ព្រះមហាក្សត្រខ្មែរបានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ ដោយក្រុមមន្ដ្រីកម្ពុជារំពឹងថា គឺជាដំណើរទស្សនកិច្ចដែលនឹងជួយពង្រឹងស្ថាប័នរាជានិយមនៃព្រះរាជាណាចក្រទាំងពីរ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖
ព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី បានយាងចាកចេញទៅបំពេញ ព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋសម្រាប់រយៈពេល៥ថ្ងៃ នៅព្រះរាជាណាចក្រជប៉ុន នៅថ្ងៃអាទិត្យនេះ ដែលមន្ដ្រីផ្លូវការរបស់ប្រទេសកម្ពុជារំពឹងថា ព្រះរាជទស្សនកិច្ចនឹងជួយពង្រឹងបន្ថែមនូវទំនាក់ទំនងនៃប្រទេសទាំងពីរ។
ព្រះរាជទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ព្រះចៅអធិរាជរបស់ប្រទេសជប៉ុន អាគីហ៊ីតូ។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ប្រធានរដ្ឋសភា លោក ហេង សំរិន និងលោក ជា ស៊ីម ប្រធាន ព្រឹទ្ធសភា និងមន្ដ្រីនៃស្ថាប័នទាំងបី បានជូនព្រះរាជដំណើររបស់ព្រះមហាក្សត្រនេះ នៅឯព្រលាន យន្ដហោះអន្ដរជាតិក្រុងភ្នំពេញ។
នេះគឺជាព្រះរាជទស្សនកិច្ចជាលើកដំបូងបំផុតរបស់ព្រះមហាក្សត្រ នរោត្តមសីហមុនី ទៅកាន់ ប្រទេសជប៉ុន បន្ទាប់ពីអង្គឡើងស្នងរាជជំនួសព្រះបិតារបស់ព្រះអង្គនៅឆ្នាំ២០០៤មក។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៍ថា ឆ្លងតាមរយៈព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នេះ នឹងធ្វើឲ្យមិត្តភាពនៃព្រះរាជាណាចក្រទាំងពីរកាន់តែរឹងមាំ។
“មានន័យថា ធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសជប៉ុន ឲ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយថែមទៀត"។
នៅក្នុងព្រះរាជទស្សនកិច្ចដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី ២០ ខែឧសភា ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងត្រូវទទួលព្រះរាជសវនាការជាមួយព្រះករុណា អាគីហ៊ីតូ ព្រះចៅ អធិរាជនៃប្រទេសជប៉ុន និងព្រះមហាក្សត្រី អធិរាជនី។
ព្រះមហាក្សត្រខ្មែរក៏នឹងយាងចូលរួមក្នុងពិធីលាងសាយភោជន៍ផ្លូវរដ្ឋដែលរៀបចំដោយព្រះចៅអធិរាជជប៉ុន ហើយព្រះអង្គក៏នឹងយាងចូលរួមពិធីលាងសាយភោជថ្ងៃត្រង់ដែលរៀបចំដោយនាយករដ្ឋមន្ដ្រីជប៉ុន លោក យូគីយោ ហាតូយ៉ាម៉ា។
ប្រទេសជប៉ុន គឺជាប្រទេសដែលផ្ដល់ជំនួយច្រើនជាងគេបំផុតសម្រាប់ប្រទេសកម្ពុជា។ ជំនួយជប៉ុនដើម្បីកិច្ចអភិវឌ្ឈន៍ និងកសាងប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ ក្នុងរង្វង់១០០លានដុល្លារអាមេរិក។ ក្រៅពីនោះ ជប៉ុនគឺជាប្រទេសដែលផ្ដល់ជំនួយថវិកាប្រហាក់ប្រហែលនឹងពាក់កណ្ដាលនៃ តម្រូវការថវិកាសម្រាប់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមផងដែរ។