឈមនឹងការលំបាកផ្នែកផ្លូវចិត្ត ហើយស្ថានភាពកូវីដ១៩ បង្កឲ្យភាពតានតឹងអារម្មណ៍កាន់តែខ្លាំងជាងមុន។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងនៅពេលដែលមានស្ថានភាពកូវីដ១៩ កើតឡើង គាត់អាចប្រឈមនឹងស្ថានភាពហិរញ្ញវត្ថុរបស់គាត់។ អ៊ីចឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ ការហូបចុកមិនបានគ្រប់គ្រាន់សម្ពាធ ទាក់ទងនឹងការទទួលខុសត្រូវក្នុងគ្រួសារ ហើយការបាត់បង់ការងារក៏អាចធ្វើឲ្យពួកគាត់មានបញ្ហា[ផ្លូវចិត្ត]ហ្នឹងដែរ»។
លោកបន្តថា ការជួយគាំទ្រដល់ពលករចំណាកស្រុកភាគច្រើនផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច និងសុខភាពផ្លូវកាយ ប៉ុន្តែមានការអន្តរាគមន៍ផ្នែកសុខភាពផ្លូវចិត្តនៅមានតិចតួចនៅឡើយ។
កាលពីខែឧសភា ឆ្នាំ ២០២០ អង្គការសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយរបាយការណ៍សិក្សាមួយ ដោយលើកឡើងថា ការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុជំរុញឲ្យប្រជាពលរដ្ឋក្នុងភូមិមួយ នៅខេត្តបន្ទាយមានជ័យ បង្ខំចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកលុយសងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។
ចាប់តាំងពីចុងខែមីនា នៅពេលជំងឺកូវីដ១៩ កាន់តែតានតឹងពលករខ្មែរជាង ១១ ម៉ឺននាក់ បានវិលត្រឡប់ពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃចូលប្រទេសកម្ពុជាវិញ ហើយពួកគេប្រឈមអត់ការងារធ្វើ បាត់បង់ចំណូលនិងជំពាក់បំណុលគេថែមទៀត៕