បន្ទាប់ពីការប្រកួតជម្រុះវិលជុំអស់រយៈពេលចំនួនប្រាំថ្ងៃកន្លងមកនេះក្លឹបភ្នំពេញក្រោនរបស់កម្ពុជា និងក្លឹម Nefchi របស់ប្រទេសកៀកិស្ថាន មានលទ្ធភាពទៅរកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ AFC President's Cup។
ក្នុងការប្រកួតជម្រុះវិលជុំនៅល្ងាចថ្ងៃពុធនេះ ក្លឹប Nefchi បានបំបាក់ក្លឹបភ្នំពេញក្រោនដែលជាម្ចាស់ផ្ទះក្នុងពិន្ទុ១ទល់នឹង០ក្នុងនាទីទី៧៨។ ក្រុមកីឡាករទាំងពីរបានធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ក្រុមទាំងពីរមានវាសនាដូចគ្នា បានឈានទៅរកការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនឹងចាប់ផ្តើមពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែកញ្ញា ក៏ប៉ុន្តែមិនទាន់ដឹងថា ប្រទេសណាជាអ្នករៀបចំការប្រកួតទេ។ ប្រទេសចំនួន៦យ៉ាងតិច ត្រូវបានជ្រើសរើសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលរួមមាន កម្ពុជា ចិនតៃប៉ិក ភូមា កៀជីស្ថាន ទកមិនីស្ថាន (Turkmenistan) និង តាជីគីស្ថាន (Tajikistan)។
លោកម៉ៃ តុលា អ្នកនាំពាក្យសហព័ន្ឋកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា បើទោះបីជាក្លឹបភ្នំពេញក្រោនមិនទទួលបានជ័យជម្នះក៏ដោយ ក៏កម្ពុជាបានឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រដែរ។
លោកបានមានប្រសាសន៍ទៀតថា ក្លឹប Nefchi បានលេខ១ ហើយក្លឹបភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ២។
«តាមពិតថ្ងៃនេះ បើតាមការវាយតម្លៃយើងឃើញក្រុមកម្ពុជាភ្នំពេញក្រោនក៏លេងបានល្អដែរ ជាពិសេសនៅផ្នែកខ្លះក្នុងវគ្គទី២ ដោយសារទី១ឃើញថា នៅក្នុងការចាប់ផ្តើមវគ្គដំបូងដោយសារតែគ្រូគាត់រៀបចំដាក់សមាសភាពដែលកីឡាករល្អៗ គឺទុកសិនមិនទាន់ដាក់ពីដំបូង»។
ការប្រកួតកីឡាបាល់ទាត់ដើម្បីដណ្តើមពានរង្វាន់ AFC President's Cup នេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសដែលមានវិស័យកីឡាដ៏អន់ថយ។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជម្រុះវិលជុំចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥នេះ ហើយសម្រាប់អ្នកដែលបានទទួលពានរង្វាន់ និងទទួលបានទឹកប្រាក់ចំនួន៥០.០០០ ដុល្លារអាមេរិក។
កម្ពុជាពុំធ្លាប់បានទទួលជោគជ័យក្នុងការប្រកួត AFC President's Cup ទេ ចាប់តាំងពីការប្រកួតនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ។ ការប្រកួត AFC President's Cup មានចំនួន៤៧ប្រទេសជាសមាជិកនៅក្នុងទ្វីបអាស៊ីដែលសុទ្ធសឹងជាប្រទេសដែលមានវិស័យកីឡាដ៏អន់ថយ៕