ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​គ្រោង​ប្រើ​វិធានការ​ច្បាប់​តឹងរឹង​សម្រាប់​ជនភៀស​ខ្លួន


ជនជាតិ​កុលសម្ព័ន្ធភ្នំ​សុំសិទ្ធិ​ជ្រកកោន​នៅកម្ពុជា
ជនជាតិ​កុលសម្ព័ន្ធភ្នំ​សុំសិទ្ធិ​ជ្រកកោន​នៅកម្ពុជា

ភ្នំពេញ៖ ប្រទេស​កម្ពុជា​គ្រោង​នឹង​ប្រើ​វិធានការ​ច្បាប់​យ៉ាង​តឹងរឹង​ ​បន្ទាប់ពី​ការ​បិទ​ជំរុំ​បណ្ដោះ​អាសន្ន​សម្រាប់​ជន​ភៀស​ខ្លួន​ជនជាតិ​ភាគតិច​តំបន់​ភ្នំ​វៀតណាម។

មន្ដ្រី​រដ្ឋាភិបាល​បាន​ព្រមាន​ជាមុន​ថា​ ​ខ្លួននឹង​ចាត់​វិធានការ​តាម​ច្បាប់យ៉ាង​តឹងរឹង​ចំពោះ​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ ដែល​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​អាជ្ញាធរ​វៀតណាម​នៅ​តំបន់​ភ្នំ។ ​នេះ​ជា​ការ​ព្រមាន​ដែល​បាន​ធ្វើ​ឲ្យ​មន្ដ្រី​អង្គការ​សិទ្ធិ​មនុស្ស​មាន​កង្វល់​ជាខ្លាំង។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ​លោក​ហោ ណាំហុង​ ​ឧប​នាយក​រដ្ឋមន្រ្ដី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការ

បរទេស​ ​មាន​ប្រសាសន៍​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR )​បន្ដ​បើក​ជំរុំ​បណ្ដោះ​អាសន្ន​សម្រាប់​ជនភៀស​ខ្លួន​ជន​ជាតិភាគ​តិច​វៀតណាម​តំបន់​ភ្នំ​ ​រហូតដល់​ថ្ងៃទី​១៥ ​ខែកុម្ភៈ​ ​បន្ទាប់ពី​មាន​សំណើ​ពី​អង្គការ​សហ​ប្រជា​ជាតិ។

តាម​គម្រោង​ ​ក្រសួង​ការ​បរទេស​បាន​បញ្ជា​ឲ្យ UNHCRបិទ​ជំរុំ​នេះ​នៅ​ត្រឹម​ថ្ងៃទី១​ ខែ​មករា ​ឆ្នាំ​២០១១​ ហើយ​ក្រសួងនេះ​ក៏​បាន​ស្នើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ដោះស្រាយ​ការបញ្ជូន​ជនភៀស​ខ្លួន​ដែល​ទទួល​សិទ្ធិ​ជ្រកកោណ​នយោបាយ​ទៅកាន់​ប្រទេស​ទីបី​ឲ្យ​បាន​ឆាប់។ ​ម្យ៉ាងវិញ​ទៀត​ ​កម្ពុជា​នឹង​បញ្ជូន​ជនជាតិ​ភាគតិច​វៀតណាម​ដែល​មិន​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ចំនួន​១៤​នាក់​នោះ​ ទៅកាន់​ប្រទេស​វៀតណាម​វិញ។

លោក​កួយ គួង​ ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​មាន​ប្រសាសន៍​កាល​ពីថ្ងៃអង្គារ​ថា​ ​រដ្ឋាភិបាល​នឹង​អនុវត្ត​តឹងរឹង​ចំពោះ​លំហូរ​ចូល​ថ្មីៗ​របស់​ជនភៀស​ខ្លួន​ពី​តំបន់ភ្នំ​វៀតណាម​មក​កាន់​កម្ពុជា។

«បើក្រោយ​ពី​បិទ​ហើយ​ ​គាត់​នៅ​តែ​មកទៀត​ ​យើង​នឹង​អនុវត្ត​ច្បាប់​ដែល​យើង​មាន​ហើយ។​ មាន​ច្បាប់​អន្ដោ​ប្រវេសន៍​មួយ​ និង​អនុក្រិត​ស្ដីពី​ការ​កំណត់​ឋានៈ​ជា​ជនភៀស​ខ្លួន»

មាត្រាទី​២៩​នៃ​ច្បាប់​អន្ដោប្រវេសន៍​កម្ពុជា​ចែង​ថា​ ​ជន​បរទេស​គ្រប់រូប​ដែល​គ្មាន​ការ​អនុញ្ញាត​ ​ហើយ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​ ​ដោយ​បន្លំ​ ឬ​ដោយ​ល្បិច​ផ្សេង​ ​ផ្ទុយ​នឹង​ច្បាប់​អន្ដោប្រវេសន៍​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ​បីខែ​ដល់​ប្រាំមួយខែ​ ​មុន​នឹង​ត្រូវ​បណ្ដេញ​ចេញ។

លោក​ប៉ែន ប៊ុណ្ណា​ ​អ្នក​សម្រប​សម្រួល​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ប្រចាំ​ខេត្ត​រតនគីរី ​ដែល​ធ្លាប់​បាន​សហការ​ក្នុង​ការ​សង្រ្គោះ​ជនភៀស​ខ្លួន​តំបន់ភ្នំ​វៀតណាម​ជាច្រើន​ឆ្នាំ​កន្លង​មក​ ​យល់​ថា​ ​រដ្ឋាភិបាល​ខ្មែរ​បាន​គោរព​តាម​អនុសញ្ញា​ស្ដីពី​ជនភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ដែរ​ ​ប៉ុន្ដែ​ការ​កំហិត​ឲ្យ​បិទ​ជំរុំ​បណ្ដោះ​អាសន្ន​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។

«យើង​គិតថា​ ​បើសិន​ជា​ការ​ទទួល​យក​ជនភៀស​ខ្លួន​មិនទាន់​ចប់​សព្វគ្រប់​ ​តើអ្នក​ទាំងអស់​នោះ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច? ដូច្នេះ​យើង​សំណូមពរ​ឲ្យរ​ដ្ឋាភិបាល​យើង​ធ្វើ​ម៉េច​ឲ្យ UNHCR ធ្វើ​កិច្ចការ​របស់​ខ្លួនចប់​ចុង​ចប់ដើម»

ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក​ ​ជនជាតិ​ភាគតិច​តំបន់​ភ្នំ​វៀតណាម​បាន​ភៀសខ្លួន​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​អាជ្ញាធរ​ក្រុង​ហាណូយ​ ​នៅ​តំបន់​ខ្ពង់រាប​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​សាសនា​របស់​ពួកគេ។​ ​ហើយ​ពួក​គេ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន UNHCR បានផ្ដល់​ជំរុំ​បណ្ដោះ​អាសន្ន​សម្រាប់​ពួកគេ​ស្នាក់​នៅ​មុន​នឹង​ពួក​គេ​ត្រូវ​អង្គការ​ សហ​ប្រជាជាតិ​ផ្ដល់​សិទ្ធិ​ជន​ភៀសខ្លួន​ពេញ​លក្ខណៈ​ដល់​ពួកគេ​សម្រាប់​ទៅ​រស់នៅ​ប្រទេស​ទីបី​ ​ក្នុង​នោះ​ ​ភាគច្រើន​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក។

មាន​ជនជាតិ​ភាគតិច​វៀតណាម​ចំនួន​៩៩៩​នាក់​ហើយ​បាន​ទៅ​រស់នៅ​ប្រទេស​ទីបី ​និង​មាន​ជនជាតិ​ តំបន់ភ្នំ​វៀតណាម​ចំនួន​៧៥០​នាក់​ទៀត​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​រងការ​រិះគន់​ដោយសារ​ការ​ទប់ស្កាត់​ការ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​របស់​ជន​ភៀស​ខ្លួន​វៀតណាម​ដែល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​ការរិះគន់​ចំពោះ​ការ​ចាប់​បញ្ជូន​ជនជាតិ​ភាគ​តិច​វីហ្គ័រដោយ​បង្ខំ​ ទៅ​ឲ្យ​អាជ្ញាធរ​ចិន​វិញ​កាលពី​ចុង​ឆ្នាំ​២០០៩​ ​ខណៈ​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជា​ភាគី​គាំទ្រ​សន្ធិ​សញ្ញា​ស្ដីពី​ជនភៀស​ខ្លួន​ឆ្នាំ​១៩៥១​នោះ។

នៅ​ពេលនេះ​ ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​កំពុង​រៀបចំ​នីតិ​វិធី​សម្រាប់​ជនជាតិ​ភាគតិច​តំបន់​ភ្នំ​វៀតណាម​ចំនួន​៦២​នាក់​ដែល​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​សម្រាប់​ទៅរស់​នៅ​ប្រទេស​ទីបី ​និង​កំពុង​គ្រប់គ្រង​ជនជាតិ​ភាគតិច​តំបន់​ភ្នំ​វៀតណាម​ចំនួន​១៤នាក់​ទៀត​ដែល​មិនទាន់​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀសខ្លួន​នៅ​ឡើយ។

លោកស្រី Kitty McKinsey​ ​អ្នក​នាំពាក្យ​ប្រចាំរបស់ UNHCR​ប្រចាំតំបន់​ បាន​ឆ្លើយតប​តាម​សារ​អេឡិច​ត្រូនិច Email​ ​ថា​ ​លោកស្រី​មិនអាច​ធ្វើ​អត្ថាធិប្បាយ​ទេ​ ​ដោយសារ​អ្នកស្រី​កំពុង​ស្ថិត​ក្នុង​ការ​សម្រាក​ព្យាបាល​ជំងឺ។​ ទោះជា​យ៉ាងណា​ ​លោកស្រី​ត្រូវ​កាសែត The Cambodia Daily ​ស្រង់​សំដី​កាល​ពី​ថ្ងៃពុធ​ថា UNHCR ​នឹង​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​អនុសញ្ញា​ស្ដីពី​ជន​ភៀសខ្លួន។ ​ហើយ​ជនជាតិ​វៀតណាម​តំបន់​ភ្នំ​ដែល​នៅ​សល់​ចំនួន​១៤​នាក់​នឹង​មិន​ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ​ទេ៕

XS
SM
MD
LG