មានភ្ញាក់ផ្អើលតិចតួចប៉ុណ្ណោះចំពោះការណ៍ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាមេដឹកនាំដ៏យូរបំផុតនៅអាស៊ីបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីកាលពីចុងខែមុននេះ។ ក្រុមអ្នកប្រឆាំងអះអាងថា ការបោះឆ្នោត នេះត្រូវបានគេក្លែងបន្លំ ហើយលទ្ធផលឆ្នោតគឺជាការសន្និដ្ឋានទុកជាមុន។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្ដែងការព្រួយបារម្ភអំពីបរិយាកាសសិទ្ធិមនុស្សក្នុងអំឡុងពេលនៃការបោះឆ្នោត។ អង្គការនេះបានកត់សម្គាល់គណបក្សប្រឆាំងដ៏សំខាន់មួយគឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីខែ វិច្ឆិកា ហើយមេដឹកនាំរបស់គណបក្សនេះនៅតែជាប់ក្នុងមន្ទីរឃុំឃាំងដោយសារការចោទប្រកាន់ពីបទក្បត់ជាតិ។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រាប់ VOA ថា អ្នកដែលប្រឆាំងនឹងការបោះឆ្នោតត្រូវបានបំភិតបំភ័យ ធ្វើទុក្ខបុកម្នេញនិងចាប់ខ្លួនដោយសារតែការបញ្ចេញមតិរបស់ពួកគេ។ លោកស្រីបាននិយាយថា ទីភ្នាក់ងាររបស់លោកស្រីបានលើកឡើងពីក្តីកង្វល់របស់ខ្លួនជាមួយនឹងរដ្ឋាភិបាលកម្ពុជាជាច្រើនលើករួចមកហើយ ដែលរួមទាំងការព្រួយបារម្ភជាក់លាក់អំពីការគំរាមកំហែងផងដែរ។
លោកស្រី Ravina Shamdasani មានប្រសាសន៏ថា៖
«ប្រជាពលរដ្ឋខ្លះត្រូវបានគេគំរាមថា ពួកគេនឹងជួបប្រទះការលំបាកនៅក្នុងការទទួលបានសេវាសាធារណៈ ប្រសិនបើពួកគេមិនបានបោះឆ្នោតទេនោះ។ យើងក៏ទទួលបានព័ត៌មានថា ប្រជាពលរដ្ឋបានទទួលប្រាក់កាសចំពោះការចេញទៅឆ្នោតផងដែរ។ ដូច្នេះយើងបានពិភាក្សាអំពីដំណឹងនេះជាមួយនឹងរដ្ឋាភិបាល ហើយក៏បានលើកឡើងនូវកង្វល់របស់យើងជាមួយពួកគេផងដែរ»។
លោកស្រី Shamdasani និយាយថា ទីភ្នាក់ងាររបស់លោកស្រីសង្ឃឹមថា រដ្ឋាភិបាលនឹងមិនចាត់វិធានការផ្លូវច្បាប់ណាមួយប្រឆាំងនឹងអ្នកដែលត្រូវបានគេចាប់ខ្លួន ដោយសារតែការអំពាវនាវរបស់ពួកគេឲ្យធ្វើពហិការមិនទៅចូលរួមការបោះឆ្នោតនោះទេ។
លោកស្រីនិយាយថា សិទ្ធិក្នុងការអំពាវនាវឲ្យធ្វើពហិការមិនទៅចូលរួមការបោះឆ្នោតដែលមិនតម្រូវឲ្យត្រូវតែទៅ គឺត្រូវបានធានាក្រោមច្បាប់សិទ្ធិមនុស្ស។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកនយោបាយគណបក្សប្រឆាំង អ្នកកាសែត អ្នកការពារសិទ្ធិមនុស្សនិងប្រជាពលរដ្ឋទូទៅ ដែលត្រូវបានឃាត់ខ្លួនចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ៕
ប្រែសម្រួលដោយ ហេង រស្មី