ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​ខ្មែរ​យាង​ទៅ​ប្រទេស​ចិន


ព្រះមហាក្សត្រ​សម្ដេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​បាន​យាង​ទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ​ ដើម្បី​ទត​ការ​តាំង​ពិពណ៌​អន្ដរជាតិ​ និង​ដើម្បី​តាម​ដាន​ព្រះ​រាជ​សុខភាព។

ព្រះ​មហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះបរមនាថ​ នរោត្ដម​ សីហមុនី​ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ឆ្ពោះ​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ័​នេះ​ ដើម្បី​ចូល​រួម​ការ​បើកសម្ពោធ​ការ​តាំង​ពិពណ៌​ពិភព​លោកនៅ​ក្រុង​សៀងហៃ។​ ការ​តាំង​ពិពណ៌​ដែល​នឹង​ចាប់​បើក​នៅ​ថ្ងៃទី​មួយ​ ខែ​តុលា ​ខាង​មុខ​នេះ​ គឺ​នៅ​ចំ​ថ្ងៃ​បុណ្យ​ជាតិ​ របស់ប្រទេស​ចិន។

យោង​តាម​ព្រះ​រាជសារ​ផ្ញើ​ជូន​ជន​រួម​ជាតិ​នៅ​ថ្ងៃ​នេះ ​ព្រះ​មហាក្សត្រ​ខ្មែរ​មាន​ព្រះរាជ​ឱង្កា​ថា​ ក្រៅ​ពីការយាង​ចូលរួម​ក្នុង​ពីធី​បើក​ពិពណ៌​ ព្រះអង្គ​នឹង​យាង​ពិនិត្យ​ព្រះ​រាជ​សុខភាព​របស់​ព្រះ​អង្គ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ ប៉េកាំង​ និង​យាង​ចូល​ក្រាប​បង្គំ​គាល់​អតីត​ព្រះ​មហាក្សត្រ​ នរោត្តម ​សីហនុ​ និង​អតីតព្រះមហា​ក្សត្រី​ មុនីនាថ​ សីហនុ​ ដែល​ជា​ព្រះរាជមាតា​និង​ព្រះរាជបិតារបស់​ព្រះអង្គ​ ដែល​កំពុង​តែគង់​នៅ​ក្នុង​ប្រទេស​ចិន​ស្រាប់។

លោក​នាយករដ្ឋមន្ដ្រី​ខ្មែរហ៊ុន ​សែន​ លោក​ ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា​ លោក ​ហេង ​សំរិន​ ប្រធានរដ្ឋសភា​ និង​មន្ដ្រី​តំណាង​ឲ្យស្ថាប័ន​ទាំង​បី​នេះបាន​ជូនព្រះរាជ​ដំណើរ​នៅឯ​ព្រលានយន្ដហោះអន្ដរជាតិ​ក្រុង​ភ្នំពេញ​។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ជាយូរយារ​ណាស់​មក​ហើយ។ ​អតីតព្រះមហាក្សត្រ​បាន​យាងទៅ​ព្យាបាល​ព្រះរោគ​ជា​ទៀង​ទាត់​នៅ​ក្នុង​ក្រុង​ប៉េកាំង​ ដោយ​មាន​ការ​ថែ​ទាំ​ ពី​ក្រុម​គ្រូ​ពេទ្យ​ឯកទេស​របស់​ប្រទេស​ចិន។

កាល​ពីខែ ​មិថុនា ​ទី​ក្រុង​ប៉េកាំង​បាន​ផ្ដល់​រថយន្ដ​យោធាចំនួន ២៥៧ ​គ្រឿង ដល់​កម្ពុជា​ស្រប​ពេលដែលសហរដ្ឋ​អាមេរិក​ បានព្យួរជំនួយយោធាសម្រាប់​រដ្ឋាភិបាលក្រុងភ្នំពេញបន្ទាប់​រដ្ឋាភិបាលក្រុងភ្នំពេញ ​បាន​បញ្ជូន​ជនជាតិ​ដើម​ភាគតិច​ហ្វ៊ីហ្គើ​ ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​ តាម​ការ​ទាមទាររបស់ប្រទេស​ចិន​។

លោក​ ខៀវ​ កញ្ញារិទ្ធ​ រដ្ឋមន្ដ្រី​ក្រសួង​ពត៌មាន ​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​មិន​ធ្វើ​អត្ថាធិប្បាយនោះ​ទេ។ ដោយ​ឡែក​មន្ដ្រី​ព្រះបរម​រាជវាំង​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃនេះ។

លោកស្រី​ ជា​ វណ្ណាត ​អ្នកវិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ​ព្រះរាជ​ទស្សនកិច្ច​របស់ព្រះ​មហាក្សត្រខ្មែរ​នៅ​ពេល​នេះ ​មិន​បាន​បង្ហាញ​ទំនាក់ទំនង​ពិសេស​ណាមួយ ​ឬ​ក៏ទាក់ទង​ទៅ​នឹង​ជំនួយ​យោធា​ពី​ ប្រទេស​ចិន​នោះ​ទេ។

“ទោះ​ណា​ជា​មិន​មាន​ជំនួយ​យោធា​ក៏​ដោយ​ ​ ដោយ​សារ​មិត្តភាព​ពិសេស​រវាង​ព្រះមហាវិរក្សត្រ​ជាមួយ​មហាអំណាច​ចិន​ ​ព្រះមហាក្សត្រ​សព្វ​ថ្ងៃ​ ក៏​លោក​យាង​តាម​គន្លង​ព្រះវរបិតា​ដែរ ​គឺ​ថា​មាន​លទ្ធភាព​ជិត​ស្និទ្ធ​ទាំង​ពីរ​ប្រទេសទៅ​ប្រទេស ​ហើយ​ហ្នឹង​អ្នកដឹកនាំ​ប្រទេស​ចិន។"

ព្រះមហាក្សត្រសម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ គ្រោង​នឹង​គង់​នៅ​ប្រទេស​ចិន​រហូត​ដល់​ថ្ងៃ​ទី​ ១០ ​ខែ​តុលា។ ​នេះ​បើ​ផ្អែក​តាម​ព្រះរាជសារ​របស់​ព្រះអង្គ៕

XS
SM
MD
LG