Hello VOA៖ ពលករខ្មែរបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពទោះរងការចាប់ខ្លួនជាញឹកញាប់
បើតាមទិន្នន័យក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ពលករខ្មែរទាំងមាន និងមិនមានឯកសារយ៉ាងហោចណាស់ជាង ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ។ ជារឿយៗ គេតែងឭអំពីការចាប់ខ្លួនពលករដែលកំពុងធ្វើការ និងពលរដ្ឋខ្មែរដែលព្យាយាមឆ្លងដែនដោយមិនផ្លូវការ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗ។ កាលពីដើមខែចុងខែតុលានេះ អាជ្ញាធរថៃបានឃុំខ្លួនពលករខ្មែរជាង ២០០នាក់ ដោយសារពួកគេគ្មានឯកសារ ហើយក្នុងអំឡុងពេលក្បែរៗគ្នានោះ ក៏មានការផ្សាយថាមានពលរដ្ឋខ្មែរចំនួន ៣៣នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ខណៈដែលពួកគេកំពុងប្រថុយឆ្លងកាត់ព្រំដែនដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។ លោក ឌីថេ ហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លើកឡើងថា ប្រជាពលរដ្ឋខ្មែរនៅតែបង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃដោយសារបញ្ហាជីវភាព បើទោះបីជាមានការចាប់ខ្លួនជាញឹកញាប់៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៨ ធ្នូ ២០២៣)