មន្ដ្រីក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា ឈប់ប្រើប្រាស់ផលិតផលក្លែងក្លាយ ដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ការជំរុញនេះធ្វើឡើងបន្ទាប់ពី អាជ្ញាធរក្រុងភ្នំពេញចាប់បានធាតុផ្សំ និងផលិតផលគ្រឿងសំអាងក្លែងក្លាយសរុបចំនួន ប្រាំពីរតោនកាលពីដើមខែនេះ។
ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលបានអំពាវកាលពីថ្ងៃសុក្រឲ្យប្រជាពលរដ្ឋកម្ពុជា និងក្រុមអាជីវករលក់ផលិតផលឱសថ និងគ្រឿងសំអាងក្លែងក្លាយឲ្យប្រុងប្រយ័ត្ន និងឈប់បន្ដអាជីវកម្មខុសច្បាប់នេះតទៅទៀត ដោយធ្វើការព្រមានថា ការប្រើប្រាស់ផលិតផលក្លែងក្លាយនឹងបង្កឲ្យមានភាពក្រីក្រកាន់តែខ្លាំង ហើយការជួញដូរនូវផលិតផលក្លែងក្លាយនឹងប្រឈមមុខនឹងការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ។
លោកឧត្តមសេនីយឯក សូរ ផន អគ្គស្នងការរងនគបាលជាតិ និងជាប្រធានគម្រោងគាំទ្រការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានប្រសាសន៍ថា ប្រជាពលរដ្ឋក្រីក្រ គួរតែត្រូវចៀសវាងប្រើប្រាស់នូវផលិតផលក្លែងក្លាយគ្រប់ប្រភេទសម្រាប់ជីវភាពប្រចាំថ្ងៃ ត្បិតផលិតផល ទាំងនោះនឹងបណ្ដាលឲ្យមានគ្រោះមហន្ដរាយដល់អ្នកប្រើប្រាស់។
“បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់សូមប្រយ័ត្ន ហើយពិសេសអាជីវករដែលកំពុងតែរកទទួលទានបានចំណេញដោយសារវត្ថុក្លែងក្លាយ សូមអំពាវនាវសូមឈប់។ សូមបងប្អូនមេត្តាយោគយល់ដល់បងប្អូនយើងកាន់ក្រឡើង កាន់តែរងគ្រោះកាន់តែធ្ងន់ឡើង"។
លោក សូ ផន មានប្រសាសន៍ដូច្នេះ ក្រោយពីបើកកិច្ចប្រជុំជាលើកដំបូងរបស់គណៈកម្មាធិការដឹកនាំគម្រោងពិភាក្សាស្តីពីសកម្មភាពការងារការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះដែលត្រូវបានបង្កើតនៅក្នុងឆ្នាំ ២០១០នេះ ក្រោមការឧបត្ថម្ភដោយប្រទេសបារាំង។
កាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១០នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃសហការជាមួយមន្រ្តីកាំកុងត្រូលនិងមន្រ្តីពាក់ព័ន្ធបានទៅបង្រ្កាបទីតាំងផលិតនិងចែកចាយផលិតផលគ្រឿងសំអាងក្លែងក្លាយគ្រប់ប្រភេទដ៏ធំមួយនៅសង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវ ជាយទីក្រុងភ្នំពេញ។ ផលិតផលក្លែងក្លាយដែលធ្វើនៅទីនោះ ត្រូវលក់ចែកចាយនៅទូទាំងប្រទេសកម្ពុជា។
ក្រុមសមត្ថកិច្ចបានរកឃើញសារធាតុគ្រឿងផ្សំនានា និងផលិតផលក្លែងក្លាយមួយចំនួនដូចជាម្សៅកែសម្ភស្ស សាប៊ូ ប្រេងកូឡា ប្រេងខ្យល់ ឡេលាបខ្លួនជាដើម សរុបប្រមាណជា៧តោន។
មនុស្សដែលជាប់សង្ស័យចំនួនបួននាក់ត្រូវបានចាប់ខ្លួន ប៉ុន្ដែម្ចាស់អាជីវកម្មចំនួនពីរនាក់បានរត់គេចខ្លួនដោយសុវត្ថិភាព។
លោកឧត្តមសេនីយ សូ ផន បញ្ជាក់ថា ប៉ូលីសកំពុងរៀបចំសំណុំឯកសារជនសង្ស័យទាំងបួននាក់ដើម្បីបញ្ជូនទៅតុលាការ។
លោកបានបន្តថានៅក្នុងអំឡុងពេលនេះការចរាចរណ៍ផលិតផលក្លែងក្លាយនៅលើទីផ្សារមានការកើនឡើងជាពិសេសនៅតាមបណ្តាខេត្តស្របពេលដែលក្រុមសមត្ថកិច្ចមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹងការបង្រ្កាបបទល្មើសនេះ។
ដោយឡែក លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ឲ្យដឹងថា មានតែគ្រឿងសំអាងនៅលើទីផ្សារប្រមាណជា៣០ភាគរយតែប៉ុណ្ណោះក្នុងប្រទេសកម្ពុជាបានចុះបញ្ជីជាផ្លូវការ។ លោក វេជ្ជបណ្ឌិតបានបន្ថែមថា គ្រឿងសំអាងក្លែងក្លាយភាគច្រើនកំពុងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាខ្លាំងដូចជាធ្វើឱ្យរបកស្បែក ស្បែកឡើងរឹង ហើមមុខ ហើយអាចបង្កគ្រោះថ្នាក់ដល់ស្លាប់ទៀតផង។
«សូមអំពាវនាវដល់ប្រជាជនបងប្អូនយើងកុំចេះតែប្រើផ្តេសផ្តាសចំពោះផលិតផលដែលមិនមានប្រភពច្បាស់លាស់ចេះតែប្រើធ្វើឱ្យប៉ះពាល់ដល់សុខភាពបងប្អូនអត់គួរប្រថុយប្រថានទេ»។
ប្រទេសបារាំងនិងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០១០នេះបានសហការគ្នាបង្កើតគម្រោងគាំទ្រការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព និងសុវត្ថិភាពក្នុងតំបន់ទន្លេមេគង្គ។
គម្រោងនេះមានទិសដៅលើកកម្ពស់វិជ្ជាជីវៈអ្នកចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពនិងសុវត្ថិភាព។ គម្រោងនេះក៏បានផ្តោតលើការបញ្ជ្រៀបអ្នកនយោបាយនិងប្រជាជនក៏ដូចជាការបណ្តុះបណ្តាលថ្នាក់អន្តរក្រសួងនិងថ្នាក់តំបន់ដល់មន្រ្តីក្របខ័ណ្ឌនិងមន្រ្តីចូលរួមក្នុងការប្រយុទ្ធប្រឆាំងផ្ទាល់ផងដែរ។
អនុសេនីយ៍ឯក ស៊ីលវ៉ាំង គូអេ ( Silvain Coué ) ទីប្រឹក្សាប្រចាំអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាសម្រាប់គម្រោងគាំទ្រការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានប្រសាសន៍ថា ផលិតផលក្លែងក្លាយទាំងអស់ ទាំងផលិតផលថ្នាំពេទ្យ ទាំងផលិតផលគ្រឿងសំអាង ឬផលិតផលកសិកម្ម សុទ្ធតែមានមុខងារបំផ្លាញសុខភាពទាំងអស់។
“អ្វីដែលប្រាកដនោះគឺថា ផលិតផលក្លែងក្លាយមានមុខងារបំផ្លាញសុខភាព ឬមួយដោយសារតែផលិតផលទាំងនោះពុំមានធាតុសកម្ម ឬក៏វាមានធាតុសកម្មដែលមិនមែនជាធាតុសកម្ម ដែលត្រូវប្រើនោះ ក្នុងករណីដូចនេះ ផលិតផលនោះបំផ្លាញសុខភាពដោយផ្ទាល់តែម្ដង"។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត បានផ្តល់ដំបូន្មានថាដើម្បីរកទិញផលិតផលដែលត្រឹមត្រូវនិង មានប្រយោជន៍ដល់សុខភាពប្រជាពលរដ្ឋត្រូវចេះជ្រើសរើសរកផលិតផលណាដែលបានចុះបញ្ជីការនៅក្រសួងដោយត្រូវរកផ្លាកសញ្ញារបស់ក្រសួងមានសមត្ថកិច្ចដែលបិតនៅលើផលិតផលទាំងនោះ៕